ស្លាកស្នាមបារាំងរំលងកាលនៅទីក្រុងហូជីមិញ
តាំងពីព្រះវិហារ ដឹកបា (Duc Ba) (Notre-Dame) មជ្ឈមណ្ឌលប្រៃសណីយ៍ រហូតដល់វីឡាបុរាណៗ ស្ថាបត្យកម្មបារាំងបានក្លាយជាចំណែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសោភ័ណភាពទីក្រុងហូជីមិញ។ លើសពីតម្លៃនៃសំណង់អគារទាំងនោះ វាក៏ជាស្រទាប់អនុស្សាវរីយ៍រស់រវើក អំពីដំណើរនៃការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍទីក្រុងឆ្លងកាត់ជាច្រើនជំនាន់។
នៅចន្លោះអគារកញ្ចក់ទំនើបៗ និងលំហូរមនុស្សដ៏មមាញឹក នៅលើមហាវិថីកណ្តាលក្រុង សំណង់ស្ថាបត្យកម្មបារាំង នៅតែមានវត្តមានដូចជាស្លាកស្នាមរំលងកាល នៃទីក្រុងហូជីមិញ។ ជាងមួយសតវត្សរ៍ក្រោយការសាងសង់សំណង់ទាំងនោះ មិនត្រឹមតែរក្សាបាននូវសម្រស់ស្ថាបត្យកម្មដ៏វិសេសវិសាលប៉ុណ្ណោះទេ នៅថែមទាំងបានក្លាយជាផ្នែកមួយ នៃអនុស្សាវរីយ៍របស់ទីក្រុង ហើយបានរួមចំណែកបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួននៃទីក្រុងដ៏រស់រវើក និងពោរពេញដោយសមាហរណកម្មផង។
ស្លាកស្នាមនោះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩ នៅពេលដែលជនជាតិបារាំង បានរៀបចំផែនការទីក្រុងសាយហ្គន តាមបែបទម្រង់ទីក្រុងបស្ចិមប្រទេស។ អ្នកជំនាញជាច្រើនយល់ឃើញថា តម្លៃធំបំផុតដែលដំណាក់កាលនោះបន្សល់ទុកមក មិនត្រឹមតែស្ថិតនៅលើសំណង់អគារដាច់ដោយឡែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើផ្នត់គំនិតរៀបចំក្រុងទំនើប ជាមួយនឹងប្រព័ន្ធមហាវិថី ទីធ្លា សួនច្បារ និងលំហសាធារណៈ បានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ។ គ្រឹះធារដ៏រឹងមាំនោះ បានរួមចំណែកកំណត់រូបរាងសោភ័ណភាពទីក្រុងហូជីមិញនាពេលបច្ចុប្បន្ន។
ក៏ប៉ុន្តែ ប្រការដែលបង្កើតឱ្យមានភាពរស់រវើកយូរអង្វែង នៃស្ថាបត្យកម្មបារាំងនៅសាយហ្គន មិនមែនស្ថិតនៅលើការចម្លងតាមគំរូដើមទាំងស្រុងមកពីអឺរ៉ុបនោះឡើយ។ តាមអ្នកស្រាវជ្រាវ សំណង់ទាំងនេះ ជាលទ្ធផលនៃដំណើរការរួមបញ្ចូលវប្បធម៌ដ៏វិសេសវិសាល។ ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុត្រូពិចក្តៅសំណើម ស្ថាបត្យករបានបញ្ចូលទៅក្នុងការរចនានូវរបៀងធំទូលាយ បង្អួចស្លាបព្រិលខ្យល់ចេញចូល ដំបូលចោត រួមទាំងគ្រឿងលម្អិតជាច្រើន ដែលជាឥទ្ធិពលវប្បធម៌ក្នុងស្រុក។ ការរួមបញ្ចូលគ្នារវាងបច្ចេកទេសសាងសង់បែបបស្ចិមប្រទេស និងស្មារតីអាស៊ីបូព៌ា បង្កើតបានរចនាបថស្ថាបត្យកម្មឥណ្ឌូចិនមានលក្ខណៈពិសេស ហើយក្លាយជាផ្នែកមួយនៃបេតិកភណ្ឌផ្ទាល់ខ្លួនរបស់វៀតណាម។
ដើរកម្សាន្តកាត់តំបន់កណ្តាលក្រុង ភ្ញៀវទេសចរអាចងាយស្រួលជួបប្រទះសំណង់នានាដែលបានក្លាយជានិមិត្តរូបធ្លាប់បានឃើញ។ ព្រះវិហារ ដឹកបា មានពណ៌ឥដ្ឋក្រហមលេចធ្លោ និងរចនាបថរ៉ូម៉ាំង រួមបញ្ចូលគ្នាជាមួយហ្គោធិក។ មជ្ឈមណ្ឌលប្រៃសណីយ៍ មានដំបូលរាងកោងធ្វើពីដែកស្រាលស្រទន់។ អគារមហោស្រពក្រុងនាំមកនូវសម្រស់បុរាណបែបបារាំង។ ឬទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុង ជាមួយនឹងស្ថាបត្យកម្មស្កឹមស្កៃ ដូចជាវិមានបុរាណអឺរ៉ុប។ មិនត្រឹមតែជាទីតាំងទស្សនាដ៏ល្បីល្បាញប៉ុណ្ណោះទេ សំណង់ទាំងនេះ ក៏ជាបំណែកដ៏សំខាន់នៃអនុស្សាវរីយ៍របស់អ្នកក្រុងជាច្រើនជំនាន់ផងដែរ។
ទន្ទឹមនឹងនោះ សារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ កាលពីមុនជាភូមិគ្រឹះរបស់ពាណិជ្ជករ លោក ហឿ ប៊ុនហ្វា (Hua Bon Hoa) បានបង្ហាញការរួមបញ្ជូលគ្នាយ៉ាងចុះសម្រុង រវាងស្ថាបត្យកម្មបស្ចិមប្រទេស និងសិល្បៈតុបតែងបូព៌ា។ នេះក៏ជាភស្តុតាងសម្រាប់លក្ខណៈពហុវប្បធម៌ ដែលបានរួមចំណែកបង្កើតអត្តសញ្ញាណរបស់សាយហ្គន - ទីក្រុងហូជីមិញ។
តាមអ្នកស្រាវជ្រាវ ត្រឹន ហ៊ឺវភុកតៀន (Tran Huu Phuc Tien) វីឡា និងសំណង់បុរាណជាច្រើន មិនត្រឹមតែមានតម្លៃផ្នែកស្ថាបត្យកម្មប៉ុណ្ណោះទេ នៅថែមទាំងបន្ទុករឿងរ៉ាវប្រវត្តិសាស្ត្រ ដែលផ្សារភ្ជាប់ទៅនឹងបុគ្គល និងចំណុចរបត់សំខាន់ៗនៃដំណើរការកកើត និងអភិវឌ្ឍន៍របស់ទីក្រុង។ ហេតុដូច្នេះហើយ ការអភិរក្សសំណង់ទាំងនេះ ក៏ជាការថែរក្សាចំណងអនុស្សាវរីយ៍ទីក្រុង សម្រាប់បច្ឆាជនជំនាន់ក្រោយៗផងដែរ។
នាពេលបច្ចុប្បន្ន ស្របតាមការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទីក្រុងទំនើប សំណង់ស្ថាបត្យកម្មបារាំង នៅតែបន្តមានវត្តមានក្នុងជីវភាពរស់នៅសម័យថ្មីដោយតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ ទេសចរណ៍ និងលំហសាធារណៈ។ សំណង់ទាំងនោះ មិនស្ថិតនៅក្រៅលំហូរអភិវឌ្ឍន៍នោះទេ ប៉ុន្តែបានក្លាយជាស្ពានចម្លង រវាងអតីតកាល និងបច្ចុប្បន្នកាល រវាងបេតិកភណ្ឌ និងការផ្លាស់ប្តូរថ្មី។
ប្រហែលដោយសារហេតុផលនោះហើយ ទើបស្លាកស្នាមបារាំងនៅតែបន្តឆ្លងកាត់ការសាកល្បងនៃពេលវេលាយ៉ាងរឹងមាំ។ មិនត្រឹមតែបន្សល់ទុកនូវសំណង់ស្អាតៗប៉ុណ្ណោះទេ បេតិកភណ្ឌស្ថាបត្យកម្មនេះ ក៏បានរួមចំណែកកំណត់អត្តសញ្ញាណទីក្រុងបើកចំហ ពហុវប្បធម៌ និងសមាហរណកម្ម តម្លៃទាំងនេះបាន កំពុង និងបន្តបង្កើតនូវភាពទាក់ទាញផ្ទាល់ខ្លួននៃទីក្រុងហូជីមិញ នៅក្នុងកែវភ្នែកមិត្តភក្តិអន្តរជាតិ៕
អត្ថបទ៖ សើនងៀ - រូបថត៖ ង្វៀនឡឹន/VNP
ប្រែសម្រួល៖ រីកើង


















