ស្លាកស្នាមបារាំងរំលងកាលនៅទីក្រុង​ហូជីមិញ​

ស្លាកស្នាមបារាំងរំលងកាលនៅទីក្រុង​ហូជីមិញ​

តាំង​ពីព្រះវិហារ ដឹ​ក​បា​ (Duc Ba) (Notre-Dame) មជ្ឈមណ្ឌលប្រៃសណីយ៍ ​ រហូតដល់វីឡាបុរាណៗ ស្ថាបត្យកម្មបារាំងបានក្លាយជាចំណែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសោភ័ណភាព​ទីក្រុង​ហូជីមិញ។ លើសពីតម្លៃនៃសំណង់អគារទាំងនោះ វាក៏ជាស្រទាប់អនុស្សាវរីយ៍​រស់​រវើក ​អំពីដំណើរនៃការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍ​ទីក្រុង​ឆ្លង​កាត់ជាច្រើន​ជំនាន់​។

សារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញ មាន​ឈ្មោះ​ហៅ​ទូលំទូលាយថា បេនញ៉ារ៉ុង Ben Nha Rong (សង្កាត់សមជេវ​ - Xom Chieu) មានលក្ខណៈលេចធ្លោដោយស្ថាបត្យកម្មលោកខាងលិច រួមបញ្ចូលនឹង​ប្រពៃណីលោកខាងកើត ដោយ​បានសាងសង់តាំង​ពីឆ្នាំ១៨៦៣។ រូបថត៖ ង្វៀនឡឹន/ VNP
បេនញ៉ារ៉ុង (Ben Nha Rong) បានសាងសង់ឡើង នៅលើច្រាំងទន្លេសាយហ្គនដោយ​ក្រុមហ៊ុនកប៉ាល់បារាំង Messageries Maritimes ជាសំណង់ដែលលេចធ្លោជាមួយ​នឹងប្រព័ន្ធសសរ​ដ៏រឹងមាំ ទ្វារ​កោងបែបបារាំង និង​ដំបូលតុបតែងដោយ​រូបចម្លាក់នាគ​ពីរ ដណ្តើម​ដួង​ព្រះច័ន្ទ។ រូបថត៖ ង្វៀនឡឹន/ VNP

នៅចន្លោះ​អគារកញ្ចក់​ទំនើបៗ និង​លំហូរមនុស្សដ៏មមាញឹក នៅលើមហាវិថី​កណ្តាល​ក្រុង​​ សំណង់ស្ថាបត្យកម្មបារាំង នៅតែមានវត្តមានដូចជាស្លាកស្នាម​រំលង​កាល​ នៃ​ទីក្រុង​ហូជីមិញ​។ ជាងមួយសតវត្សរ៍ក្រោយការសាងសង់សំណង់ទាំងនោះ មិនត្រឹមតែរក្សា​បាននូវសម្រស់ស្ថាបត្យកម្មដ៏វិសេសវិសាលប៉ុណ្ណោះទេ នៅ​ថែមទាំង​បានក្លាយ​ជាផ្នែក​មួយ នៃអនុស្សាវរីយ៍​របស់ទីក្រុង ហើយ​បាន​រួមចំណែក​បង្កើត​​អត្តសញ្ញាណ​ផ្ទាល់​ខ្លួននៃ​ទីក្រុងដ៏រស់រវើក និងពោរពេញ​ដោយ​សមាហរណកម្មផង។

ស្លាកស្នាមនោះ បានចាប់ផ្តើមតាំងពីពាក់កណ្តាល​សតវត្សរ៍ទី​១៩ នៅពេល​ដែលជនជាតិ​បារាំង បានរៀបចំផែនការទីក្រុងសាយហ្គន តាមបែប​ទម្រង់​ទីក្រុង​បស្ចិម​ប្រទេស។​ អ្នកជំនាញជាច្រើនយល់ឃើញថា តម្លៃធំបំផុតដែលដំណាក់កាលនោះបន្សល់ទុកមក មិនត្រឹមតែ​ស្ថិតនៅលើសំណង់អគារដាច់ដោយឡែក​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ស្ថិតនៅ​លើផ្នត់​គំនិត​រៀបចំក្រុង​ទំនើប ជាមួយ​នឹងប្រព័ន្ធ​មហាវិថី ទីធ្លា​ សួនច្បារ និង​លំហ​សាធារណៈ បានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ។ គ្រឹះធារ​ដ៏រឹងមាំនោះ បានរួមចំណែកកំណត់​រូបរាងសោភ័ណភាព​ទីក្រុងហូជីមិញនាពេលបច្ចុប្បន្ន។

ក៏ប៉ុន្តែ​ ប្រការ​​ដែល​បង្កើតឱ្យមាន​ភាពរស់រវើកយូរអង្វែង នៃស្ថាបត្យកម្មបារាំងនៅសាយហ្គន​ មិនមែន​ស្ថិតនៅលើការចម្លងតាមគំរូដើមទាំងស្រុងមកពី​អឺរ៉ុបនោះឡើយ​។ តាមអ្នកស្រាវជ្រាវ សំណង់ទាំងនេះ ជាលទ្ធផលនៃដំណើរការរួមបញ្ចូលវប្បធម៌ដ៏វិសេសវិសាល។ ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុត្រូពិចក្តៅសំណើម​ ស្ថាបត្យករបានបញ្ចូលទៅក្នុងការរចនានូវរបៀងធំទូលាយ បង្អួចស្លាបព្រិលខ្យល់ចេញចូល ដំបូលចោត​ រួមទាំងគ្រឿង​លម្អិត​ជាច្រើន ដែលជា​ឥទ្ធិពលវប្បធម៌ក្នុងស្រុក។ ការរួមបញ្ចូលគ្នារវាងបច្ចេកទេសសាងសង់បែបបស្ចិមប្រទេស និងស្មារតីអាស៊ី​បូព៌ា បង្កើតបាន​​រចនាបថ​ស្ថាបត្យកម្ម​ឥណ្ឌូចិនមានលក្ខណៈពិសេស ហើយក្លាយជាផ្នែកមួយនៃបេតិកភណ្ឌផ្ទាល់ខ្លួនរបស់​វៀតណាម។

វិហារកាតូលិក Notre-Dame សាយ​ហ្គន តែង​បានហៅកាត់ថា វិហារឌឹក​បា​ (Duc Ba) បាន​សម្ពោធ​នៅក្នុងឆ្នាំ​១៨៨០ ដោយ​មានលក្ខណៈពិសេស នៃស្ថាបត្យកម្មអឺរ៉ុបសម័យ​កណ្តាល ជាមួយនឹង​ដំបូលរាងវង់ធ្នូ​​ ប៉មជួង​ពីរខ្ពស់ត្រដែត និង​ជញ្ជាំងឥដ្ឋក្រហម​ធម្មជាតិ​ មិនប៉ាត​កំបោរ។ រូបថត៖ ង្វៀន​ឡឹន/VNP
 
ស្ថាបត្យករ លោក ង្វៀន ទ្រឿងលូវ (Nguyen Truong Luu) បានវាយតម្លៃថា សមត្ថភាព​ទទួលយក​តម្លៃថ្មីៗ ដោយមិនបាត់បង់អត្តសញ្ញាណ គឺជាលក្ខណៈពិសេស​នៃ​សាយហ្គន ឆ្លងកាត់ជាច្រើនសម័យកាល។ ប្រការ​ទាំងនេះ បានស្តែងចេញយ៉ាងច្បាស់ នៅលើសំណង់​ស្ថាបត្យកម្ម ដែលនៅគង់វង្សរហូតមកដល់សព្វថ្ងៃ ទីកន្លែង​ដែលតម្លៃនាំចូល បានក្លាយទៅជា​លក្ខណៈ​ក្នុង​ស្រុក ដើម្បីសម្រប​ចូលទៅក្នុងជីវភាពរស់នៅ និង​វប្បធម៌ក្នុង​តំបន់។​
ប្រៃសណីយ៍មជ្ឈិមសាយហ្គន (សង្កាត់បេនង៉ែ) បាន​សាងសង់ឡើងពីឆ្នាំ១៨៨៦ - ១៨៩១ ដោយស្ថាបត្យករ Villedieu ដែលជាសំណង់រួមបញ្ចូល​យ៉ាងល្អឥតខ្ចោះ រវាងបច្ចេកទេសបស្ចិមលោក​ដ៏រឹងមាំ និងក្បូរក្បាច់រចនា​បែបអាស៊ីបូព៌ា​។ រូបថត៖ ង្វៀន​ឡឹន​/VNP
នៅខាងក្នុងប្រៃសណីយ៍មជ្ឈិមសាយហ្គន មានពិដានរាងវង់ធ្នូដ៏ធំលាតសន្ធឹងវែង ដែលបានទម្រ​ដោយ​បង្គោល​សសរដែកយ៉ាងរឹងមាំ។ រូបថត៖ ង្វៀន​ឡឹន​/VNP
សារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ (សង្កាត់បេនថាញ់) បានសាងសង់ឡើង​ក្នុងឆ្នាំ ១៩៣៤ ដោយនាំមកនូវរចនាបថស្ថាបត្យកម្ម Baroque ដ៏ល្បីល្បាញរបស់បារាំងក្នុង​អំឡុង​​ឆ្នាំដំបូង​នៃសតវត្សរ៍ទី២០។ រូបថត៖ ត្រឹន ថេផុង​

ដើរកម្សាន្តកាត់តំបន់កណ្តាលក្រុង ភ្ញៀវទេសចរអាចងាយស្រួល​ជួបប្រទះ​សំណង់នានាដែលបានក្លាយជានិមិត្តរូបធ្លាប់បាន​ឃើញ​។ ព្រះវិហារ ដឹក​បា​ មាន​ពណ៌ឥដ្ឋក្រហមលេចធ្លោ និងរចនាបថរ៉ូម៉ាំង​ រួមបញ្ចូលគ្នាជាមួយហ្គោធិក។ មជ្ឈមណ្ឌល​ប្រៃសណីយ៍ មានដំបូល​រាងកោងធ្វើពីដែកស្រាល​ស្រទន់។ អគារ​មហោស្រពក្រុងនាំមកនូវសម្រស់​បុរាណបែបបារាំង។​ ឬទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុង ជាមួយ​នឹង​ស្ថាបត្យកម្មស្កឹមស្កៃ​​ ដូចជាវិមាន​បុរាណ​អឺរ៉ុប​។ មិនត្រឹមតែជាទីតាំងទស្សនាដ៏ល្បីល្បាញប៉ុណ្ណោះទេ សំណង់ទាំងនេះ ក៏ជាបំណែកដ៏សំខាន់នៃអនុស្សាវរីយ៍​របស់អ្នក​ក្រុងជាច្រើនជំនាន់​ផងដែរ។

សារមន្ទីរទីក្រុងហូជីមិញ (សង្កាត់ Sai Gon) បានសាងសង់ក្នុងឆ្នាំ១៨៩០ មានផ្ទៃដីជាង​ ១.៧០០ម៉ែត្រការ៉េ រួមមានអគារធំពីរជាន់ និងអគារ​ទទឹង ដែល​រចនាឡើង​តាមរចនាប័ទ្មបុរាណ - រស់ឡើងវិញ (Classic - Renaissance) ដោយរួមបញ្ចូល រវាងអឺរ៉ុប និងអាស៊ី។ រូបថត៖ ង្វៀនលួន / កាសែតរូបភាពវៀតណាម
 

ទន្ទឹមនឹងនោះ​ សារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ កាល​ពីមុនជាភូមិគ្រឹះរបស់​ពាណិជ្ជករ លោក ហឿ ប៊ុនហ្វា (Hua Bon Hoa) បានបង្ហាញការរួមបញ្ជូល​គ្នា​យ៉ាង​ចុះសម្រុង រវាងស្ថាបត្យកម្ម​បស្ចិមប្រទេស និងសិល្បៈតុបតែង​បូព៌ា។ នេះក៏ជា​ភស្តុតាងសម្រាប់​លក្ខណៈពហុវប្បធម៌ ដែលបានរួមចំណែកបង្កើត​អត្តសញ្ញាណរបស់សាយហ្គន - ទីក្រុង​ហូជីមិញ​។

តាមអ្នកស្រាវជ្រាវ ត្រឹន ហ៊ឺវភុក​តៀន​ (Tran Huu Phuc Tien) វីឡា និងសំណង់បុរាណជាច្រើន មិនត្រឹមតែមានតម្លៃផ្នែកស្ថាបត្យកម្មប៉ុណ្ណោះទេ នៅ​ថែមទាំងបន្ទុក​​រឿងរ៉ាវប្រវត្តិសាស្ត្រ ដែលផ្សារភ្ជាប់ទៅនឹងបុគ្គល និងចំណុចរបត់សំខាន់ៗនៃ​ដំណើរការកកើត និងអភិវឌ្ឍន៍របស់ទីក្រុង។ ហេតុដូច្នេះហើយ ការអភិរក្សសំណង់ទាំងនេះ ក៏ជាការថែរក្សាចំណង​អនុស្សាវរីយ៍​ទីក្រុង សម្រាប់បច្ឆាជន​ជំនាន់ក្រោយៗផងដែរ។

ទីស្នាក់ការតុលាការប្រជាជនទីក្រុងហូជីមិញ (សង្កាត់ Ben Thanh) សម្ពោធនៅឆ្នាំ១៨៨៥ បានរចនាដោយស្ថាបត្យករ Jules Bourard ទីនេះគឺជានិមិត្តសញ្ញាស្ថាបត្យកម្មបារាំងដ៏ចំណាស់ និងអស្ចារ្យបំផុតមួយនៅក្នុងទីក្រុង។ រូបថត៖ ង្វៀនឡឹន​/ VNP
 
ផ្សារបេនថាញ់ (សង្កាត់បេនថាញ់) បានសាងសង់ឡើងក្នុងឆ្នាំ១៩១៤ ជាមួយ​នឹងប៉ម​នាឡិកាមាន​មុខបួន – ជា​កន្លែងប្រសព្វគ្នា រវាងបច្ចេកទេសបស្ចិមលោក និង​មុខងារផ្សារ​ប្រពៃណី​របស់វៀតណាម។ រូបថត៖ ង្វៀន​ឡឹន​/VNP
ផ្សារបេនថាញ់ (Ben Thanh) ជានិមិត្តសញ្ញាវប្បធម៌ និងប្រវត្តិសាស្ត្រយូរអង្វែងរបស់ទីក្រុង ហើយជាកន្លែងទិញទំនិញ ទទួលទានអាហារ និងទស្សនាដ៏ល្បីល្បាញ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។ រូបថត៖ ង្វៀនឡឹន​/ VNP 

នាពេលបច្ចុប្បន្ន ស្របតាមការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទីក្រុងទំនើប សំណង់ស្ថាបត្យកម្មបារាំង នៅតែបន្តមានវត្តមានក្នុងជីវភាពរស់នៅសម័យថ្មីដោយ​តួនាទីជាមជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ ទេសចរណ៍ និង​​លំហសាធារណៈ។ សំណង់ទាំងនោះ មិនស្ថិតនៅក្រៅលំហូរ​​​អភិវឌ្ឍន៍នោះទេ ប៉ុន្តែ​បានក្លាយជាស្ពានចម្លង រវាងអតីតកាល និង​បច្ចុប្បន្នកាល រវាង​បេតិកភណ្ឌ និង​ការផ្លាស់ប្តូរ​ថ្មី។

ប្រហែលដោយសារហេតុផលនោះហើយ ទើបស្លាកស្នាមបារាំងនៅតែបន្តឆ្លងកាត់ការសាកល្បងនៃពេលវេលាយ៉ាងរឹងមាំ។ មិនត្រឹមតែបន្សល់ទុកនូវសំណង់ស្អាតៗប៉ុណ្ណោះទេ បេតិកភណ្ឌស្ថាបត្យកម្មនេះ ក៏បានរួមចំណែកកំណត់អត្តសញ្ញាណទីក្រុងបើកចំហ ​ពហុ​វប្បធម៌ និងសមាហរណកម្ម តម្លៃទាំង​នេះ​បាន កំពុង និងបន្តបង្កើតនូវភាពទាក់ទាញផ្ទាល់ខ្លួននៃ​ទីក្រុងហូជីមិញ នៅក្នុងកែវភ្នែកមិត្តភក្តិ​អន្តរជាតិ៕

អត្ថបទ៖ សើនងៀ - រូបថត៖ ង្វៀនឡឹន/VNP

ប្រែសម្រួល៖ រីកើង​


top