សំឡេងល្ខោនចែវ (Cheo) ភូមិខ្វួក (Khuoc)

សំឡេងល្ខោនចែវ (Cheo) ភូមិខ្វួក (Khuoc)

ភូមិ​ខ្វួក (Khuoc)​ជា​ប្រភព​ដើមនៃ​សិល្បៈ​ចែវ​ នៅ​វាល​ទំនាប​ទន្លេក្រហម​​ រហូត​ដល់​សព្វថ្ងៃ​នៅតែ​រក្សា​បាន​ទំនុក​ល្ខោន​ចែវ​ប្រពៃណី​។ រូបថត៖ ខាញ​ឡុង​/កាសែតរូបភាព​វៀតណាម

តាម​ការ​ឧទ្ទេសនាម​នៃ​មន្ទីរ​វប្បធម៌​កីឡា​ និង ទេសចរណ៍​ខេត្ត​ថៃ​ប៊ិញ​ (Thai Binh) យើង​ខ្ញុំ​បាន​ទៅ​ដល់​ភូមិ​ខ្វួក (Khuoc)​ ដើម្បី​ស្វែង​យល់​អំពី​សិល្បៈ​ចែវ​ ​(Cheo)​ ប្រពៃណី​។ នៅ​ចុង​ភូមិ​បាន​ឮសំឡេងល្ខោន​ចែវ ​(Cheo)​ លាន់ឮ​ ខ្ញុំ​ភ្ញាក់​ផ្អើល​សាក​សួរ​ លោក​យា​យ​ កាវ​ ហុង​បឹក​ (Cao Hong Bac) ​- សមាជិក​នៃ​គណៈ​កម្មការ​ទទួល​បន្ទុក​ក្លឹប​ល្ខោន​ចែវ​ ​(Cheo)​ ភូមិ​ខ្វួក (Khuoc)​ សើច​រៀប​រាប់​ថា៖ ចម្រៀង​ចែវ ​(Cheo)​ ​ជា​វត្ថុពិសេស ​នៃ​ភូមិ​ខ្វួក (Khuoc)​ ឱ្យតែមាន​ពេល​ តាំងពី​ក្មេង​ដល់​ចាស់​សុទ្ធតែ​ស្តាប់​ និង ច្រៀង​ចែវ​ ​(Cheo)​ ទាំង​អស់​។ ពូមីង​ទៅ​ចំ​​ថ្ងៃ​បុណ្យ​ភូមិ​ ទូទាំង​ភូមិ​អូអរ​ដោយ​សំឡេង​ស្គរ​ ឆាក​ល្ខោន​ប្រណាំង​គ្នា​បញ្ចេញ​ថ្វី​ដៃ​ សប្បាយ​​ណាស់​។​

លោក​យាយ បឹក (Bac) ​រៀ​បរាប់ថា ភូមិ​ខ្វួក (Khuoc) ​ជា​ប្រភព​ដើមមួយ​ក្នុ​ងចំណោម​ប្រភពដើម​នៃ​​ល្ខោន​ចែវ ​(Cheo)​ ទាំង​៧ នៅ​ដែនដីភូមិ​ភាគ​ខាង​ជើង​ មាន​តាំង​ពី​សតវត្សរ៍​ទី​១៩។ សិល្បករ សិល្បការិនី ​គ្រប់​ជំនាន់​បាន​នាំ​យក​ល្ខោន​ចែ​វ ​(Cheo)​ ​របស់​ភូ​មិ​ ទៅ​សម្តែង​នៅ​តាម​វិហារ បុណ្យទាន​ នៅ​​គ្រប់​តំបន់​ទូទាំង​ប្រទេស​។ ក្លឹប​ចែវ​​ ​(Cheo)​ ប្រពៃណី​ភូមិខ្វួក (Khuoc)​ រហូតដល់​សព្វថ្ងៃ​ មាន​សមាជិក​ចំនួន​៦៤​នាក់​ រៀង​រាល់ថ្ងៃ​អុជ​ពន្លឺ​ហាត់​រក្សា​របរ​ល្ខោន​ចែវ​ ​(Cheo)​ ប្រពៃណី​ របស់​ដូន​តា​បន្សល់ទុក​មក។​


នៅ​ថ្ងៃចុង​សប្តាហ៍​ លោក​យាយ​កាវ​ ហុង​​បឹក​  (Cao Hong Bac) - អនុប្រធាន​ទទួល​បន្ទុក​ក្លឹប​ចែវ​ ​(Cheo)​ ភូមិ​ខ្វួក (Khuoc)​ តែង​បង្រៀន​ប្អូនៗ​ដែល​ចូល​ចិត្ត​ទំនុក​ចែវ​​ (Cheo)​ ដើម្បី​បង្កើត​ក្រុម​ស្នង​បន្ត​ទៅ​មុខ​។ រូបថត៖ ខាញ​ឡុង​/កាសែតរូបភាព​វៀតណាម​

ថ្ងៃដែល​យើង​ខ្ញុំ​ធ្វើ​ដំណើរទៅ​​​ដល់ សិល្បករ សិល្បការិនី មិន​ជំនាញនៅ​​ភូមិ​ចែវ ​(Cheo)​ ខ្វួក (Khuoc)​ កំពុង​ហាត់​ក្នុង​​បរិយាកាស​វិហារ​បូជា​គ្រូ​ដើម​ល្ខោន​ចែវ​ ​(Cheo)​ ​របស់​ភូមិ​។ បរិយាកាស​​ហាត់​ត្រូវ​ដូចនឹង​អ្វី​ៗ​ដែល​អ្នក​ភូមិ​តែង​និយាយ​អំពី​ភូមិខ្វួក (Khuoc)​ ជា​ទីកន្លែង​​រក្សា​ឆ្លុះបញ្ជាំង​រូបភាព​សម្តែង​ប្រពៃណីល្ខោន​​ចែវ ​(Cheo)​ ​នៅ​ទីលាន​វិហារ​។ សិល្បករ​ សិល្បការិនី មិន​ជំនាញ​នៅ​ទីនេះ បាន​ចូល​តួ​អង្គ​ជា ​ធី​ម៉ូវ​ (Thi Mau) ធី​គិញ​ (Thi Kinh) ស្លៀកសម្លៀក​បំពាក់​ប្រពៃណី​ ក្រាល​កន្ទេល​នៅ​ទីលាន​វិហារ​ រួម​នឹង​តន្រ្តីករ​អង្គុយ​នៅ​សងខាង​ ប្រគំ​បម្រើ​​ទំនុក​ចម្រៀង​ ក្បាច់​រាំ​ របស់​សិល្បករ​ សិល្បការិនី​។ ស្តាប់ ​និង​ គយ​គន់​មើល​របៀប​សមាជិក​នៃ​ក្លឹប​សម្តែង​ យើង​ខ្ញុំ​អាច​ឃើញ​​ជាក់​ល្ខោន​ចែវ​ ​(Cheo)​ ជា​ប្រភេទ​រូបភាព​សិល្បៈ​ចម្រុះ​នូវ​បទ​ចម្រៀង​ប្រជាប្រិយ​ ក្បាច់​រាំ​ ​តួសម្តែង​ រឿង​ល្ខោន​។

តាម​លោក​ប៊ូយ​ វ៉ាន់​រ៉ (Bui Van Ro) - ​ប្រធាន​ក្លឹប​ល្ខោន​ចែវ ​(Cheo)​ ​ប្រពៃណី​ភូមិ​ខ្វួក (Khuoc) ​រៀប​រាប់​ថា៖ ចែវ​ភូមិ​ខ្វួក (Khuoc)​ មាន​ទំនុក​ពិសេស​ចំនួន​១២ ដែលគ្មានទីណា​មាន​ដូចជា​ ក្តារ​អុក​ទេវតា​ ទំនុក​ចម្រៀង​ ដឿង​ទ្រឿង​ថូខោង (Duong Truong Thu Khong)​។ល។ ឱ្យ​តែ​ច្រៀង​បាន​ទំនុក​ទាំង​១២​នេះ នរណា​ក៏អាច​ច្រៀង​បាន​​ទំនុក​ចែវ​ ​(Cheo)​ ទាំង​អស់​នៅ​គ្រប់ទីកន្លែង​។ ទំនុក​ពិសេស​នៃ​​ចែវ​ ​(Cheo)​ ភូមិខ្វួក (Khuoc)​ មិន​ដែល​​ឃើញ​នៅ​ទីណា​មាន​ ពីព្រោះ​បទចម្រៀង​ និង ទំនុ​ក​ច្រៀង​ខុសប្លែក​​ដោយ​ឡែក​។ មាន​ទំនុក​ខ្លះ​ ទោះបី​​ដូចគ្នា​មែន ប៉ុន្តែ​របៀប​កាត់ទំនុក​ វាយ​ស្គរ​ នៃ​​សិល្បករ​ សិល្បការិនី​ល្ខោន​ចែវ ​(Cheo)​ ខ្វួក (Khuoc)​ បែរជា​ខុស​ប្លែក​ទាំង​ស្រុង​​ ពីព្រោះ​រៀន​ច្រៀងពិបាក​ ក៏​ប៉ុន្តែ​បើ​រៀន​វាយ​ស្គរ​រឹត​តែពិបាក​ជាង​។​


លោក​ក្វាច់ថាញ​ឡឹប​ (Quach Thanh Lap) - សមាជិក​នៃ​ក្លឹប​ចែវ​ភូមិខ្វួក (Khuoc)​ នៅ​ទាំង​​ជា​អ្នក​ច្នៃ​ឧបករណ៍តន្រ្តី​សម្រាប់​សម្តែង​ល្ខោន​ចែវ​។ រូបថត៖ ខាញឡុង​/កាសែតរូបភាពវៀតណាម​

ល្ខោន​ចែវមួយរឿង​សម្តែង​ប្រហែល​ពីរ​ម៉ោង​។ ខ្លឹម​សារ​ល្ខោន​ចែវ​ពណ៌នាអំពី​​ជីវភាព​រស់​នៅ​​សាមញ្ញ​របស់​ប្រជាជន​ ស្ងើច​សរសើរ​គុណ​ធម៌​កម្រ​របស់​មនុស្ស​ ទីទៀន​ទម្លាប់​អាក្រក់​ ប្រឆាំង​អសមភាព បង្ហាញ​មនោសញ្ចេតនា​ ​ចិត្ត​បើកទូលាយ​ មេត្តាធម៌​។ ក្រៅ​ពី​សម្តែង​ល្ខោន​ចែវ​ប្រពៃណី ​នៅ​មាន​ល្ខោន​ចែវ​បង្កប់​ដង្ហើប​សម័យកាល​ ជាមួយ​ខ្លឹមសារ​​ឆ្លុះបញ្ចាំង​បរិបទ​ទឹក​ដី​ ដូចជា​ទំនាក់ទំនង​សង្គម​។​

រហូតដល់​សព្វថ្ងៃ​ ​ភូមិខ្វួក (Khuoc)​ នៅ​រក្សា​បាន​សភាព​ដើម​នៃការ​សម្តែង​​ដូចជា​៖ ទឺធឺក​ (Tu Thuc) ជួន​ទេវតា​ ត្រឿង​វៀន (Truong Vien) ឡូប៊ិញ​ (Luu Binh) - យឿង​ឡែ (Duong Le) ពោធិសត្វ​ធីគិញ (Kinh) ស៊ីវឹន (Suy Van) តុង​ចឹង​ (Tong Chan) - កុក​ហ្វ័រ (Cuc Hoa) តែង​មាន​គ្រប់តួ​អង្គសម្តែង​ឈ្មោះ​ ស៊ិញ (Sinh) ដាវ​ (Dao) ហែ (He) ឡាវ​ (Lao) មូ (Mu)។ ក្នុង​ល្ខោន​ចែវ​ ​(Cheo)​ សិល្បករ​ សិល្បការិនី​ ចូល​តួ​សម្តែង​ក្រោម​​ខ្លឹមសា​រ​ ជូន​ដំណឹង​ទៅ​ដល់​ទស្សនិកជន​។ ពេល​សម្តែងល្ខោន​​ចែវ​ ​(Cheo)​ ទាម​ទារ​សិល្បករ សិល្បការិនី​ ត្រូវ​បង្ហាញ​គ្រប់​បំណិន​ច្រៀង​ រាំ សម្តែង​ក្រោម​ភ្លេង​តន្ត្រី​ ដែ​ល​តន្រ្តីករ​​ប្រគំ​ដោយ​ឧបករណ៍​ដូចជា​ស្គរ​ ក្រាប់ ខ្លុយ​ ទ្រ​ ។ល។ បង្កើត​ផ្សាយ​ជំនោរ​ទំនុក​បទ​ចម្រៀង​។​

ឥឡូវ​ទៅ​ដល់​ភូមិ​ខ្វួក​ (Khuoc) ភូមិ​ទាំង​៤ ខ្វួក​ខាង​ជើង​ (Khuoc Bac) ខ្វួក​ខាង​លិច​ (Khuoc Tay) ខ្វួក​ខាង​កើត​ (Khuoc Dong) ខ្វួក​ខាង​ត្បូង​ (Khuoc Nam) ​សុទ្ធតែ​មាន​ក្លឹប​ចម្រៀង​​ចែវ​ ប្រមូល​ផ្តុំ​អ្នកគ្រប់​ជំនាន់​ចូល​រួម​សកម្ម​ភាព​។ នៅ​រដូវ​ខែ​ប្រាំង​ ឬ​ចុ​ង​សប្តាហ៍​​សិល្បករ សិល្បកា​រិនី​​មាន​កេរ្តិ៍​ឈ្មោះ​នៅលើ​​ឆាក​ល្ខោន​ចែវ​ ​(Cheo)​ ខ្វួក​ (Khuoc) នៅ​តែ​​​បង្រៀននូវ​​បំណិន​មូលដ្ឋាន ​នៃ​សិល្បករ​ចម្រៀងល្ខោន​​ចែវ ​(Cheo)​ ​ប្រពៃណី​ សម្រាប់​កុមារ​អាយុ​៦ឆ្នាំ​ដល់​អាយុ​ ១៥ ឆ្នាំ។ 

ប្អូន​ ផាម​ ធី​ហាំង​ (Pham Thi Hang) (អាយុ​១៤ឆ្នាំ​) ជា​សិល្បការិនី​វ័យ​ក្មេង​ម្នាក់ក្នុង​ចំណោម​សិល្បករ សិល្បការិនី​​វ័យ​ក្មេង​ ដែល​ធ្លាប់ទទួល​បាន​រង្វាន់​ ក្នុង​ពិធី​​ប្រឡង​ល្ខោន​​​ចែវ​នៅ​ខេត្ត​ថៃប៊ិញ (Thai Binh)​។ រូបថត៖ ខាញឡុង​/កាសែតរូបភាព​វៀតណាម

ប្អូន ​ផាម​ ធី​ហាំង​ (Pham Thi Hang) (អាយុ​១៤ឆ្នាំ​)៖ ពី​អាយុ​៥ឆ្នាំ ​បាន​ឮជីតា​និង​ឪពុក​ច្រៀង​ ដូចនេះ​ប្អូន​ស្រឡាញ់​ល្ខោន​ចែវ​ ​(Cheo)​ ពីព្រោះ​ទំនុក​បទភ្លេង​រណ្តំចិត្ត។ ប្អូន​ទៅ​រៀន​តែង​បាន​​​អុំបង្រៀន​នូវ​ទំនុក​ចែវ​ ​(Cheo)​ បុរាណ​ ប្អូន​សង្ឃឹមថា​ជំនាន់​យុវវ័យ​ប្អូន ​​អាច​នាំយក​ល្ខោន​ចែវ​ ​(Cheo)​ ភូមិខ្វួក​ (Khuoc) ដើរទៅ​ឆ្ងាយ​ជាង​៕​

អត្ថបទ​៖ ងឹន​ហា រូបថត៖ ខាញ​ឡុង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top