សេដ្ឋកិច្ច

វៀតណាម - ពីភាពក្រីក្រ ឆ្ពោះទៅកាន់សេដ្ឋកិច្ច៥០០ពាន់លានដុល្លារអាមេរិក

អំឡុង​រយៈពេល៨០ឆ្នាំកន្លងមកនេះ វៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំង ពីសេដ្ឋកិច្ចក្រីក្រ ថយក្រោយ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានខឿនសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍។

អំឡុង​រយៈពេល៨០ឆ្នាំកន្លងមកនេះ វៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំង ពីសេដ្ឋកិច្ចក្រីក្រ ថយក្រោយ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានខឿនសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍។ គិតត្រឹមឆ្នាំ២០២៤ GDP របស់វៀតណាម បានឈានដល់ប្រមាណ ៤៧៦ ពាន់លានដុល្លារអាមេរិក និង​បានព្យាករណ៍ថា នឹងលើសពី៥០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។ ដំណើរអភិវឌ្ឍនេះ គឺជាលទ្ធផលនៃដំណើរការផ្លាស់ប្តូរ​ថ្មី​ ធ្វើសមាហរណកម្ម និងកំណែទម្រង់ស៊ីជម្រៅ ទី​ដែលឆន្ទៈស្វ័យភាព​នៃ​ប្រជាជាតិ បានជួបនឹងមហិច្ឆតាអភិវឌ្ឍ នៅក្នុងយុគសម័យសកលភាវូបនីយកម្ម។

ក្នុងរយៈពេលប្រាំបីទសវត្សរ៍ ដែលពោរពេញដោយការលំបាក និងបញ្ហាប្រឈម វៀតណាមពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ជាមួយនឹងធនធានមានកម្រិត និងប្រាក់ចំណូលទាបបំផុត ព្រមទាំង​ត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម បានងើបឡើងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានខឿនសេដ្ឋកិច្ចរីក​ចម្រើន​លឿនបំផុតនៅទូទាំងពិភពលោក។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ បានកើនឡើងពីក្រោម ១០០ ដុល្លារអាមេរិក ដល់ជិត ៥,០០០ ដុល្លារអាមេរិក ដែលជួយឱ្យវៀតណាមឈានចូលក្នុងក្រុមប្រទេស ដែលមានប្រាក់ចំណូលមធ្យម​កម្រិតខ្ពស់។

ទិវាបម្លាស់ប្តូរឌីជីថលជាតិឆ្នាំ២០២៤ ក្រោមប្រធានបទ “ការ​ធ្វើឱ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ឌីជីថល​មានលក្ខណៈទូទៅ និងការបង្កើតកម្មវិធីឌីជីថល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថល​ - កម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ផលិតភាពការងារនៅ” ខេត្តសើនឡា​ (Son La)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
ផលិតកម្ម​ និងដំឡើងរថយន្ត នៅប្រទេសវៀតណាម​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
ការបង្ហាញមនុស្សយន្ត នៅក្នុងពិធីបុណ្យជំរុញពាណិជ្ជកម្ម - ច្រកទ្វារត​ភ្ជាប់ទីផ្សារកូរ៉េខាងត្បូង​ - វៀតណាម (MEGA US EXPO 2024)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ចាប់តាំងពីឆ្នាំ១៩៨៦មក វៀតណាមបានចូលរួមយ៉ាងសកម្ម នៅក្នុងបណ្តាញពាណិជ្ជកម្មសកល រហូតមកដល់បច្ចុប្បន្ន បានចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីចំនួន ១៧ ជាមួយដៃគូធំៗជាង៦០ ដែលភាគច្រើនជាប្រទេសដែលមានខឿនសេដ្ឋកិច្ចធំៗ​គ្របដណ្តប់លើគ្រប់ទ្វីប ធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយ​ ក្នុងចំណោម​២០​ប្រទេស​ឈានមុខគេ នៅលើពិភពលោក អំពីទំហំពាណិជ្ជកម្មអន្តរជាតិ ជាមួយនឹងអត្រាកំណើនខ្ពស់ ស្ថិរភាព និងបន្តបន្ទាប់បំបែក​កំណត់ត្រាអំពី​អតិរេកពាណិជ្ជកម្ម​ (ការនាំចេញលើស)​​។

ជាពិសេស ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (UKVFTA) បានបញ្ជាក់កិច្ចសន្យា​​របស់វៀតណាម ក្នុងការធ្វើសមាហរណកម្ម​ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ បង្ហាញពីតួនាទី និងទី​ជំហរ​របស់​ប្រទេសជាតិ ក៏​ដូច​ជាកិច្ច​សហប្រតិបត្តិការ និងការទុកចិត្ត​របស់មិត្តភក្តិអន្តរជាតិចំពោះប្រទេស​វៀតណាម។

 

"បក្ស និងរដ្ឋមិននៅក្រៅសេដ្ឋកិច្ចទេ ប៉ុន្តែត្រូវរៀបចំលំហអភិវឌ្ឍដោយម្ចាស់ការ បង្កើតប្រព័ន្ធអេកូឡូស៊ីប្រកប​ដោយយុត្តិធម៌​ ការពារតម្លៃមូលដ្ឋានគ្រឹះនៃទីផ្សារ" - លោកអគ្គលេខាបក្ស តូឡឹម (To Lam) បានបញ្ជាក់

 

 

វិស័យវាយនភណ្ឌ​វៀតណាម គឺជាវិស័យសេដ្ឋកិច្ចស្នូល ដែលមានទំហំធំ និងមានទំហំនៃការនាំចេញខ្ពស់ ក្លាយជាវិស័យនាំមុខគេឈរ​លំដាប់ទី២ លើពិភពលោក ​ភាគច្រើន​​​ផ្អែកលើប្រៀប​ខ្លាំង​​នៃកម្លាំងពលកម្មដ៏ច្រើន និងការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី (FTA) ជំនាន់​ថ្មី។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
ប្រទេសវៀតណាម មានភូមិសិប្បកម្មប្រពៃណីប្រមាណ ៥.៤០០ កន្លែង។ ផលិតផលរបស់ភូមិសិប្បកម្មទាំងនេះ មិនត្រឹមតែចូលរួមថែរក្សាវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍសេដ្ឋកិច្ច-ទេសចរណ៍ ប្រកបដោយចីរភាព សម្រាប់តំបន់នានាផងដែរ​។ រូបថត៖ កាសែតរូបភាពវៀតណាម​

យោងតាម លោកស្រី Mariam Sherman នាយិកា​ធនាគារពិភពលោក​ប្រចាំនៅ​វៀតណាម កម្ពុជា និងឡាវ បានឱ្យដឹង​ថា៖ "មហិច្ឆតា​របស់វៀតណាម គឺផ្អែកលើមូលដ្ឋានរឹងមាំ​ក្នុង​រយៈ​ពេល ៤ ទសវត្សរ៍កន្លង​ ចាប់តាំង​ពីសម័យផ្លាស់ប្តូរ​ថ្មី​ ដែល​បាន​សម្រេចនូវ​កម្រិត​កំណើន និងល្បឿន នៃការកាត់បន្ថយភាពក្រីក្រ គួរឱ្យ​កត់​សម្គាល់។ GDP បាន​កើនឡើងយ៉ាង​គំហុក សេដ្ឋកិច្ចរីកចម្រើន​ឆាប់រហ័ស ​​ជួយឱ្យ​មនុស្សរាប់​លាននាក់​រួច​ផុត​ពីភាពក្រីក្រ។ អត្រា​ភាពក្រីក្រធ្ងន់ធ្ងរ​ពីពាក់កណ្តាល​ប្រជាជន​ទូទាំងប្រទេស​ បានធ្លាក់ចុះមកនៅ​ត្រឹមតែ​១% ដែល​ធ្វើឱ្យ​វៀតណាម​ក្លាយជាប្រទេស​មួយក្នុង​ចំណោមប្រទេស ដែលមានល្បឿនកាត់​បន្ថយភាពក្រីក្រលឿនបំផុត មិនធ្លាប់មាន​តាំងពីមុនមក​។ ភាពជោគជ័យនេះ គឺ​ដោយសារការកែលម្អ ជាបន្តបន្ទាប់នូវរបប​ និងគោលនយោបាយ"។

លោក Álvaro Pereira សេដ្ឋកិច្ចវិទូ ប្រធាន​​អង្គការសហប្រតិបត្តិការ និង​អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ប្រចាំនៅ​វៀតណាម បាន​លើកឡើងថា៖ "ខ្ញុំ​បាន​តាម​ដានប្រទេស​ជាច្រើន នៅលើពិភពលោក ចាប់ពី​អូស្ត្រាលី រហូតដល់​អាមេរិក​ខាង​ជើង អាស៊ី ដល់​អាហ្វ្រិក និង​សូម្បីតែអាមេរិកឡាទីន មាន​ប្រទេសតិចតួចណាស់​ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍ខ្លាំង​ដូចវៀត​ណាម។​ វៀតណាមកំពុងរីកចម្រើនក្នុង​ល្បឿនលឿនណាស់ រៀងរាល់១០​ឆ្នាំម្តង ប្រាក់ចំណូលជាមធ្យម​បានកើនឡើងទ្វេដង។ ទទួលបាន​ប្រការ​នេះ​ គឺ​ដោយសារមានការគ្រប់គ្រងសេដ្ឋកិច្ចម៉ាក្រូដ៏ល្អឥតខ្ចោះ គោល​នយោបាយត្រឹមត្រូវនៃ​រដ្ឋាភិបាល និងកម្លាំងចលករ​​ធំពីប្រជាជន។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានល្បឿនកំណើនលឿនបំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ"។

 

ប្រទេសវៀតណាម នៅតែរក្សាបានទីជំហរ​ ជាប្រទេសនាំមុខគេឈរ​លំដាប់ទី២ លើ​ពិភពលោក ក្នុងការនាំចេញអង្ករ​គុណភាពខ្ពស់ និង​អង្ករកាត់បន្ថយការ​បំភាយឧស្ម័ន ដើម្បីបង្កើនតម្លៃ និងសមត្ថភាពប្រកួតប្រជែង នៅក្នុងទីផ្សារអន្តរជាតិ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
វិស័យកសិ​បច្ចេកវិទ្យាខ្ពស់របស់វៀតណាម កំពុង​ផ្តោតលើការអនុវត្តបច្ចេកវិទ្យាទំនើប​ដូចជា AI, IoT និង​យន្តហោះគ្មាន​មនុស្សបើក (Drone) ដើម្បីបង្កើនផលិតភាព គុណភាព​ផលិតផល ធ្វើឱ្យ​ប្រសើរឡើងនូវការ​ប្រើប្រាស់ធនធាន និងកាត់​បន្ថយ​ផលប៉ះ​ពាល់​បរិស្ថាន​។ រូបថត៖ កាសែតរូបភាពវៀតណាម​

ជាមួយនឹងការ​ខិតខំប្រឹងប្រែងទាំងនេះ គិតត្រឹមឆ្នាំ២០២៥ វៀតណាមបានចាត់ទុក ជាប្រទេសមួយ ក្នុងចំណោម២០ប្រទេស​ពាណិជ្ជកម្មកំពូលរបស់ពិភពលោក ២០ ទី​ដៅ​ពេញនិយមបំផុត​សម្រាប់ FDI និង​បច្ចុប្បន្នក៏ស្ថិតក្នុង​ចំណោម ១០ ប្រទេស ដែល​ទទួលបានប្រាក់​បញ្ញើពីអាណិកជនច្រើន​ជាងគេបំផុត នៅទូទាំង​ពិភពលោក​ផងដែរ។

លោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានថ្លែងថា៖ "វៀតណាមមានអត្រាកំណើនសេដ្ឋកិច្ចគួរ​ឱ្យចាប់អារម្មណ៍ខ្លាំង បរិយាកាសធុរកិច្ចអំណោយ​ផល ជាមួយនឹងទីផ្សារ ១០០ លាននាក់។ សហគ្រាសក៏មានទំនុក​ចិត្តយ៉ាងខ្លាំង នៅពេលឃើញរដ្ឋាភិបាលវៀតណាម មានវិធីសាស្រ្តសកម្មក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងបញ្ហា​ប្រឈមដែលអាចកើតមានឡើង។ សហគ្រាសអាមេរិកទាំងអស់ មានការចាប់អារម្មណ៍ខ្ពស់ចំពោះវៀតណាម។ ពួកគេមានការរំពឹងទុកយ៉ាងច្រើនចំពោះអនាគតភ្លឺស្វាងរបស់​វៀតណាម"។

 

"ដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់វៀតណាម គឺជា "អព្ភូតហេតុ"​ មួយ ពីប្រទេសក្រីក្រមួយបានងើបឡើង និងរីកចម្រើន។ ព្យាករណ៍ថានៅឆ្នាំ២០២៩ ទំហំ GDP របស់វៀតណាមនឹងឈានដល់ប្រមាណ ៦៧៦ ពាន់លានដុល្លារអាមេរិក ដោយតាមទាន់ប្រទេសថៃ (៦៧៦ ពាន់លានដុល្លារអាមេរិក) និងលើសប្រទេសសេដ្ឋកិច្ចអាស៊ានមួយចំនួនដូចជា សិង្ហបុរី (៦៥៦ ពាន់លានដុល្លារអាមេរិក) និងម៉ាឡេស៊ី (៥៩៤ ពាន់លានដុល្លារអាមេរិក)" - យោងតាមមជ្ឈមណ្ឌលព្យាករណ៍ និងវិភាគសេដ្ឋកិច្ចឯករាជ្យរបស់អង់គ្លេស (CEBR)


នៅឆ្នាំ២០២៥ វិស័យនាំចេញជលផល​របស់វៀតណាម ​បាន​រំពឹងថាអាចនឹងសម្រេចបាន ៩,២ ពាន់លានដុល្លារ​អាមេរិក ជាមួយ​នឹង​ការងើបឡើង​យ៉ាង​ខ្លាំង នៅក្នុង​ប៉ុន្មាន​ខែដើម​​ឆ្នាំ និងសក្តានុពលលូតលាស់ នៅក្នុង​ទីផ្សារថ្មីៗ ដូចជា អាស៊ាន ជប៉ុន កាណាដា និងប្រទេស​ក្នុងកិច្ចព្រមព្រៀង CPTPP ។ រូបថត៖​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

នៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលមានភាពប្រែប្រួលជាច្រើន វៀតណាមកំពុងឈរនៅចំពោះមុខឱកាសធំមួយ ដើម្បីផ្លាស់ប្តូរខ្លួនឯងឱ្យកាន់តែខ្លាំងក្លាថែមទៀត - ឆ្ពោះ​ទៅកាន់សេដ្ឋកិច្ចប្រកបដោយចីរភាព នវានុវត្តន៍ និងបរិយាប័ន្ន។ ដំណើរឆ្ពោះទៅមុខនៃ​នាវាសេដ្ឋកិច្ចវៀតណាម នឹងនៅតែមានបញ្ហាប្រឈម​ជាច្រើន ប៉ុន្តែជាមួយនឹងមូលដ្ឋានគ្រឹះ ដែលបានកសាងឡើង និងមហិច្ឆតាអភិវឌ្ឍប្រកបដោយចីរភាព វៀត​​ណាមអាចអំណះអំណាង​យ៉ាងពេញលេញនូវទីជំហរ​របស់ខ្លួន នៅលើឆាក​អន្តរជាតិ​៕

អត្ថបទ៖ កាសែតរូបភាពវៀតណាមសង្ខេប  រូបថត៖ កាសែតរូបភាពវៀតណាម​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​


top