យោងតាមកាសែត Geopolitical Monitor (កាណាដា) និង Channelnewsasia (សិង្ហបុរី) ការដែលអង្គការសហប្រជាជាតិ (អ.ស.ប) ជ្រើសរើសទីក្រុងហាណូយជាទីកន្លែងសម្រាប់រៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) គឺជាជំហានការទូតដ៏សំខាន់មួយនៅពេលដែល វៀត ណាមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ - ជាការបង្ហាញពីឋានៈកាន់តែកើនឡើងរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
លើសពីនេះ ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមបង្កើតច្បាប់គ្រប់គ្រងឌីជីថលសកល។ ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈអនុសញ្ញាហាណូយនឹងរួមចំណែកជួយវៀតណាមការពារ និងពង្រឹងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
យោងតាម Sputnik (រុស្ស៊ី) អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតគឺជាឯកសារដំបូងគេដែលដាក់ឈ្មោះតាមរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ប្រការនេះឆ្លុះបញ្ចាំងពីការកោតសរសើររបស់សហគមន៍អន្តរជាតិចំពោះការរួមចំណែករបស់វៀត ណាមក្នុងការរៀបចំឯកសារនេះ ព្រមទាំងជាការទទួលស្គាល់យ៉ាងច្បាស់អំពីតួនាទី និងការចូលរួមចំណែករបស់វៀតណាមចំពោះបញ្ហាអន្តរជាតិដ៏សំខាន់មួយ។ លើសពីនេះ អ្នកជំនាញបរទេសក៏បានវាយតម្លៃជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសន្តិសុខតាមអ៊ីនធឺណិតនៅក្នុងប្រទេសផងដែរ។
ក្នុងពេលជាមួយគ្នានោះ គេហទំព័រ scoop.co.nz របស់នូវែលសេឡង់ បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃអនុសញ្ញាហាណូយ និងពិធីបើកការចុះហត្ថលេខា ដោយ បញ្ជាក់ថា អនុសញ្ញានេះនឹងបើកចេញយុគសម័យថ្មីមួយក្នុងការការពារអ្នកប្រើប្រាស់អ៊ីនធឺណិត។
យោងតាមគេហទំព័រ news.un.org របស់អង្គការសហប្រជាជាតិ ប្រទេសចំនួន ៧២ បានចុះហត្ថលេខាលើអនុសញ្ញាហាណូយរហូតមកដល់ពេលនេះ ក្នុងនោះមានប្រទេសចំនួន ៦៤ ដែលបានចុះហត្ថលេខានៅក្នុងសម័យប្រជុំពេញអង្គ ដែលជាកាយវិការមួយដែលបានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានកោតសរសើរថាជា "ជំហានប្រវត្តិសាស្ត្រឆ្ពោះទៅរកពិភពឌីជីថលដែលមានសុវត្ថិភាពជាងមុន"។ អង្គការសហប្រជាជាតិបានវាយតម្លៃថា ពិធីចុះហត្ថលេខាដែលត្រូវបានវៀតណាម សម្របសម្រួលជាមួយការិយាល័យអង្គការសហប្រជាជាតិ ស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានទាក់ទាញមន្ត្រីជាន់ខ្ពស់ អ្នកការទូត និងអ្នកជំនាញមកពីទូទាំងតំបន់។
គណៈកម្មការអឺរ៉ុប (EC) បានឲ្យដឹងថា គណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម នៅថ្ងៃទី ២៥ ខែតុលា បានតាមងនាម EC ចុះហត្ថលេខាលើអនុសញ្ញាហាណូយ។ EC បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុសញ្ញាហាណូយមិនត្រឹមតែពង្រឹងតួនាទីរបស់សហភាពអឺរ៉ុបក្នុងសន្តិសុខតាមអ៊ីនធឺណិតសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារៈសំខាន់របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើបច្ចេកវិទ្យាឌីជីថល ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផងដែរ។
ដោយមានចំណងជើងថា "យុទ្ធនាការបង្ក្រាបការរីករាលដាលនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទូទាំងពិភពលោក" ការសែត Politico បានរាយការណ៍នៅថ្ងៃទី ២៧ ខែតុលាថា រដ្ឋជាសមាជិកជាង ៦០ នៃអង្គការសហប្រជាជាតិបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) នៅ វៀតណាមកាលពីចុងសប្តាហ៍មុន ដោយហៅថាជាសន្ធិសញ្ញាដ៏សំខាន់មួយដើម្បីដោះស្រាយសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាសកល។
នៅទីក្រុងអាល់ហ្សេរី គេហរទំព័រ Algerie360 បានធ្វើអត្ថាធិប្បាយថា ចំនួនប្រទេសដែលចុះហត្ថលេខាលើអនុសញ្ញាហាណូយបង្ហាញពីការឯកភាពគ្នាយ៉ាងទូលំទូលាយរបស់សហគមន៍អន្តរជាតិលើឯកសារសំខាន់នេះ។
ស្ថាននីយ៍ KBS (កូរ៉េខាងត្បូង) ក៏បានធ្វើអត្ថាធិប្បាយផងដែរថា "ដោយមានប្រទេសជាង ៧០ បានចុះហត្ថលេខា ដែលលើសពីតួរលេខ ៤០ ដែលត្រូវការសម្រាប់អនុសញ្ញានេះឱ្យមានប្រសិទ្ធភាព សង្ឃឹមថា ជាមួយនឹងក្របខ័ណ្ឌច្បាប់ច្បាស់លាស់ និងការឯកភាពគ្នាអន្តរជាតិដ៏រឹងមាំ ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិតនឹងមានវឌ្ឍនភាពរឹងមាំ និងមានប្រសិទ្ធភាពជាងមុននាពេលអនាគត"៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម