ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានបញ្ចប់ដោយជោគជ័យ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានបញ្ចប់ដោយជោគជ័យ បង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបានអភិវឌ្ឍឡើងដល់កម្រិតកម្ពស់ថ្មីមួយ ដើម្បីភាពរុងរឿងរបស់ប្រទេសនីមួយៗ។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញហ្វេ (Vuong Dinh Hue) ក្នុងតំណែងជាប្រធានរដ្ឋសភា។ ជាពិសេស ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២៤ មិថុនា ១៩៦៧ - ថ្ងៃទី ២៤ មិថុនា ២០២២) និងស្របពេលជាមួយព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រជាជនកម្ពុជាដែលជាឱកាសអបអរសារទខួប ១០០ ឆ្នាំនៃទិវាប្រសូតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ថ្ងៃទី ៣១ តុលា ១៩២២ - ថ្ងៃទី ៣១ តុលា ២០២២)។
ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញហ្វេ (Vuong Dinh Hue) បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ យ័នតឹន - VNA
ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងជំនាញ ឯកទេស វិជ្ជាជីវៈ ផ្នែកនីតិបញ្ញត្តិ។ រូបថត៖ VNA
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន; ជួបពិភាក្សារជាមួយសម្តេច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចវិបុល សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។ ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ នៅក្នុងកិច្ចពិភាក្សា និងកិច្ចប្រជុំនីមួយៗ ភាគីទាំងពីរបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាមួយ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យរីកចម្រើនដល់កម្រិតកម្ពស់ថ្មីមួយ ដើម្បីភាពរុងរឿងរបស់ប្រទេសនីមួយៗ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាច្រើនសម្រាប់ពេលខាងមុខ ហើយបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា អញ្ជើញធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាព្រមព្រៀងសហប្រតិបត្តិការ រវាងអគ្គលេខាធិការរដ្ឋសភាវៀតណាម នឹងអគ្គលេខាធិការរដ្ឋសភារដ្ឋសភាកម្ពុជា។
ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា នាពេលកន្លងមក។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើគ្រប់ជាន់ថ្នាក់ និងការពិភាក្សាជាទៀងទាត់ តាមទម្រង់ផ្សេងៗ ព្រមទាំងពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។
ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងអភិវឌ្ឍន៍បន្ថែមទៀតនូវចំណងមិត្តភាព នាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ ជំនាញ ឯកទេស វិជ្ជាជីវៈផ្នែកនីតិប្បញ្ញត្តិ សហការត្រួតពិនិត្យនូវការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; ចាត់ទុកវាជាតម្រូវការគោលដៅដែលមិនអាចខ្វះបានសម្រាប់ប្រទេសទាំងពីរ។
ក្នុងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ គ្រឿងញៀន និងការជួញដូរមនុស្ស ហើយបានបញ្ជាក់សារជាថ្មីអំពីគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសមួយទៀត និងបានប្តេជ្ញាស្វែងរកដំណោះស្រាយ ដើម្បីអាចសម្រេចបានប្រមាណ ១៦% នៃខ្សែបន្ទាត់ព្រំដែនដីគោកមិនទាន់បានបញ្ចប់ការងារបោះបង្គោលខណ្ឌសីមា សំដៅការកសាងព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងវៀតណាម និងកម្ពុជា។
លើសពីនេះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញហ្វេ ( Vuong Dinh Hue) បានស្នើ ភាគីកម្ពុជាបន្តយកចិត្តទុកដាក់ និងដឹកនាំការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ព្រំដែន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន បង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនជាតិដើមកំណើតវៀតណាមមានស្ថិរភាពក្នុងជីវភាពរស់នៅ រួមចំណែកជាវិជ្ជមានសម្រាប់ការអភិវឌ្ឍរុងរឿងនៃព្រះរាជាណាចក្រកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាលើកដំបូងស្ដីអំពីការបង្កើតយន្តការនៃកិច្ចប្រជុំកំពូលនៃរដ្ឋសភារបស់ប្រទេសទាំងបី។ រូបថត៖ យ័នតឹន - VNA
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានជួយឧបត្ថម្ភសាងសង់អគាររដ្ឋបាល និងសម្ភារៈសម្រាប់រដ្ឋសភាកម្ពុជា រួមចំណែកលើកកំពស់ប្រសិទ្ធភាពការងាររបស់រដ្ឋសភាកម្ពុជា។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៤។
ពិភាក្សាលើបញ្ហាអន្តរជាតិ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានមានប្រសាសន៍ថា ក្នុងបរិបទនៃស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយពិភពលោកបាន និងកំពុងមានបម្រែបម្រួលស្មុគស្មាញ និងមិនអាចប៉ានស្មានជាមុនបាន បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរត្រូវពង្រឹងសាមគ្គីភាព និងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខិតខំរក្សាសាមគ្គីភាព និងឯកភាពគ្នា ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និងបញ្ជាក់តួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់ លើកកម្ពស់គោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្រខាងកើត។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដាក់កម្រងផ្កា នៅវិមានឯករាជ្យ ដាក់កម្រងផ្កានៅរូបសំណាក់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងនៅស្តូបមិត្តភាពវៀតណាម-កម្ពុជា ដែលជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។ ព្រមទាំងបានជួបសំណេះសំណាល សួរសុខទុក្ខចំពោះកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា; ជួបសំណះសំណាលជាមួយសហគមន៍ជនវៀតណាម; ទស្សនា និងធ្វើការ នៅខេត្តកំពង់ធំនៃប្រទេសកម្ពុជា./.
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA
ប្រែសម្រួលដោយង្វៀនយ៉ាង