ឡូឡូចៃ (Lo Lo Chai) និង គ្វិញសឺន (Quynh Son) - ភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០២៥

ឡូឡូចៃ (Lo Lo Chai) និង គ្វិញសឺន (Quynh Son) - ភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០២៥

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង Huzhou (ប្រទេសចិន) អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) បានផ្តល់កិត្តិយសដល់ភូមិពីររបស់វៀតណាមគឺ ឡូឡូចៃ (Lo Lo Chai) ខេត្តតៀន​ក្វាង (Tuyen Quang) និង គ្វិញសឺន (Quynh Son) ខេត្តឡាន​សឺន (Lang Son) ជាភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០២៥។ កិត្តិនាម​នេះមិនត្រឹមតែជាមោទនភាពនៃ​មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់លំ ដាប់អន្តរជាតិ ចំពោះការ​ខិតខំប្រឹងប្រែងអភិរក្សវប្បធម៌ជនជាតិដើម និងការអភិវឌ្ឍទេសចរណ៍ចីរភាពរបស់ វៀតណាមផងដែរ។ ភូមិទាំងពីរនេះ ​ទោះបីជាស្ថិតនៅតំបន់ភូមិសាស្ត្រផ្សេងគ្នាក្តី ក៏​ប៉ុន្តែមានចំណុចរួម គឺការអភិរក្ស​ស្ថាបត្យកម្ម ទំនៀមទម្លាប់ និងរបរបិញ្ចឹមជីវិតបែប​ប្រពៃណី ដែលកម្លាយទីនេះ​ឱ្យ​ទៅជា "គ្រាប់ត្បូង​មរកត" ទាក់ទាញភ្ញៀវទេសចរមកពី​ជុំវិញពិភពលោក។

លាក់ខ្លួននៅក្រោមម្លប់នៃបង្គោលទង់ជាតិលុង​គូ (Lung Cu) ដែលជាចំណុចដើម​ពិសិដ្ឋនៃមាតុភូមិ ភូមិវប្បធម៌ទេសចរណ៍ ឡូឡូចៃ ស្ថិតក្នុងឃុំលុង​គូ​ ខេត្តតៀន​ក្វាង​ (ពីមុនជាឃុំលុង​គូ​ ស្រុកដុងវ៉ាន់​​ ខេត្តហាយ៉ាង​) បង្ហាញខ្លួនដូចជាផ្ទាំងគំនូរក្នុងរឿងនិទាននៅកណ្តាលព្រៃភ្នំ​​ល្វឹងល្វើយ។ នៅទីនេះ ធម្មជាតិ​អស្ចារ្យ វប្បធម៌ជនជាតិ ឡូឡូ បានរួមបញ្ចូលគ្នាបង្កើតបានជាលំហរស់នៅដ៏រស់រវើក និងគួរឱ្យទាក់ទាញ។ ជាមួយនឹងគ្រួសារជាង ១២០គ្រួសារ ដែលភាគច្រើនជាជនជាតិ ឡូឡូ រស់នៅឆ្លងកាត់ជាច្រើនជំនាន់ ឡូឡូចៃ បានក្លាយជានិមិត្តរូបនៃភាពរឹងមាំ ការរក្សាអត្តសញ្ញាណនៅក្នុងបរិយាកាសរស់នៅដ៏លំបាក ប៉ុន្តែក៏ពោរពេញទៅដោយភាពស្រស់ត្រកាលដែរ​។

ផ្ទះជញ្ជាំងដីប្រក់ក្បឿងយិងយ៉ាង​​​ហ៊ុំព័ទ្ធ​ដោយ​របងថ្ម គឺ​ជា​លក្ខណៈពិសេស នៃភូមិ​វប្បធម៌​ទេសចរណ៍ ឡូឡូចៃ​។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

លក្ខណៈពិសេសលេចធ្លោបំផុតរបស់ ឡូឡូចៃ គឺផ្ទះជញ្ជាំងដី​ពិសេស​ ដែល​បានសាងសង់ដោយបច្ចេកទេសសិប្បកម្មដ៏ប៉ិនប្រសប់។ ជាមួយនឹងជញ្ជាំងក្រាស់ធ្វើពីដីឥដ្ឋលាយជាមួយដីធម្មតា ផ្ទះទាំងនេះមិនត្រឹមតែអាចទប់ទល់នឹងភាពត្រជាក់ក្នុងរដូវរងា និងកំដៅនៃរដូវប្រាំង​ប៉ុណ្ណោះទេ ថែមទាំងមាន​សម្រស់ស្អាត​ ស្ងប់ស្ងាត់ និងបុរាណទៀតផង។ ដំបូលផ្ទះ​បានប្រក់ដោយក្បឿងញីឈ្មោល​​ បង្កើតបានជារូបភាព​កោង​ទន់ភ្លន់ នៅលើស្ថាបត្យកម្មដ៏រឹងមាំ។ របងថ្ម​បានរៀបតម្រៀប​​យ៉ាងប៉ិនប្រសប់នៅជុំវិញផ្ទះ បង្កើតបានជាភាពសុខដុមរមនាជាមួយនឹងទេសភាពភ្នំថ្ម។

 

ផ្ទះជញ្ជាំងដីប្រក់ក្រឿង​យិង​យ៉ាង​​​​ហ៊ុំព័ទ្ធ​ដោយ​របងថ្ម គឺ​ជា​លក្ខណៈពិសេស នៃភូមិ​វប្បធម៌​ទេសចរណ៍ ឡូឡូចៃ​។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
លក្ខណៈវប្បធម៌អំពីសម្លៀកបំពាក់ និងកសិកម្មរបស់ជនជាតិឡូឡូ នៅភូមិឡូឡូចៃបានណែនាំដល់ភ្ញៀវទេសចរ។ រូបថត៖ ហ្វាងហា​/កាសែតរូបភាពវៀតណាម
 

ក្នុងការ​សំណេះសំណាល​ជាមួយយើងខ្ញុំ លោក ស៊ីញ​ យីហ្គាយ​ (Sinh Di Gai) ប្រធានភូមិ ឡូឡូចៃ បាននិយាយដោយមោទនភាពថា៖ "ផ្ទះជញ្ជាំងដីនេះមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ តែជាអនុស្សាវរិយ៍​នៃ​មនុស្សជាច្រើនជំនាន់។ ជីដូនជីតារបស់ខ្ញុំបានចំណាយកម្លាំងជាច្រើនដើម្បីសាងសង់វា។ ឥឡូវនេះ នៅពេលធ្វើទេសចរណ៍ យើងខ្ញុំ​ព្យាយាមរក្សាឫសគល់នោះឱ្យនៅដដែល។ ភ្ញៀវដែលមកទីនេះ ពួកគាត់​មិនត្រឹមតែចង់គយគន់ទេសភាពស្អាតប៉ុណ្ណោះទេ នៅ​ថែមទាំងចង់ដឹងពីព្រលឹង និងមនោសញ្ចេតនានៃផ្ទះ និងភូមិរបស់យើងខ្ញុំ​ផងដែរ"

 

ក្រៅពីស្ថាបត្យកម្ម វប្បធម៌អរូបីរបស់ជនជាតិ ឡូឡូ នៅទីនេះក៏សម្បូរបែបណាស់ដែរ។ របរតម្បាញសំពត់សង្កិប​ នៅតែ​បានថែ​រក្សា និងពង្រឹង។ ក្បាច់រចនានៅលើសំពត់មិនត្រឹមតែជាលម្អប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវរឿងរ៉ាវ ជំនឿ និងក្តីប្រាថ្នារបស់មនុស្សផង។ សំពត់​នីមួយៗ គឺជាស្នាដៃសិល្បៈដ៏ប្រណិត បង្ហាញពីភាពល្អិតល្អន់ ភាពប៉ិនប្រសប់ និងសោភ័ណភាពពិសេស​នៃ​​ជនជាតិ ឡូឡូផង។

យោងតាម​ទិន្នន័យស្ថិតិនៃ​ខេត្តទៀនក្វាង ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៥ ភូមិឡូឡូចៃ​ បានទទួលភ្ញៀវទេសចរប្រមាណ ៥០.០០០នាក់ មកទស្សនា និងស្នាក់នៅ។ រូបថត៖ ថុងធៀន/កាសែតរូបភាពវៀតណាម

ពិធីបុណ្យប្រពៃណីដូចជា ពិធីលាងភូមិ ពិធីសែនដូនតា ពិធីសុំទឹកភ្លៀង ពិធីបុណ្យលោតដើមឈើ។ល។​ នៅតែ​បានប្រារព្ធធ្វើជាប្រចាំ ដែលមានអត្ថន័យខាងចេតភាព​ និងសហគមន៍យ៉ាងជ្រាលជ្រៅ។ ក្នុងឱកាសទាំងនេះ អ្នកភូមិទាំងមូលបានរួមគ្នាធ្វើពិធីកិច្ច​បុរាណ ច្រៀង រាំ បង្កើតបរិយាកាសអ៊ូអរ និងពោរពេញដោយអត្តសញ្ញាណ។ សំឡេងស្គរស្ពាន់​ និងសំឡេងគែន​ នៃ​ជនជាតិ ឡូឡូ បន្លឺឡើងពេញព្រៃភ្នំ លាយឡំជាមួយនឹងរបាំប្រជាប្រិយ បង្កើតបានជាបទភ្លេង​វប្បធម៌ពិសេស​ គួរឱ្យរំភើប​ពេកក្រៃ។

 

ការប្រកួតរុញដំបង និងទាញព្រ័ត្រ ក្នុងទិវាផ្លាស់ប្តូរវប្បធម៌របស់ជនជាតិឡូឡូ នៅភូមិឡូឡូចៃ​ និងជនជាតិឡូឡូ នៅខេត្តយូណាន (ប្រទេសចិន)។ រូបថត៖ វៀតគឿង/ កាសែតរូបភាពវៀតណាម
 

យីវ ធីហឿង (Diu Thi Huong) ស្ត្រីជនជាតិ ឡូឡូ វ័យក្មេងម្នាក់ ដែលបច្ចុប្បន្នកំពុងប្រកបអាជីវកម្មផ្ទះសំណាក់ (Homestay) និងសេវាកម្មបទពិសោធន៍វប្បធម៌ បានចែករំលែកដោយស្នាមញញឹមថា៖ "កាលពីមុន ជីវិតរបស់យើងពិតជាលំបាកណាស់។ ប៉ុន្តែតាំងពីមានទេសចរណ៍មក ភូមិរបស់យើងបានផ្លាស់ប្តូរទាំងស្រុង។ ផ្ទះចាស់ៗបានយើងកែលម្អទៅជា Homestay ស្អាតបាត មានផាសុកភាព ប៉ុន្តែនៅតែរក្សាបាននូវបុរាណភាព។ យើងខ្ញុំ​ណែនាំភ្ញៀវអំពីរបៀបធ្វើនំ របៀបប៉ាក់ និងរបៀបរាំ។ អ្វីដែលសំខាន់បំផុតនោះគឺ ទេសចរណ៍ជួយឱ្យយើងខ្ញុំ​មានប្រាក់ចំណូល ហើយសំខាន់ជាងនេះទៅទៀត វាធ្វើឱ្យយើងយល់ដឹងពីតម្លៃវប្បធម៌នៃ​ជនជាតិខ្លួន ដើម្បីថែរក្សាទុកសម្រាប់កូនចៅ"

ទេសចរណ៍សហគមន៍នៅ ឡូឡូចៃ និង គ្វិ​ញសឺន ចាត់ទុកប្រជាជនជាមណ្ឌល។ ពួកគាត់​ចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពទេសចរណ៍ ចាប់ពីការផ្តល់សេវាកម្មស្នាក់នៅ ម្ហូបអាហារ រហូតដល់បទពិសោធន៍វប្បធម៌។ ប្រការ​នេះ ធានាផលប្រយោជន៍សេដ្ឋកិច្ចពីទេសចរណ៍​បានបែងចែកដោយស្មើភាព បង្កើតកម្លាំងចលករឱ្យប្រជាជនចូលរួមយ៉ាងសកម្មក្នុងការអភិរក្សវប្បធម៌។

ចាកចេញពី ឡូឡូចៃ ការធ្វើ​​ដំណើររបស់យើងខ្ញុំ បាននាំយើងខ្ញុំ​ទៅដល់ភូមិទេសចរណ៍​សហគមន៍ គ្វិ​ញសឺន ស្ថិតក្នុងឃុំបាក់​សឺន​ (Bac Son) ខេត្តឡាង​សឺន​ (Lang Son) (ពីមុនជាឃុំបាក់សឺន -​  Bac Son ស្រុកបាក់សឺន - Bac Son ខេត្តឡាង​សឺន - Lang Son)

 

ភូមិវប្បធម៌ទេសចរណ៍សហគមន៍គ្វិញសឺន ស្ថិតនៅយ៉ាងស្ងប់ស្ងាត់ក្នុងជ្រលងភ្នំបាក់សឺន (ខេត្តឡាងសឺន - Lang Son) ក្នុងរដូវស្រូវទុំ។ រូបថត៖ យ័នត្វឹន

ស្ថិតនៅក្នុងតំបន់បេតិកភណ្ឌជាតិពិសេស ការក្រោកឡើងនៃ​បាក់សឺន​ (Bac Son) និងជាតំបន់ស្នូលនៃឧទ្យានភូគម្ភសាស្ត្រពិភពលោកឡាង​សឺន ភូមិគ្វិ​ញសឺន មានសម្រស់ស្អាត​ ស្ងប់ស្ងាត់ និងរ៉ូមែនទិក ជាមួយនឹងវាលស្រែខៀវស្រងាត់ ជួរភ្នំថ្មកំបោរដ៏អស្ចារ្យ និងជាពិសេសគឺ វប្បធម៌ជនជាតិតៃ (Tay) ដ៏សម្បូរ​អត្តសញ្ញាណ​។

 

ការសម្តែងលោត​ឆត្រយោង នៅលើវាលស្រែភូមិគ្វិញសឺន (Quynh Son)។ រូបថត៖ ហ្វាងហា/ កាសែតរូបភាពវៀតណាម
 

អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ដំបូងគេខណៈពេលមកដល់ គ្វិ​ញសឺន គឺរូបភាពផ្ទះរត​ ធ្វើពីឈើតាមបែបប្រពៃណីរបស់ជនជាតិ តៃ។ ជាមួយនឹងស្ថាបត្យកម្មពិសេស​ ផ្ទះរត​ជាធម្មតាមានពីរជាន់ ជាន់ក្រោមសម្រាប់ទុកកសិផល និងឧបករណ៍កសិកម្ម ចំណែកជាន់លើគឺជាកន្លែងស្នាក់នៅ។ ផ្ទះទាំងនេះ ​បានសាង សង់ពីឈើទាំងស្រុង ប្រក់ក្បឿងញីឈ្មោល ឬស្លឹកទ្រាំង​ បង្កើតបានជាសម្រស់ស្អាត​ កក់ក្តៅ សម្រប​ជាមួយ នឹង​ទេសភាពព្រៃភ្នំ។ ផ្ទះភាគច្រើនបែរមុខទៅរកជ្រលងភ្នំ ដើម្បីទទួលខ្យល់ត្រជាក់ និងពន្លឺព្រះអាទិត្យ។

លោកយឿង​ កុង​លឿង (Duong Cong Luong) ជនជាតិ តៃ ដែលបានរស់នៅពេញមួយជីវិតក្នុង​ផ្ទះឈើបុរាណរបស់គាត់ បានចែករំលែកថា៖ "ផ្ទះរត​ជាមនោសញ្ចេតនា និងកតញ្ញូនៃ​ជនជាតិ តៃ។ ជាន់ក្រោមធំទូលាយសម្រាប់គ្រួសារទាំងមូលធ្វើការ និងហូបចុក។ ជាន់លើ គឺជាកន្លែងសម្រាក និងជាកន្លែងឯកជន។ ក្លិន ឈើ និងក្លិនផ្សែងផ្ទះបាយលាយឡំគ្នា វាគឺជាក្លិននៃស្រុកកំណើត និងគ្រួសារ។ យើងខ្ញុំ​មិនចង់ផ្លាស់ប្តូរវាទេ គ្រាន់តែចង់ថែរក្សាវាឱ្យកូនចៅបានយល់ពីប្រភពដើម"

 

 
ការប្រកួតច្រូតស្រូវ និងបោកស្រូវរបស់ជនជាតិតៃ (Tay) នៅភូមិគ្វិញសឺន ក្នុងពិធីបុណ្យរដូវមាសបាក់សឺន (Bac Son) ឆ្នាំ២០២៥។ រូបថត៖ ថុងថៀន​/កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរទទួលបទពិសោធន៍ជិះសេះ នៅលើវាលស្រែភូមិគ្វិញសឺន។ រូបថត៖ ហ្វាងហា/ កាសែតរូបភាពវៀតណាម

វប្បធម៌ តៃ នៅ គ្វិ​ញសឺន មិនត្រឹមតែបង្ហាញតាមរយៈស្ថាបត្យកម្មប៉ុណ្ណោះទេ ​ថែមទាំងរស់រវើកនៅក្នុងសិល្បៈ និងទំនៀមទម្លាប់ទៀតផង។ ចម្រៀងថេន និងឧបករណ៍តន្ត្រី ចាប៉ី​ទិន (Dan Tinh) បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងឱ្យមនុស្សជាតិ។ សំឡេងឧបករណ៍ ចាប៉ី​ទិនដ៏ពិរោះរណ្ដំ លាយឡំជាមួយនឹងសំនៀងចម្រៀងថេនដ៏ផ្អែមល្ហែម រៀបរាប់ពីក្តីស្រឡាញ់ចំពោះស្រុកកំណើត ប្រទេសជាតិ ជីវភាព​ពលកម្ម​ និងក្តីសុបិនដ៏សាមញ្ញរបស់មនុស្ស។

របាំសាប (Mua sap) និងពិធីបុណ្យផ្សេងៗដូចជា ពិធីបុណ្យនិទាឃរដូវ ពិធីបុណ្យ​ច្រត់នង្គ័ល នៅតែបានប្រជាជន គ្វិ​ញសឺន ថែរក្សា និង​ប្រព្រឹត្តទៅ​ជារៀងរាល់ឆ្នាំ។ ក្នុងឱកាសទាំងនេះ សហគមន៍​ទាំងមូលបានចូលរួមក្នុងបរិយាកាសសប្បាយរីករាយ បង្ហាញពីសាមគ្គីភាព និងក្តីប្រាថ្នាចំពោះរដូវ​អំណោយ​ផល​ និងជីវិតសម្បូរសប្បាយ។

ការប្រកួតវេចនំបាញ់ចឹង​ ខ្មៅ ​ដែលជានំ​ពិសេសផ្នែក​អាហារនៃ​ជនជាតិតៃ នៅគ្វិញសឺន ក្នុងក្របខ័ណ្ឌពិធីបុណ្យរដូវមាសបាក់សឺន ឆ្នាំ២០២៥។ រូបថត៖ ថុងថៀន​/ កាសែតរូបភាពវៀតណាម
ការសម្តែងបុកស្រូវដោយប្រើឧបករណ៍កសិកម្មបុរាណ របស់ជនជាតិតៃ នៅភូមិគ្វិញសឺន ក្នុងក្របខ័ណ្ឌពិធីបុណ្យរដូវមាសបាក់សឺន ឆ្នាំ២០២៥។ រូបថត៖ ថុងថៀន​/ កាសែតរូបភាពវៀតណាម

អ្នកស្រី​ យឿង​ ធី​យឺ (Duong Thi Du) សមាជិកនៃសហករណ៍ទេសចរណ៍សហគមន៍ គ្វិ​ញសឺន បានរៀបរាប់យ៉ាងរំភើបអំពីការផ្លាស់ប្តូរនៃភូមិរបស់គាត់ថា៖ "គ្វិ​ញសឺន ឥឡូវនេះខុសពីមុនច្រើនណាស់។ ភ្ញៀវទេសចរមកទីនេះ មិនត្រឹមតែដើម្បីគយគន់ទេសភាពប៉ុណ្ណោះទេ ថែមទាំងដើម្បីទទួលបានបទពិសោធន៍ជីវភាព​​នៃ​ជនជាតិ តៃ ផងដែរ។ យើងខ្ញុំ​បាន​រៀបចំឱ្យភ្ញៀវសាកល្បងធ្វើស្រែ បុកស្រូវ ផលិតសា្រពោត​ និងធ្វើនំ។ អ្វីដែលសំខាន់បំផុតនោះគឺ យើងខ្ញុំ​ណែនាំពួកគាត់​ឱ្យចេះគោរពវប្បធម៌ជនជាតិដើម និងរបៀបរស់នៅចុះសម្រុងជាមួយធម្មជាតិ។ កិត្តិនាម​ជាភូមិទេសចរណ៍ល្អបំផុតលើពិភពលោកនេះ គឺជាកម្លាំងចលករសម្រាប់ពួកយើងបន្តការ​ខិតខំប្រឹងប្រែងបន្ថែមទៀត"

 

ការសម្តែងពិធីសែនថែន (Then) របស់ជនជាតិតៃ នៅភូមិគ្វិញសឺន។ រូបថត៖ ហ្វាង​ហា/កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរ និងជនជាតិតៃ រួមគ្នាសម្តែងរបាំ​គោះអង្រែ​ នៅភូមិគ្វិញ​សឺន។ រូបថត៖ ហ្វាងហា​/ កាសែតរូបភាពវៀតណាម

ឡូឡូចៃ និង គ្វិ​ញសឺន ដែលជាភូមិដ៏តូចទាំងពីរ ប៉ុន្តែផ្ទុកនូវតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏មានតម្លៃ បានយកឈ្នះលើគូប្រជែងរាប់រយអង្គភាពមកពី ៦៥ប្រទេស ដើម្បីទទួលបានកិត្តិយសជាភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០២៥។ កិត្តិនាម​​នេះមិនត្រឹមតែជាការបញ្ជាក់ពីសម្រស់​ពិសេស​ និងសក្តានុពលទេសចរណ៍នៃ​មូលដ្ឋានទាំងពីរប៉ុណ្ណោះទេ ​ថែមទាំងជាភស្តុតាងដ៏រស់រវើកនៃការខិតខំប្រឹងប្រែងឥតឈប់ឈរ នៃ​សហគមន៍ជនជាតិភាគតិចវៀតណាម ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ការអភិវឌ្ឍទេសចរណ៍ចីរភាព និងការលើកកម្ពស់គុណភាព​ជីវិត​៕​

អត្ថបទ៖ ថុងថៀន រូបភាព៖ ង្វៀន​ថាំង ហ្វាង​ហា ថុង​ថៀន​​ វៀតគឿង​ យ័ន​ត្វឹន​ និង​ឯកសារ

ប្រែសម្រួល៖ រីកើង​


Top