ស្នាដៃសិល្បៈសាងដោយបំណែកកញ្ចក់
ផ្តើមចេញពីដំណើរការបង្កើតទីលានលេងកម្សាន្តបែបកែច្នៃសម្រាប់កុមារ គម្រោង “ដំណើរពណ៌បៃតង” ដែលបង្កើតឡើងដោយលោក ប៊ូយ ម៉ាញហ៊ុង (Bui Manh Hung) និងលោក ឡេ ហ្វាយណាម (Le Hoai Nam) ដើម្បីកែច្នៃគំនូរសិល្បៈសាងដោយដបកែវដែលគេបោះបង់ចោល មិនត្រឹមតែជាគម្រោងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងបានបើកចេញនូវមាគ៌ាថ្មីមួយសម្រាប់សិល្បៈប្រកបដោយនិរន្តរភាព នៅប្រទេសវៀតណាម។
លោក ឡេ ហ្វាយណាម (Le Hoai Nam) ជាសហស្ថាបនិកនៃគម្រោង “ដំណើរពណ៌បៃតង” បានចែករំលែកថា ដើមកំណើតនៃគម្រោង “ដំណើរពណ៌បៃតង” គឺជាសហគ្រាសសង្គមមួយ ដែលប្រតិបត្តិការក្នុងវិស័យសាងសង់ទីលានលេងកែច្នៃ សម្រាប់កុមារ។ ដំបូងឡើយ សមាជិកនៃទីលានលេងកម្សាន្តបែបកែច្នៃ សម្រាប់កុមារ បានកែច្នៃ និងប្រើប្រាស់ឡើងវិញ នូវសម្ភារៈជាច្រើនប្រភេទដូចជា ប្លាស្ទិក សម្បកកង់ឡាន កៅស៊ូ និងកែវកញ្ចក់។
ក្នុងចំណោមនោះ កែវកញ្ចក់គឺជាវត្ថុធាតុ ដែលពិបាកកែច្នៃយ៉ាងខ្លាំង ហើយតែងតែត្រូវបានគេមើលរំលង ទោះបីជាបរិមាណដែលបោះចោលទៅក្នុងបរិស្ថានមានច្រើនអនេក បង្កហានិភ័យខ្ពស់នៃការបំពុល ដោយសារភាពមុតស្រួចនៃបំណែករបស់វា។
លោក ណាម (Nam) បានឱ្យដឹងថា៖ “ចំណុចរបត់បានកើតឡើង នៅពេលដែលក្រុមការងារបានចាប់ផ្តើមសាកល្បងកែច្នៃបំណែកដបទៅជាថូផ្កា។ ក្នុងដំណើរការកាត់ដប បំណែកកញ្ចក់ជាច្រើន បានកកើតឡើង ហើយពួកយើងបានគិតថា ប្រសិនបើបោះចោលទៅក្នុងបរិស្ថាន វានឹងក្លាយជាគ្រោះថ្នាក់យ៉ាងពិតប្រាកដ។ យើងបានចាប់ផ្តើមសាកល្បងធ្វើគំនូរផ្គុំដោយកញ្ចក់ ហើយឃើញថា វាមិនត្រឹមតែមានតម្លៃផ្នែកសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងអាចបើកចេញទិសដៅអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ ចាប់តាំងពីពេលនោះមក គំនិតនៃការបង្កើតគំនូរសាងដោយកញ្ចក់ ក៏បានកើតឡើង”។
គម្រោង “ដំណើរពណ៌បៃតង” បានចាប់ផ្តើមដំណើរការជាផ្លូវការ នៅខែកក្កដា ឆ្នាំ២០២៤ ហើយបានចេញជាផលិតផលដំបូងយ៉ាងឆាប់រហ័សនៅក្នុងខែតុលា ឆ្នាំដដែល។ ស្នាដៃទាំងនោះ បានដាក់តាំងបង្ហាញនៅផ្សារណាត់បរិស្ថាន ដែលរៀបចំដោយស្ថានទូតអឺរ៉ុបនៅវៀតណាម។ ការទទួលស្គាល់ស្វាគមន៍យ៉ាងកក់ក្តៅអំពីសំណាក់សហគមន៍ និងដៃគូ គឺជាកម្លាំងចលករសម្រាប់ក្រុមអភិវឌ្ឍទម្រង់ផលិតកម្ម គំនូរកញ្ចក់ទ្រង់ទ្រាយធំ។
តាមលោក ណាម (Nam) ដំបូងឡើយ គំនូរទាំងនោះបានប្រើប្រាស់វត្ថុធាតុដើម ជាបំណែកកញ្ចក់បែកៗ ប្រគំផ្គុំជារូបភាព។ បំណែកកញ្ចក់បានរក្សាពណ៌ធម្មជាតិដើមរបស់វា ដូចជា ពណ៌ខៀវខ្ចី សល្អក់ និងពណ៌អាំបឺរ អាស្រ័យលើពណ៌ដបដំបូង។ បន្ទាប់មក ក្រុមបានអភិវឌ្ឍបន្ថែមនូវជំហានធ្វើប្រព្រឹត្តិកម្មផ្ទៃមុខ ដោយស្រោបស្រទាប់កញ្ចក់សរីរាង្គ ដើម្បីធានាបានភាពថ្លា បង្កើនសមត្ថភាពស្អិតជាប់ និងការពារសំណើម ផ្សិត។
គម្រោងនេះ តែងតែបានសហការជាមួយនិស្សិតមកពីសាលាវិចិត្រសិល្បៈ ស្ថាបត្យកម្ម និងគរុកោសល្យវិចិត្រសិល្បៈ ដើម្បីអភិវឌ្ឍគំនិត និង អនុវត្តគំនូរ។ ដោយការរួមផ្សំនេះ បង្កើតបានស្នាដៃមានតម្លៃសិល្បៈខ្ពស់ ព្រមទាំងផ្សព្វផ្សាយសារនៃការរស់នៅបែបបៃតង ដោយរបៀបមួយស៊ីជម្រៅ និងជំនោអារម្មណ៍។
ក្រៅពីការផលិតកម្ម គម្រោង “ដំណើរពណ៌បៃតង” នៅបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ នៅតាមទីតាំងជាច្រើនដូចជា ស្ថានីយ៍រថភ្លើងកាតឡិញ (Cat Linh) សាកលវិទ្យាល័យ FPT សាកលវិទ្យាល័យអាញក្វឹក (Anh Quoc) ឬតំបន់លំនៅឋាននានា។ សកម្មភាពពិសោធន៍ដូចជា បង្កើតគំនូរកញ្ចក់ មិនត្រឹមតែជួយអ្នកចូលរួមយល់ដឹងអំពីដំណើរការច្នៃប្រតិដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើនការយល់ដឹង អំពីការការពារបរិស្ថានទៀតផង៕
អត្ថបទ៖ង៉ឹនហា រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង
















