អាថ៌កំបាំងនៃ “ភ្នែកទ្វារ” ហូយអាន (Hoi An) អត្ថបទនិងរូបថត៖ ថាញ់ហ្វ័រ/VNP
ភ្ញៀវទេសចរជាច្រើននាក់ មកហូយអាន (Hoi An) ក្រៅពីការភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតដ៏ទាក់ទាញនៃទីក្រុងបុរាណដែលមានអាយុកាលជាង ៤០០ឆ្នាំ។ គេក៏មានការចង់ដឹងចង់ឃើញអំពីសំណង់ស្ថាបត្យកម្មដ៏ចម្លែក និងអាថ៌កំបាំងខ្លះ នៅក្នុងផ្ទះបុរាណដែលជា "ភ្នែកទ្វារ"។ មានការពន្យល់ជាច្រើនសម្រាប់បាតុភូតចម្លែកនេះ រួមទាំងមតិដែលថា នេះជាការបង្ហាញពីជំនឿគោរពបូជា "អាទិទេពទ្វារ" តាមទំនៀមបុរាណ។
"ភ្នែកទ្វារ" គឺជាវត្ថុតុបតែងមួយគូ ដែលភ្ជាប់នៅសងខាងទន្ទឹមនឹងគ្នា នៅលើស៊ុមទ្វារចេញចូលនៃផ្ទះមួយ។ យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌវប្បធម៌ ហូយអាន (Hoi An) ក្នុងទីក្រុងបុរាណទាំងមូល បច្ចុប្បន្នមាន "ភ្នែកទ្វារ" ជាង ២០០ សំណាគំរូ។ រូបរាង និងរចនាបទនៃ "ភ្នែកទ្វារ" ក៏មានភាពចម្រុះ និងសម្បូរបែប ដូចជា៖ រាងមូល រាងប្រាំបីជ្រុង រាងប្រាំមួយជ្រុង រាងបួនជ្រុងស្មើរាងសំប៉ែត...ទោះបីមានរូបរាងខុសគ្នាក៏ដោយ ប៉ុន្តែ "ភ្នែកទ្វារ"មួយគូៗ នៅរក្សាបានផ្នែកសំខាន់ពីរគឺ ស្នូលនិងកណ្តាប់។ ផ្នែកស្នូលតែងបានតុបតែងដោយនិមិត្តសញ្ញា យិន និង យ៉ាង ពណ៌ស និងខ្មៅ រាងកេសរផ្កា និងអក្សរចិនដោយអត្ថន័យសុខ សម្បូរ និងអាយុវែង។ល។ ផ្នែកកណ្តាប់ជុំវិញមានរូបផ្កាស្បៃរឿងមានត្របកចំនួន ៦ ឬ ៨ ឬស្លឹកពោធិ៍ រូបភាពហុងស៊ុយយ័ន្ត ៨ ទិស សត្វ Jiaolong ឬ សត្វប្រចៀវចំនួន ៤ ឬ ៥ក្បាលព័ទ្ធជុំវិញអក្សារ Fu (អក្សរចិន) …,កន្លែងខ្លះបានភ្ជាប់បន្ថែមដោយសូត្រក្រហម ដើម្បីលម្អ។
បច្ចុប្បន្ននេះមានការពន្យល់ខុសៗគ្នាជាច្រើនសម្រាប់បាតុភូត "ភ្នែកទ្វារ“ នៅហូយអាន ( Hoi An)។ អ្នកស្រាវជ្រាវជាច្រើននាក់ បានចាត់ទុកថា "ភ្នែកទ្វារ" ទាំងនេះប្រហែលមានវត្តមាន តាំងពីជនជាតិចិនចូលមករកស៊ីធ្វើអាជីវកម្ម នៅកំពង់ផែពាណិជ្ជកម្ម ហូយអាន ( Hoi An) ក្នុងសតវត្សរ៍ទី ១៧ -១៨ ។ អ្នកស្រាវជ្រាវវប្បធម៌លោក ភូង តឹនដុង (Phung Tan Dong) ជាមនុស្សម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុង ហូយអាន (Hoi An) ចាត់ទុកថា ទំនៀមគោរពបូជា "ភ្នែកទ្វារ" ការតុបតែង និងឆ្លាក់ "ភ្នែកទ្វារ" គឺផ្អែកលើទ្រឹស្ដីនិមិត្ដនិយម។ នោះជាទំនៀមគោរពបូជាអាទិទេពទ្វារ គឺជាអាទិទេពយាមផ្ទះ និងយាមប្រាសាទ។
យោងតាមការវិភាគរបស់គាត់ ទំនៀមគោរពបូជាអាទិទេពទ្វារនៅ ហូយអាន (Hoi An) ត្រូវបានធ្វើឱ្យសាមញ្ញ ក្លាយជា “ភ្នែកទ្វារ” បន្តិចម្តងៗ។ នេះជាការបង្ហាញពីការរួមផ្សំ និងផ្លាស់ប្តូរវប្បធម៌។ ជាពិសេស ជាមួយនឹងវប្បធម៌របស់ជនជាតិចិននៅវៀតណាម ដែលពាណិជ្ជករទាំងនេះបានមករស់នៅ និងធ្វើអាជីវកម្ម នៅហូយអាន (Hoi An)។ ពិសេសភាពនៃទំនៀមគោរពបូជាអាទិទេពទ្វារ នៅហូយអាន (Hoi An) គឺភាពចម្រុះ និងបម្រែបម្រួលនៃ “ភ្នែកទ្វារ” ក្នុងទស្សនៈហុងស៊ុយ និងសៀវភៅទស្សនៈវិជ្ជា។ ឧទាហរណ៍ “ភ្នែកទ្វារ“ មួយគូអាចត្រូវបានរចនាឡើងតាមពេលវេលា និងឆ្នាំកំណើតរបស់ម្ចាស់ផ្ទះ។ នោះគឺជាលក្ខណៈពិសេសរបស់ ហូយអាន (Hoi An) បើធៀបនឹងទីក្រុងបុរាណជាច្រើនទៀត នៅតំបន់អាស៊ីអាគ្នេយ៍។
ក្រៅពីការពន្យល់ខាងលើ មនុស្សមួយចំនួនក៏ជឿថា ដោយសារទីក្រុង ហូយអាន (Hoi An) ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មដ៏មមាញឹក ដោយមាននាវាជាច្រើនធ្វើដំណើរទៅវិញទៅមក ប្រជាជនទីក្រុង ហូយអាន(Hoi An) បានយកតម្រាប់តាមទំនៀមទម្លាប់របស់អ្នករស់នៅតាមដងទន្លេជាច្រើនកន្លែងជុំវិញពិភពលោក ដោយគូសភ្នែកមួយគូ ដាក់សងខាងក្បាលទូក ដោយសង្ឃឹមថា អាទិទេពនឹងនាំទូកឆ្លងកាត់ព្យុះ ហើយចាប់ពីពេលនោះមក “ភ្នែកទ្វារ” ក៏បានតុបតែងនៅផ្ទះ ដែលមានអត្ថន័យស្រដៀងគ្នានោះដែរ។
ទោះជាមានការពន្យល់យ៉ាងណាក្តី ក្នុងគំនិតរបស់ប្រជាជននៃទីក្រុង ហូយអាន( Hoi An) ជាច្រើនជំនាន់ គឺ “ភ្នែកទ្វារ” តែងតែចាត់ទុកជា កែវភ្នែកទិព្វយាមផ្ទះ។ “ភ្នែកទ្វារ” មានមុខងារបំណែងចែកសភាវៈល្អនិងអាក្រក់ មនុស្សល្អ និងមនុស្សអាក្រក់ ល្អនិងអាក្រក់... ហើយថែមទាំងបង្ហាញពីបំណងប្រាថ្នាចង់មានជីវិតរុងរឿង និងសុភមង្គល។ បំណងប្រាថ្នាជៀសវាងសភាវៈអាក្រក់ និងហានិភ័យ; កុំអោយសភាវៈអាក្រក់ចូលមកលុកលុយក្នុងផ្ទះ បង្កភាពច្របូកច្រល់ក្នុងគ្រួសារ រកស៊ីបរាជ័យ...
ដោយបានឆ្លងកាត់ការវិវត្តជាច្រើនជំនាន់ ជាមួយ នឹងការប្រែប្រួលជាច្រើនក្នុងសង្គម ទីក្រុងបុរាណ ហូយអាន (Hoi An) សព្វថ្ងៃនេះនៅតែរក្សាបាននូវតម្លៃរបស់ខ្លួនដែលជាទីក្រុងបេតិកភណ្ឌមួយ តាមបណ្តោយទន្លេ ហ័យ (Hoai) រួមទាំង លក្ខណៈវប្បធម៌ពិសេសនៃជំនឿគោរពបូជា “ភ្នែកទ្វារ”៕.
- អត្ថបទនិងរូបថត៖ ថាញ់ហ្វ័រ/VNP
- ប្រែសម្រួលដោយង្វៀនយ៉ាង