នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង Huzhou (ប្រទេសចិន) អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) បានផ្តល់កិត្តិយសដល់ភូមិពីររបស់វៀតណាមគឺ ឡូឡូចៃ...
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង Huzhou (ប្រទេសចិន) អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) បានផ្តល់កិត្តិយសដល់ភូមិពីររបស់វៀតណាមគឺ ឡូឡូចៃ (Lo Lo Chai) ខេត្តតៀនក្វាង (Tuyen Quang) និង គ្វិញសឺន (Quynh Son) ខេត្តឡានសឺន (Lang Son) ជាភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០២៥។ កិត្តិនាមនេះមិនត្រឹមតែជាមោទនភាពនៃមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់លំ ដាប់អន្តរជាតិ ចំពោះការខិតខំប្រឹងប្រែងអភិរក្សវប្បធម៌ជនជាតិដើម និងការអភិវឌ្ឍទេសចរណ៍ចីរភាពរបស់ វៀតណាមផងដែរ។ ភូមិទាំងពីរនេះ ទោះបីជាស្ថិតនៅតំបន់ភូមិសាស្ត្រផ្សេងគ្នាក្តី ក៏ប៉ុន្តែមានចំណុចរួម គឺការអភិរក្សស្ថាបត្យកម្ម ទំនៀមទម្លាប់ និងរបរបិញ្ចឹមជីវិតបែបប្រពៃណី ដែលកម្លាយទីនេះឱ្យទៅជា "គ្រាប់ត្បូងមរកត" ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
លាក់ខ្លួននៅក្រោមម្លប់នៃបង្គោលទង់ជាតិលុងគូ (Lung Cu) ដែលជាចំណុចដើមពិសិដ្ឋនៃមាតុភូមិ ភូមិវប្បធម៌ទេសចរណ៍ ឡូឡូចៃ ស្ថិតក្នុងឃុំលុងគូ ខេត្តតៀនក្វាង (ពីមុនជាឃុំលុងគូ ស្រុកដុងវ៉ាន់ ខេត្តហាយ៉ាង) បង្ហាញខ្លួនដូចជាផ្ទាំងគំនូរក្នុងរឿងនិទាននៅកណ្តាលព្រៃភ្នំល្វឹងល្វើយ។ នៅទីនេះ ធម្មជាតិអស្ចារ្យ វប្បធម៌ជនជាតិ ឡូឡូ បានរួមបញ្ចូលគ្នាបង្កើតបានជាលំហរស់នៅដ៏រស់រវើក និងគួរឱ្យទាក់ទាញ។ ជាមួយនឹងគ្រួសារជាង ១២០គ្រួសារ ដែលភាគច្រើនជាជនជាតិ ឡូឡូ រស់នៅឆ្លងកាត់ជាច្រើនជំនាន់ ឡូឡូចៃ បានក្លាយជានិមិត្តរូបនៃភាពរឹងមាំ ការរក្សាអត្តសញ្ញាណនៅក្នុងបរិយាកាសរស់នៅដ៏លំបាក ប៉ុន្តែក៏ពោរពេញទៅដោយភាពស្រស់ត្រកាលដែរ។
ផ្ទះជញ្ជាំងដីប្រក់ក្បឿងយិងយ៉ាងហ៊ុំព័ទ្ធដោយរបងថ្ម គឺជាលក្ខណៈពិសេស នៃភូមិវប្បធម៌ទេសចរណ៍ ឡូឡូចៃ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
លក្ខណៈពិសេសលេចធ្លោបំផុតរបស់ ឡូឡូចៃ គឺផ្ទះជញ្ជាំងដីពិសេស ដែលបានសាងសង់ដោយបច្ចេកទេសសិប្បកម្មដ៏ប៉ិនប្រសប់។ ជាមួយនឹងជញ្ជាំងក្រាស់ធ្វើពីដីឥដ្ឋលាយជាមួយដីធម្មតា ផ្ទះទាំងនេះមិនត្រឹមតែអាចទប់ទល់នឹងភាពត្រជាក់ក្នុងរដូវរងា និងកំដៅនៃរដូវប្រាំងប៉ុណ្ណោះទេ ថែមទាំងមានសម្រស់ស្អាត ស្ងប់ស្ងាត់ និងបុរាណទៀតផង។ ដំបូលផ្ទះបានប្រក់ដោយក្បឿងញីឈ្មោល បង្កើតបានជារូបភាពកោងទន់ភ្លន់ នៅលើស្ថាបត្យកម្មដ៏រឹងមាំ។ របងថ្មបានរៀបតម្រៀបយ៉ាងប៉ិនប្រសប់នៅជុំវិញផ្ទះ បង្កើតបានជាភាពសុខដុមរមនាជាមួយនឹងទេសភាពភ្នំថ្ម។
ផ្ទះជញ្ជាំងដីប្រក់ក្រឿងយិងយ៉ាងហ៊ុំព័ទ្ធដោយរបងថ្ម គឺជាលក្ខណៈពិសេស នៃភូមិវប្បធម៌ទេសចរណ៍ ឡូឡូចៃ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
លក្ខណៈវប្បធម៌អំពីសម្លៀកបំពាក់ និងកសិកម្មរបស់ជនជាតិឡូឡូ នៅភូមិឡូឡូចៃបានណែនាំដល់ភ្ញៀវទេសចរ។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
ក្នុងការសំណេះសំណាលជាមួយយើងខ្ញុំ លោក ស៊ីញ យីហ្គាយ (Sinh Di Gai) ប្រធានភូមិ ឡូឡូចៃ បាននិយាយដោយមោទនភាពថា៖ "ផ្ទះជញ្ជាំងដីនេះមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ តែជាអនុស្សាវរិយ៍នៃមនុស្សជាច្រើនជំនាន់។ ជីដូនជីតារបស់ខ្ញុំបានចំណាយកម្លាំងជាច្រើនដើម្បីសាងសង់វា។ ឥឡូវនេះ នៅពេលធ្វើទេសចរណ៍ យើងខ្ញុំព្យាយាមរក្សាឫសគល់នោះឱ្យនៅដដែល។ ភ្ញៀវដែលមកទីនេះ ពួកគាត់មិនត្រឹមតែចង់គយគន់ទេសភាពស្អាតប៉ុណ្ណោះទេ នៅថែមទាំងចង់ដឹងពីព្រលឹង និងមនោសញ្ចេតនានៃផ្ទះ និងភូមិរបស់យើងខ្ញុំផងដែរ"។
ក្រៅពីស្ថាបត្យកម្ម វប្បធម៌អរូបីរបស់ជនជាតិ ឡូឡូ នៅទីនេះក៏សម្បូរបែបណាស់ដែរ។ របរតម្បាញសំពត់សង្កិប នៅតែបានថែរក្សា និងពង្រឹង។ ក្បាច់រចនានៅលើសំពត់មិនត្រឹមតែជាលម្អប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវរឿងរ៉ាវ ជំនឿ និងក្តីប្រាថ្នារបស់មនុស្សផង។ សំពត់នីមួយៗ គឺជាស្នាដៃសិល្បៈដ៏ប្រណិត បង្ហាញពីភាពល្អិតល្អន់ ភាពប៉ិនប្រសប់ និងសោភ័ណភាពពិសេសនៃជនជាតិ ឡូឡូផង។
យោងតាមទិន្នន័យស្ថិតិនៃខេត្តទៀនក្វាង ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៥ ភូមិឡូឡូចៃ បានទទួលភ្ញៀវទេសចរប្រមាណ ៥០.០០០នាក់ មកទស្សនា និងស្នាក់នៅ។ រូបថត៖ ថុងធៀន/កាសែតរូបភាពវៀតណាម
ពិធីបុណ្យប្រពៃណីដូចជា ពិធីលាងភូមិ ពិធីសែនដូនតា ពិធីសុំទឹកភ្លៀង ពិធីបុណ្យលោតដើមឈើ។ល។ នៅតែបានប្រារព្ធធ្វើជាប្រចាំ ដែលមានអត្ថន័យខាងចេតភាព និងសហគមន៍យ៉ាងជ្រាលជ្រៅ។ ក្នុងឱកាសទាំងនេះ អ្នកភូមិទាំងមូលបានរួមគ្នាធ្វើពិធីកិច្ចបុរាណ ច្រៀង រាំ បង្កើតបរិយាកាសអ៊ូអរ និងពោរពេញដោយអត្តសញ្ញាណ។ សំឡេងស្គរស្ពាន់ និងសំឡេងគែន នៃជនជាតិ ឡូឡូ បន្លឺឡើងពេញព្រៃភ្នំ លាយឡំជាមួយនឹងរបាំប្រជាប្រិយ បង្កើតបានជាបទភ្លេងវប្បធម៌ពិសេស គួរឱ្យរំភើបពេកក្រៃ។
ការប្រកួតរុញដំបង និងទាញព្រ័ត្រ ក្នុងទិវាផ្លាស់ប្តូរវប្បធម៌របស់ជនជាតិឡូឡូ នៅភូមិឡូឡូចៃ និងជនជាតិឡូឡូ នៅខេត្តយូណាន (ប្រទេសចិន)។ រូបថត៖ វៀតគឿង/ កាសែតរូបភាពវៀតណាម
យីវ ធីហឿង (Diu Thi Huong) ស្ត្រីជនជាតិ ឡូឡូ វ័យក្មេងម្នាក់ ដែលបច្ចុប្បន្នកំពុងប្រកបអាជីវកម្មផ្ទះសំណាក់ (Homestay) និងសេវាកម្មបទពិសោធន៍វប្បធម៌ បានចែករំលែកដោយស្នាមញញឹមថា៖ "កាលពីមុន ជីវិតរបស់យើងពិតជាលំបាកណាស់។ ប៉ុន្តែតាំងពីមានទេសចរណ៍មក ភូមិរបស់យើងបានផ្លាស់ប្តូរទាំងស្រុង។ ផ្ទះចាស់ៗបានយើងកែលម្អទៅជា Homestay ស្អាតបាត មានផាសុកភាព ប៉ុន្តែនៅតែរក្សាបាននូវបុរាណភាព។ យើងខ្ញុំណែនាំភ្ញៀវអំពីរបៀបធ្វើនំ របៀបប៉ាក់ និងរបៀបរាំ។ អ្វីដែលសំខាន់បំផុតនោះគឺ ទេសចរណ៍ជួយឱ្យយើងខ្ញុំមានប្រាក់ចំណូល ហើយសំខាន់ជាងនេះទៅទៀត វាធ្វើឱ្យយើងយល់ដឹងពីតម្លៃវប្បធម៌នៃជនជាតិខ្លួន ដើម្បីថែរក្សាទុកសម្រាប់កូនចៅ"។
ទេសចរណ៍សហគមន៍នៅ ឡូឡូចៃ និង គ្វិញសឺន ចាត់ទុកប្រជាជនជាមណ្ឌល។ ពួកគាត់ចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពទេសចរណ៍ ចាប់ពីការផ្តល់សេវាកម្មស្នាក់នៅ ម្ហូបអាហារ រហូតដល់បទពិសោធន៍វប្បធម៌។ ប្រការនេះ ធានាផលប្រយោជន៍សេដ្ឋកិច្ចពីទេសចរណ៍បានបែងចែកដោយស្មើភាព បង្កើតកម្លាំងចលករឱ្យប្រជាជនចូលរួមយ៉ាងសកម្មក្នុងការអភិរក្សវប្បធម៌។
ចាកចេញពី ឡូឡូចៃ ការធ្វើដំណើររបស់យើងខ្ញុំ បាននាំយើងខ្ញុំទៅដល់ភូមិទេសចរណ៍សហគមន៍ គ្វិញសឺន ស្ថិតក្នុងឃុំបាក់សឺន (Bac Son) ខេត្តឡាងសឺន (Lang Son) (ពីមុនជាឃុំបាក់សឺន - Bac Son ស្រុកបាក់សឺន - Bac Son ខេត្តឡាងសឺន - Lang Son)។
ភូមិវប្បធម៌ទេសចរណ៍សហគមន៍គ្វិញសឺន ស្ថិតនៅយ៉ាងស្ងប់ស្ងាត់ក្នុងជ្រលងភ្នំបាក់សឺន (ខេត្តឡាងសឺន - Lang Son) ក្នុងរដូវស្រូវទុំ។ រូបថត៖ យ័នត្វឹន
ស្ថិតនៅក្នុងតំបន់បេតិកភណ្ឌជាតិពិសេស ការក្រោកឡើងនៃបាក់សឺន (Bac Son) និងជាតំបន់ស្នូលនៃឧទ្យានភូគម្ភសាស្ត្រពិភពលោកឡាងសឺន ភូមិគ្វិញសឺន មានសម្រស់ស្អាត ស្ងប់ស្ងាត់ និងរ៉ូមែនទិក ជាមួយនឹងវាលស្រែខៀវស្រងាត់ ជួរភ្នំថ្មកំបោរដ៏អស្ចារ្យ និងជាពិសេសគឺ វប្បធម៌ជនជាតិតៃ (Tay) ដ៏សម្បូរអត្តសញ្ញាណ។
ការសម្តែងលោតឆត្រយោង នៅលើវាលស្រែភូមិគ្វិញសឺន (Quynh Son)។ រូបថត៖ ហ្វាងហា/ កាសែតរូបភាពវៀតណាម
អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ដំបូងគេខណៈពេលមកដល់ គ្វិញសឺន គឺរូបភាពផ្ទះរត ធ្វើពីឈើតាមបែបប្រពៃណីរបស់ជនជាតិ តៃ។ ជាមួយនឹងស្ថាបត្យកម្មពិសេស ផ្ទះរតជាធម្មតាមានពីរជាន់ ជាន់ក្រោមសម្រាប់ទុកកសិផល និងឧបករណ៍កសិកម្ម ចំណែកជាន់លើគឺជាកន្លែងស្នាក់នៅ។ ផ្ទះទាំងនេះ បានសាង សង់ពីឈើទាំងស្រុង ប្រក់ក្បឿងញីឈ្មោល ឬស្លឹកទ្រាំង បង្កើតបានជាសម្រស់ស្អាត កក់ក្តៅ សម្របជាមួយ នឹងទេសភាពព្រៃភ្នំ។ ផ្ទះភាគច្រើនបែរមុខទៅរកជ្រលងភ្នំ ដើម្បីទទួលខ្យល់ត្រជាក់ និងពន្លឺព្រះអាទិត្យ។
លោកយឿង កុងលឿង (Duong Cong Luong) ជនជាតិ តៃ ដែលបានរស់នៅពេញមួយជីវិតក្នុងផ្ទះឈើបុរាណរបស់គាត់ បានចែករំលែកថា៖ "ផ្ទះរតជាមនោសញ្ចេតនា និងកតញ្ញូនៃជនជាតិ តៃ។ ជាន់ក្រោមធំទូលាយសម្រាប់គ្រួសារទាំងមូលធ្វើការ និងហូបចុក។ ជាន់លើ គឺជាកន្លែងសម្រាក និងជាកន្លែងឯកជន។ ក្លិន ឈើ និងក្លិនផ្សែងផ្ទះបាយលាយឡំគ្នា វាគឺជាក្លិននៃស្រុកកំណើត និងគ្រួសារ។ យើងខ្ញុំមិនចង់ផ្លាស់ប្តូរវាទេ គ្រាន់តែចង់ថែរក្សាវាឱ្យកូនចៅបានយល់ពីប្រភពដើម"។
ការប្រកួតច្រូតស្រូវ និងបោកស្រូវរបស់ជនជាតិតៃ (Tay) នៅភូមិគ្វិញសឺន ក្នុងពិធីបុណ្យរដូវមាសបាក់សឺន (Bac Son) ឆ្នាំ២០២៥។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរទទួលបទពិសោធន៍ជិះសេះ នៅលើវាលស្រែភូមិគ្វិញសឺន។ រូបថត៖ ហ្វាងហា/ កាសែតរូបភាពវៀតណាម
វប្បធម៌ តៃ នៅ គ្វិញសឺន មិនត្រឹមតែបង្ហាញតាមរយៈស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងរស់រវើកនៅក្នុងសិល្បៈ និងទំនៀមទម្លាប់ទៀតផង។ ចម្រៀងថេន និងឧបករណ៍តន្ត្រី ចាប៉ីទិន (Dan Tinh) បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងឱ្យមនុស្សជាតិ។ សំឡេងឧបករណ៍ ចាប៉ីទិនដ៏ពិរោះរណ្ដំ លាយឡំជាមួយនឹងសំនៀងចម្រៀងថេនដ៏ផ្អែមល្ហែម រៀបរាប់ពីក្តីស្រឡាញ់ចំពោះស្រុកកំណើត ប្រទេសជាតិ ជីវភាពពលកម្ម និងក្តីសុបិនដ៏សាមញ្ញរបស់មនុស្ស។
របាំសាប (Mua sap) និងពិធីបុណ្យផ្សេងៗដូចជា ពិធីបុណ្យនិទាឃរដូវ ពិធីបុណ្យច្រត់នង្គ័ល នៅតែបានប្រជាជន គ្វិញសឺន ថែរក្សា និងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ ក្នុងឱកាសទាំងនេះ សហគមន៍ទាំងមូលបានចូលរួមក្នុងបរិយាកាសសប្បាយរីករាយ បង្ហាញពីសាមគ្គីភាព និងក្តីប្រាថ្នាចំពោះរដូវអំណោយផល និងជីវិតសម្បូរសប្បាយ។
ការប្រកួតវេចនំបាញ់ចឹង ខ្មៅ ដែលជានំពិសេសផ្នែកអាហារនៃជនជាតិតៃ នៅគ្វិញសឺន ក្នុងក្របខ័ណ្ឌពិធីបុណ្យរដូវមាសបាក់សឺន ឆ្នាំ២០២៥។ រូបថត៖ ថុងថៀន/ កាសែតរូបភាពវៀតណាម
ការសម្តែងបុកស្រូវដោយប្រើឧបករណ៍កសិកម្មបុរាណ របស់ជនជាតិតៃ នៅភូមិគ្វិញសឺន ក្នុងក្របខ័ណ្ឌពិធីបុណ្យរដូវមាសបាក់សឺន ឆ្នាំ២០២៥។ រូបថត៖ ថុងថៀន/ កាសែតរូបភាពវៀតណាម
អ្នកស្រី យឿង ធីយឺ (Duong Thi Du) សមាជិកនៃសហករណ៍ទេសចរណ៍សហគមន៍ គ្វិញសឺន បានរៀបរាប់យ៉ាងរំភើបអំពីការផ្លាស់ប្តូរនៃភូមិរបស់គាត់ថា៖ "គ្វិញសឺន ឥឡូវនេះខុសពីមុនច្រើនណាស់។ ភ្ញៀវទេសចរមកទីនេះ មិនត្រឹមតែដើម្បីគយគន់ទេសភាពប៉ុណ្ណោះទេ ថែមទាំងដើម្បីទទួលបានបទពិសោធន៍ជីវភាពនៃជនជាតិ តៃ ផងដែរ។ យើងខ្ញុំបានរៀបចំឱ្យភ្ញៀវសាកល្បងធ្វើស្រែ បុកស្រូវ ផលិតសា្រពោត និងធ្វើនំ។ អ្វីដែលសំខាន់បំផុតនោះគឺ យើងខ្ញុំណែនាំពួកគាត់ឱ្យចេះគោរពវប្បធម៌ជនជាតិដើម និងរបៀបរស់នៅចុះសម្រុងជាមួយធម្មជាតិ។ កិត្តិនាមជាភូមិទេសចរណ៍ល្អបំផុតលើពិភពលោកនេះ គឺជាកម្លាំងចលករសម្រាប់ពួកយើងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត"។
ការសម្តែងពិធីសែនថែន (Then) របស់ជនជាតិតៃ នៅភូមិគ្វិញសឺន។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរ និងជនជាតិតៃ រួមគ្នាសម្តែងរបាំគោះអង្រែ នៅភូមិគ្វិញសឺន។ រូបថត៖ ហ្វាងហា/ កាសែតរូបភាពវៀតណាម
ឡូឡូចៃ និង គ្វិញសឺន ដែលជាភូមិដ៏តូចទាំងពីរ ប៉ុន្តែផ្ទុកនូវតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏មានតម្លៃ បានយកឈ្នះលើគូប្រជែងរាប់រយអង្គភាពមកពី ៦៥ប្រទេស ដើម្បីទទួលបានកិត្តិយសជាភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០២៥។ កិត្តិនាមនេះមិនត្រឹមតែជាការបញ្ជាក់ពីសម្រស់ពិសេស និងសក្តានុពលទេសចរណ៍នៃមូលដ្ឋានទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងដ៏រស់រវើកនៃការខិតខំប្រឹងប្រែងឥតឈប់ឈរ នៃសហគមន៍ជនជាតិភាគតិចវៀតណាម ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ការអភិវឌ្ឍទេសចរណ៍ចីរភាព និងការលើកកម្ពស់គុណភាពជីវិត៕
អត្ថបទ៖ ថុងថៀន រូបភាព៖ ង្វៀនថាំង ហ្វាងហា ថុងថៀន វៀតគឿង យ័នត្វឹន និងឯកសារ
ប្រែសម្រួល៖ រីកើង