ស្នាដៃសិល្បៈសាងដោយបំណែកកញ្ចក់

ស្នាដៃសិល្បៈសាងដោយបំណែកកញ្ចក់

ផ្តើម​ចេញពី​ដំណើរការ​បង្កើតទីលានលេងកម្សាន្ត​បែប​​កែច្នៃ​សម្រាប់កុមារ គម្រោង ដំណើរ​ពណ៌បៃតង​ដែល​បង្កើតឡើង​ដោយ​លោក ប៊ូយ ម៉ាញហ៊ុង (Bui Manh Hung) និងលោក ឡេ ហ្វាយ​ណាម (Le Hoai Nam) ដើម្បីកែច្នៃគំនូរសិល្បៈ​សាងដោយ​​ដបកែវដែលគេបោះបង់ចោល មិនត្រឹមតែ​ជាគម្រោងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំង​បាន​បើកចេញ​នូវ​មាគ៌ាថ្មីមួយសម្រាប់​សិល្បៈ​ប្រកបដោយនិរន្តរភាព នៅប្រទេស​វៀតណាម។

លោកឡេ​ ហ្វាយ​ណាម​ (Le Hoai Nam) – សហស្ថាបនិកគម្រោង "ដំណើរពណ៌បៃតង" ជាមួយលោកប៊ូយ​ ម៉ាញ​ហ៊ុង​ (Bui Manh Hung)។

លោក ឡេ ហ្វាយណាម (Le Hoai Nam) ជាសហស្ថាបនិកនៃគម្រោង ដំណើរពណ៌បៃតងបានចែករំលែកថា ដើមកំណើតនៃគម្រោង ដំណើរពណ៌បៃតងគឺជាសហគ្រាសសង្គមមួយ ដែលប្រតិបត្តិការក្នុងវិស័យសាងសង់ទីលានលេងកែច្នៃ សម្រាប់កុមារ​។ ដំបូងឡើយ សមាជិកនៃទីលានលេងកម្សាន្ត​បែប​កែច្នៃ សម្រាប់កុមារ បានកែច្នៃ និងប្រើប្រាស់​ឡើងវិញ នូវសម្ភារៈជាច្រើនប្រភេទដូចជា ប្លាស្ទិក សម្បក​កង់ឡាន កៅស៊ូ និងកែវកញ្ចក់​។

បង ឡេ ហ្វាយ​ណាម​ (Le Hoai Nam) ពិនិត្យ​មើល​ស្នាដៃ​គំនូរ​ ដែល​គូរ​ដោយ​និស្សិត​សាលា​វិចិត្រសិល្បៈ​ ស្ថាបត្យកម្ម​ ប្រតិបត្តិគម្រោង​។​

ក្នុងចំណោមនោះ កែវកញ្ចក់គឺជាវត្ថុធាតុ​ ​ដែលពិបាកកែច្នៃយ៉ាង​ខ្លាំង ហើយតែងតែត្រូវបានគេ​មើលរំលង ទោះបីជាបរិមាណដែលបោះចោលទៅក្នុងបរិស្ថានមានច្រើនអនេក​ បង្ក​ហានិភ័យខ្ពស់នៃការបំពុល ដោយសារភាពមុតស្រួចនៃបំណែករបស់វា។


លោក ណាម (Nam) បានឱ្យ​ដឹងថា៖ ចំណុចរបត់បានកើតឡើង នៅពេលដែលក្រុមការងារបានចាប់ផ្តើមសាកល្បងកែច្នៃបំណែកដបទៅជាថូផ្កា។ ក្នុងដំណើរការកាត់ដប បំណែកកញ្ចក់ជាច្រើន បានកកើតឡើង ហើយពួកយើងបានគិតថា ប្រសិនបើបោះចោលទៅក្នុងបរិស្ថាន វានឹងក្លាយជាគ្រោះថ្នាក់យ៉ាងពិតប្រាកដ។ យើងបានចាប់ផ្តើមសាកល្បងធ្វើ​គំនូរផ្គុំដោយ​​កញ្ចក់ ហើយ​ឃើញថា វាមិនត្រឹមតែមានតម្លៃផ្នែកសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំង​អាច​បើក​ចេញទិសដៅអភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​ទៀត​ផង​។ ចាប់តាំងពីពេលនោះមក គំនិតនៃ​ការបង្កើត​គំនូរសាងដោយ​​កញ្ចក់ ក៏បាន​កើតឡើង​

ស្នាដៃ​នេះ បាន​ប្រើប្រាស់​សម្រាប់តុបតែង​ ឬធ្វើ​ជាអំណោយ​ បង្កើត​វដ្ត​ដ៏មា​នអត្ថន័យ​ជាង​សម្រាប់​កញ្ចក់​។​

គម្រោង ដំណើរពណ៌បៃតងបានចាប់ផ្តើមដំណើរការ​ជាផ្លូវការ នៅខែកក្កដា ឆ្នាំ២០២៤ ហើយបានចេញជាផលិតផលដំបូងយ៉ាងឆាប់រហ័សនៅក្នុងខែតុលា ឆ្នាំដដែល។​​ ស្នាដៃទាំងនោះ បានដាក់តាំងបង្ហាញនៅផ្សារណាត់​បរិស្ថាន ដែលរៀបចំដោយស្ថានទូតអឺរ៉ុបនៅវៀតណាម។ ការទទួលស្គាល់​ស្វាគមន៍យ៉ាងកក់ក្តៅអំពីសំណាក់សហគមន៍ និងដៃគូ គឺជាកម្លាំងចលករសម្រាប់ក្រុមអភិវឌ្ឍទម្រង់​ផលិតកម្ម​ គំនូរកញ្ចក់​ទ្រង់ទ្រាយធំ។


ផ្ទាំងគំនូរ​នឹង​បាន​នាំចូល​បន្ទប់​ជិត​ ដើម្បី​កុំឱ្យ​សត្វល្អិត​ និង ធូលី​ហើរជាប់​គំនូរ​។​

តាមលោក ណាម (Nam) ដំបូងឡើយ គំនូរទាំងនោះបានប្រើប្រាស់វត្ថុធាតុដើម ជាបំណែកកញ្ចក់បែកៗ ប្រគំផ្គុំជា​រូបភាព។ បំណែកកញ្ចក់បានរក្សាពណ៌ធម្មជាតិដើមរបស់វា ដូចជា ពណ៌​ខៀវខ្ចី សល្អក់​​ និងពណ៌អាំបឺរ អាស្រ័យលើពណ៌ដបដំបូង​។ បន្ទាប់មក ក្រុមបានអភិវឌ្ឍបន្ថែមនូវជំហានធ្វើប្រព្រឹត្តិកម្ម​ផ្ទៃមុខ ដោយស្រោបស្រទាប់កញ្ចក់សរីរាង្គ ដើម្បីធានាបានភាពថ្លា បង្កើនសមត្ថភាពស្អិតជាប់ និងការពារសំណើម​ ផ្សិត។

ជាមួយនឹងបំណងប្រាថ្នាចង់ផ្សព្វផ្សាយក្ដីស្រឡាញ់បរិស្ថានដល់សហគមន៍ និងអភិវឌ្ឍ​បរិស្ថាន​ប្រកបដោយចីរភាព លោកឡេ ហ្វាយ​ណាម​ (Le Hoai Nam) នៅតែបន្តខិតខំច្នៃប្រតិដ្ឋ​គំនិត ស្ដីពីការកែច្នៃឡើងវិញ។ 

គម្រោងនេះ តែងតែបាន​សហការជាមួយនិស្សិតមកពីសាលាវិចិត្រ​សិល្បៈ ស្ថាបត្យកម្ម និងគរុកោសល្យវិចិត្រ​សិល្បៈ ដើម្បីអភិវឌ្ឍគំនិត និង អនុវត្តគំនូរ។ ដោយការរួមផ្សំ​នេះ បង្កើតបាន​ស្នាដៃមានតម្លៃសិល្បៈខ្ពស់ ព្រមទាំងផ្សព្វផ្សាយសារនៃការរស់នៅបែប​បៃតង ដោយរបៀបមួយ​ស៊ី​ជម្រៅ​ និង​ជំនោ​អារម្មណ៍។

បរិយាយកាស​តាំងបង្ហាញ​ នៅ​កម្មន្តាសាល​កញ្ចក់​កែច្នៃឡើងវិញ​ របស់​បង​ ឡេ ហ្វាយ​ណាម​ (Le Hoai Nam)។​


ក្រៅពីការផលិតកម្ម​ គម្រោង ដំណើរពណ៌បៃតងនៅ​បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ នៅតាម​ទីតាំងជាច្រើនដូចជា ស្ថានីយ៍រថភ្លើងកាតឡិញ (Cat Linh) សាកលវិទ្យាល័យ FPT សាកលវិទ្យាល័យអាញក្វឹក (Anh Quoc) ឬតំបន់លំនៅឋាន​នានា។ សកម្មភាពពិសោធន៍ដូចជា បង្កើត​គំនូរកញ្ចក់ មិនត្រឹមតែជួយអ្នកចូលរួមយល់ដឹងអំ​ពីដំណើរការច្នៃប្រតិដ្ឋ​ប៉ុណ្ណោះទេ ថែមទាំងបង្កើនការយល់ដឹង​ អំពីការការពារបរិស្ថានទៀតផង៕

អត្ថបទ៖ង៉ឹនហា  រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top