មនុស្សយន្តបម្រើក្នុងហាងកាហ្វេ
ហាងកាហ្វេនាពេលអនាគតរបស់ Twitter Bean Coffee មានទីតាំងនៅផ្លូវ វូផាមហាម (Vu Pham Ham) ខណ្ឌ កូវយ៉ៃ (Cau Giay) ដែលបម្រើដោយមនុស្សយន្តជាលើកដំបូងនៅរដ្ឋធានីហាណូយ។
លោកស្រី ឡឹម គៀវអ័ញ (Lam Kieu Oanh) ស្ថាបនិក Twitter Bean Coffee មានប្រសាសន៍ថា “គំនិតនេះកើតចេញពីបំណងនាំយកបច្ចេកវិទ្យាកាន់តែខិតជិតនឹងជីវិត ឆ្ពោះទៅរកយុវវ័យ។ យើងចង់បង្កើតកន្លែងសម្រាប់អតិថិជន ដើម្បីទទួលយកបទពិសោធន៍បច្ចេកវិទ្យាប្រកបដោយភាពរាក់ទាក់ និងភាពធម្មតា ភ្ញៀវគ្រប់គ្នានឹងឃើញថា បច្ចេកវិទ្យា និង AI មិនមានគម្លាតឆ្ងាយ តែងតែភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃ”។
ការដាក់មនុស្សយន្តឱ្យដំណើរការក៏ពិបាកដែរ ក្រុមប្រតិបត្តិការត្រូវរៀបចំកាយវិការលម្អិតនីមួយៗ នៃដៃរបស់មនុស្សយន្ត ដូចជា ការកាន់ស្លាបព្រា យកទឹកក្តៅ ឬចាក់ទឹកកកឱ្យបានត្រឹមត្រូវ។ ការរចនាផ្លូវ ល្បឿននៃការធ្វើដំណើរ និងអន្តរកម្មក៏ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្នផងដែរ ដើម្បីធានាសុវត្ថិភាព។
យោងតាមលោកស្រី អ័ញ (Oanh) មានបញ្ហាប្រឈមដ៏ធំគឺធ្វើយ៉ាងណាឱ្យភ្ញៀវពិសារកាហ្វេមានអារម្មណ៍ថាមនុស្យយន្តមានភាពរាក់ទាក់ ជិតស្និទ្ធ និងជំនួសឱ្យការក្រែងរអែង។ មនុស្សយន្តមិនជំនួសមនុស្ស គ្រាន់តែនាំមកនូវបទពិសោធន៍ ដែលគួរឱ្យចាប់អារម្មណ៍ និងងាយស្រួលជាង។ ស្ថាបនិកបានចែករំលែកថា "ជារៀងរាល់ថ្ងៃ យើងកាន់តែសប្បាយរីករាយ នៅពេលដែលបានឃើញការងាររបស់មនុស្សយន្ត ពីសកម្មភាពដាច់ដោយឡែក រហូតដល់ការភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ក្នុងហាង។ នោះមិនត្រឹមតែជាអារម្មណ៍ភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាក្តីសុភមង្គលពីលទ្ធផលនៃការច្នៃប្រតិដ្ឋផងដែរ" ។
បច្ចុប្បន្ននេះ ហាងនេះមានមនុស្សយន្តចំនួន៤ ដែលមានឈ្មោះដែលធ្លាប់ស្គាល់គឺ "បាវ (Bao)", "ធឺ (Thu)", "ជី (Chi)" និង "ទូ (Tu)" មនុស្សយន្តនីមួយៗមានតួនាទីដាច់ដោយឡែកពីគ្នា ដូចជា លាយភេសជ្ជៈ សរសេរអក្សរក្បាច់ ថតរូប និងបម្រើ។ មនុស្សយន្ត "បាវ( Bao)" - ប្រៀបបានដូចជាឆ្មាបច្ចេកវិជ្ជា អាចបម្រើចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១១ យប់។ ជាមួយនឹងសមត្ថភាពអាចស្គាល់ និងអន្តរកម្ម តាមរយៈក្បាល និងត្រចៀក "បាវ( Bao)" " នាំមកនូវអារម្មណ៍រីករាយដល់អតិថិជន ជាពិសេសកុមារ។
ទន្ទឹមនឹងនេះដែរ "ទូ (Tu)" ដែលជា barista robotមានតួនាទីជាអ្នកលាយភេសជ្ជៈ ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់។ កាហ្វេមួយពែង ដែលបានឆុងដោយ "ទូ (Tu)" ចំណាយពេលប្រហែល ២,៥ ទៅ ៣,៥នាទី ស្មើ ឬលឿនជាងមនុស្ស។ ការបង្កើតកម្មវិធីសម្រាប់ "ទូ (Tu) " តម្រូវឱ្យមានភាពហ្មត់ចត់ សម្រាប់ព័ត៌មានលម្អិត៖ ចាប់ពីទទឹងបាតដៃរបស់មនុស្សយន្ត រហូតដល់ភាពត្រឹមត្រូវក្នុងការចាប់យក និងចាក់គ្រឿងផ្សំ។
ទន្ទឹមនឹងនោះ មនុស្សយន្ត “ធឺ (Thu)” មានសមត្ថភាពរបស់ខ្លួនក្នុងការសរសេរអក្សរក្បាច់ជាមួយនឹងប្រយោគដូចជា៖ “ប្រឡងទីណា ជាប់ទីនោះ” “ជីវិតផ្ការីក” “សម័យស្ទុះឈានទៅមុខ” ។ រីឯ មនុស្សយន្ត “ជី (Chi)” មានជំនាញក្នុងការថតរូបអនុស្សាវរីយ៍ជាមួយនឹងបែប slow-motion បង្កើតរូបថតដ៏រស់រវើកសម្រាប់អតិថិជន ដើម្បីរក្សាទុកបទពិសោធន៍របស់ពួកគេ។
យុវនារី ហ័ងធូ (Hoang Thu) ដែលជាអតិថិជនជំនាន់ Gen Z បានបង្ហាញក្តីរំភើបរបស់គាត់ថា "ដំបូងឡើយ ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ ព្រោះមិនដឹងថា មនុស្សយន្តបម្រើកាហ្វេនឹងបានជាយ៉ាងណា។ ប៉ុន្តែ នៅពេលដែលខ្ញុំតាមដានមនុស្សយន្តធ្វើអ្វីៗគ្រប់យ៉ាង តាំងពីការបញ្ជាទិញរហូតដល់សកម្មភាពនីមួយៗ ដូចជា ចាក់ទឹកកក ចាក់កាហ្វេ សុទ្ធតែងាយស្រួល បង្កើតអារម្មណ៍ឯកជនសម្រាប់អ្នកតម្រង់ចិត្តខ្លួនឯង។
លោកស្រី អ័ញ (Oanh) ជឿជាក់ថា ការច្នៃប្រតិដ្ឋមិនត្រឹមតែសម្រាប់ក្រុមហ៊ុនបច្ចេកវិជ្ជាប៉ុណ្ណោះទេ សូម្បីតែឧស្សាហកម្ម F&B (Food and Beverageប្រភេទសេវាពាណិជ្ជកម្មម្ហូបអាហារ ភោជនីយដ្ឋាន និងហូបចុក) ក៏អាចមានភាពច្នៃប្រតិដ្ឋដែរ ដរាបណាយើងដាក់មនុស្សជាស្នូល។ សហគ្រាសវៀតណាមនីមួយៗអាចរួមចំណែកដល់យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិតាមរយៈជំហានច្នៃប្រតិដ្ឋក្នុងឧស្សាហកម្មរបស់ខ្លួន។ Twitter Bean Coffee មិនត្រឹមតែជាហាងកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យាអាចមានភាពជិតស្និទ្ធ ការច្នៃប្រតិដ្ឋអាចចាប់ផ្តើមពីរឿងសាមញ្ញៗ ហើយអនាគតអាចចាប់ផ្តើមពីកាហ្វេមួយពែង”៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញឡុង / VNP
ប្រែសម្រួលដោយង្វៀនយ៉ាង