ស្កឹមស្កៃវិមានកៀនត្រុង (Kien Trung) - ដំណាក់ព្រះមហាក្សត្រពីរអង្គចុងក្រោយនៃរាជការង្វៀន

ស្កឹមស្កៃវិមានកៀនត្រុង (Kien Trung) - ដំណាក់ព្រះមហាក្សត្រពីរអង្គចុងក្រោយនៃរាជការង្វៀន

 

ទិដ្ឋភាព​វិមាន​កៀន​ត្រុ​ង (Kien Trung) សំឡឹង​ពី​ទិស​រាជវាំងហ្វេ​ខាង​ត្បូង​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

បន្ទាប់ពីជាង​៧០​ឆ្នាំ​ថិតថេរ​ក្រោម​រូបរាង​សំណង់​បុរាណ​​ និទាឃរដូវ​ឆ្នាំ​រោង​២០២៤ វិមាន​កៀន​ត្រុង (Kien Trung)​ ជា​សំណង់មួយ​ក្នុង​ចំណោម​សំណង់ស្ថាបត្យកម្ម​ធំ​ទាំង​៥​ ដែល​ដេក​នៅលើអ័ក្ស​កណ្តាល​ នៃរាជ​ដំណាក់ ហើយ​ក៏ជា​​ទីប្រព្រឹត្តិទៅនូវរាជកិច្ច និងសកម្មភាព​​នៃ​ព្រះ​មហាក្សត្រ​ពីរ​អង្គ​ចុងក្រោយ​នៃរាជការ​ង្វៀន​ បាន​សំណងឡើង​វិញ​នូវ​​​រូបរាង​ធំស្កឹមស្កៃ​ដូចដើម​ ដើម្បី​ទុកបន្ត​និទានរឿង​រ៉ាវ​ចំណាប់អារម្មណ៍ ​អំពី​វិមាននៃរាជការង្វៀន​ និង ព្រឹត្តិការណ៍ចារ​ស្លាកស្នាម​ប្រវត្តិសាស្ត្រមាតុភូមិ។

សម្រស់​ស្កឹមស្កៃ​នៃវិមាន​កៀនត្រុង​ (Kien Trung)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម​

វិមានកៀនត្រុង (Kien Trung) ​មិនត្រឹមតែ​ជា​សំណង់​ស្ថាបត្យកម្ម​ធំ​ និង មាន​អត្ថន័យ​សំខាន់​ក្នុងរាជ​ដំណាក់(រាជវាំងហ្វេ) ទីនេះនៅបាន​ផ្សារភ្ជាប់​ជាមួយ​ស្លាកស្នាម​ប្រវត្តិសាស្រ្ត​នៃប្រទេសជាតិ​។ នេះជា​ទីកន្លែងធ្វើការ​ សកម្មភាព ​នៃព្រះ​មហាក្សត្រ​ពីរ​អង្គ​ចុង​ក្រោយ​នៃ​រាជការង្វៀន​ គឺស្តេច​ខាយ​ឌិញ (Khai Dinh) និង​ ស្តេច​បាវ​ដាយ​ (Bao Dai)។​ វិមាន​កៀនត្រុង (Kien Trung) ​នៅបាន​ស្គាល់ដល់​ជាទីកន្លែង​ស្តេច​ខាយ​ឌិញ​ (Khai Dinh) សោយ​ទិវង្គត​ (ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ១៩២៥) និង​ជា​ទីអគ្គ​​មហេសី​ណាម​ផឿង​ (Nam Phuong) (ភរិយាស្តេច​បាវដាយ - Bao Dai​) ប្រសូតរាជបុត្របាវ​ឡុង​ (Bao Long) (ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៣៦)។ ជាពិសេស​ ទីនេះក៏ជាកសិណសាក្សី​នៃព្រឹត្តិការណ៍​ប្រវតិ្តសាស្រ្តមួយ​។​ នោះគឺ​​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​១៩៤៥ នៅទីនេះស្តេច​បាវដាយ (Bao Dai) ​ជំនួប​ដំបូង​ ជាមួយ​គណៈ​​ប្រតិភូ​រដ្ឋាភិបាល​បណ្តោះអាសន្ន​វៀតណាម​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ដើម្បីប្រជុំការ​ដាក់​រាជ​ ក្នុងនោះ​មានការពិភាក្សាអំពី​ខ្លឹមសារ​ព្រះរាជសារ​ដាក់​រាជ ​ដែលស្តេច​​បាវដាយ​ (Bao Dai) អំណាន​​នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ១៩៤៥ នៅ​ចំពោះមុខប្រជានុរាស្រ្ត​ហ្វេ​ ដាក់សញ្ញាខណ្ឌ​បញ្ចប់​អត្ថិភាព​រាប់ពាន់ឆ្នាំ ​នៃរបប​សក្តិភូមិ​ បើកចេញ​យុគសម័យ​ថ្មីមួយ​​ ឯករាជ សេរីភាព ចំពោះ​សម្ទុះ​​ជ័យ​ជំនះត្រចះត្រចង់ ​នៃបដិវត្តខែសីហា​ ​ដណ្តើម​រដ្ឋអំណាច​ត្រឡប់មក​ដៃប្រជាជន​។ គួរ​សោកស្តាយ​២៤ឆ្នាំក្រោយ​ នៅឆ្នាំ​១៩៤៧ ដោយ​មាន​សង្គ្រាម​ សំណង់នេះត្រូវបំផ្លាញទាំងស្រុង​ នៅសេសសល់​តែ​ខឿន​។​

សួន​ច្បារ​រាជដំណាក់​ សំឡឹង​ពី​យ៉រ​ជាន់ទី​២ ​នៃវិមាន​កៀន​ត្រុង (Kien Trung)​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ប្រវត្តិ​កសាង​វិមាន​កៀន​ត្រុង (Kien Trung) ឆ្លងកាត់ដំណាក់កាល​ជាច្រើន។ ដំបូង​ នៅ​ទីកន្លែងនេះ ធ្លាប់​មាន​សំណង់ពីរ​ នោះគឺ​អគារ​មិញ​វៀន (Minh Vien) រួចដល់​អគារ​យូគឺវ​ (Du Cuu)។ អគារ​មិញ​វៀន​ (Minh Vien) បាន​កសាង​នៅ​ឆ្នាំ​១៨២៧ ក្រោម​សម័យ​កាលស្តេច​មិញ​ម៉ាង (Minh Mang)។ នេះជាអគារ​​​ធ្វើដោយ​ឈើដែល​មានទំហំធំ​ រួម​៣ជាន់ កម្ពស់​១៥,៨០ម៉ែត្រ​ ជាទីកន្លែង​សម្រាប់ស្តេច​ឡើងទស្សន៍​ និង លំហែកាយ​។ ដល់​​សម័យ​កាល​ស្តេច​ធេវទ្រី​ (Thieu Tri) ព្រះអង្គ​​បាន​បង្គាប់​ឱ្យ​ជួសជុល​អគារ​មិញ​វៀន​ (Minh Vien) និង ដាក់​លើដំបូលនូវ​​គ្រាប់គជ់មួយ ពេល​​រាត្រី​បញ្ចេញពន្លឺ​។ អគារ​មិញ​វៀន (Minh Vien) ​​បាន​ស្តេច​ធេវទ្រី (Thieu Tri) រាប់បញ្ចូល​​​ជា​ទេសភាព​ដំបូង ​​ក្នុងចំណោម​​រម្មណីយដ្ឋានទាំង២០​នៃទឹកដី​ធឹនគិញ (Than Kinh)​។ ក៏ប៉ុន្តែ សំណង់​ស្ថាបត្យកម្ម​នេះ បានបែកបាក់​ខ្ទិកខ្ទី​​​ក្រោមសម័យកាល​​ស្តេច​ទឺឌឺក (Tu Duc)​​។ ដល់ឆ្នាំ​១៩១៣ ស្តេច​យីតឹន​ (Duy Tan) បានបង្គាប់​​ឱ្យ​កសាងអគារបែបថ្មី​ ​នៅលើ​ខឿន​​អគារ​ចាស់នេះ ដាក់ឈ្មោះ​ថា អគារ​យូគឺវ​(Du Cuu)​។ អគារ​ថ្មី​នេះ មានតែ២ជាន់ ជាមួយស្ថាបត្យកម្មមិនសូវ​ស្មុគ​ស្មាញ​ជា​ប៉ុន្មាន​។​

សម្រស់ពិសេស​នៃ​វិមាន​កៀន​ត្រុង​ (Kien Trung) ទាក់ទាញ​ការយកចិត្តទុកដាក់​ពិសេស​ពីភ្ញៀវទេសចរ​ក្នុងស្រុក​ និង ក្រៅប្រទេស​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

ក្រោយពេល​សោយ​រាជ​នៅឆ្នាំ១៩១៦ ស្តេច​ខាយ​ឌិញ (Khai Dinh) ​​បាន​ប្តូរឈ្មោះ​អគារ​យូគឺវ (Du Cuu) ​ទៅ​ជា​អគារ​កៀន​ត្រុង​ (Kien Trung) ប៉ុន្តែ​ក្រោយ​មក​ (ចាប់​ពី​ឆ្នាំ១៩២១ ដល់​ឆ្នាំ​១៩២៣) ព្រះអង្គ​បង្គាប់​​ឱ្យ​កសាង​អគារ​កៀនត្រុង​ថ្មីទាំងស្រុង​​​ឡើងវិញ ជាមួយរចនាបថ​លាយ​ចម្រុះ ​រវាង​ស្ថាបត្យកម្ម​បារាំង​ ស្ថាបត្យកម្ម​រុង​រឿង​ឡើងវិញ ​នៃប្រទេសអ៊ីតាលី​ និង ស្ថាបត្យកម្ម​បុរាណ​វៀតណាម​។ សំណង់​វិមាន​កៀន​ត្រុង​ (Kien Trung) ថ្មីទាំង​ស្រុង ​បាន​ស្តេច​ខាញ​ឌិញ (Khai Dinh) បង្គាប់​​ឱ្យ​កសាង​ដោយ​បច្ចេកទេស​សម័យ​ថ្មី​ និង គ្រឿង​​សម្ភារៈ​រឹងមាំ​ដូចជា៖ ​ស៊ីម៉ង់ ដែក​ថែប​ អំបែងសឺឡែន​​ កញ្ចក់។ល។ ហេតុនេះ​សំណង់នេះ​មាន​គ្រឿង​ទំនើប​ច្រើន​បង្គួរ​ដូចជា​៖ អំពូល​ភ្លើង​ ទឹកម៉ាស៊ីន កាំច្រួតបាញ់​ទឹក​ បង្គោលការពារ​​រន្ទះ​ ទ្វារ​ដែក។ល។​

ការលាយ​ចម្រុះ​រវាង​ស្ថាបត្យកម្ម​បែប​អាស៊ី និង ស្ថាបត្យកម្ម​បែប​អ៊ឺរ៉ុប ​នៃវិមាន​កៀន​ត្រុង (Kien Trung)។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ក្រោយ​ពេល​ស្តេច​ខាយ​ឌិញ (Khai Dinh) ​ចូល​ទិវង្គត​​ ស្តេច​បាវដាយ​ (Bao Dai) បានបង្គាប់​​ឱ្យ​ជួស​ជុល​វិមាន​ បំពាក់បន្ថែម​គ្រឿង​ប្រដាប់​ងាយ​ស្រួល នៃ​​លោក​ខាងលិច​។ ចាប់ពី​​នោះ វិមាន​កៀន​ត្រុង (Kien Trung) ​ក្លាយ​ជា​ទីកន្លែង​សោយ​អាហារ​រួមគ្នា​​​នៃរាជវង្សស្តេច​ ​រួមមាន​៖ ស្តេច​បាវដាយ​ (Bao Dai) អគ្គ​មហេសី​ណាម​ផឿង (Nam Phuong) ​រាជបុត្រ​បាវ​ឡុង (Bao Long) បុត្រីផឿង​ម៉ាយ​ (Phuong Mai) ផឿង​ឡៀន​ (Phuong Lien) ផឿង​យុង​ (Phuong Dung) និង រាជបុត្រ​បាវ​ថាំង​ (Bao Thang)

បរិយាកាស​តុបតែង​ដ៏ចំណាប់អារម្មណ៍​ ខាងក្នុង​នៃវិមានកៀន​ត្រុង (Kien Trung)​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

បន្ទាប់​៧២ឆ្នាំថិតថេរក្រោម​រូបរាង​សំណង់បុរាណ​ នៅ​ឆ្នាំ២០១៩ មជ្ឈមណ្ឌល​អភិរក្ស​កេរដំណែល​​ទីក្រុង​បុរាណ​​ហ្វេ​ បានបើកការដ្ឋាន​សាងសង់​​​គម្រោងការ​ជួសជុល​ ស្តារ​ឡើង​វិញ​ និងកែលម្អរ​កេរដំណែល​វិមាន​កៀន​ត្រុង​ (Kien Trung) ជាមួយនឹង​ថវិកាវិនិយោគ​ជាង​​១២៣ពាន់លានដុង​។ សំណង់​បាន​ធ្វើ​នៅ​លើផ្ទៃដី​ជាង​៣,៨០០ម៉ែត្រ​ការេ​។ អង្គភាព​សាងសង់​បាន​រក្សា​រចនាសម្ពន្ធ​ខឿន​ធារ​ដែលមាន​នៅ​ស្រាប់​ ជៀសវាង​ប៉ះពាល់ដល់​កក្តា​ដើម​នៃកេរដំណែល​។ គម្រោងការ​រួមមាន​ផ្នែកការ​ងារ​មួយ​ចំនួន​ដូចជា​៖ ជួសជុល​ស្តារឡើងវិញ​អគារកណ្តាល​ នៃវិមាន​កៀនត្រុង (Kien Trung) ​រួមមាន​ពី​រជាន់​ ខ្ពស់ប្រហែល​១៤ម៉ែត្រ​ ផ្ទៃដី​កសាង​ប្រហែល​៩៧៥ម៉ែត្រការេ, ជួសជុល​ ស្តារ​ប្រព័ន្ធ​របង​ជុំវិញ ប្រព័ន្ធ​បង្កាន់ដៃ សួនច្បារ​ខាងមុខ ​ខាងក្រោយ​ និង កាំជណ្តើរ​។ល។ ក្រៅពីនោះ​ គម្រោង​នៅ​កែលម្អរ​សំណង់​តូចៗ​ជុំវិញ​ដូចជា​ ថ្ម​ថ្កល់ កាំច្រួច​បាញ់ទឹក​ កាំភ្លើង​ធំ​ ប៉ុស្តិ៍​​យាម​ ប្រព័ន្ធ​រុក្ខជាតិ​ អភិរក្ស​ខឿន​ធា​រអគារ​​ដុង​គុង (Dong Cung) បណ្ណាល័យ​ បន្ទប់​អង្គរក្សការពារ​ព្រះមហាក្សត្រ​ និង បន្ទប់​ព្រះបរមរាជហត្ថលេខា​។ល។​

សម្រស់ប្រណីត​នៃ​​សិល្បៈ​ដាំ​សឺឡែន ​នៅ​​វិមាន​កៀន​ត្រុង (Kien Trung)​។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម​

ក្រោយ ​៥ ឆ្នាំ​ស្តារឡើងវិញ និងកែលម្អរ​ កេរដំណែលវិមាន​កៀន​ត្រុង​ (Kien Trung) បាន​សាងសម្រេច​ និងដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ​ ឧទ្ទេសនាម​ដល់​ប្រជាជន​ និង ភ្ញៀវទេសចរ​នាឱកាស​​បុណ្យ​ចូល​ឆ្នាំថ្មី​ ឆ្នាំរោង​​២០២៤។ តាម​អ្នក​ឯកទេស​ ទន្ទឹម​នឹង​​តម្លៃប្រវត្តិសាស្រ្ត​​ វិមានកៀន​ត្រុង (Kien Trung) ​នៅ​មានតម្លៃធំធេង​​អំពី​ស្ថាបត្យកម្ម​ និង វិចិត្រសិល្បៈ​ ពីព្រោះ​​វា​មានលក្ខណៈ​គ្រប់​គ្រាន់​​នៃសំណង់​រចនាបថ​ឥណ្ឌូចិន​​មួយ​ ជាពិសេស​​គឺ​សិល្បៈដាំ​សឺឡែន​​ជា​​លក្ខណៈ​ដោយ​ឡែក​ បង្កើត​មុខមាត់គំរូ​​សម្រាប់​ស្ថាបត្យកម្ម​រាជវាំង នៃ​រាជការ​​ង្វៀន​។​

ជាមួយ​តម្លៃស្ថាបត្យកម្ម​ ប្រវត្តិសាស្រ្ត​ពិសេស ចាប់តាំង​ពីពេល​​បើក​ឱ្យ​ភ្ញៀវទេសចរ​​​ចូលទស្សនា​​វិមាន​កៀន​ត្រុង​ (Kien Trung) ទាក់ទាញ​បាន​​ប្រជាជន ភ្ញៀវទេសចរ និង ជនបរទេស​​រាប់ម៉ឺននាក់ អញ្ជើញមកទស្សនា​ ស្វែង​យល់​អំពី​បរិយាកាស​​វប្បធម៌​​រាជវង្ស​​ង្វៀន​។ នៅ​ពេល​​ខាងមុខ ទន្ទឹម​​បរិយាកាសតាំង​បង្ហាញ​​វត្ថុបុរាណ​រាជវាំង​ នៅទាំង​ជាទីកន្លែង​ប្រារព្ធឡើង​​​ព្រឹត្តិការណ៍​វប្បធម៌​ទាក់ទាញ​ ពិសេស​​សម្រាប់បម្រើ​​តម្រូវការ​ភ្ញៀវទេសចរ​ចូលមក​​ទស្សនា៕​

 

អត្ថបទ និង រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង


Top