សារមន្ទីរកុលាលភាជន៍បាតត្រាង (Bat Trang)
យកជំនោរអារម្មណ៍ចេញពីអន្ទោកកុលាលភាជន៍ ប្រសប់នឹងគ្នា មជ្ឈមណ្ឌលប្រណីតភូមិរបរវៀតណាម បានកសាងនៅកណ្តាលភូមិកុលាលភាជន៍បុរាណបាតត្រាង (Bat Trang) យ៉ាឡឹម (Gia Lam) ហាណូយ។ សំណង់នេះ បានកសាងសម្រាប់លើកស្ទួយតម្លៃ ភាពប្រណីត របស់ភូមិរបរបាតត្រាង (Bat Trang) ផ្សព្វផ្សាយរូបភាព ពាណិជ្ជសញ្ញាកុលាលភាជន៍ និងផលិតផលសិប្បកម្ម វិចិត្រសិល្បៈផ្សេងៗ របស់វៀតណាម។

សំណង់ស្ថិតនៅលេខ២៨ ភូមិ៥ ភូមិបុរាណបាតត្រាង (Bat Trang) មានផ្ទៃដី៣.៣០០ម៉ែត្រការេ សំណង់ការិយាល័យស្ថាបត្យកម្ម ដែលរចនាដោយស្ថាបត្យករ ហ្វាង ធុកហាវ (Hoang Thuc Hao) គូរប្លង់នាឆ្នាំ២០១៨ ដោយមានទឹកប្រាក់វិនិយោគសរុបប្រហែល១៥០ពាន់លានដុង។ តាមអង្គភាពរចនាចែករំលែក សំណង់យកជំនោរអារម្មណ៍ចេញពីរូបភាពអន្ទោកសម្រប់នឹងគ្នា។ នៅជ្រុងមួយផ្សេងទៀត អ្នកទស្សនានឹងអាចស្រមៃឃើញរូបភាព ឡបូវ (Bau) បុរាណ នៃអ្នកភូមិបាតត្រាង (Bat Trang) នាសម័យអតីតកាល។
សំណង់នេះ ខាងក្រៅមានប្លុកអង្កាញ់៧ស្រទាប់ តំណាងឱ្យអន្ទោកទាំង៧ (ជាឧបករណ៍មួយដែលមិនអាចខ្វះ សម្រាប់មុខរបរកុលាលភាជន៍ប្រពៃណី)។ សំណង់មានស្ថាបត្យកម្មតានរឹងមាំ យ៉ាងនេះនៅតែមានរង្វង់មូលស្រទន់ បត់បែន រួមនឹងបង្អួចល្អប្រណីត។ ពេលធ្វើដំណើរចូលដល់ខាងក្នុង ភ្ញៀវទេសចរនឹងឃើញបរិយាកាស ឡបូវ (Bau) បុរាណ ជាទីកន្លែងសម្រាប់ដុតកុលាលភាជន៍។ ដូច្នេះ សំណង់នេះ បានគួបផ្សំរវាងឧបករណ៍ធ្វើកុលាលភាជន៍គឺអន្ទោក ជាមួយនឹងឡបូវ(Bau) បុរាណ សម្រាប់ដុតកុលាលភាជន៍ ដែលបញ្ចេញដោយថ្វីដៃ បញ្ញា នៃសិប្បករ កុលាលភាជន៍។
ជាន់ទី ១ រួមមានទីលានអន្ទោក និងជាទីសម្រាប់ផ្សារណាត់ និងព្រឹត្តិការណ៍ផ្សេងៗ។ មណ្ឌលនេះ មានហាងតាំងបង្ហាញផលិតផល សម្រាប់ភ្ញៀវទេសចរទិញផលិតផលដែលខ្លួនចូលចិត្ត ទុកធ្វើជាវត្ថុអនុស្សាវរីយ៍។
ជាន់ទី ២ ស្ថិតនៅសងខាងដូចជាដៃទាំងគូឱបយកមណ្ឌលកណ្តាល។ នេះជាមណ្ឌលរចនាតុបតែង ឧទ្ទេសនាមផលិតផលកុលាលភាជន៍គំរូ នៃសិប្បករនៅភូមិកុលាលភាជន៍បាតត្រាង (Bat Trang) ក៏ដូចជាប្រវត្តិសាស្រ្តកកើតនិងអភិវឌ្ឍន៍ភូមិរបរ។
ជាន់ទី ៣ ជាមជ្ឈមណ្ឌលសិល្បៈសហសម័យ Chon De'licat ជាន់ទី៤និងជាន់ទី៥ ជាមណ្ឌលភោជនិយដ្ឋាន ហាងកាហ្វេ បរិយាកាសពិសាតែ ជាទីកន្លែងប្រព្រឹត្តិទៅព្រឹត្តិការណ៍ សកម្មភាពសិល្បៈប្រជាប្រិយ និងសកម្មភាពវប្បធម៌សិល្បៈប្រចាំឆ្នាំ។ ភ្ញៀវទេសចរអាចចូលរួមព្រឹត្តិការណ៍វប្បធម៌ តាំងផលិតផល ឬសកម្មភាពប្រជាប្រិយដូចជា៖ ចម្រៀងប្រជាប្រិយ ចម្រៀងក្វានហ័រ ចម្រៀងកាទ្រូ ។ល។ នៅទីនេះ។
ជាន់នៅក្រោមដី ជាទីកន្លែងសម្រាប់ស្វែងយល់ជាក់ស្តែង ជាមួយនឹងកុលាលភាជន៍ក្នុងបរិយាកាសប្រពៃណី ចូលរួមតាំងពិព័រណ៍ផលិតផល និងបទដ្ឋានធ្វើកុលាលភាជន៍របស់សិប្បករ ជាងមានថ្វីដៃ។ ទីនេះក៏ជាទីកន្លែង សម្រាប់តែសិប្បករ សិល្បករ។
មជ្ឈមណ្ឌលប្រណីតភូមិរបរវៀតណាម នឹងជាអាសយដ្ឋានទាក់ទាញ ថ្មីប្លែក ពោរពេញទៅដោយស្មារតីជនជាតិ នៃអ្នកស្រឡាញ់មុខរបរកុលាលភាជន៍ ព្រមទាំងអ្នកដែលចង់ស្វែងយល់អំពីភូមិរបរប្រពៃណី ឬចូលមកទស្សនា ថតរូបធ្វើជាអនុស្សាវរីយ៍។ ទីនេះមិនត្រឹមតែជាទីកន្លែងរក្សាវប្បធម៌ នៃភូមិកុលាលភាជន៍បាតត្រាង (Bat Trang) នៅទាំងជាទីកន្លែងសម្រាប់ភ្ញៀវទេសចរអាចទស្សនា គយគន់ ស្នាដៃដ៏មានតម្លៃនៃភូមិរបរ៕
អត្ថបទ៖ សើនងា ថាវវី កុងដាត ង្វៀនយ៉ាង រីកើង