DIFF 2026 - ភាពត្រចះត្រចង់លើដងទន្លេ ហាន
ការសម្តែងកាំជ្រួចដ៏ភ្លឺចិញ្ចាចចាំង ឆ្លុះលើផ្ទៃទឹកទន្លេ ហាន បានក្លាយជាព្រឹត្តិកាណ៍ពិសេសមួយ របស់ទីក្រុងដាណាំង នៅក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចរអន្តរជាតិ។ ក្រោមប្រធានបទ «ដាណាំង - ជើងមេឃតភ្ជាប់» DIFF 2026 បន្តនាំមកនូវពិធីជប់លៀង នៃពន្លឺ តន្ត្រី និងសិល្បៈ រួមចំណែកផ្សព្វផ្សាយរូបភាពនៃទីក្រុងមួយ ដែលប្រកបដោយថាមពលភាពបើកចំហ និងពោរពេញដោយភាពរស់រវើក។
ពិធីបុណ្យកាំជ្រួចអន្តរជាតិដាណាំង ឆ្នាំ២០២៦ - DIFF 2026 មានការប្រកួតកាំជ្រួចកម្រិតអាជីពចំនួន ៦ រាត្រី នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍។ រដូវកាលឆ្នាំនេះ បានបង្ហាញពីការប្រកួតប្រជែង របស់ក្រុមចំនួន ១០ មកពីប្រទេស និងដែនដីចំនួន ៩ រួមមាន៖ វៀតណាម (២ ក្រុម) ចិន អ៊ីតាលី អាល្លឺម៉ង់ ប៉ូទុយហ្គាល់ បារាំង ជប៉ុន ម៉ាកាវ (ចិន) និងអូស្ត្រាលី។
DIFF 2026 បានវាយតម្លៃថា ជារដូវកាលពិសេសមួយ ដោយសារមានការចូលរួម ពីសំណាក់ឈ្មោះល្បីៗជាច្រើន ក្នុងវិស័យកាំជ្រួចអន្តរជាតិ។ ជាពិសេស ការដែល DIFF បានទស្សនាវដ្តី Travel + Leisure ដាក់បញ្ចូលទៅក្នុងបញ្ជី ពិធីបុណ្យគួរទៅកម្សាន្តបំផុតទាំង ៩ នៅលើភពផែនដី បង្កើតបានជាកម្លាំងរុញច្រានយ៉ាងខ្លាំងដល់រដូវកាលទេសចរណ៍ខែប្រាំង របស់ទីក្រុងដាណាំង នៅឆ្នាំនេះ ពេលបានឃើញ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមជាមួយអត្រាកក់បន្ទប់សណ្ឋាគារកើនឡើងខ្ពស់បំផុត ដែលមិនធ្លាប់មាន ជាពិសេសនៅថ្ងៃដែលមានសកម្មភាពបាញ់កាំជ្រួច។
បន្ទាប់ពីការប្រកួតប្រជែងអស់រយៈពេលជាងមួយខែមក រាត្រីផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១១ ខែកក្កដា ជាមួយនឹងការប្រកួត រវាងក្រុមចិន និងក្រុមប៉ូទុយហ្គាល់។ ជាលទ្ធផលចុងក្រោយ ក្រុមប៉ូទុយហ្គាល់ទទួលបានចំណាត់ថ្នាក់លេខ១ ក្រុមចិនទទួលបានចំណាត់ថ្នាក់លេខ ២។
DIFF 2026 បានបិទបញ្ចប់ទៅវិញ ជាមួយនឹងរាត្រីសម្តែងកាំជ្រួចកម្រិតកំពូល ដែលបានញ៉ាំងឱ្យដងទន្លេហានភ្លឺត្រចះត្រចង់ និងផ្តល់ជូនទស្សនិកជននូវពិធីជប់លៀងកាំជ្រួច ដ៏អស្ចារ្យ ដែលមិនអាចបំភ្លេចបាន។ ប្រការដែលសំខាន់ជាងនេះទៅទៀតនោះ គឺ រាល់ពេលដែលរដូវកាល DIFF មកដល់ ទីក្រុងដាណាំងតែងតែបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងចិត្តរបស់ភ្ញៀវទេសចរ សមជាទីក្រុងកាំជ្រួច និងជាទីក្រុងនៃពិធីបុណ្យលំដាប់ថ្នាក់តំបន់ និងពិភពលោក៕
- អត្ថបទ៖ ថាញ់ហ្វា - រូបថត៖ DIFF និងត្រឹន ថាញ់យ៉ាង
- ប្រែសម្រួល៖ រីកើង
































