09/07/2021 00:01 GMT+7 Email Print Like 0

បេះតែលើភ្នំ នៅឃុំម៉ូស៊ីសាន (Mo Si San)

ស្ថិតនៅលើកម្ពស់ជាង២០០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ នៅឃុំម៉ូស៊ីសាន (Mo Si San) ចំណុះស្រុកភុងធោ (Phong Tho) ខេត្តឡាយចូវ (Lai Chau) បានធម្មជាតិប្រោសប្រទាន នូវលក្ខណៈអាកាសធាតុ ដីធ្លី សម្រាប់ពូជតែស្ហាន(Shan) អាយុកាលរាប់រយឆ្នាំ កំពុងលូតលាស់ រីក​ចម្រើន នាំមកតម្លៃពិសេសកម្រមានទីកន្លែងណាមបានដូច។ សព្វថ្ងៃ គណៈកម្មការប្រជា​ជន​ឃុំ​ម៉ូស៊ី​សាន (Mo Si San) កំណត់ នេះជាដំណាំមានអត្ថន័យសំខាន់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ សម្រាប់ប្រជាជនមូលដ្ឋាន។ ហេតុនេះហើយ ការងារអភិរក្សា អភិវឌ្ឍន៍ពាណិជ្ជសញ្ញាតែស្ហាន (Shan)កប្បព្រឹក្ស បានអាជ្ញាធរនិងអ្នកភូមិយកចិត្តទុកដាក់ខ្លាំង។

ឃុំម៉ូស៊ីសាន (Mo Si San) ជាឃុំមួយនៅតំបន់ខ្ពស់នៃស្រុកភុងធោ (Phong Tho) នៅចម្ងាយពីទីក្រុងឡាយចូវ (Lai Chau) ៨០គីឡូម៉ែត្រ ឃុំមានភូមិចំនួន៤ មាន១៨៤គ្រួសារ មានប្រជាជន២.៤៥៩នាក់ ក្នុងនោះជនជាតិយៅ (Dao) មានជាង៩០%។ ឃុំម៉ូស៊ីសាន (Mo Si San) បានធម្មជាតិប្រោសប្រទានពូជតែស្ហាន (Shan)កប្បព្រឹក្ស លូតលាស់យូរឆ្នាំ កម្រមានមូលដ្ឋានណាដូច ហើយនេះក៏បានវាយតម្លៃជាតំបន់តែកប្បព្រឹក្សយូរឆ្នាំបំផុតរបស់ខេត្ត។ ដើមតែកប្បព្រឹក្សដុះតាមធម្មជាតិនៅលើកម្ពស់ជាង២.៤០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ នៅចម្ងាយពីមជ្ឈមណ្ឌលឃុំ១៥គីឡូម៉ែត្រ។ តែស្ហាន (Shan) កប្បព្រឹក្ស នៅឃុំម៉ូស៊ីសាន (Mo Si San) លូតលាស់នៅលើភូមិសាស្រ្ត ដីធ្លី អាកាសធាតុពិសេស ដូចនេះរសជាតិ ពណ៌សម្បុរក៏ពិសេសផងដែរ។

ជារតនវត្ថុរបស់ជនជាតិយៅ (Dao) នៅខេត្តឡាយចូវ (Lai Chau) ត្រួយតែស្ហាន (Shan) កប្បព្រឹក្ស តែងមានស្រទាប់រោមទន់និងក្រាស់ ពេលសម្ងួតប្រែទៅជាពណ៌សដូចជាស្រទាប់ព្រឹលដណ្តប់លើ។ អតីត មាមីងតែងកាប់ដើម ឬកាប់មែកធំៗ ចុះមកបេះយកតែត្រួយ ធ្វើឱ្យទិន្នផលតែថយចុះ និងធ្វើឱ្យខួចដើមទៀតផង។ ឥឡូវ មាមីងកំពុងរៀនរបៀបបេះតែ រៀនទាំងវិធីអភិរក្សដើមតែកប្បព្រឹក្ស​ផង។



រៀងរាល់ថ្ងៃ អ្នកភូមិត្រូវក្រោកទាំងពេលព្រឹកព្រលឹម ត្រៀមបាយសំណុំទឹកបំពង់ ធ្វើដំណើរឆ្លងកាត់ព្រៃឈើ ព្រៃឫស្សី ព្រៃចាស់ ឆ្លងទីចោតខ្ពស់ ដើម្បីបេះត្រួយតែ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

 

ដើមតែកប្បព្រឹក្ស ដុះបែបធម្មជាតិនៅលើកម្ពស់ជាង២.៤០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ នៅចម្ងាយពីមជ្ឈមណ្ឌលឃុំម៉ូស៊ីសាន (Mo Si San) ប្រហែល១៥គីឡូម៉ែត្រ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបថតវៀតណាម

 

ដើម្បីបេះបានត្រួយតែពេញស្តង់ដារ អ្នកបេះត្រូវឡើងទៅកាន់ចុងដើម ចុងមែកតែ ដែលមានកម្ពស់រាប់សិបម៉ែត្រ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបថតវៀតណាម

 

ឃុំម៉ូស៊ីសាន (Mo Si San) បានធម្មជាតិប្រោសប្រទានពូជតែស្ហាន (Shan) កប្បព្រឹក្ស ដុះលូតលាស់យូរឆ្នាំ ដែលកម្រមានមូលដ្ឋានណាដូច ហើយនេះក៏បានវាយតម្លៃជាតំបន់តែកប្បព្រឹក្សធំបំផុត នៅខេត្តឡាយចូវ (Lai Chau)។ រូបថត៖ តឹតសើន/កាសែតរូបថតវៀតណាម

 

តែស្ហាន (Shan) នៅឃុំម៉ូស៊ីសាន (Mo Si San) លូតលាស់លើភូមិសាស្រ្តដីធ្លី អាកាសធាតុពិសេស ដូចនេះរសជាតិពណ៌សម្បុរក៏ពិសេសផងដែរ។ រូបថត៖ តឹតសើន/កាសែតរូបថតវៀតណាម

 

ជារៀងរាល់ថ្ងៃ អ្នកបេះតែនៅឃុំម៉ូស៊ីសាន (Mo Si San) បេះបានត្រឹមតែ៤គីឡូក្រាមប៉ុណ្ណោះ។ រូបថត៖ តឹតសើន/កាសែតរូបថតវៀតណាម

 

ត្រួយតែមានក្តឹបស្លឹកពីរ ឬតែត្រួយមានក្តឹបស្លឹកមួយ បង្កើតបានរសជាតិតែព្រឹលដ៏ប្រណីតមួយ។ រូបថត៖ តឹតសើន/កាសែតរូបថតវៀតណាម

 

តាមស្ថិតិនៃគណៈកម្មការប្រជាជនស្រុកភុងធោ (Phong Tho) សព្វថ្ងៃតំបន់ដើមតែកប្បព្រឹក្ស នៅឃុំម៉ូស៊ីសាន (Mo Si San) មានដើមតែចំណាស់ជាង១.៧០០ដើម រស់ពាសពេញក្នុងព្រៃជ្រៅ។ ហេតុនេះ ដើម្បីបេះបានត្រួយតែស្ហាន (Shan) កប្បព្រឹក្ស ជាប្រការមួយដ៏សែនពិបាក។ អ្នកបេះត្រូវឆ្លងកាត់ធ្វើដំណើរយ៉ាងលំបាក ដើម្បីប្រមូលផលបានត្រួយតែ។ រៀងរាល់ថ្ងៃ អ្នកភូមិត្រូវក្រោកទាំងពេលព្រឹកព្រលឹមត្រៀមបាយសំណុំទឹកបំពង់ ធ្វើដំណើរឆ្លងកាត់ព្រៃឫស្សី ព្រៃចាស់ ទីចោតខ្ពស់ៗ។ ក្រោយពីធ្វើដំណើរអស់រយៈពេលជាង៣ម៉ោង អ្នកភូមិទើបអាចទៅដល់តំបន់ដើមតែកប្បព្រឹក្ស។

លោកតា ចែវ ភូយៀន (Cheo Phu Duyen) - ប្រធានសហករណ៍បៀនកឿង (ឃុំម៉ូស៊ីសាន (Mo Si San)) រៀបរាប់ថា កាលពីដើមឡើយ ដោយសារផ្ទៃដីតែស្ហាន (Shan) ធម្មជាតិ មិនបានថែទាំ ការពារ ដូច្នេះទិន្នផលថយចុះ បរិមាណប្រមូលផលត្រួយតែស្រស់ចុះទាប រៀងរាល់ឆ្នាំ ប្រមូលផលងបានតែ ពី៤ ទៅដល់៤,៥តោនប៉ុណ្ណោះ។ ក្រោយពេលប្រមូលផល មាមីងមិនបានច្នៃដោយខ្លួនឯង តែលក់ឱ្យឈ្មួញដោយតម្លៃថោក។ ចំពោះស្ថានភាពនោះ សហករណ៍ច្នៃតែកប្បព្រឹក្សបៀនកឿង (សហករណ៍បៀនកឿង) ក៏បានបង្កើតឡើង។

ចាប់ពីពេលនោះ គុណភាពតែស្រស់នាំចូលបានគ្រប់គ្រងហ្មត់ចត់ រួមនឹងប្រព័ន្ធម៉ាស៊ីន ខ្សែសង្វាក់ផលិត បង្កើតបានផលិតតែសម្បូរបែប ដោយមានតម្លៃលក់ត្រឹម១លានដុងក្នុងគីឡូក្រាម។ ក្នុងនោះ តែពណ៌បៃតងមានតម្លៃ២,៥លានដុងក្នុងមួយគីឡូក្រាម តែពណ៌ផ្កាឈូក តែពណ៌លឿងមានតម្លៃលក់៣លានដុងក្នុងមួយគីឡូក្រាម។ ពិសេស ផលិតផលតែពណ៌ស មានតម្លៃឡើងដល់រាប់សិបលានដុងក្នុងមួយគីឡូក្រាម ពីព្រោះបទដ្ឋានប្រមូលផល និងច្នៃទាមទារភាពផ្ចិតផ្ចង់ ពេលវេលាច្នៃពិបាកជាងប្រភេទតែផ្សេងៗ។

សហករណ៍រៀបចំជូនអ្នកភូមិ ចុះបញ្ជីប្រមូលផលតែកប្បព្រឹកសក្នុងព្រៃ។ ក្រុមគ្រួសារណា ដែលចុះបញ្ជីគ្រប់គ្រាន់ មានផលិតផលតែស្រស់ល្អក្តឹបស្លឹកមួយ ក្តឹបស្លឹកពីរ មិនជាំខួចខាត់ សហករណ៍នឹងទិញដោយតម្លៃលំនឹង។

ផលិតផលរបស់សហករណ៍ កំពុងបានអ្នកប្រើប្រាស់ពេញនិយម និងជ្រើសយករួមមាន៖ តែពណ៌ស តែពណ៌បៃតង តែពណ៌ផ្កាឈូក និងតែពណ៌លឿង។ សំខាន់ប្រភេទតែនេះ បានច្នៃបែបធម្មជាតិ នៅលើព្រៃឈើ ដែលអាកាសធាតុចុះអព្ទពេញមួយឆ្នាំ  ដូច្នេះទើបមានរសជាតិពិសេស ជាលក្ខណៈនៃតំបន់ដីម៉ូស៊ីសាន (Mo Si San)។

 


ក្រោយពេលតែបានបេះយកមក នឹងបានប្រមូលផ្តុំហាល នៅសហករណ៍បៀនកឿង រួចយកទៅច្នៃ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

ស្លឹកតែស្រស់បានសម្ងួតដោយម៉ាស៊ីន។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
 

ដំណាក់កាលធ្វើតែស្ហាន (Shan) នៅឃុំម៉ូស៊ីសាន (Mo Si San)។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


ត្រួយតែស្ហាន (Shan) តែងមានស្រទាប់រោមល្អិតនិងក្រាស់ ពេលសម្ងួតប្រែទៅជាពណ៌សដូចស្រទាប់ព្រឹល។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

 

ផលិតផលតែពណ៌សរបស់សហករណ៍បៀនកឿង។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម
 

ផលិតផលតែពណ៌លឿង របស់សហករណ៍បៀនកឿង។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

 

សព្វថ្ងៃ តម្លៃតែស្ហាន (Shan) កប្បព្រឹក្ស នៅលើតំបន់ដីម៉ូស៊ីសាន (Mo Si San) ជំហានដំបូងបានអះអាង។ លើមូលដ្ឋាននោះ អំឡុងពេលខាងមុខ គណៈកម្មការប្រជាជនឃុំម៉ូស៊ីសាន (Mo Si San) នឹងសកម្មសហការជាមួយការិយាល័យ គណៈជំនាញការរបស់ស្រុកភុងធោ (Phong Tho) និងក្រោមការជំនួយរបស់ខេត្ត ដើម្បីអនុវត្តវិធានការបច្ចេកទេសដើម្បីអភិរក្សនិងអភិវឌ្ឍន៍តំបន់ដើមតែកប្បព្រឹក្ស តាមទិសដៅសុវត្ថិភាពនិងចីរភាព គ្រប់គ្រង ការពារយីហោទំនិញតែកប្បព្រឹក្ស ផ្សារភ្ជាប់នឹងដំណើរការពារនិងអភិវឌ្ឍន៍ព្រៃឈើចីរភាពលើភូមិសាស្រ្ត៕

អត្ថបទនិងរូបថត៖ តឹតសើន ង្វៀនឡឹន
ប្រែសម្រួល៖ រីកើង


បណ្តាអត្ថបទបានផ្សាយ