វត្តអូជុំនារដូវកាលបុណ្យទាន

វត្តអូជុំនារដូវកាលបុណ្យទាន

វត្តអូជុំអារាមព្រែកចេក (ហៅ​វត្ត​អូជុំ) ស្ថិតនៅ​ភូមិ​វិញ​ថាញ​ (Vinh Thanh) ឃុំ​វិញ​ក្វើយ (Vinh Quoi) ទីរួម​ខេត្ត​ង៉ាណាំ (Nga Nam) ខេត្ត​សុក​ត្រាំង (Soc Trang) មាន​ប្រវត្តិ​ជាង​២០០ឆ្នាំ ជា​ប្រភព​ដើម​កំណើត​​ជំនឿ​ វប្បធម៌ កីឡា​ នៃ​សហគមន៍​ជនជាតិ​ខ្មែរ​ ដែល​មាន​អត្រា​ជាង​៣០%​នៃពលរដ្ឋ​នៅ​លើ​មូលដ្ឋាន​។​ នៅប៉ុន្មាន​ថ្ងៃនេះ មនុស្សគ្រប់គ្នា​ កំពុង​ព្រួត​ដៃ​បោះ​ទូក​ ង ក៏ដូចជា​ហាត់​ដើម្បី​បម្រើ​ពិធី​​ប្រណាំង​ទូក​ ង​ ប្រពៃណី​ប្រចាំ​ឆ្នាំ​។​


ស្វែងយល់​អំពី​របរ​ធ្វើ​ទូក​ ង របស់ជនជាតិ​ខ្មែរ​

ទូក ង បាន​ផ្សារភ្ជាប់ជិត​ដិត​នឹង​ជីវភាព​រស់នៅ​ដ៏យូរ​អង្វែង​នៃជនជាតិ​ខ្មែរ​ នៅ​តំបន់​ទឹក​ទន្លេ​ ហើយ​របរ​បោះទូក​ ង ក៏បាន​រីកចម្រើន​រួមដំណើរ​នឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាជន​។ ជាពិសេស​ នៅ​មុន​រដូវ​បុណ្យ​អក​អំបុក​ សំពះព្រះខែ​ ជា​ពិធីបុណ្យ​មួយ​ក្នុង​ចំណោមពិធីបុណ្យ​ទាន​ធំ​បំផុត​ នៃ​ជនជាតិ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ ដែលតែងតែ​ប្រព្រឹត្តិទៅ​នៅ​ខែកក្តិក​ សកម្មភាព​ជួស​ជុល​ និងបោះទូក ង ​ថ្មី ​មាន​ភាព​កុះករស្វាហាប់ឡើងវិញ​​។​

ជាង​ខ្មែរ​មាន​ថ្វី​ដៃ​នៅ​មូលដ្ឋាន​ រួម​នឹង​ព្រះសង្ឃ​វត្ត​អូជុំ​ មមាញឹក​បោះទូក ង ថ្មី​ សម្រាប់​ក្រុមកីឡាករ កីឡាការិនី​​ប្រណាំង​ទូក​ ង របស់វត្ត​។ ទូក​ ង​ មាន​រូប​រាង​ដូច​នាគ​រាជ​ ដងខ្លួន​ស្រឡោន​វែងឆ្ពោះទៅ​មុខ​ ក្បាល​អើតឡើងលើ​។ ទូក ង មាន​ច្រើនខ្ទង់​​​​ ខ្ទង់​នីមួយ​ៗ​មាន​បន្ទះ​ក្តារ​ទទឹង​ វែង​ប្រហែល​១,២ម៉ែត្រ​ ល្មម​សម្រាប់មនុស្សអង្គុយ​​​២នាក់ តម្រៀប​ជា​គូ​កាន់ច្រវា។​


វត្តអូជុំ​កំពុង​កសាង​ទូក​ ង ចំនួន​២​គ្រឿង​ ទូក​នីមួយ​ៗមាន​ប្រវែង​៣៣ម៉ែត្រ​ មាន​កម្លាំង​ផ្ទុក​ជាង​៥០នាក់ ដូចនេះ ការ​ជ្រើស​រើស​ឈើ​សម្រាប់​ដំណាក់កាល​នីមួយ​ៗ​មាន​ភាព​ហ្មត់ចត់ខ្លាំង​ណាស់​ ការ​តភ្ជាប់​ បង្កាជ្រាប​ទឹក​ និង​ភាព​ប្រណីត​។ល។ សុទ្ធតែ​ទាមទារ​ថ្វីដៃ​ និងការ​ផ្តោត​អារម្មណ៍​ខ្ពស់​ នៃ​ជាង​ម្នាក់ៗ​។ សំឡេង​ដាប់​ អារ ពូថៅ​ដំ សំឡេង​ម៉ាស៊ីន​ខួង​ សំឡេង​មនុស្ស​បង្គាប់​គ្នា ឮរំពងពេញ​ទីលាន​វត្ត​។ ព្រះតេជគុណ​ សឺន​ ផឿក​ឡើយ​ (Son Phuoc Loi) ព្រះចៅ​អធិការ​វត្ត​អូជុំ​មាន​ថេរដីការ​ថា៖ បច្ចុប្បន្ន​ វត្ត​ធ្វើ​ទូក​ ង សម្រាប់ក្រុមកីឡាបុរស​​បាន​សម្រេច​ជាស្ថានពរ​ហើយ នៅ​តែ​ទូក ង សម្រាប់ក្រុមកីឡា​នារី​ កំពុង​ក្នុង​ដំណាក់កាល​បង្ហើយ​ ជាង​កំពុង​ប្រញាប់​ធ្វើ​ឱ្យ​ទាន់​ពេល​ ទុក​សម្រាប់​ក្រុម​ហ្វឹក​ហាត់​ និងចូល​រួម​ដំណ្ដើម​រង្វាន់ទូក​ ង ប្រពៃណី​ប្រចាំ​ឆ្នាំក្នុង​ខេត្ត​ នារដូវ​បុណ្យ​​អក​អំបុក​។

ជនជាតិ​ខ្មែរ​ជឿជាក់ថា​ ទូក ង ជា​វត្ថុពិសិដ្ឋ​ ដូចនេះ​មុនពេល​ដាក់ទូក​ ង ថ្មី​ចុះទឹកសម្រាប់​ការ​ហ្វឹក​ហាត់ប្រណាំង ត្រូវ​ប្រារព្ភ​ពិធី​ដាក់ទូក​ ង ដើម្បី​ប្រកាសប្រាប់​អាទិទេព​ច្យុតិចុះមក​ឃុំគ្រង​ ជួយ​ទូក​ប្រណាំង​ប្រក​បដោយ​ជ័យ​លាភី​​ ពិធី​មានការចូលរួម​ពី​ព្រះសង្ឃ កីឡាករ និង​ពុទ្ធបរិសទ​ចំណុះ​ភូមិស្រុក​ចូលរួមយ៉ាងកុះករ។​

ក្បាច់​រចនា​ពិសេស​នៅលើទូក​ ង ច្រើនតែជា​ក្បាច់​ភ្ញី​ទេស​ ក្បាច់​ស្បូវ​ រំលេច​ដោយ​ពណ៌​ឆើត​ឆាយ។

ស្វាហាប់​ហ្វឹក​ហាត់​បម្រុង​សម្រាប់ពិធីបុណ្យ​អក​អំបុក

ទិដ្ឋភាព​វត្ត​អូជុំ​អារាម​ព្រែក​ចេក​ (ហៅ​វត្ត​អូជុំ) ស្ថិត​នៅ​ភូមិវិញ​ថាញ (Vinh Thanh) ឃុំ​វិញ​ក្វើយ​ (Vinh Quoi) ទី​រួម​ខេត្ត​ង៉ាណាំ (Nga Nam) ខេត្ត​សុក​ត្រាំង​ (Soc Trang)សំឡឹង​ពីទីខ្ពស់​

បាន​ដឹង​ថា វត្ត​អូជុំ​ជា​អង្គភាពមួយ ​ដែល​មាន​ប្រពៃណី​ និងស្នាដៃ​ក្នុង​ការ​ប្រណាំង​ទូក​ ង នៅ​មូលដ្ឋាន​។ វត្ត​មាន​ក្រុមកីឡាករប្រណាំង​ពីរ​ក្រុម ក្រុមកីឡាករទូក ង បុរស បង្កើត​នៅ​ឆ្នាំ២០០៥ ក្រុមកីឡាករទូក​ ង នារី​បង្កើត​នៅ​ឆ្នាំ​២០១៧ ទាំងពីរ​ក្រុម​សុទ្ធតែ​បានចូល​រួម​ការ​ប្រណាំង​ទូក​ ង ប្រពៃណី​ប្រចាំឆ្នាំនៅខេត្ត​សុក​ត្រាំង​ (Soc Trang) ក៏ដូចជា​ចូល​រួម​ពិធីប្រណាំទូក​មួយ​ចំនួន​នៅ​មូលដ្ឋាន​ជិត​ខាង ​ដែល​បាន​ចាត់តាំង​ឡើង​។​

ប្រការ​ពិសេស​មួយ​ ក្រុមកីឡាករ​ទូក​ ង នារី​វត្ត​អូជុំ​ កំពុង​ការ​ពារ​រង្វាន់​ជើង​ឯក​ នៃពិធី​ប្រណាំង​ទូក​ ង ទូទាំង​ខេត្ត​សុក​ត្រាំង​ (Soc Trang) ឆ្នាំ​២០២៣​ ហេតុ​នេះ​ កីឡាការិនី​ កំពុង​មមាញឹក​ហ្វឹកហាត់​ ប្តេជ្ញា​រក្សា​កិត្តិនាម​ដែលកំពុងមាន​។​ ឱ្យ​តែ​ដល់​ម៉ោង​២​រសៀល​ កីឡាការិនី​នឹង​ប្រជុំ​គ្នា​ហ្វឹក​ហាត់​នៅ​មាត់​ព្រែក​ ខាងមុខ​វត្ត​អូជុំ​ ពួកគាត់​ហ្វឹក​ហាត់​តាម​ទម្រង់​រូបភាព​ទូក​ ង ឱ្យបាន​ចេះ​ស្ទាត់ មុនពេល​ចុះអុំ​លើ​ទូក​ ង ជាក់ស្តែង​។ រូបភាព​នារី​ខ្មែរ​ពាក់​មួក​ស្លឹក​ ស្វាហាប់​ហ្វឹក​ហាត់​ មិនថា​ថ្ងៃក្តៅ​ ឬភ្លៀង​ អុំស្មើ​ច្រវា ទឹក​បែក​ពពុះ​ ធ្វើ​ល្អក់​មួយ​កំណាត់ព្រែក​ ទទួល​បាន​មនោសញ្ចេតនា​ ការគាំទ្រ លើកទឹក​ចិត្ត​ពី​មាមីង​នៅ​ក្នុង​តំបន់​។​


ក្រុម​កីឡាករ​បុរសនឹង​ហ្វឹកហាត់​នៅ​ក្រោយ​ពេលម៉ោង​៥​រសៀល​ មុននឹង​ហាត់​​​ពួកគាត់​នឹង​មាន​ការ​ចលនា​​កម្តៅ​សាច់ដុំ​ដោយ​លើក​​ទម្ងន់​ និងមេរៀនហាត់ប្រាណ​នៅ​ទីលាន​វត្ត​។ ក្រៅ​ម៉ោង​ពល​កម្ម​ ធ្វើការ​ ពួកគាត់​នឹង​ឆ្លៀត​ពេល​ហាត់​ ដើម្បី​ភាព​សប្បាយ​រីក​រាយ​ មោទនភាព​ ដែល​បាន​ចូល​រួម​ចំណែក​មួយ​ក្នុងការ​​ចលនា​កីឡា​នៃមូលដ្ឋាន​៕​

ក្រុម​កីឡាករ​ទូក​ ង នារី វត្ត​អូជុំ​ កំពុង​រក្សា​រង្វាន់​ជើង​ឯក​​ នារដូវ​ប្រណាំង​ទូក​ ង នៅខេត្ត​សុក​ត្រាំង​​ (Soc Trang)។​

វត្ត​អូជុំ​មាន​អាយុកាល​២សតវត្សរ៍​ ទើប​នឹង​បានកសាង​ថ្មី​ និងសម្ពោធឆ្លង​រោង​ឧបោសថ​នៅ​ដើមឆ្នាំ​២០២៣ បច្ចុប្បន្ន​វត្ត​កំពុង​សាងសង់​សមទ្ធិផល​ក្នុងទីលាន​វត្ត​ របងវត្ត​ជាដើម​ ហេដ្ឋរចនាសម្ពន្ធ​ផ្សេង​ៗ​ដូចជា​ផ្លូវ​ ស្ពាន ប្រឡាយ​ នៅ​មូលដ្ឋាន​ មួយថ្ងៃកាន់តែ​ល្អប្រសើរ​ រឹងមាំ ​រួម​ចំណែក​ផ្លាស់ប្តូរ​សម្ផស្ស​ជនបទ​ថ្មី​នៃមូលដ្ឋាន​។​

អត្ថបទ៖ Nguyen Giang, Ricon, Thong Hai, Son Nghia, Nguyen Luan

 


Top