នារសៀលថ្ងៃទី ១៥ កក្កដា នៅការិយាល័យអគាររដ្ឋបាលខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) គណៈកម្មការជំនាញខេត្តអានយ៉ាង (វៀតណាម) បានចុះហត្ថលេខាលើអនុស្សរណៈជាមួយគណៈកម្មការជំនាញខេត្តព្រះសីហនុ (កម្ពុជា) ដើម្បីទទួលអដ្ឋិធាតុយុទ្ធជន ស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ៣ នាក់ ដែលត្រូវបានក្រុម K៩២ ស្វែងរក និងប្រមូលបាននៅក្នុងខេត្តនេះ ក្នុងរដូវប្រាំងឆ្នាំ ២០២៥-២០២៦ ដើម្បីធ្វើមាតុភូមិនិវត្តន៍ រៀបចំពិធីរំលឹកវិញ្ញាណក្ខណ្ឌ និងបញ្ចុះសព។
លោក ឡេ វ៉ាន់ភឿក (Le Van Phuoc) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានយ៉ាង បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់កងកម្លាំងដែលមានភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនដែលនៅសេសសល់ក្នុងតំបន់ ដោយរួមចំណែកដល់ការអនុវត្តយុទ្ធនាការកំពូល ៥០០ ថ្ងៃទាំងយប់ ស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីក្នុងឆ្នាំ ២០០០ មក ក្រុម K៩២ បានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ២.១៧៨ នាក់ នៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែប។
រីឯខ្លូនវិញ លោក សុខ ភា អភិបាលរង និងជាប្រធានគណៈកម្មការជំនាញខេត្តព្រះសីហនុបានអះអាងថា នឹងបន្តដឹកនាំស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋាន ឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជំនាញខេត្តអានយ៉ាង ផ្តល់ព័ត៌មាននិងការគាំទ្រយ៉ាងសកម្មដល់កងកម្លាំងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី រួមចំណែកដល់ការថែរក្សា និងលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងវៀតណាម ក៏ដូចជារវាងខេត្តទាំងពីរ ព្រះសីហនុ និងអានយ៉ាង៕
តាម vovworld.vn/km-KH