នៅថ្ងៃទី ៤-៥ ខែកុម្ភៈ តំណាងសហព័ន្ធរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានរៀបចំការពិគ្រោះយោបល់ត្រីភាគីជុំទីពីរនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។
យោងតាមសេចក្តីប្រកាសពីក្រសួងការបរទេស UAE ការពិភាក្សាបានធ្វើឡើងក្នុងបរិយាកាសស្ថាបនា និងក្រោមលក្ខខណ្ឌសន្តិសុខខ្ពស់។ គណៈប្រតិភូបានបន្តពិភាក្សាអំពីបញ្ហាដែលមិនទាន់បានដោះស្រាយពីមុនមក រួមមាន៖ យន្តការអនុវត្ត និងត្រួតពិនិត្យបទឈប់បាញ់ ក៏ដូចជាវិធានការទប់ស្កាត់ការប្រយុទ្ធកើតឡើងម្តងទៀត។ ភាគីនានាបានយល់ព្រមរាយការណ៍លទ្ធផលទៅថ្នាក់ដឹកនាំរៀងៗខ្លួន និងរក្សាក្របខ័ណ្ឌពិគ្រោះយោបល់ត្រីភាគីនៅក្នុងសប្តាហ៍ខាងមុខ។
ទាក់ទងនឹងលទ្ធផលជាក់លាក់ លោក Steve Witkoff បេសកជនពិសេសសហរដ្ឋអាមេរិក បានប្រកាសថា ភាគីនានាបានយល់ព្រមដោះដូរអ្នកទោសចំនួន ៣១៤ នាក់ ដោយរុស្ស៊ី និងអ៊ុយក្រែនបានដោះលែងអ្នកទោសចំនួន ១៥៧ នាក់រៀងៗខ្លួន។ នេះក៏ជាការដោះដូរអ្នកទោសលើកដំបូងក្នុងរយៈពេល៥ខែកន្លងទៅ។
លើសពីនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា រុស្ស៊ី និងសហរដ្ឋអាមេរិកបានយល់ព្រមបន្តការសន្ទនាយោធាឡើងវិញ ជាបណ្តាញទំនាក់ទំនងដែលត្រូវបានបង្កក មុនពេលជម្លោះផ្ទុះឡើង។ កាយវិការនេះត្រូវបានចាតទុកថា អាចបើកចេញជំពូកថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម