វៀតណាមក្នុងការចងចាំ និងទំនុកចិត្តរបស់មិត្តភក្តិប៉ាលេស្ទីនម្នាក់

វៀតណាមក្នុងការចងចាំ និងទំនុកចិត្តរបស់មិត្តភក្តិប៉ាលេស្ទីនម្នាក់

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​​ ប៉ាលេស្ទីន​ប្រចាំ​នៅ​ប្រទេសវៀតណាម​ លោក​ Saadi Salama បាន​ចែក​រំលែក​នូវរឿងរ៉ាវជិតកន្លះសតវត្សរ៍ នៃការរស់នៅ ការ​សិក្សា និង​ធ្វើ​ការ​នៅ​ប្រទេស​វៀត​ណាម។​ ចាប់​ផ្ដើមពីជីវិត​ជានិស្សិត រហូតក្លាយ​ជាអ្នកការទូត លោកជាសក្ខី​ភាព និង​រួម​ដំណើរ​ជាមួយ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ស៊ី​ជម្រៅ​របស់​ប្រទេស​​ជាតិ ​ក្នុង​យុគសម័យផ្លាស់ប្តូរ​​ថ្មី និង សមាហរណកម្ម​ ទន្ទឹមនឹងនោះ​នៅ​ចូល​រួម​ជ្រោមជ្រែង​ទំនាក់ទំនង​មិត្តភាព រវាង​ប្រជា​ជន​វៀតណាម​ និង ប៉ាលេស្ទីន​។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ណែនាំដល់អ្នកអាន នូវសៀវភៅដែលលោក​សរសេរផ្ទាល់ ជាភាសាវៀតណាម ដោយ​មានចំណងជើង​ថា “រឿងរ៉ាវ​វៀត​ណាម​របស់​ខ្ញុំ"។ រូបថត៖ ប៊ិច​វឹន​​/VNP

មាននិស្ស័យផ្សារភ្ជាប់ និងរបត់សំខាន់ៗដំបូង

ឆ្នាំ​២០២៦ ជាឆ្នាំ​គម្រប់ខួបអនុស្សាវរីយ៍​លើកទី​​៤៦ឆ្នាំ ដែល​លោក Saadi Salama រស់នៅ និងបំពេញការងារនៅវៀតណាមផងដែរ។ សម្រាប់​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋប៉ាលេស្ទីន​រូប​នេះ ​នោះគឺ​ជា​ដំណើរ​ការ​ផ្សារ​ភ្ជាប់​អស់​មួយ​ជីវិត​។

តាំងពី​អាយុ១២ឆ្នាំ លោក​បានចាប់ផ្ដើមអានកាសែត ដើម្បីឈ្វេងយល់​ពីពិភពលោក។ ក្នុង​ឆ្នាំ១៩៧២ តាមរយៈ​សារព័ត៌មាន​ប៉ាលេស្ទីន លោក​បាន​ដឹង​ពី​ការ​តស៊ូ​ដណ្តើម​ឯករាជ្យរបស់​ប្រជាជន​វៀត​ណាម។ រូបភាព​នៃប្រជាជាតិដ៏អង់អាច​ក្លាហាន តស៊ូ ដើម្បី​យុត្តិធម៌​ បាន​បន្សល់ទុក​នូវចំណាប់អារម្មណ៍​យ៉ាងជ្រាលជ្រៅ នៅក្នុង​ចិត្ត​របស់​លោក។

លោក​ឯកអគ្គរដ្ឋទូត Saadi Salama បាន​រំលឹកថា​៖ ជ័យជម្នះ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ​១៩៧៥ មិនត្រឹមតែ​មានអត្ថន័យចំពោះវៀតណាម​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​បាន​ផ្ដល់​នូវ​ជំនឿចិត្ត​ដល់ប្រជាជនប៉ាលេស្ទីន ក្នុងដំណើរតស៊ូ ដើម្បីឯករាជ្យជាតិ​ផងដែរ។ ទោះបី ជា​ពេល​នោះ ខ្ញុំមិនទាន់យល់​ដឹងច្រើន​ពីវប្បធម៌ ឬ​ជីវភាព​រស់នៅ​របស់​ប្រជាជន​វៀតណាម​ក៏ដោយ​ ប៉ុន្តែខ្ញុំបានផ្តល់នូវការកោតសរសើរយ៉ាងខ្លាំងក្លាចំពោះប្រទេសមួយនេះ

ក្នុង​ឆ្នាំ១៩៨០ នៅពេលទទួល​បានអាហារូបករណ៍ ទៅសិក្សានៅបរទេស ក្នុង​បញ្ជី​ប្រទេស​ទទួល​និស្សិត គឺមាន​ប្រទេស​វៀត​ណាម។ លោក​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​វៀត​ណាម ដោយ​មិន​រុញរា។ នៅថ្ងៃទី១៤​ ខែតុលា ឆ្នាំ១៩៨០ លោក​បាន​ឈាន​ជើង​មក​ដល់​ព្រលាន​យន្តហោះណូយ​បាយ ​​ជាពេលវេលា​ដែលលោកហៅថា របត់​ដ៏ធំ​នៃឆាកជីវិត

អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង លោក ង្វៀន​ ម៉ាញ​ក្វៀន​ ប្រគល់កិត្តិនាម​ ពលរដ្ឋកិត្តិយស​នៃរដ្ឋធានីហាណូយ​ ជូនដល់ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំនៅវៀតណាម​។ រូបថត៖ ឯកសារផ្ទាល់ខ្លួន

ដំបូង​ឡើយ ឧបសគ្គ​ដ៏ធំបំផុតគឺ​ភាសា។ ក៏ប៉ុន្តែ​ ដោយ​មានការ​តស៊ូ​ព្យាយាម លោក​អាច​ប្រើប្រាស់​ភាសាវៀតណាម បានយ៉ាងស្ទាត់ជំនាញ​ក្នុងពេល​ដ៏ខ្លី។ ក្នុង​អំឡុង​ពេលសិក្សា លោក​បាន​ចូលរួមសហការជាមួយស្ថានទូតប៉ាលេស្ទីនប្រចាំទីក្រុងហាណូយ ដោយ​អាន​កាសែត​ប្រជាជន កាសែត​កងទ័ពប្រជាជន និង​សង្ខេប​ព័ត៌មាន អំពី​ស្ថានការណ៍​វៀត​ណាម ដើម្បី​រក្សា​ទុក​ជា​ឯកសារ។

ក្នុងឆ្នាំ​១៩៨២ នៅពេល​មហាសន្និបាតតំណាងទូទាំងប្រទេសលើក​ទី៥ របស់​បក្សកុម្មុយនិស្ត​វៀតណាមប្រព្រឹត្តទៅ លោក​បាន​អញ្ជើញ​ឱ្យ​ជួយ​បក​ប្រែ​ជូន​គណៈ​ប្រតិភូ​ប៉ាលេស្ទីន​។ ​ពី​ជា​និស្សិតមួយរូប លោក​បានចូលរួមដោយផ្ទាល់ ក្នុងសកម្មភាពការ​ទូត ដែល​ជាសញ្ញាដំបូង នៃការ​ផ្សារភ្ជាប់​យូរអង្វែងជាមួយវៀតណាម។

វៀតណាមផ្លាស់ប្ដូរថ្មី និងសារសន្តិភាព

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ក្នុងព្រឹត្តិការណ៍ "បុណ្យចូលឆ្នាំថ្មី​ជាសុភមង្គល" ឆ្នាំ​២០២៦។ រូបថត៖ ប៊ិច​វឹន/VNP

នៅ​ពេលរំលឹក​ពីការផ្លាស់ប្តូរ​គួរឱ្យ​ចាប់អារម្មណ៍បំផុត លោក​ឯកអគ្គរដ្ឋទូត Saadi Salama បានចងចាំ​យ៉ាងច្បាស់​នូវឆ្នាំ១៩៨៦ ដែល​ជា​ពេល​វេលា​វៀត​ណាមចាប់ផ្ដើម​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី​។ តាមទស្សនៈ​របស់​លោក នោះគឺជាជម្រើសដ៏ត្រឹមត្រូវបំផុត​ក្នុង​បរិបទ​ដែល​ប្រទេស​សង្គមនិយមជាច្រើនត្រូវធ្លាក់​ក្នុងអំឡុង​វិបត្តិ។

ក្រោយពី​រយៈពេល៤០ឆ្នាំ វៀតណាម​បានផ្លាស់ប្តូរមុខមាត់​យ៉ាងខ្លាំងក្លា។ ហេដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូនអភិវឌ្ឍឆាប់​រហ័ស ផ្លូវ​ល្បឿនលឿន​បាន​ជួយ​បង្រួញ​ចម្ងាយ រវាងតំបន់នានា និងទីក្រុងទំនើបៗជាច្រើនត្រូវបាន​បង្កើត​ឡើង​។ លោក​ឯកអគ្គរដ្ឋទូត​បាន​រៀបរាប់​ថា៖ កាលពីដើម​ទសវត្សរ៍ឆ្នាំ១៩៨០ ធ្វើ​ដំណើរ​ពី​ហាណូយ​ទៅ​ខេត្តក្វាង​និញ​ ដើម្បី​ទស្សនា​ឈូងសមុទ្រហាឡុង​ ត្រូវ​ចំណាយ​ពេល​ប្រហែល ៥ម៉ោង ប៉ុន្តែ​ឥឡូវនេះ ខ្ញុំចំណាយពេលត្រឹមតែ​ជាង ១ម៉ោង ៣០​នាទី​ប៉ុណ្ណោះ

អ្វី​​ដែល​លោកមានការកោតសរសើរនោះគឺ ក្នុង​ដំណើរការ​អភិវឌ្ឍ វៀត​ណាមនៅតែ​រក្សា​បាន​នូវ​អត្តសញ្ញាណ​របស់ខ្លួន។ ទីក្រុងហាណូយ ដែល​មានសង្កាត់​បុរាណទាំង​ ៣៦ នៅតែ​ត្រូវបាន​អភិរក្សទុកជាលំហវប្បធម៌ដ៏វិសេសវិសាល ក្នុងបេះដូងនៃ​ទីក្រុង​ទំនើប​។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama តែងតែចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗនៅវៀតណាម។ រូបថត៖ ប៊ិច​វឹន/VNP
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ទទួលពិសោធន៍វប្បធម៌ម្ហូបអាហារ នៅទីក្រុង​ហាណូយ​។ រូបថត៖ ប៊ិច​វឹន/VNP

ក្នុង​នាម​ជាអ្នក​ដែល​បានផ្សារភ្ជាប់​អស់រយៈពេល​ជាង៤​ទសវត្សរ៍ លោក​យល់​ថា កម្លាំង​ចលករ​ដ៏ធំបំផុតរបស់វៀតណាម គឺស្មារតីម្ចាស់ការ និងខ្លួនទីពឹងខ្លួន ដែល​ត្រូវ​បាន​បណ្ដុះចេញ​ពីប្រវត្តិសាស្ត្រ នៃការតស៊ូ និងបំណងប្រាថ្នា​ចង់ឈាន​ឡើង។

ឈាន​ចូល​ក្នុងសម័យ​សន្តិភាព វៀតណាមបន្ត​ប្រឈមនឹង​បញ្ហាជាច្រើន​ដូចជា គ្រោះ​ធម្មជាតិ បម្រែបម្រួលអាកាសធាតុ និងជំងឺ​រាតត្បាត។ យោងតាម​លោក ជំងឺ​កូវីដ​-១៩ គឺជាសក្ខីភាព​នៃភាពធន់ និង​សមត្ថភាពបន្ស៊ាំខ្លួនរបស់ប្រជាជន​វៀត​ណាម​។

ក្នុង​បរិបទសកល​ភាវូបនីយកម្ម វៀតណាមបាន​ម្ចាស់ការ​បើក​ចំហរ សមាហរណកម្ម​យ៉ាង​ស៊ីជម្រៅ ចូលរួម​ក្នុងខ្សែសង្វាក់​តម្លៃសកល ទាក់ទាញ​ការវិនិយោគពី​បរទេស និង​កសាង​សេដ្ឋកិច្ច​ចម្រុះ។​ ការកែ​សម្រួល​គោល​ដៅ​អភិវឌ្ឍន៍​ បាន​បង្ហាញ​ពី​គំនិត​​បត់​បែន នៅ​ចំពោះ​មុខបម្រែបម្រួល នៃសេដ្ឋកិច្ចពិភពលោក។

តាម​លោក​ឯកអគ្គរដ្ឋទូត វៀតណាម​បាន​ផ្ញើសារ​យ៉ាងច្បាស់​ទៅកាន់ពិភពលោក​ថា៖ មាន​តែ​សន្តិភាព​ទេ ទើបអាច​បង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាព និង​សុខុមាលភាព​សង្គម។ មិត្តភក្តិអន្តរជាតិ​ជាច្រើនធ្លាប់បាន​សួរ​ថា ហេតុអ្វី​បាន​ជា​វៀត​ណាម អាចក្លាយ​ជាមិត្តជាមួយ​បណ្តាប្រទេស ដែលធ្លាប់ជាគូសត្រូវ​ក្នុងអតីតកាល។ លោក​យល់​ថា នោះគឺ​ដោយសារតែ​ចរិត​លក្ខណៈ​ចិត្ត​ទូលាយ​ មេត្តាធម៌ និង​ការ​រាប់​អាន​ភ្ញៀវរបស់​ប្រជាជនវៀត​ណាម។

លោក Saadi Salama (កើតឆ្នាំ១៩៦១ នៅទីក្រុង Hebron ប៉ាលេស្ទីន) បាន​មក​ដល់​វៀត​ណាម​ក្នុងឆ្នាំ១៩៨០ និង​សិក្សានៅសាកលវិទ្យាល័យ​ហាណូយ។

- ចាប់​តាំងពីឆ្នាំ២០០៩ លោកជា​ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃ​រដ្ឋ​ប៉ាលេស្ទីន​ប្រចាំនៅ​វៀតណាម ហើយចាប់ពី​ឆ្នាំ២០១៩ លោក​កាន់​តំណែង​ជាប្រធាន​ការបរទេស​ ប្រចាំនៅវៀតណាម។

- ដោយ​បានរស់នៅផ្សារភ្ជាប់​ជាមួយប្រទេស​​វៀតណាម​ជាង ៤ទសវត្សរ៍ និង​ស្ទាត់ជំនាញ​ភាសា​វៀត​ណាម​ លោក​​បាន​ផ្តល់កិត្តិយស​ជា “ពលរដ្ឋកិត្តិយស​នៃរដ្ឋធានីហាណូយ” និង​បាន​បកប្រែ ក៏ដូចជា​កែសម្រួល​ស្នាដៃមួយចំនួន ពីភាសាវៀតណាម​ទៅជា​ភាសា​អារ៉ាប់ រួម​មាន​សៀវ​ភៅ​៖ “ឌៀនបៀនភូ - អច្ឆរិយៈទាំង ៥ប្រការ ដែល​មិនធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាម”។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ជូនសៀវភៅ "រឿងរ៉ាវវៀតណាមរបស់ខ្ញុំ" ដល់អ្នក​អាន​។ រូបថត៖ ប៊ិច​វឹន/VNP
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ក្នុងព្រឹត្តិការណ៍ "បុណ្យចូលឆ្នាំថ្មី​ជាសុភមង្គល" ឆ្នាំ២០២៦។ រូបថត៖ ប៊ិច​វឹន/VNP

ថ្នាក់ដឹកនាំប៉ាលេស្ទីន​ Yasser Arafat (១៩២៩ - ២០០៤) ធ្លាប់​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​វៀតណាម​ជា​ច្រើន​លើក និងចាត់​ទុកវៀតណាមជាស្រុកកំណើតទីពីរ​របស់លោក។ មនោសញ្ចេតនា​នោះ គឺជា​និមិត្តរូប​នៃ​ទំនាក់​ទំនង​មិត្តភាព​ពិសេស រវាង​ប្រជាជាតិ​ទាំង​ពីរ​។

សំឡឹង​មើល​មក​នៃ​ការ​ធ្វើ​ដំណើរ​ផ្សារភ្ជាប់​នឹង​ប្រទេសវៀតណាម​ ជិត​មួយ​សតវត្សរ៍​សម្រាប់​លោក​​ឯកអគ្គរដ្ឋទូត Saadi Salama យល់ថា​ការ​ជ្រើស​រើសមក​​វៀត​ណាម​កាលពីឆ្នាំ​​១៩៨០ មិនត្រឹមតែ​ជាការសម្រេចចិត្ត​សិក្សាប៉ុណ្ណោះទេ តែក៏​ជា​ការ​ជ្រើស​រើស​ដើម្បី​ផ្សារភ្ជាប់​អស់មួយ​ជីវិត៕

រៀបរៀង​៖ ប៊ិចវិន/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top