របាំ Xoe នៃប្រជាជននៅតំបន់ពាយព្យ

របាំ Xoe នៃប្រជាជននៅតំបន់ពាយព្យ

យោងទៅតាមរឿងព្រេង របាំ Xoe បាន​លេចចេញ​ប្រហែល ១០ សតវត្សមុន នាគ្រាដំបូង​របាំនេះ​គ្រាន់តែ​មាន​​សកម្មភាព​សាមញ្ញមួយ​ ដើម្បី​មនុស្សកាន់ដៃគ្នា​សំ​ដៅ​បំបាត់ការភ័យខ្លាចនៅក្នុងភ្នំព្រៃ នាពេលយប់។ បន្ទាប់មក​វាបានក្លាយជារបាំនៅតំបន់ភ្នំ ដែល​បាន​សម្តែង​ក្នុងឱកាស​នៃការបង្កើតភូមិ បានសម្តែង​ឱ្យបម្រើស្តេច ​បន្ទាប់មក​បានអភិវឌ្ឍ​យ៉ាងត្រចះត្រចង់ទៅជារបាំដ៏ល្បីល្បាញរបស់​ ជនជាតិថៃនៅភាគពាយ័ព្យ។ នៅខែធ្នូ ឆ្នាំ ២០២១ សិល្បៈ Xoe ថៃ ត្រូវបានអង្គការ UNESCO ចុះបញ្ជីជា​បេតិកភណ្ឌ​​វប្បធម៌​អរូបី​ដែល​តំណាងនឲ្យមនុស្សជាតិ។

ស្រុកកំណើតនៃរបាំ Xoe ថៃ

យោងតាមឯកសារបុរាណរបស់ជនជាតិថៃនៅភាគពាយ័ព្យ ប្រហែលសតវត្សទី ១០ មេកុលសម្ព័ន្ធតំបន់ មឿង​ឡូ  (Muong Lo) (ក្នុងខេត្ត អៀន​បាយ (Yen Bai)​ បច្ចុប្បន្ន​) គឺជា លោក​ ឡាក​ទ្រឿង (Lac Truong)​ដែលបានបង្កើត​សិល្បៈ Xoe ថៃ នេះឡើង ។ ហើយ​លោក​គឺជា​អ្នក​ដែលបានដឹកនាំជនជាតិថៃទៅកាន់តំបន់ មឿង​ស ( Muong So) (នៅក្នុងស្រុក ផុង​ថូ (Phong Tho) ខេត្ត ឡាយ​ចូវ (Lai Chau) សព្វថ្ងៃនេះ) ដើម្បីរាន​ដីនិង​ប​ង្កើត​ភូមិមួយ។ តាម​រឿងព្រេងនិទានថា​ តំបន់ថ្មីនេះ​គឺជាកន្លែង​ដែលរបាំ Xoe រីកចំរើននិងរីករាលដាល​ពាស​ពេញ​​ភាគ​ពាយ័ព្យ​។

 

ដំបូងឡើយ របាំ Xoe បាន​បង្រៀនដោយ​មេកុល​សម្ព័ន្ធ​លោក ឡាក​ទ្រឿង (Lac Truong) ​គ្រាន់តែជាវិធី​ដែលមនុស្សប្រុសស្រីកាន់ដៃគ្នា បង្កើតជាវង្វង់ជុំវិញភ្លើង។ បន្ទាប់មក ពួកគេបានរាំនិងស្រែក ដើម្បីបណ្តេញសត្វព្រៃ និង​បំបាត់​ការភ័យខ្លាច​តែប៉ុណ្ណោះ។  ថែមទាំងវា​បង្ហាញពី​សាមគ្គីភាព​ក្នុង​សហគមន៍ ផងដែរ។ ក្រោយមកទៀត ដើម្បីធ្វើអោយរបាំ Xoe កាន់តែមានភាពរស់រវើក ជនជាតិថៃ​បានលេង​ចាប៉ី Tian qin (មាន​ប្រភពដើម​មក​ពី​ប្រទេសចិន) ដែលរួមផ្សំ​ជាមួយស្គរ គង និងខ្មួស។ ចាប់តាំងពីពេលនោះមក របាំ Xoe ត្រូវបានគេ​សម្តែង​ក្នុងបណ្តាសកម្មភាព​វប្បធម៌​របស់​​​ជនជាតិថៃ តាំង​ក្នុងពីពិធីគ្រួសារតូចៗ ដូចជា ពិធីឡើងគេហដ្ឋានថ្មី ពិធីមង្គលការ ពិធីខ្លាន់ស្លា​រហូតដល់ពិធីបុណ្យធំៗនៃភូមិ។ ដូច្នេះហើយ ប្រជាជននៅតំបន់​ មឿង​ឡូ (Muong Lo) ជឿថា វង្វង់ Xoe កាន់តែធំ កាន់តែមានសុភមង្គល ឆ្នាំនោះ​​ម្រមូល​ផល​ជា​ច្រើន​សន្ធឹក​ ជីវិតកាន់តែរីកចម្រើន ហើយអ្នកភូមិកាន់​តែ​មាន​សុភមង្គល។

 

យោងតាមសិប្បករ ឡូវ៉ាន់ បៀន (Lo Van Bien) នៅសង្កាត់ ទ្រូង​តាម (Trung Tam) ទីរួម​ស្រុក ងៀឡូ ( Nghia Lo) ដែលជាអ្នកសិក្សាអំពីវប្បធម៌ថៃនៅ តំ​បន់​មឿង​ឡូ (Muong Lo) បាននិយាយថា សព្វថ្ងៃនេះ Xoe មានរបាំចំនួន ៣៦ ប៉ុន្តែរបាំទាំងអស់មាន​ប្រភពដើមនិង​បាន​កែប្រែពីរបាំ Xoe បុរាណចំនួន ៦ ។ របាំ Xoe បុរាណ​ទាំង ៦ នេះមិនត្រឹមតែសម្រាប់​ការសម្តែង​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវគំនិតនៃជីវិត របៀបគិត និងរបៀប​រស់​នៅរបស់សហគមន៍ជនជាតិថៃ​ជាច្រើន​ជំនាន់។ ឧទាហរណ៍ របាំ "​xoe រង្វង់" បង្ហាញពី​សាមគ្គីភាព និងការភ្ជាប់សហគមន៍; របាំ «លើកកន្សែង​អញ្ជើញស្រា » ដើម្បីបង្ហាញក្តីស្រលាញ់ចំពោះភ្ញៀវ​ដែលមកផ្ទះលេង​ត្រូវមានកែវស្រា ដើម្បីអញ្ជើញ; របាំ "រាំទៅមុខ ថយក្រោយ ទ្រេតចុះក្រោមធ្លាក់" បញ្ជាក់ថា ទោះបីជា​ស្ថានសួគ៌ និងផែនដីច្របូក​ច្របល់ក៏ដោយ ក៏ក្រុមជនជាតិ​ភាគតិចនៅតែមិនអាចបំបែកបានទេ; របាំ"បោះកន្សែង​” គឺជារបាំ Xoe ដ៏រស់រវើក និងអស្ចារ្យ​បំផុត ដែលបង្ហាញពីសេចក្តីរីករាយនៃមង្គលការ។ រីឯការឡើងផ្ទះថ្មីវិញ របាំ វង្វង់​និង​ទះ​ដៃ បង្ហាញពីការ​ពេញចិត្ត ធូរធារ....

ជួង ស្គរ និងបន្ទះ​​ឫស្សី​បង្កើត​ចង្វាក់​ក្នុង​ពិធីបុណ្យ Xoe របស់​ជនជាតិ​ថៃ​នៅ​ភាគ​ពាយ័ព្យ។ រូបថត៖ ឯកសារ VNP

មុនពេលជ័យជំនះ​ ឌៀន​បៀន​ភូ (Dien Bien Phu)​ (ឆ្នាំ ១៩៥៤) តំបន់រស់នៅ​របស់​ជន​ជាតិ​ថៃទាំងមូលនៅ មឿង​ស (Muong So) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ "ស្តេចថៃ" ដែវ វ៉ានអឹន (Deo Van An)​​ ដែល​ជា​ព្រះអង្គរ​ស្រលាញ់របាំ Xoe ដូច្នេះហើយមានក្រុម Xoe រាប់រយ​នៅក្នុងតំបន់។ ពិធីបុណ្យ Xoe ត្រូវបានធ្វើឡើងជា​ទៀងទាត់​។ ក្នុងឱកាសពិធីបុណ្យ Xoe បានរៀបចំ​ប្រុសស្រីជនជាតិថៃបានប្រមូលផ្តុំគ្នានៅមាត់ទន្លេ​ ណឹម​ណា (Nam Na) ដើម្បីនិយាយ ស្គាល់គ្នា និងរាំរបាំ Xoe ជាមួយគ្នា។ ពេលយប់មកដល់ ការច្រៀងហៅមិត្ត  សំឡេងនៃ​ចា​ប៉ី​ Tian qin បានបន្លឺឡើង ​ក្រោម​ពន្លឺ​ភ្លើង​​ដ៏ភ្លឺចែងចាំង បង្កើតរាត្រី​ Xoe កាន់តែស្រមើស្រមៃ​និងរង្វង់ Xoe កាន់តែធំទៅៗ ម្តងៗ ហាក់ដូចជា​មិនចេះ​ចប់។

 

យោង​តាមលោក​ស្រីសាស្ត្រាចារ្យរង ​បណ្ឌិត ង្វៀន​ ធី​ហៀន ( Nguyen Thi Hien) អតីត​នាយិការង​នៃ​វិទ្យាស្ថាន​វប្បធម៌ និង​សិល្បៈ​ជាតិ​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា ជា​មូល​ដ្ឋាន​នៃរបាំ Xoe មាន​បី​ប្រភេទ​សំខាន់ៗ៖ ពិធី Xoe សម្តែងរបាំ Xoe និង Xoe រង្វង់​។ ចាប់ពីឆ្នាំ ១៩៩០​រហូតមកដល់បច្ចុប្បន្ន ក្លឹបរបាំ Xoe ថៃ បានរីកចម្រើន ហើយនៅឆ្នាំ ២០១៩ ខេត្ត អៀន​បាយ (Yen Bai​) មាន​ក្រុមប្រហែល ១៨០ ក្រុម ខេត្ត ឌៀន​បៀន (Dien Bien) មាន ១២៧៣ ក្រុម ខេត្ត ឡាយ​ចូវ (Lai Chau) មានជាង ១០០ ក្រុម ហើយខេត្ត សើន​ឡា ( Son La) មានប្រហែល ១៧០០ ក្រុម ... ដែល​បង្កើត​ចំនួន​សិល្បករ សល្បការិនីសម្តែង​របាំ​ Xoe កាន់តែ​ច្រើន​ជាង ។

អាចនិយាយបានថា ក្នុងសម័យអាណានិគមបារាំង ពីរបាំប្រជាប្រិយ របាំ Xoe បានក្លាយជា "របាំមួយ​បាន​សម្តែង​ក្នុង​រាជ​វាំង" ដែលបម្រើដល់មេកុលសម្ព័ន្ធ​នៅ​ភូមិភាគពាយ័ព្យ និងមន្ត្រី​បារាំង។ សិល្បការិនី ឡូ​ធី​ផែ (Lo Thi Phe) (បាន​ទទួល​មរណភាព​ហើយ) ដែលធ្លាប់បំរើការក្នុងក្រុមរបាំ Xoe របស់ស្តេច ដែវ​វ៉ាន់​អឹន (Deo Van An) បាននិយាយថា ក្រុម Xoe មកពី តំបន់​មឿង​ស (Muong So) មុនឆ្នាំ ១៩៥៤​បានរួម​ធ្វើ​ដំណើរជាមួយជនជាតិបារាំងទៅកាន់ទីក្រុងប៉ារីស (បារាំង) ដើម្បីសំដែងរបាំ Xoe ផ្កា , របាំ Xoe មួក  របាំ Xoe ផ្កាជើងគោរ របាំ Xoe កន្សែង ... ជាពិសេស បានទាក់ទាញជនជាតិលោកខាងលិចនៅពេលនោះ។

ឆ្លងកាត់នៃពេលវេលា ពីតំបន់​មឿង​ឡូ (Muong Lo) ​មឿង​ស (Muong So) រហូតមកដល់បច្ចុប្បន្ន របាំ Xoe បានអភិវឌ្ឍយ៉ាងត្រចះត្រចង់ ក្លាយជា “កំណប់” វប្បធម៌​របស់​ប្រជាជនថៃ​និងជារបាំរួម​ដែល​ជានិមិត្តរូបនៃ​សាមគ្គីភាព​របស់ជនជាតិភាគពាយព្យ។

ទេសចរណ៍ស្រុក​កំណើត​នៃ​របាំ Xoe

នៅភាគពាយ័ព្យសព្វថ្ងៃនេះ មានតំបន់ចំនួន ៤ ដែល​មានប្រជាជនថៃរស់នៅយ៉ាងច្រើន​កុះកគឺស្រុក មឿង​ថាញ (Muong Thanh) (ខេត្ត ឌៀប​បៀន (Dien Bien)), ស្រុក​ មឿង​ឡូ (Muong Lo) (ខេត្ត​ អៀនបាយ (Yen Bai)), ស្រុក មឿង​ថាន (Muong Than) (ខេត្ត ឡាយ​ចូវ (Lai Chau)) និង ស្រុក​ មឿង​តាច (Muong Tac) (ខេត្ត​ សើន​ឡា (Son La))។ នៅ​ទីនោះ​មាន​មានក្រុម Xoe ល្បីៗ ដូច្នេះហើយពេលភ្ញៀវមកទស្សនា​មួយ​ក្នុង​ចំណោម​បណ្តាស្រុក​ខាង​លើ​នេះ ​ភ្ញៀវ​នឹងមានឱកាស​រីករាយជាមួយ "ពិធី​ជប់​លៀង Xoe" ពិសេស​របស់​អ្នកស្រុក ព្រោះវាហាក់បីដូចជា​នៅទីណាដែល​មានប្រជាជនថៃរស់នៅ ទីនោះមានសិល្បៈ Xoe ។

 

យោងតាមលោកស្រី ដូ​ធី​តាក (Do Thi Tac) ​អ្នក​ស្រាវជ្រាវ​និង​ប្រមូលវប្បធម៌ប្រជាប្រិយ​ នៅខេត្ត ឡាយ​ចូវ (Lai Chau) បានឲ្យដឹងថា Xoe គង​គឺជា​ពិធីបុណ្យធំ​បំផុត​នៃ​និទាឃរដូវរបស់សហគមន៍ជនជាតិ​ថៃ ​នៅ​ភាគពាយ័ព្យ និងជាពិសេសនៅ​ស្រុក ​មឿង​ថាញ (Muong Thanh) ។ ជនជាតិថៃសរៀបចំ Xoe គង ដើម្បីបួង​សួង​អាកាសធាតុអំណោយផល​ ដំណាំល្អ​និងភូមិដ៏សុខសាន្ត។ ពិធីបុណ្យ Xoe គង​មាន​ភាព​ល្បីល្បាញខ្លាំងណាស់ ដែល​វាត្រូវបានប្រដូច​ទៅ​នឹងពិធីបុណ្យមួយ។ ពីព្រោះ​ ពិធីបុណ្យ Xoe គង​មានរបាំដ៏ទាក់ទាញជាច្រើន ដូចជាពិធីជប់លៀងដែ​ល​មានមុខម្ហូបឆ្ងាញ់ៗជាច្រើន។

 

នៅ​ក្នុង​សំឡេង​ពិរោះ​នៃ​ចាប៉ី Tian qin ​លាយឡំ​ជាមួយ​នឹងសម្លេង​​សើច​របស់​ប្រុស​ស្រី​នៃ​ភូមិ​ឆ្ងាយ​បាន​មក​និង​ប្រមូល​គ្នា។ សំឡេង​គង និង​ស្គរ​ដាស់​តឿន​ភ្ញៀវទេសចរ​ឲ្យ​ចូល​រួម​ក្នុង​ពិធីបុណ្យ​នេះ។ នៅពេលនោះ មិនរើសអើង​ជនជាតិថៃ ជនជាតិម៉ុង ឬជនជាតិយ៉ាវ ឬដីទំនាប ឬខ្ពង់រាប តំបន់​ភ្នំព្រៃទេ... ពួកគេទាំងអស់បានកាន់ដៃគ្នា​យ៉ាងតឹងរ៉ឹង​ បង្កើតជាវង្វង់ Xoe ហើយរាំតាមចង្វាក់​ភ្លេង​នៃសំឡេងចាប៉ី Tian qin បន្លឺឡើងជុំវិញភ្លើង សម្លឹងមើល​ពីចម្ងាយ​ ប្រដូច​ជា​ផ្កាជើង​គោ​យក្សរីកនៅ​កណ្តាល​ភ្នំ និងព្រៃឈើ។

 

នៅជ្រលងភ្នំក្នុងស្រុក ឌៀន​បៀន (Dien Bien) និងទីក្រុង ឌៀន​បៀនភូ (Dien Bien Phu) ដែល​ជាកន្លែង​រស់​នៅរបស់ជនជាតិថៃខ្មៅ របាំ Xoe ត្រូវបាន​យក​ចិត្តទុក​ដាក់​និង​កសាង​ជាផលិតផលទេសចរណ៍​​សំខាន់ដោយគណៈកម្មាធិការប្រជាជនខេត្ត។ ដូច្នេះហើយ មកដល់ខេត្ត ឌៀន​បៀន (Dien Bien) ថ្ងៃនេះ ភ្ញៀវ​ទេសចរណ៍មិនត្រឹមតែទៅទស្សនាតំបន់ទេសភាពប៉ុណ្ណោះទេ ស្វែងយល់ពីកេរ្តិ៍​ដំណែលប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​ជាមួយជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) "ល្បី​ល្បាញក្នុងទ្វីបទាំងប្រាំ"... ប៉ុន្តែថែមទាំង​អាចស្វែងយល់ពី​សម្រស់ដ៏គួរឱ្យទាក់ទាញរបស់ពិធីបុណ្យ Xoe ទៀតផង។ រាត្រីពិធីបុណ្យនេះ​មានក្រុម Xoe ជាង ១០០០ ក្រុម នៅក្នុងភូមិដូចជា ភូមិ​ មេន (Men) ភូមិ តែន (Ten)  ភូមិ កមី (Co My) ភូមិ ភៀងឡើយ (Phieng Loi) ... របស់ជនជាតិថៃខ្មៅ ដែលតែងតែ​ត្រៀមខ្លួនជាស្រេច ដើម្បីសម្តែង​ជូនភ្ញៀវទស្សនា។

កម្មវិធីសម្តេង Xoe បុរាណដ៏ធំបំផុតក្នុងប្រទេសវៀតណាម - ការបង្កើតឯកទគ្គកម្ម Guiness វៀតណាមឆ្នាំ ២០១៩ នៅទីរួម​ស្រុក ងៀ​ឡុ (Nghia Lo) ​ដោយមានការចូលរួម​ពី​​សិល្បករ សិល្បការិនី​មិន​មាន​អាជីពជាង ៥០០០​នាក់ រួមទាំងរបាំបុរាណដ៏ល្បីល្បាញចំនួន ៦ របស់តំបន់​ មឿង​ឡូ (Muong Lo) ។ រូបថត៖ VNA

ជនជាតិថៃនៅស្រុក​ ម៉ាយ​ចូវ (Mai Chau) (ខេត្តហ័រ​ប៊ិញ (Hoa Binh)) ក៏បង្កើតក្រុម Xoe ដើម្បីបម្រើភ្ញៀវ​ទេសចរណ៍ផងដែរ។ ជាគំរូគឺភូមិ ឡាក (Lac) ភូមិ ប៉ម កោង (Pom Coong) គឺជាភូមិអភិវឌ្ឍន៍ទេសចរណ៍​សហគមន៍​ចំនួនពីរដែលមានក្រុម Xoe ជិត ១០ ក្រុម ។ លោកស្រី វី ធីទៀត (Vi Thi Tuyet) សមាជិការក្រុម Xoe នៅភូមិ ឡាក (Lac) បានសារភាពថា៖ "សម្រាប់​ជនជាតិថៃ​យើង របាំ Xoe មិនចាំបាច់បង្រៀនទេ យើងស្គាល់ Xoe នាពេលធំឡើង"។

សម្រាប់ជនជាតិថៃ របាំ Xoe គឺដូចជាផ្នែកមួយនៃជីវិត ដូចជាអាហារ និងទឹកជារៀងរាល់ថ្ងៃ។ របាំ Xoe មិនត្រឹមតែជាមុខម្ហូបខាងវិញ្ញាណ ដែលមិនអាចខ្វះបាន​របស់ជនជាតិថៃប៉ុណ្ណោះទេ។ ប៉ុន្តែវាបានក្លាយទៅជា​វប្បធម៌រួមរបស់សហគមន៍បណ្តាជនជាតិនិងជាផលិតផលវប្បធម៌និងទេសចរណ៍តែមួយគត់របស់ភូមិភាគពាយ័ព្យសព្វថ្ងៃនេះ។/.

  • អត្ថបទ៖ ផុង​ធូ
  • រូបថត៖ កាសែតរូបភាពវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • បច្ចេកទេស កាហ្រ្វិក៖ ត្រាងញុង  

 

 

 


 


Top