រដ្ឋធានី ហាណូយ (Ha Noi) ទាញយកភាពប្រៀបខ្លាំងនៃ រុក្ខជាតិឱសថ
ជាមួយនឹងធនធាន រុក្ខជាតិឱសថសម្បូរប្រភេទ រដ្ឋធានី ហាណូយ (Ha Noi) បានប្តេជ្ញាចិត្តអភិវឌ្ឍតំបន់ឯកវប្បធម្មដាំរុក្ខជាតិឱសថ និងបង្កើតខ្សែសង្វាក់ផលិតកម្ម រក្សាទុក និងកែច្នៃ នាំយករុក្ខជាតិឱសថក្លាយជាដំណាំសំខាន់មួយ និងក្លាយជាភាពប្រៀបខ្លាំងជាបណ្តើរៗ...
នាពេលថ្មីៗនេះ ក្រោមម្លប់ព្រៃធម្មជាតិនៅឃុំ ណាមសើន (Nam Son) ស្រុក សុកសើន (Soc Son) (រដ្ឋធានី ហាណូយ) ប្រជាជនក្នុងតំបន់បាននាំយករុក្ខជាតិឱសថមកដាំ។ នេះជាទិសដៅថ្មីដែលមិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើផង ថែមទាំងបង្កើតប្រភពចំណូលនិរន្តរភាពផងដែរ។ អ្នកផ្តួចផ្តើមគំរូដាំ និងអភិរក្សរុក្ខជាតិឱសថក្រោមម្លប់ព្រៃឈើធម្មជាតិនៅឃុំ ណាមសើន (Nam Son) គឺលោកស្រី ផាមធីលី (Pham Thi Ly) នាយិការសហភាពសហករ ណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាម ។ ដោយផ្តើមចេញពីតម្រូវការអភិរក្សប្រភេទឱសថ វៀតណាម លោកស្រី ផាមធីលី (Pham Thi Ly) និងប្រជាជនក្នុងតំបន់បានកសាងគំរូនេះ។
ឃុំ ណាមសើន (Nam Son) ស្ថិតនៅភាគអាគ្នេយ៍នៃជួរភ្នំ តាមដាវ (Tam Dao) ជាកន្លែងដែលមានលក្ខខណ្ឌល្អប្រសើរសម្រាប់ការអភិវឌ្ឍគំរូដាំដុះ អភិរក្ស និងអភិវឌ្ឍឱសថក្រោមម្លប់ព្រៃឈើ ហើយនេះជាហេតុផលដែលសហភាពសហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាម បានជ្រើសរើស ដើម្បីកសាង និងអភិវឌ្ឍគំរូ៖ ភូមិអភិរក្ស ឱសថ និងតែផ្កាពណ៌លឿងនៅជើងភ្នំ តាមដាវ (Tam Dao)។ ក្នុងអំឡុងពេលពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន សហភាពសហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាមបាននាំយកប្រភេទឱសថប្រមាណ ៤០ ប្រភេទ មកឃុំ ណាមសើន (Nam Son) ដើម្បីស្រាវជ្រាវ និងបង្កាត់ពូជ ហើយគ្រោងនឹងបន្តស្រាវជ្រាវប្រភេទឱសថមួយចំនួនទៀត ដែលសហភាពសហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាម បានចាត់ទុកថា ជាប្រភេទឱសថរុក្ខជាតិសមស្របនឹងជាតិដីក្នុងតំបន់នេះ។
លោកស្រី ផាមធីលី (Pham Thi Ly) នាយីកានៃសហភាពសហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាមមានប្រសាសន៍ថា៖ “ទទួលការគាំទ្រពីអាជ្ញាធរ និងប្រជាជនឃុំ ណាមសើន (Nam Son) រហូតមកដល់ពេលនេះ យើងបានចលនាគ្រួសារមួយចំនួន ចូលរួមក្នុងគំរូនេះ។ ជាដំបូង គេបានបង្កើត “ភូមិអភិរក្សឱសថរុក្ខជាតិ និងតែផ្កាពណ៌លឿងនៅជើងភ្នំ តាមដាវ (Tam Dao)” ដែលមានផ្ទៃដីព្រៃឈើ និងសួនច្បារលើភ្នំជាង ៥០ ហិកតា ក្នុងនោះមានដើមតែផ្កាពណ៌លឿងជាង ១០.០០០ដើមលើផ្ទៃដីជិត ១០ ហិកតានោះ។”
គោលដៅនៃខ្សែសង្វាក់នេះគឺចាប់ពីការដាំ អភិរក្ស អភិវឌ្ឍ រហូតដល់ការកែច្នៃឱសថក្លាយទៅជាផលិតផលអាហារបំប៉ន និងលើសពីនេះទៀតគឺថ្នាំថែទាំសុខភាពប្រជាជនវៀតណាម បញ្ជាក់ពីម៉ាកឱសថវៀតណាម។ ដំបូង គំរូរបស់សហភាពសហករណ៍កសិកម្មសរីរាង្គ និងឱសថវៀតណាម មានផលិតផលឱសថដែលមានតម្លៃ ដែលត្រូវបានទីផ្សាពេញនិយមដូចជា៖ តែផ្កាពណ៌លឿង ផ្សិតដង្កូវ ស្រាឱសថបុរាណ... ក្នុងនោះ តែផ្កាពណ៌លឿង ជាមួយនឹងគុណភាពលេចធ្លោត្រូវបាន ណាមផាត (Nam Phat) គ្រុបប្រមូលទិញ និងអមដំណើរ។
យល់ច្បាស់ពីតម្លៃនៃធនធានរុក្ខជាតិឱសថ តាមរយៈនោះក៏បានអនុវត្តល្អកិច្ចការអភិរក្ស និងអភិវឌ្ឍពូជរុក្ខជាតិឱសថប្រកបដោយនិរន្តរភាព រដ្ឋធានី ហាណូយ (Ha Noi) ទើបតែបានចេញផែនការអភិវឌ្ឍរុក្ខជាតិឱសក្នុងឆ្នាំ ២០២៤ - ២០២៥។
យោងតាមផែនការ ជារៀងរាល់ឆ្នាំ រដ្ឋធានី ហាណូយ (Ha Noi) រៀបចំ ៣ថ្នាក់ រយៈពេល ៣ ថ្ងៃ/១ថ្នាក់ ដោយមានសិក្ខាកាមចូលរួមចំនួន ៣០ នាក់/ថ្នាក់ ហ្វឹកហាត់អំពីវិធីសាស្រ្តគ្រប់គ្រង រៀបចំសម្រាប់អ្នកគ្រប់គ្រង បុគ្គលិកបច្ចេកទេសក្នុងការផលិត ប្រើប្រាស់ផលិតផលឱសថ។ រៀបចំ ចំនួន ៣ ថ្នាក់ មានសិក្ខាកាមចំនួន ៣០ នាក់/១ថ្នាក់ ហ្វឹកហាត់អំពីការអនុវត្តល្អការដាំដុះ និងប្រមូលឱសថតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីបង្កើតប្រភពវត្ថុធាតុដើមដែលមានគុណភាពសម្រាប់ការផលិតថ្នាំ។ រៀបចំចំនួន ២០ ថ្នាក់ រយៈពេល ៣ ថ្ងៃ/១ថ្នាក់ ដោយមានសិក្ខាកាមចូលរួមចំនួន ៥០ នាក់/១ថ្នាក់ ហ្វឹកហាត់អំពីបច្ចេកទេសដាំដុះ ថែទាំ និងប្រមូលផលរុក្ខជាតិឱសថ ជំងឺមួយចំនួនដែលធ្លាប់ជួប និងវិធីបង្ការ ចំណេះដឹងអំពីកិច្ចសហការផលិតកម្មឱសថតាមខ្សែសង្វាក់តម្លៃ; បណ្ដាស្តង់ដារមូលដ្ឋាននៃ GACP (អនុវត្តល្អការដាំដុះ ចិញ្ចឹម និងប្រមូលផល) organic និងគ្រប់គ្រងផលិតកម្មខ្នាតគ្រួសារ។
មកទល់នឹងបច្ចុប្បន្ន រដ្ឋធានី ហាណូយ (Ha Noi) មានផ្ទៃដីប្រមាណ ២៥០ ហិកតា ដែលបានដាំរុក្ខជាតិឱសថ ប្រមូលផ្តុំភាគច្រើននៅបណ្ដាស្រុក និងទីរួមខេត្តមួយចំនួន ដូចជា៖ ស្រុក សុកសើន (Soc Son) ស្រុក ភូស្វៀន (Phu Xuyen) ស្រុក ដុងអាញ (Dong Anh) ស្រុក សើនតី (Son Tay) ស្រុក ក្វឹកអ័យ (Quoc Oai) ស្រុក ចឿងមី (Chuong My) និង ស្រុក បាវី (Ba Vi)។ ប្រភេទរុក្ខជាតិឱសថចម្រុះប្រភេទដូចជា៖ ត្រប់ពុតលំញងវល្លិ៍, ផ្កា honeysuckle, ដើមពោល្យំ តែផ្កាពណ៌លឿង, ផ្កាម្លិះ... ជាពិសេស ប្រភពហ្សែននៃឱសថដែលដាំនៅរដ្ឋធានី ហាណូយ (Ha Noi) មានភាពចម្រុះជាមួយនឹងប្រភពហ្សែនជាង ១៧០ ប្រភេទ ដែលបានដាំប្រមូលផ្ដុំក្នុងភូមិសាស្ត្រនៅស្រុក សុកសើន (Soc Son) និង ស្រុក បាវី (Ba Vi)។ នេះគឺជាស្រុកភ្នំទាំងពីរដែលមានព្រៃឈើ និងលក្ខខណ្ឌអាកាសធាតុសមស្របសម្រាប់ការលូតលាស់នៃរុក្ខជាតិឱសថ។
លោកស្រី ង្វៀន ធីធូហាំង (Nguyen Thi Thu Hang) នាយិកាសាខា នៃនាយកដ្ឋានគុណភាព កែច្នៃនិងអភិវឌ្ឍទីផ្សារហាណូយ (Ha Noi) បានឲ្យដឹងថា៖ ចាប់ពីឆ្នាំ ២០២០ មក ទីក្រុងហាណូយបានសាកល្បងគំរូដាំរុក្ខជាតិឱសថប្រកបដោយនិរន្តរភាព ស្ថិរភាព។ ជាដំបូង គំរូទាំងនេះមានប្រសិទ្ធភាព បង្កើតតំណខ្សែសង្វាក់ ភ្ជាប់ផលិតកម្មជាមួយនឹងការប្រើប្រាស់ និងការកែច្នៃរុក្ខជាតិឱសថ រួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាជន។ ទន្ទឹមនឹងនោះ គឺបើកទិសដៅថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងអភិវឌ្ឍតំបន់ដីភ្នំ។
លោក តា វ៉ាន់តឿង (Ta Van Tuong) អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទរដ្ឋធានី ហាណូយ (Ha Noi) បានអះអាងថា ដើម្បីអភិវឌ្ឍរុក្ខជាតិឱសថប្រកបដោយនិរន្តរភាព ត្រូវមានទំនាក់ទំនងជិតស្និទ្ធរវាងសហគ្រាស និងអ្នកផលិត ព្រោះការផលិតរុក្ខជាតិឱសថទាមទារស្តង់ដារ និងបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ប្រសិនបើប្រជាជនដាំរុក្ខជាតិឱសថដោយឯកឯង ពិបាកឆ្លើយតបនឹងស្តង់ដារបច្ចេកទេស។ ដូច្នេះហើយ ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវវិស័យកសិកម្មរបស់រដ្ឋធានី ហាណូយ (Ha Noi) ទីក្រុងកំណត់ថា អភិវឌ្ឍតំបន់ឯកវប្បកម្មដាំរុក្ខជាតិឱសថ និងបង្កើតខ្សែសង្វាក់ផលិតកម្ម រក្សាទុក និងកែច្នៃ គឺជាភារកិច្ចយុទ្ធសាស្ត្រ និងសំខាន់ ដើម្បីកម្លាយរុក្ខជាតិឱសថបន្តិចម្តងៗ ក្លាយជាដំណាំមុខស្រួច./.
អត្ថបទ និងរូបថត៖ ហ័ងហា/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង