វៀតណាម - ពីភាពក្រីក្រ ឆ្ពោះទៅកាន់សេដ្ឋកិច្ច៥០០ពាន់លានដុល្លារអាមេរិក
អំឡុងរយៈពេល៨០ឆ្នាំកន្លងមកនេះ វៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំង ពីសេដ្ឋកិច្ចក្រីក្រ ថយក្រោយ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានខឿនសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍។ គិតត្រឹមឆ្នាំ២០២៤ GDP របស់វៀតណាម បានឈានដល់ប្រមាណ ៤៧៦ ពាន់លានដុល្លារអាមេរិក និងបានព្យាករណ៍ថា នឹងលើសពី៥០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។ ដំណើរអភិវឌ្ឍនេះ គឺជាលទ្ធផលនៃដំណើរការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម និងកំណែទម្រង់ស៊ីជម្រៅ ទីដែលឆន្ទៈស្វ័យភាពនៃប្រជាជាតិ បានជួបនឹងមហិច្ឆតាអភិវឌ្ឍ នៅក្នុងយុគសម័យសកលភាវូបនីយកម្ម។
ក្នុងរយៈពេលប្រាំបីទសវត្សរ៍ ដែលពោរពេញដោយការលំបាក និងបញ្ហាប្រឈម វៀតណាមពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ជាមួយនឹងធនធានមានកម្រិត និងប្រាក់ចំណូលទាបបំផុត ព្រមទាំងត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម បានងើបឡើងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានខឿនសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅទូទាំងពិភពលោក។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ បានកើនឡើងពីក្រោម ១០០ ដុល្លារអាមេរិក ដល់ជិត ៥,០០០ ដុល្លារអាមេរិក ដែលជួយឱ្យវៀតណាមឈានចូលក្នុងក្រុមប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
ចាប់តាំងពីឆ្នាំ១៩៨៦មក វៀតណាមបានចូលរួមយ៉ាងសកម្ម នៅក្នុងបណ្តាញពាណិជ្ជកម្មសកល រហូតមកដល់បច្ចុប្បន្ន បានចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ជាមួយដៃគូធំៗជាង៦០ ដែលភាគច្រើនជាប្រទេសដែលមានខឿនសេដ្ឋកិច្ចធំៗគ្របដណ្តប់លើគ្រប់ទ្វីប ធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយ ក្នុងចំណោម២០ប្រទេសឈានមុខគេ នៅលើពិភពលោក អំពីទំហំពាណិជ្ជកម្មអន្តរជាតិ ជាមួយនឹងអត្រាកំណើនខ្ពស់ ស្ថិរភាព និងបន្តបន្ទាប់បំបែកកំណត់ត្រាអំពីអតិរេកពាណិជ្ជកម្ម (ការនាំចេញលើស)។
ជាពិសេស ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (UKVFTA) បានបញ្ជាក់កិច្ចសន្យារបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ បង្ហាញពីតួនាទី និងទីជំហររបស់ប្រទេសជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការទុកចិត្តរបស់មិត្តភក្តិអន្តរជាតិចំពោះប្រទេសវៀតណាម។
"បក្ស និងរដ្ឋមិននៅក្រៅសេដ្ឋកិច្ចទេ ប៉ុន្តែត្រូវរៀបចំលំហអភិវឌ្ឍដោយម្ចាស់ការ បង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយយុត្តិធម៌ ការពារតម្លៃមូលដ្ឋានគ្រឹះនៃទីផ្សារ" - លោកអគ្គលេខាបក្ស តូឡឹម (To Lam) បានបញ្ជាក់។
យោងតាម លោកស្រី Mariam Sherman នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម កម្ពុជា និងឡាវ បានឱ្យដឹងថា៖ "មហិច្ឆតារបស់វៀតណាម គឺផ្អែកលើមូលដ្ឋានរឹងមាំក្នុងរយៈពេល ៤ ទសវត្សរ៍កន្លង ចាប់តាំងពីសម័យផ្លាស់ប្តូរថ្មី ដែលបានសម្រេចនូវកម្រិតកំណើន និងល្បឿន នៃការកាត់បន្ថយភាពក្រីក្រ គួរឱ្យកត់សម្គាល់។ GDP បានកើនឡើងយ៉ាងគំហុក សេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស ជួយឱ្យមនុស្សរាប់លាននាក់រួចផុតពីភាពក្រីក្រ។ អត្រាភាពក្រីក្រធ្ងន់ធ្ងរពីពាក់កណ្តាលប្រជាជនទូទាំងប្រទេស បានធ្លាក់ចុះមកនៅត្រឹមតែ១% ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានល្បឿនកាត់បន្ថយភាពក្រីក្រលឿនបំផុត មិនធ្លាប់មានតាំងពីមុនមក។ ភាពជោគជ័យនេះ គឺដោយសារការកែលម្អ ជាបន្តបន្ទាប់នូវរបប និងគោលនយោបាយ"។
លោក Álvaro Pereira សេដ្ឋកិច្ចវិទូ ប្រធានអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ប្រចាំនៅវៀតណាម បានលើកឡើងថា៖ "ខ្ញុំបានតាមដានប្រទេសជាច្រើន នៅលើពិភពលោក ចាប់ពីអូស្ត្រាលី រហូតដល់អាមេរិកខាងជើង អាស៊ី ដល់អាហ្វ្រិក និងសូម្បីតែអាមេរិកឡាទីន មានប្រទេសតិចតួចណាស់ដែលធ្វើឱ្យខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងដូចវៀតណាម។ វៀតណាមកំពុងរីកចម្រើនក្នុងល្បឿនលឿនណាស់ រៀងរាល់១០ឆ្នាំម្តង ប្រាក់ចំណូលជាមធ្យមបានកើនឡើងទ្វេដង។ ទទួលបានប្រការនេះ គឺដោយសារមានការគ្រប់គ្រងសេដ្ឋកិច្ចម៉ាក្រូដ៏ល្អឥតខ្ចោះ គោលនយោបាយត្រឹមត្រូវនៃរដ្ឋាភិបាល និងកម្លាំងចលករធំពីប្រជាជន។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានល្បឿនកំណើនលឿនបំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ"។
ជាមួយនឹងការខិតខំប្រឹងប្រែងទាំងនេះ គិតត្រឹមឆ្នាំ២០២៥ វៀតណាមបានចាត់ទុក ជាប្រទេសមួយ ក្នុងចំណោម២០ប្រទេសពាណិជ្ជកម្មកំពូលរបស់ពិភពលោក ២០ ទីដៅពេញនិយមបំផុតសម្រាប់ FDI និងបច្ចុប្បន្នក៏ស្ថិតក្នុងចំណោម ១០ ប្រទេស ដែលទទួលបានប្រាក់បញ្ញើពីអាណិកជនច្រើនជាងគេបំផុត នៅទូទាំងពិភពលោកផងដែរ។
លោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានថ្លែងថា៖ "វៀតណាមមានអត្រាកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ខ្លាំង បរិយាកាសធុរកិច្ចអំណោយផល ជាមួយនឹងទីផ្សារ ១០០ លាននាក់។ សហគ្រាសក៏មានទំនុកចិត្តយ៉ាងខ្លាំង នៅពេលឃើញរដ្ឋាភិបាលវៀតណាម មានវិធីសាស្រ្តសកម្មក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលអាចកើតមានឡើង។ សហគ្រាសអាមេរិកទាំងអស់ មានការចាប់អារម្មណ៍ខ្ពស់ចំពោះវៀតណាម។ ពួកគេមានការរំពឹងទុកយ៉ាងច្រើនចំពោះអនាគតភ្លឺស្វាងរបស់វៀតណាម"។
"ដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់វៀតណាម គឺជា "អព្ភូតហេតុ" មួយ ពីប្រទេសក្រីក្រមួយបានងើបឡើង និងរីកចម្រើន។ ព្យាករណ៍ថានៅឆ្នាំ២០២៩ ទំហំ GDP របស់វៀតណាមនឹងឈានដល់ប្រមាណ ៦៧៦ ពាន់លានដុល្លារអាមេរិក ដោយតាមទាន់ប្រទេសថៃ (៦៧៦ ពាន់លានដុល្លារអាមេរិក) និងលើសប្រទេសសេដ្ឋកិច្ចអាស៊ានមួយចំនួនដូចជា សិង្ហបុរី (៦៥៦ ពាន់លានដុល្លារអាមេរិក) និងម៉ាឡេស៊ី (៥៩៤ ពាន់លានដុល្លារអាមេរិក)" - យោងតាមមជ្ឈមណ្ឌលព្យាករណ៍ និងវិភាគសេដ្ឋកិច្ចឯករាជ្យរបស់អង់គ្លេស (CEBR)។
នៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលមានភាពប្រែប្រួលជាច្រើន វៀតណាមកំពុងឈរនៅចំពោះមុខឱកាសធំមួយ ដើម្បីផ្លាស់ប្តូរខ្លួនឯងឱ្យកាន់តែខ្លាំងក្លាថែមទៀត - ឆ្ពោះទៅកាន់សេដ្ឋកិច្ចប្រកបដោយចីរភាព នវានុវត្តន៍ និងបរិយាប័ន្ន។ ដំណើរឆ្ពោះទៅមុខនៃនាវាសេដ្ឋកិច្ចវៀតណាម នឹងនៅតែមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែជាមួយនឹងមូលដ្ឋានគ្រឹះ ដែលបានកសាងឡើង និងមហិច្ឆតាអភិវឌ្ឍប្រកបដោយចីរភាព វៀតណាមអាចអំណះអំណាងយ៉ាងពេញលេញនូវទីជំហររបស់ខ្លួន នៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសង្ខេប រូបថត៖ កាសែតរូបភាពវៀតណាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង