វត្តអូជុំអារាមព្រែកចេក (ហៅវត្តអូជុំ) ស្ថិតនៅភូមិវិញថាញ (Vinh Thanh) ឃុំវិញក្វើយ (Vinh Quoi) ទីរួមខេត្តង៉ាណាំ (Nga Nam)...
វត្តអូជុំអារាមព្រែកចេក (ហៅវត្តអូជុំ) ស្ថិតនៅភូមិវិញថាញ (Vinh Thanh) ឃុំវិញក្វើយ (Vinh Quoi) ទីរួមខេត្តង៉ាណាំ (Nga Nam) ខេត្តសុកត្រាំង (Soc Trang) មានប្រវត្តិជាង២០០ឆ្នាំ ជាប្រភពដើមកំណើតជំនឿ វប្បធម៌ កីឡា នៃសហគមន៍ជនជាតិខ្មែរ ដែលមានអត្រាជាង៣០%នៃពលរដ្ឋនៅលើមូលដ្ឋាន។ នៅប៉ុន្មានថ្ងៃនេះ មនុស្សគ្រប់គ្នា កំពុងព្រួតដៃបោះទូក ង ក៏ដូចជាហាត់ដើម្បីបម្រើពិធីប្រណាំងទូក ង ប្រពៃណីប្រចាំឆ្នាំ។
ស្វែងយល់អំពីរបរធ្វើទូក ង របស់ជនជាតិខ្មែរ
ទូក ង បានផ្សារភ្ជាប់ជិតដិតនឹងជីវភាពរស់នៅដ៏យូរអង្វែងនៃជនជាតិខ្មែរ នៅតំបន់ទឹកទន្លេ ហើយរបរបោះទូក ង ក៏បានរីកចម្រើនរួមដំណើរនឹងតម្រូវការប្រើប្រាស់របស់ប្រជាជន។ ជាពិសេស នៅមុនរដូវបុណ្យអកអំបុក សំពះព្រះខែ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យទានធំបំផុត នៃជនជាតិខ្មែរក្នុងមួយឆ្នាំ ដែលតែងតែប្រព្រឹត្តិទៅនៅខែកក្តិក សកម្មភាពជួសជុល និងបោះទូក ង ថ្មី មានភាពកុះករស្វាហាប់ឡើងវិញ។
ជាងខ្មែរមានថ្វីដៃនៅមូលដ្ឋាន រួមនឹងព្រះសង្ឃវត្តអូជុំ មមាញឹកបោះទូក ង ថ្មី សម្រាប់ក្រុមកីឡាករ កីឡាការិនីប្រណាំងទូក ង របស់វត្ត។ ទូក ង មានរូបរាងដូចនាគរាជ ដងខ្លួនស្រឡោនវែងឆ្ពោះទៅមុខ ក្បាលអើតឡើងលើ។ ទូក ង មានច្រើនខ្ទង់ ខ្ទង់នីមួយៗមានបន្ទះក្តារទទឹង វែងប្រហែល១,២ម៉ែត្រ ល្មមសម្រាប់មនុស្សអង្គុយ២នាក់ តម្រៀបជាគូកាន់ច្រវា។
វត្តអូជុំកំពុងកសាងទូក ង ចំនួន២គ្រឿង ទូកនីមួយៗមានប្រវែង៣៣ម៉ែត្រ មានកម្លាំងផ្ទុកជាង៥០នាក់ ដូចនេះ ការជ្រើសរើសឈើសម្រាប់ដំណាក់កាលនីមួយៗមានភាពហ្មត់ចត់ខ្លាំងណាស់ ការតភ្ជាប់ បង្កាជ្រាបទឹក និងភាពប្រណីត។ល។ សុទ្ធតែទាមទារថ្វីដៃ និងការផ្តោតអារម្មណ៍ខ្ពស់ នៃជាងម្នាក់ៗ។ សំឡេងដាប់ អារ ពូថៅដំ សំឡេងម៉ាស៊ីនខួង សំឡេងមនុស្សបង្គាប់គ្នា ឮរំពងពេញទីលានវត្ត។ ព្រះតេជគុណ សឺន ផឿកឡើយ (Son Phuoc Loi) ព្រះចៅអធិការវត្តអូជុំមានថេរដីការថា៖ បច្ចុប្បន្ន វត្តធ្វើទូក ង សម្រាប់ក្រុមកីឡាបុរសបានសម្រេចជាស្ថានពរហើយ នៅតែទូក ង សម្រាប់ក្រុមកីឡានារី កំពុងក្នុងដំណាក់កាលបង្ហើយ ជាងកំពុងប្រញាប់ធ្វើឱ្យទាន់ពេល ទុកសម្រាប់ក្រុមហ្វឹកហាត់ និងចូលរួមដំណ្ដើមរង្វាន់ទូក ង ប្រពៃណីប្រចាំឆ្នាំក្នុងខេត្ត នារដូវបុណ្យអកអំបុក។
ជនជាតិខ្មែរជឿជាក់ថា ទូក ង ជាវត្ថុពិសិដ្ឋ ដូចនេះមុនពេលដាក់ទូក ង ថ្មីចុះទឹកសម្រាប់ការហ្វឹកហាត់ប្រណាំង ត្រូវប្រារព្ភពិធីដាក់ទូក ង ដើម្បីប្រកាសប្រាប់អាទិទេពច្យុតិចុះមកឃុំគ្រង ជួយទូកប្រណាំងប្រកបដោយជ័យលាភី ពិធីមានការចូលរួមពីព្រះសង្ឃ កីឡាករ និងពុទ្ធបរិសទចំណុះភូមិស្រុកចូលរួមយ៉ាងកុះករ។
ក្បាច់រចនាពិសេសនៅលើទូក ង ច្រើនតែជាក្បាច់ភ្ញីទេស ក្បាច់ស្បូវ រំលេចដោយពណ៌ឆើតឆាយ។
ស្វាហាប់ហ្វឹកហាត់បម្រុងសម្រាប់ពិធីបុណ្យអកអំបុក
ទិដ្ឋភាពវត្តអូជុំអារាមព្រែកចេក (ហៅវត្តអូជុំ) ស្ថិតនៅភូមិវិញថាញ (Vinh Thanh) ឃុំវិញក្វើយ (Vinh Quoi) ទីរួមខេត្តង៉ាណាំ (Nga Nam) ខេត្តសុកត្រាំង (Soc Trang)សំឡឹងពីទីខ្ពស់
បានដឹងថា វត្តអូជុំជាអង្គភាពមួយ ដែលមានប្រពៃណី និងស្នាដៃក្នុងការប្រណាំងទូក ង នៅមូលដ្ឋាន។ វត្តមានក្រុមកីឡាករប្រណាំងពីរក្រុម ក្រុមកីឡាករទូក ង បុរស បង្កើតនៅឆ្នាំ២០០៥ ក្រុមកីឡាករទូក ង នារីបង្កើតនៅឆ្នាំ២០១៧ ទាំងពីរក្រុមសុទ្ធតែបានចូលរួមការប្រណាំងទូក ង ប្រពៃណីប្រចាំឆ្នាំនៅខេត្តសុកត្រាំង (Soc Trang) ក៏ដូចជាចូលរួមពិធីប្រណាំទូកមួយចំនួននៅមូលដ្ឋានជិតខាង ដែលបានចាត់តាំងឡើង។
ប្រការពិសេសមួយ ក្រុមកីឡាករទូក ង នារីវត្តអូជុំ កំពុងការពាររង្វាន់ជើងឯក នៃពិធីប្រណាំងទូក ង ទូទាំងខេត្តសុកត្រាំង (Soc Trang) ឆ្នាំ២០២៣ ហេតុនេះ កីឡាការិនី កំពុងមមាញឹកហ្វឹកហាត់ ប្តេជ្ញារក្សាកិត្តិនាមដែលកំពុងមាន។ ឱ្យតែដល់ម៉ោង២រសៀល កីឡាការិនីនឹងប្រជុំគ្នាហ្វឹកហាត់នៅមាត់ព្រែក ខាងមុខវត្តអូជុំ ពួកគាត់ហ្វឹកហាត់តាមទម្រង់រូបភាពទូក ង ឱ្យបានចេះស្ទាត់ មុនពេលចុះអុំលើទូក ង ជាក់ស្តែង។ រូបភាពនារីខ្មែរពាក់មួកស្លឹក ស្វាហាប់ហ្វឹកហាត់ មិនថាថ្ងៃក្តៅ ឬភ្លៀង អុំស្មើច្រវា ទឹកបែកពពុះ ធ្វើល្អក់មួយកំណាត់ព្រែក ទទួលបានមនោសញ្ចេតនា ការគាំទ្រ លើកទឹកចិត្តពីមាមីងនៅក្នុងតំបន់។
ក្រុមកីឡាករបុរសនឹងហ្វឹកហាត់នៅក្រោយពេលម៉ោង៥រសៀល មុននឹងហាត់ពួកគាត់នឹងមានការចលនាកម្តៅសាច់ដុំដោយលើកទម្ងន់ និងមេរៀនហាត់ប្រាណនៅទីលានវត្ត។ ក្រៅម៉ោងពលកម្ម ធ្វើការ ពួកគាត់នឹងឆ្លៀតពេលហាត់ ដើម្បីភាពសប្បាយរីករាយ មោទនភាព ដែលបានចូលរួមចំណែកមួយក្នុងការចលនាកីឡានៃមូលដ្ឋាន៕
ក្រុមកីឡាករទូក ង នារី វត្តអូជុំ កំពុងរក្សារង្វាន់ជើងឯក នារដូវប្រណាំងទូក ង នៅខេត្តសុកត្រាំង (Soc Trang)។
វត្តអូជុំមានអាយុកាល២សតវត្សរ៍ ទើបនឹងបានកសាងថ្មី និងសម្ពោធឆ្លងរោងឧបោសថនៅដើមឆ្នាំ២០២៣ បច្ចុប្បន្នវត្តកំពុងសាងសង់សមទ្ធិផលក្នុងទីលានវត្ត របងវត្តជាដើម ហេដ្ឋរចនាសម្ពន្ធផ្សេងៗដូចជាផ្លូវ ស្ពាន ប្រឡាយ នៅមូលដ្ឋាន មួយថ្ងៃកាន់តែល្អប្រសើរ រឹងមាំ រួមចំណែកផ្លាស់ប្តូរសម្ផស្សជនបទថ្មីនៃមូលដ្ឋាន។
អត្ថបទ៖ Nguyen Giang, Ricon, Thong Hai, Son Nghia, Nguyen Luan