ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប៉ាលេស្ទីនប្រចាំនៅប្រទេសវៀតណាម លោក Saadi Salama បានចែករំលែកនូវរឿងរ៉ាវជិតកន្លះសតវត្សរ៍ នៃការរស់នៅ ការសិក្សា និងធ្វើការនៅប្រទេសវៀតណាម។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប៉ាលេស្ទីនប្រចាំនៅប្រទេសវៀតណាម លោក Saadi Salama បានចែករំលែកនូវរឿងរ៉ាវជិតកន្លះសតវត្សរ៍ នៃការរស់នៅ ការសិក្សា និងធ្វើការនៅប្រទេសវៀតណាម។ ចាប់ផ្ដើមពីជីវិតជានិស្សិត រហូតក្លាយជាអ្នកការទូត លោកជាសក្ខីភាព និងរួមដំណើរជាមួយការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅរបស់ប្រទេសជាតិ ក្នុងយុគសម័យផ្លាស់ប្តូរថ្មី និង សមាហរណកម្ម ទន្ទឹមនឹងនោះនៅចូលរួមជ្រោមជ្រែងទំនាក់ទំនងមិត្តភាព រវាងប្រជាជនវៀតណាម និង ប៉ាលេស្ទីន។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ណែនាំដល់អ្នកអាន នូវសៀវភៅដែលលោកសរសេរផ្ទាល់ ជាភាសាវៀតណាម
ដោយមានចំណងជើងថា “រឿងរ៉ាវវៀតណាមរបស់ខ្ញុំ"។ រូបថត៖ ប៊ិចវឹន/VNP
មាននិស្ស័យផ្សារភ្ជាប់ និងរបត់សំខាន់ៗដំបូង
ឆ្នាំ២០២៦ ជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ ដែលលោក Saadi Salama រស់នៅ និងបំពេញការងារនៅវៀតណាមផងដែរ។ សម្រាប់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋប៉ាលេស្ទីនរូបនេះ នោះគឺជាដំណើរការផ្សារភ្ជាប់អស់មួយជីវិត។
តាំងពីអាយុ១២ឆ្នាំ លោកបានចាប់ផ្ដើមអានកាសែត ដើម្បីឈ្វេងយល់ពីពិភពលោក។ ក្នុងឆ្នាំ១៩៧២ តាមរយៈសារព័ត៌មានប៉ាលេស្ទីន លោកបានដឹងពីការតស៊ូដណ្តើមឯករាជ្យរបស់ប្រជាជនវៀតណាម។ រូបភាពនៃប្រជាជាតិដ៏អង់អាចក្លាហាន តស៊ូ ដើម្បីយុត្តិធម៌ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ នៅក្នុងចិត្តរបស់លោក។
លោកឯកអគ្គរដ្ឋទូត Saadi Salama បានរំលឹកថា៖ “ជ័យជម្នះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ មិនត្រឹមតែមានអត្ថន័យចំពោះវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់នូវជំនឿចិត្តដល់ប្រជាជនប៉ាលេស្ទីន ក្នុងដំណើរតស៊ូ ដើម្បីឯករាជ្យជាតិផងដែរ។ ទោះបី ជាពេលនោះ ខ្ញុំមិនទាន់យល់ដឹងច្រើនពីវប្បធម៌ ឬជីវភាពរស់នៅរបស់ប្រជាជនវៀតណាមក៏ដោយ ប៉ុន្តែខ្ញុំបានផ្តល់នូវការកោតសរសើរយ៉ាងខ្លាំងក្លាចំពោះប្រទេសមួយនេះ”។
ក្នុងឆ្នាំ១៩៨០ នៅពេលទទួលបានអាហារូបករណ៍ ទៅសិក្សានៅបរទេស ក្នុងបញ្ជីប្រទេសទទួលនិស្សិត គឺមានប្រទេសវៀតណាម។ លោកបានសម្រេចចិត្តជ្រើសរើសវៀតណាម ដោយមិនរុញរា។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៨០ លោកបានឈានជើងមកដល់ព្រលានយន្តហោះណូយបាយ ជាពេលវេលាដែលលោកហៅថា “របត់ដ៏ធំនៃឆាកជីវិត”។
អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង លោក ង្វៀន ម៉ាញក្វៀន ប្រគល់កិត្តិនាម ពលរដ្ឋកិត្តិយសនៃរដ្ឋធានីហាណូយ
ជូនដល់ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំនៅវៀតណាម។ រូបថត៖ ឯកសារផ្ទាល់ខ្លួន
ដំបូងឡើយ ឧបសគ្គដ៏ធំបំផុតគឺភាសា។ ក៏ប៉ុន្តែ ដោយមានការតស៊ូព្យាយាម លោកអាចប្រើប្រាស់ភាសាវៀតណាម បានយ៉ាងស្ទាត់ជំនាញក្នុងពេលដ៏ខ្លី។ ក្នុងអំឡុងពេលសិក្សា លោកបានចូលរួមសហការជាមួយស្ថានទូតប៉ាលេស្ទីនប្រចាំទីក្រុងហាណូយ ដោយអានកាសែតប្រជាជន កាសែតកងទ័ពប្រជាជន និងសង្ខេបព័ត៌មាន អំពីស្ថានការណ៍វៀតណាម ដើម្បីរក្សាទុកជាឯកសារ។
ក្នុងឆ្នាំ១៩៨២ នៅពេលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៥ របស់បក្សកុម្មុយនិស្តវៀតណាមប្រព្រឹត្តទៅ លោកបានអញ្ជើញឱ្យជួយបកប្រែជូនគណៈប្រតិភូប៉ាលេស្ទីន។ ពីជានិស្សិតមួយរូប លោកបានចូលរួមដោយផ្ទាល់ ក្នុងសកម្មភាពការទូត ដែលជាសញ្ញាដំបូង នៃការផ្សារភ្ជាប់យូរអង្វែងជាមួយវៀតណាម។
វៀតណាមផ្លាស់ប្ដូរថ្មី និងសារសន្តិភាព
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ក្នុងព្រឹត្តិការណ៍ "បុណ្យចូលឆ្នាំថ្មីជាសុភមង្គល"
ឆ្នាំ២០២៦។ រូបថត៖ ប៊ិចវឹន/VNP
នៅពេលរំលឹកពីការផ្លាស់ប្តូរគួរឱ្យចាប់អារម្មណ៍បំផុត លោកឯកអគ្គរដ្ឋទូត Saadi Salama បានចងចាំយ៉ាងច្បាស់នូវឆ្នាំ១៩៨៦ ដែលជាពេលវេលាវៀតណាមចាប់ផ្ដើមបុព្វហេតុផ្លាស់ប្តូរថ្មី។ តាមទស្សនៈរបស់លោក នោះគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតក្នុងបរិបទដែលប្រទេសសង្គមនិយមជាច្រើនត្រូវធ្លាក់ក្នុងអំឡុងវិបត្តិ។
ក្រោយពីរយៈពេល៤០ឆ្នាំ វៀតណាមបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងក្លា។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអភិវឌ្ឍឆាប់រហ័ស ផ្លូវល្បឿនលឿនបានជួយបង្រួញចម្ងាយ រវាងតំបន់នានា និងទីក្រុងទំនើបៗជាច្រើនត្រូវបានបង្កើតឡើង។ លោកឯកអគ្គរដ្ឋទូតបានរៀបរាប់ថា៖ “កាលពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ធ្វើដំណើរពីហាណូយទៅខេត្តក្វាងនិញ ដើម្បីទស្សនាឈូងសមុទ្រហាឡុង ត្រូវចំណាយពេលប្រហែល ៥ម៉ោង ប៉ុន្តែឥឡូវនេះ ខ្ញុំចំណាយពេលត្រឹមតែជាង ១ម៉ោង ៣០នាទីប៉ុណ្ណោះ”។
អ្វីដែលលោកមានការកោតសរសើរនោះគឺ ក្នុងដំណើរការអភិវឌ្ឍ វៀតណាមនៅតែរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួន។ ទីក្រុងហាណូយ ដែលមានសង្កាត់បុរាណទាំង ៣៦ នៅតែត្រូវបានអភិរក្សទុកជាលំហវប្បធម៌ដ៏វិសេសវិសាល ក្នុងបេះដូងនៃទីក្រុងទំនើប។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama តែងតែចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗនៅវៀតណាម។ រូបថត៖
ប៊ិចវឹន/VNP
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ទទួលពិសោធន៍វប្បធម៌ម្ហូបអាហារ នៅទីក្រុងហាណូយ។ រូបថត៖
ប៊ិចវឹន/VNP
ក្នុងនាមជាអ្នកដែលបានផ្សារភ្ជាប់អស់រយៈពេលជាង៤ទសវត្សរ៍ លោកយល់ថា កម្លាំងចលករដ៏ធំបំផុតរបស់វៀតណាម គឺស្មារតីម្ចាស់ការ និងខ្លួនទីពឹងខ្លួន ដែលត្រូវបានបណ្ដុះចេញពីប្រវត្តិសាស្ត្រ នៃការតស៊ូ និងបំណងប្រាថ្នាចង់ឈានឡើង។
ឈានចូលក្នុងសម័យសន្តិភាព វៀតណាមបន្តប្រឈមនឹងបញ្ហាជាច្រើនដូចជា គ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាត។ យោងតាមលោក ជំងឺកូវីដ-១៩ គឺជាសក្ខីភាពនៃភាពធន់ និងសមត្ថភាពបន្ស៊ាំខ្លួនរបស់ប្រជាជនវៀតណាម។
ក្នុងបរិបទសកលភាវូបនីយកម្ម វៀតណាមបានម្ចាស់ការបើកចំហរ សមាហរណកម្មយ៉ាងស៊ីជម្រៅ ចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល ទាក់ទាញការវិនិយោគពីបរទេស និងកសាងសេដ្ឋកិច្ចចម្រុះ។ ការកែសម្រួលគោលដៅអភិវឌ្ឍន៍ បានបង្ហាញពីគំនិតបត់បែន នៅចំពោះមុខបម្រែបម្រួល នៃសេដ្ឋកិច្ចពិភពលោក។
តាមលោកឯកអគ្គរដ្ឋទូត វៀតណាមបានផ្ញើសារយ៉ាងច្បាស់ទៅកាន់ពិភពលោកថា៖ មានតែសន្តិភាពទេ ទើបអាចបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គម។ មិត្តភក្តិអន្តរជាតិជាច្រើនធ្លាប់បានសួរថា ហេតុអ្វីបានជាវៀតណាម អាចក្លាយជាមិត្តជាមួយបណ្តាប្រទេស ដែលធ្លាប់ជាគូសត្រូវក្នុងអតីតកាល។ លោកយល់ថា នោះគឺដោយសារតែចរិតលក្ខណៈចិត្តទូលាយ មេត្តាធម៌ និងការរាប់អានភ្ញៀវរបស់ប្រជាជនវៀតណាម។
- លោក Saadi Salama (កើតឆ្នាំ១៩៦១ នៅទីក្រុង Hebron ប៉ាលេស្ទីន) បានមកដល់វៀតណាមក្នុងឆ្នាំ១៩៨០ និងសិក្សានៅសាកលវិទ្យាល័យហាណូយ។
- ចាប់តាំងពីឆ្នាំ២០០៩ លោកជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋប៉ាលេស្ទីនប្រចាំនៅវៀតណាម ហើយចាប់ពីឆ្នាំ២០១៩ លោកកាន់តំណែងជាប្រធានការបរទេស ប្រចាំនៅវៀតណាម។
- ដោយបានរស់នៅផ្សារភ្ជាប់ជាមួយប្រទេសវៀតណាមជាង ៤ទសវត្សរ៍ និងស្ទាត់ជំនាញភាសាវៀតណាម លោកបានផ្តល់កិត្តិយសជា “ពលរដ្ឋកិត្តិយសនៃរដ្ឋធានីហាណូយ” និងបានបកប្រែ ក៏ដូចជាកែសម្រួលស្នាដៃមួយចំនួន ពីភាសាវៀតណាមទៅជាភាសាអារ៉ាប់ រួមមានសៀវភៅ៖ “ឌៀនបៀនភូ - អច្ឆរិយៈទាំង ៥ប្រការ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសង្គ្រាម”។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ជូនសៀវភៅ "រឿងរ៉ាវវៀតណាមរបស់ខ្ញុំ" ដល់អ្នកអាន។ រូបថត៖
ប៊ិចវឹន/VNP
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Saadi Salama ក្នុងព្រឹត្តិការណ៍ "បុណ្យចូលឆ្នាំថ្មីជាសុភមង្គល"
ឆ្នាំ២០២៦។ រូបថត៖ ប៊ិចវឹន/VNP
ថ្នាក់ដឹកនាំប៉ាលេស្ទីន Yasser Arafat (១៩២៩ - ២០០៤) ធ្លាប់បានអញ្ជើញមកទស្សនកិច្ចនៅវៀតណាមជាច្រើនលើក និងចាត់ទុកវៀតណាមជាស្រុកកំណើតទីពីររបស់លោក។ មនោសញ្ចេតនានោះ គឺជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពពិសេស រវាងប្រជាជាតិទាំងពីរ។
សំឡឹងមើលមកនៃការធ្វើដំណើរផ្សារភ្ជាប់នឹងប្រទេសវៀតណាម ជិតមួយសតវត្សរ៍សម្រាប់លោកឯកអគ្គរដ្ឋទូត Saadi Salama យល់ថាការជ្រើសរើសមកវៀតណាមកាលពីឆ្នាំ១៩៨០ មិនត្រឹមតែជាការសម្រេចចិត្តសិក្សាប៉ុណ្ណោះទេ តែក៏ជាការជ្រើសរើសដើម្បីផ្សារភ្ជាប់អស់មួយជីវិត៕
រៀបរៀង៖ ប៊ិចវិន/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង