ហូយអាន (Hoi An) - ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO

ហូយអាន (Hoi An) - ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO

បេតិកភណ្ឌវប្បធម៌ពិភពលោក ហូយអាន (Hoi An) - ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO ។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ គណៈលេខាធិការបណ្តាញ​ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO បានបញ្ជាក់ថា ហូយអាន (Hoi An) ជាតំណាងបន្ទាប់របស់វៀតណាមដែលក្លាយជាសមាជិកជាផ្លូវការនៃបណ្តាញទីក្រុងច្នៃប្រឌិតសកលរបស់អង្គការ UNESCO លើវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ នេះជាកិត្តិយស និងមោទនភាពដ៏ធំធេងរបស់ប្រជាជននៃខេត្ត ក្វាង​ណាម (Quang Nam) និងវៀតណាមនិយាយរួម ជាពិសេសគឺប្រជានជនទីក្រុង ហូយ​អាន (Hoi An)។

សិប្បកម្ម និងសិល្បៈប្រជាប្រិយគឺជាភាពប្រៀបដ៏លេចធ្លោ និងជាវិស័យដែលទីក្រុង ហូយអាន (Hoi An) បានអភិរក្ស និងពង្រីកប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក។ បច្ចុប្បន្នទីក្រុងនេះមានភូមិរបរប្រពៃណីចំនួន ៥ ដែលមានមុខរបរសិប្បកម្មជិត ៥០មុខ ដែលកំពុងសកម្មភាពយ៉ាងសស្រាក់សស្រាំ ដូចជា៖ របរជាងឈើ របរធ្វើគ្រឿងស្មូន របរធ្វើចង្កៀងគោម របរត្បាញឬស្សីដូង របរកាត់ដេរសម្លៀកបំពាក់ ឆ្នៃគ្រឿងស្បែក... ក្នុង​នោះ ០៣ ភូមិរបរ និង ០១មុខរបរ ប្រពៃណី ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌអរូបីថ្នាក់ជាតិ និង ០២ ភូមិរបរផ្សេងទៀត កំពុងរៀបចំសំណុំរឿងដើម្បីស្នើការទទួលស្គាល់។

ទីក្រុង ហូយអាន (Hoi An) ត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO ក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម និងឯកសារវៀតណាម

ប្រព័ន្ធអេកូឡូស៊ីនៃភូមិរបរ សហគមន៍ភូមិរបរ និងទំនៀមទម្លាប់ សកម្មភាពប្រចាំថ្ងៃ និងជំនឿរបស់ប្រជាជន​ក្នុង​ស្រុកដែលមានតាំងពីយូរយារណាស់មកហើយ បានចូលរួមចំណែកក្នុងការបំផុសគំនិត បង្កើត និង និងចិញ្ចឹមភាពសម្បូរបែបនៃប្រភេទសិល្បៈប្រជាប្រិយពិសេសជាច្រើនដូចជា៖ ច្រៀង​ បាត្រាវ (ba trao) ហ ខ្វាន (ho khoan) កំណាព្យ ចម្រៀង សិល្បៈច្រៀង​បូយ (boi) របាំប្រពៃណី សិល្បៈប្រជាប្រិយ ... ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដ និងរស់រវើកនូវលក្ខណៈសង្គម-វប្បធម៌នៃតំបន់ ហើយក្លាយជាផ្នែកសំខាន់មួយនៃជីវស្មារតី របស់ប្រជាជនហូយអាន (Hoi An)។ ក្នុងចំណោមនោះ សិល្បៈ ច្រៀង បាយចយ (bai choi) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ឆ្នាំ ២០១៧)។

បច្ចុប្បន្នទីក្រុង​ ហូយអាន (Hoi An) មាន៥ ភូមិរបរ ប្រពៃណីដែលមានជិត ៥០មុខរបរកំពុងសកម្មភាបយ៉ាងសស្រក់សស្រាំ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ប្រជាជនជាច្រើននៃទីក្រុង ហូយអាន (Hoi An) ចូលរួមក្នុងសកម្មភាពសិប្បកម្ម និងសិល្បៈប្រជាប្រិយជាផ្លូវការ ឬក្រៅផ្លូវការ រួមមានបណ្ដាក្រុម៖ ពលកម្មឯករាជ្យ និងផលិតកម្ម ធ្វើ​អាជីវកម្មសិប្បកម្ម ក្រុមសិល្បករ សិប្បករ និងបុគ្គលនៃសម្ព័ន្ធសមាគមវិជ្ជាជីវៈ គ្រប់គ្រងរោងជាងសិប្បកម្មច្នៃប្រឌិត ក្រុមដែលនៅមកទៀតគឺសហគ្រាស និងសហគ្រិនក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ បច្ចុប្បន្ន ទីក្រុងនេះមានសហគ្រាសខ្នាតតូចសរុបចំនួន ៦៥៨ និងគ្រួសារអាជីវកម្មចំនួន ១៧១០ ដែលប្រតិបត្តិការក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ តាម​ការ​ប៉ាន់​ស្មាន​ថា មានពលករ​ប្រហែល ៤០០០ នាក់ ដែល​ទទួល​ប្រាក់​ចំណូលពី​សិប្បកម្ម និង​សិល្បៈ​ប្រជាប្រិយ​ជា​មធ្យម ៣៥០០-៤០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

ទីក្រុង​ ហូយអាន (Hoi An) ក៏ជាតំបន់​ដែល​មាន​ការទាក់ទាញ និងការបំផុសគំនិតខ្លាំងសម្រាប់អ្នកជំនាញ អ្នកច្នៃប្រឌិត និងសិល្បករ សិល្បការិនីក្នុងស្រុក និងបរទេសមករស់នៅ និងនិពន្ធជាមួយភាពចម្រុះ​នៃប្រភេទនិងវិស័យច្នៃប្រឌិត ក៏ដូចជាខ្លឹមសារជម្រៅ និងគំនិតច្នៃប្រឌិត ធ្វើឱ្យទីក្រុងជាទីស្រឡាញ់នេះក្លាយជាកន្លែងច្នៃប្រឌិតដ៏ទាក់ទាញមួយនៅក្នុងទូទាំងប្រទេស។

មានមុខរបរប្រពៃណីល្បីៗជាច្រើនដូចជា៖ មុខរបរជាងឈើ មុខរបរធ្វើគ្រឿងស្មូន មុខរបរធ្វើក្បាលម៉ុងសាយ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO គឺជាឱកាសអំណោយផលសម្រាប់ទីក្រុង ហូយអាន (Hoi An) ក្នុងការបង្កើតពាណិជ្ជសញ្ញារបស់ខ្លួន ផ្សព្វផ្សាយរូបភាពរបស់ខ្លួនលើគ្រប់វិស័យនៃវប្បធម៌ច្នៃប្រឌិត រួមចំណែកទាក់ទាញការវិនិយោគ និងផ្តោតលើកម្មវិធីអភិវឌ្ឍអប់រំ និងព្រឹត្តិការណ៍វប្បធម៌ ច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទីក្រុង ហូយអាន (Hoi An) នឹង​អាច​ពង្រីក​ទំនាក់ទំនង បង្កើន​ឱកាស​សហប្រតិបត្តិការ​អន្តរជាតិ ចូលទៅជិត និងទទួលយក​បទពិសោធន៍ បណ្ដា​តម្លៃ​ល្អៗ​ពី​អ្នកជំនាញ​អន្តរជាតិ អង្គការ UNESCO និង​ទីក្រុង ​ប្រទេស​ផ្សេងៗ ដើម្បី​បត់បែន​អនុវត្ត​ចូល​ក្នុងគំរូ​អភិវឌ្ឍ​ពិសេសដោយឡែក​របស់ ទីក្រុង ហូយអាន (Hoi An) ។ 

ការអភិរក្សបានមុខរបរប្រពៃណីជាច្រើនមិនត្រឹមតែជួយទីក្រុង​ ហូយអាន (Hoi An) រក្សាតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្កើតការលើកទឹកចិត្តដល់ការច្នៃប្រឌិត និងការផ្តើមធុរកិច្ច​របស់ប្រជាជនទៀតផង​។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ទីក្រុង​ ហូយអាន (Hoi An) - ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO មិនត្រឹមតែជាកិត្តិនាមប៉ុណ្ណោះទេ ថែមទាំងជាគោលដៅខិតខំ អនុវត្តការប្តេជ្ញាចិត្ត និងនាំមកនូវគុណតម្លៃ និងអត្ថប្រយោជន៍ដល់សហគមន៍។ ក្រៅពីការបន្តសកម្មភាពអភិរក្ស និងលើកកម្ពស់វិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ ទីក្រុង​ ហូយអាន (Hoi An) នឹងត្រូវអនុវត្តគំនិតផ្តួចផ្តើមដែលបានប្តេជ្ញាចិត្ត ដូចជា៖ គម្រោងជាងឈើ គីម​បុង (Kim Bong) - បំផុស​​ប្រភព​ច្នៃប្រឌិត បណ្តុះទេពកោសល្យច្នៃប្រឌិតវ័យក្មេង ហូយអាន (Hoi An) ក្នុងលំហឌីជីថល និងគំនិតផ្តួចផ្តើមអន្តរជាតិដូចជា : សមោសរសិល្បៈប្រជាប្រិយអន្តរាជាតិ ពិធីបុណ្យចង្កៀង​គោមអន្តរជាតិ ផ្ទះច្នៃប្រឌិត ហូយអាន (Hoi An) ។ ទន្ទឹមនឹងនោះ ទីក្រុងនឹងបង្កលក្ខខណ្ឌ និងជំរុញការអភិវឌ្ឍ ច្នៃប្រឌិតក្នុង​វិស័យផ្សេងៗ ទៀត តភ្ជាប់ ដោះដូរ និងចែករំលែកបទពិសោធន៍ជាមួយសមាជិកផ្សេងទៀតក្នុង និងក្រៅបណ្តាញ បង្កើនសកម្មភាពបើកទូលាយបណ្តាញ...

ប្រជាជនទីក្រុង ហូយអាន (Hoi An) សប្បាយរីករាយ ទទួលដំណឹងដ៏ល្អអំពីការដែល​បានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតពិភពលោករបស់អង្គការ UNESCO ។ រូបថត៖ ឯកសារ

ការក្លាយជាសមាជិកផ្លូវការនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO មានសារៈសំខាន់សម្រាប់គោលដៅលើកកម្ពស់ឋានៈ និងបង្កើតរូបភាពថ្មី និងទាក់ទាញសម្រាប់ទីក្រុង ហូយអាន (Hoi An) ។ ទន្ទឹមនឹងនោះ ដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបណ្តាញ ទីក្រុង ហូយអាន (Hoi An) នឹងរៀបចំផែនការសកម្មភាព អនុវត្តគំនិតផ្តួចផ្តើម ក៏ដូចជាតភ្ជាប់គោលនយោបាយរបស់ទីក្រុង ដើម្បីជំរុញបណ្ដាវិស័យវប្បធម៌ច្នៃប្រឌិតដែលពាក់ព័ន្ធ។

ជាមួយនឹងការខិតខំប្រឹងប្រែង ច្នៃប្រឌិត និងវឌ្ឍនភាពដោយឥតឈប់ឈរ ពីទីក្រុងបេតិកភណ្ឌក្លាយជាទីក្រុងច្នៃប្រឌិត​របស់អង្គការ UNESCO ទីក្រុង ហូយអាន (Hoi An) ជឿជាក់ថា នឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំង​ក្លា និងក្លាយជាគោលដៅពិសេស ទាក់ទាញការ​យក​ចិត្តទុក​ដាក់​របស់​មហាជនក្នុង​និង​ក្រៅ​ប្រទេស./.

បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងដែលបាន​ទទួល​ស្គាល់​ភាពច្នៃប្រឌិត ដោយចាត់ទុកថា នេះជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើវិស័យមួយ​ចំនួនដូចជា សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

គិតត្រឹមខែតុលា ឆ្នាំ២០២២ បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO មានទីក្រុងសមាជិកចំនួន ២៩៥ មកពី ៩០ ប្រទេស ក្នុងនោះមាន ៥៩ទីក្រុងក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។


  • អនុវត្ត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

    ប្រែសម្រួលដោយង្វៀន​យ៉ាង

Top