ភាពត្រចះត្រចង់ឃ្លាំងបេតិកភណ្ឌវប្បធម៌ជនជាតិចាម

ភាពត្រចះត្រចង់ឃ្លាំងបេតិកភណ្ឌវប្បធម៌ជនជាតិចាម

កេរ្តិ៍ដំណែល​ប្រាសាទ Po Klong Garai (ខេត្ត នីញ​ធួន (Ninh Thuan)) ត្រូវបានទទួលស្គាល់ថាជាស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិ ដែលតុបតែងដោយក្បូន​រចនាធ្វើពីគ្រឿង​កុលាលភាជន៍របស់ជនជាតិចាម។ រូបថត៖ ង្វៀន​ឡឹន/កាសែតរូបភាពវៀតណាម

ខឿន​វប្បធម៌​ចាម​​មាន​ភាព​ត្រចះ​ត្រចង់​ ដោយ​មានពិធីបុណ្យ កេរ្តិ៍ដំណែល​ មុខ​របរ​ប្រពៃណី ជាច្រើន ក្នុង​នោះ សិល្បៈ​ធ្វើគ្រឿងកុលា​ភាជន៍ជនជាតិចាមត្រូវបាន​អង្គការ UNESCOទទួលស្គាល់ជាបេតិកភណ្ឌ​អរូបី​ត្រូវ​ការការពាជាបន្ទាន់ រួមចំណែក​ក្នុង​ការ​បង្កើតផ្ទាំងគំនូរវប្បធម៌ចម្រុះ​ពណ៌ ក្នុងមហាគ្រួសារ ៥៤ ជនជាតិនៃប្រទេស​វៀតណាម

ពិធីបុណ្យ​ល្បីៗ របស់​ជនជាតិ​ចាម

ក្នុង​មួយ​ឆ្នាំ ជនជាតិ​ចាម​មាន​ពិធីបុណ្យប្រពៃណី​ជាច្រើន​ ដូចជាបុណ្យ Ramuwan បុណ្យ​ Kate បុណ្យ​សុំទឹក​​ភ្លៀង បុណ្យ Roya Phik Trok បុណ្យ​ប្រាសាទ Po Nagar បុណ្យបើកទ្វារ​ប្រាសាទ ក្នុង​នោះបុណ្យ Ramuwan និង​បុណ្យ Kate ត្រូវបាន​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍ធំ និង​សំខាន់ទាំងពីរ​របស់ជនជាតិ​ចាម។

បុណ្យ Ramuwan គឺជាព្រឹត្តិការណ៍​សំខាន់ក្នុង​ឆ្នាំ និង​ជាឱកាស​សម្រាប់គ្រប់ក្រុមគ្រួសារជួបជុំគ្នា រំលឹកនឹកដល់បុព្វបុរស និងជីដូនជីតា ហើយបួងសួងសុំសេចក្តីសុខដល់ភូមិ ក្រុមគ្រួសារ និងប្រមូល​ផលដំណាំល្អៗ។ ក្នុងឱកាសនេះ ជនជាតិចាមទោះបីទៅទីណាឆ្ងាយយ៉ាងណាក៏ដោយ សុទ្ធតែព្យាយាមត្រឡប់មក ស្រុកដើម្បីសែន​ព្រេនជូនជីដូនជីតា ជួបជុំសាច់ញាតិ និងក្រុមគ្រួសារ។​​


បុណ្យ Ramuwan បាន​ប្រព្រឹត្តិទៅ​ នា​ខែ​មិនា ​ឬខែមេសា ហើយ​អូសបន្លាយ​ក្នុង​រយៈពេល ១ ខែ។ ក្នុងពីធី​បុណ្យ Ramuwan ពិធីសែន​ផ្នូរគឺជា​ពិធីការ​ដ៏សំខាន់​បំផុត។ ក្នុង​ថ្ងៃនេះ ជនជាតិ​ចាម​​ដែលកាន់​សាសនាបានី នឹង​ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី​ ហើយ​​នាំគ្នា​ទៅកាន់​កន្លែង​បញ្ចុះ​សព​របស់​ជនជាតិ​ចាម ដើម្បី​រួម​គ្នា​រៀបចំ​ពិធីសែនផ្នូរ ​អញ្ជើញ​បុព្វ​ការី ជីដូនជីតា។

គ្រឿង​សំណែន​ក្នុង​ពិធីសែន​ផ្នូរ​​គឺសាមញ្ញណាស់ រួមមាន ម្លូស្លា បារី ទឹក នំនែក ស្ករគ្រាប់ជាដើមផ្នូររបស់ជនជាតិ​ចាម​មាន​ភាព​ពិសេសណាស់ គេមិន​បាន​កសាងឱ្យមាំទាំទេ គ្រាន់តែពូនខ្សាច់ពីលើស្មើផ្ទៃមុខដីប៉ុណ្ណោះ ហើយបានសម្គាល់ដោយថ្មរាងមូលមួយដុំ។ ផ្នូរ​ទាំងអស់បានរៀបជាជួរវែងៗយ៉ាង​ពិសេស។

ទន្ទឹម​នឹង​បុណ្យ ​ Ramuwan បុណ្យ Kate ក៏ជាបុណ្យ​ធំ​មួយ​ក្នុង​ឆ្នាំដែរ។ នេះ​គឺជា​ពិធីបុណ្យរបស់ជនជាតិចាមកាន់​ព្រហ្មញ្ញសាសនា ដែលធ្វើឡើងនៅដើមខែទី ៧ នៃប្រតិទិនចាម (ត្រូវនឹងខែទីតុលា)។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅតំបន់ប្រាសាទបុរាណរបស់ជនជាតិ​ចាម។



នៅខេត្ត​ ប៊ិញ​ធួន (Binh Thuan) ជាតំបន់ដែលមានសហគមន៍ជនជាតិចាម​ច្រើនទីពីរនៅប្រទេសវៀតណាម បន្ទាប់ពីខេត្ត នីញ​ធួន (Ninh Thuan) មានកេរ្តិ៍ដំណែល​ប្រាសាទបុរាណ Po Sah Inu (សង្កាត់ ភូហាយ (Phu Hai) ទីក្រុង ផាន​ធៀត (Phan Thiet)) ដែលតែងតែត្រូវបានជ្រើសរើសជាកន្លែងសំខាន់សម្រាប់ការរៀបចំពិធីបុណ្យ Kate អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះនេះជាអាស័យដ្ឋានវប្បធម៌ ស្ថាបត្យកម្ម និងសាសនាដ៏ពិសេសរបស់ជនជាតិចាម ក៏ដូចជាអាស័យដ្ឋានទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។

ក្នុងប៉ុន្មានថ្ងៃនៃពិធីបុណ្យនេះ ពិធីការប្លែក​និង​ពិសេសត្រូវបានធ្វើឡើងនៅប្រាសាទ Po Sah Inu ដូចជា៖ ពិធីបើកប្រាសាទ ពិធីសែន​ថ្វាយ ពិធី​ដង្ហែរក្បួនសម្លៀកបំពាក់​របស់ព្រះ Po Sah Inu ងូតលាង Linga Yoni ស្លៀកពាក់​ សែនព្រេនអំណរពិធី Kate នៅមុខប្រាសាទ ដែល​មានអត្ថន័យដ៏ពិសិដ្ឋ ដើម្បីថ្លែងអំណរគុណចំពោះអាទិទេពដែលបានជួយឲ្យអាកាសធាតុល្អ និងមាន​រដូវប្រមូលផលច្រើន​សន្ធឹក ក៏ដូចជារំលឹកដល់យុទ្ធជនពលី ជីដូនជីតា និងបុព្វការីជន។ ក្រៅពីអត្ថន័យខាងលើ ក្នុងឱកាសនេះ សហគមន៍ជនជាតិចាម ក៏នាំគ្នាទៅប្រាសាទ Po Sah Inu ដើម្បីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ក្រុមគ្រួសារបានជីដូនជីតា​ជួយ​ចម្រុង​ចម្រើន ​កូនចៅរកស៊ីមានបាន និងជួបសំណាងល្អ។

របាំប្រពៃណីក្នុងពិធីបុណ្យ Kate របស់ជនជាតិចាមកាន់ព្រាហ្មណ៍សាសនា នៅខេត្ត ប៊ិញ​ធួន (Binh Thuan) ។ រូបថត៖ ហ៊ឹវ​ថាញ

ពិធីបុណ្យ Kate ក៏ជាឱកាសសម្រាប់ជនជាតិចាមសម្តែងឧបករណ៍ភ្លេងប្រពៃណី រាំនិងច្រៀងបទចម្រៀងប្រពៃណីជនជាតិចាម យុវជនចូលរួមប្រកួតផ្លុំត្រែ ត្រែ saranai ប្រឡងបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណី ​ប្រឡងវេច​នំ និងបុកអង្ករ តុបតែង និងដាក់​តាំងគ្រឿងសំណែន... សកម្មភាពទាំង​នេះ​ធ្វើ​ឡើង​យ៉ាងរំជើប​រំជួល និង​ទាក់ទាញភ្ញៀវ។ ក្រៅពី​​សកម្មភាព​ណែនាំ​វប្បធម៌​ចាម​ជា​ច្រើន ​ដូច​ជា ​ការ​សម្ដែងការបង្ហាញ​​ពីរបៀប​ធ្វើ​គ្រឿង​កុលាលភាជន៍ ការ​ត្បាញ​ក្រណាត់​ជនជាតិ ការដាក់​តាំងផលិតផល​ពិសេស​នៃតំបន់... អ្វីៗទាំងអស់បង្កើតបានជា​ពិធីបុណ្យ Kate ចម្រុះ​ពណ៌​ និង​ពោរពេញទៅ​ដោយ​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ចាម​។

ពិធីបុណ្យ Kate មិនត្រឹមតែបំពេញតម្រូវការសាសនារបស់ជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងស្វែងយល់ពីសម្រស់វប្បធម៌ចាម។

លក្ខណៈពិសេស​នៃ​សិល្បៈធ្វើ​គ្រឿង​កុលាលភាជន៍របស់​ជនជាតិ​ចាម

គ្មាននរណាម្នាក់ដឹងច្បាស់ថា មុខ​របរធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាមចាប់ផ្តើមនៅពេលណាទេ ពួកគេគ្រាន់តែដឹងថា មុខរបរនេះមានតាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃនេះ មុខរបរធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាមនៅតែមាន និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្នុងភូមិ​ទាំងពីរគឺ ភូមិប៊ីញឌឹក (Binh Duc) (អតីតមានឈ្មោះថាភូមិ Ligok) នៅឃុំផានហៀប (Phan Hiep) ស្រុក បាកប៊ិញ (Bac Binh) ខេត្តប៊ិញធួន (Binh Thuan) និងភូមិធ្វើ​គ្រឿង​កុលាលភាជន៍ បាវទ្រុក (Bau Truc) (អតីតមានឈ្មោះថាភូមិ Hamu Crok) នៅទីរួមស្រុក ភឿក​យ៉ឹន (Phuoc Dan) ស្រុក នីញ​ភឿក (Ninh Phuoc) ខេត្ត នីញធួន (Ninh Thuan)។ 

សិប្បការិនីធ្វើ​គ្រឿង​កុលាលភាជន៍នៅភូមិ បាវទ្រុក (Bau Truc) បង្កើត​ផលិតផល​ពិសេសៗ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ "សិល្បៈធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាម" ត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់។ នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីលេខទី ១៥ របស់វៀត​ណាមដែលបានចុះបញ្ជីបេតិកភណ្ឌរបស់អង្គការ UNESCO

លក្ខណៈពិសេសនៃបច្ចេកទេសធ្វើគ្រឿងកុលាលភាជន៍នៅភូមិ​ បាវ​ទ្រុក (Bau Truc) គឺសិប្បករមិនប្រើតុស្មូនដូចភូមិ​របរធ្វើគ្រឿងកុលាលភាជន៍ផ្សេងៗ ប៉ុន្តែដុំដីឥដ្ឋនឹងត្រូវដាក់នៅកន្លែងថេរ ហើយសិប្បករនឹងដើរ​ជុំវិញ និងប្រើ​ដៃទាំងពីរដ៏ប៉ិនប្រសប់ ដើម្បីបង្កើត​រូបរាង​។ គ្រឿង​កុលាលភាជន៍ បាវទ្រុក (Bau Truc) មិន​ប្រើ​ពុម្ភ ​ដើម្បី​បង្កើត​រូបរាង​ទេ ដំណាក់កាលទាំងឡាយបាន​ធ្វើ​ដោយ​ដៃ ដូច្នេះ​ហើយ​​ផលិតផល​មាន​លក្ខណៈ​​ប្លែក​ពី​គេ គ្មានគ្រឿង​កុលាលភាជន៍ណា​​ដូច​គ្នាទេ។


ក្បួន​រចនាលើគ្រឿងកុលាលភាជន៍​ បាវ​ទ្រុក (Bau Truc) ភាគច្រើនមានប្រធានបទអំពីទន្លេ ដើមឈើ មេឃ និងផែនដី ខ្លឹមសារសាសនា។ របៀបដុត​គ្រឿង​កុលាលភាជន៍នៅភូមិ​ បាវ​ទ្រុក (Bau Truc) ក៏មានលក្ខណៈពិសេសផងដែរ គេ​មិនដុតក្នុងឡទេ ប៉ុន្តែគេ​បានប្រមូលផ្តុំ​អុស ចំបើង និងអង្កាម ដោយសីតុណ្ហភាពប្រហែល ៨០០ អង្សាសេ ដុតក្នុងរយៈពេល ៥ ទៅ ៨ ម៉ោង អាស្រ័យលើទំហំគ្រឿង​កុលាលភាជន៍។

តាមទំនៀមទំលាប់តាំងពីបុរាណ មុនពេល​ដុត​គ្រឿង​កុលាលភាជន៍  សិប្បករនឹងជ្រើសរើសថ្ងៃណាល្អ និងទិញគ្រឿងសំណែន​មួយចំនួន ដើម្បីសែន​ថ្វាយដល់បុព្វការីជន និងអាទិទេព ដើម្បីបង្ហាញពីបំណងចង់ឱ្យគ្រឿង​កុលាលភាជន៍​ត្រូវបាន​ដុតឲ្យ "ឆ្អិន" ស្មើៗគ្នា មិនត្រូវខូចខាត។

ផលិតផលគ្រឿងកុលាលភាជន៍​ប្រពៃណី បាវ​ទ្រុក (Bau Truc) មានច្រើនប្រភេទ ពិសេសដូចជា៖ ពាង ចង្រ្កាន កំសៀវ ផើង ឆ្នាំង... សព្វថ្ងៃនេះ ក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារ សិប្បករភូមិធ្វើគ្រឿង​កុលាលភាជន៍ បាវ​ទ្រុក (Bau Truc) បានស្រាវជ្រាវយ៉ាងឆាប់រហ័ស និងបង្កើតបន្ថែមទៀត​នូវ​គ្រឿង​កុលាលភាជន៍​ថ្មីជាច្រើន​ប្រភេទ ដែល​មាន​លក្ខណៈសិល្បៈខ្ពស់ ដើម្បីបម្រើទេសចរណ៍ និងពាណិជ្ជកម្ម។


និយាយអំពីទិសដៅយូរអង្វែង និងនិរន្តរភាពក្នុងការអភិវឌ្ឍគ្រឿង​កុលាលភាជន៍ បាវ​ទ្រុក (Bau Truc) លោក ភូហ៊ឹវ​មីញ​ធួន (Phu Huu Minh Thuan) ប្រធានសហករណ៍គ្រឿង​កុលាលភាជន៍ចាម បាវ​ទ្រុក (Bau Truc) បានមានប្រសាសន៍ថា៖ យើងតែងតែស្វែងរក និងមានគំនិតថ្មីៗជាច្រើន; តែងតែផ្លាស់ប្តូរ និងកែលម្អការរចនាឱ្យសមស្របតាមចំណង់ចំណូលចិត្តទីផ្សារ។ បច្ចុប្បន្នយើងខ្ញុំមានគំរូគ្រឿង​កុលាលភាជន៍ជាង ១០ ពាន់ រួមទាំងគំរូសំខាន់ៗប្រហែល ៥០០ ។ យើងក៏ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរក្នុងការវិនិយោគលើធនធានមនុស្ស ជាពិសេសធនធានមនុស្សវ័យក្មេង។ ទន្ទឹម​នឹង​នោះ​ក៏​មាន​ផែនការ​រួមផ្សំនឹងទេសចរណ៍ ដើម្បីអភិវឌ្ឍភូមិសិប្បកម្ម ដើម្បីទាញយកសក្តានុពលក្នុងស្រុកជាអតិបរមា។

ការដែល​អង្គការ UNESCO ទទួល​ស្គាល់ជា សិល្បៈធ្វើ​គ្រឿង​កុលាលភាជន៍របស់ជនជាតិចាម បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការពារជាបន្ទាន់ នោះគឺជាការបញ្ជាក់នូវអត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាមក្នុងឃ្លាំងបេតិកភណ្ឌ​វប្បធម៌ពិភពលោក។ បេតិកភណ្ឌវប្បធម៌សិល្បៈនៃការធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម ឥឡូវនេះបានក្លាយទៅជាសម្បត្តិរួមរបស់មនុស្សជាតិ./. 

កម្មវិធីសិល្បៈពិសេសក្នុងពិធីទទួលប័ណ្ណទទួលស្គាល់ពីអង្គការ UNESCO ដែលទទួលស្គាល់ថាជា "សិល្បៈធ្វើគ្រឿងកុលាលភាជន៍​របស់ជនជាតិ​ចាមចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់"។រូបថត៖ ឡេមិញ/កាសែតរូបភាពវៀតណាម

យោងតាមទិន្នន័យជំរឿនទូទៅប្រជាជន និងលំនៅដ្ឋាន នាឆ្នាំ ២០១៩ ចំនួនជនជាតិចាមនៅប្រទេសវៀតណាមមាន ១៧៨.៩៤៨ នាក់ ដែលប្រមូលផ្តុំភាគច្រើននៅខាង​ត្បូង​នៃភាគ​កណ្តាល​ និង​ភាគ​ត្បូង ដូចជា ខេត្ត​ នីញ​ធួន (Ninh Thuan) ខេត្ត​ ប៊ិញ​ធួន (Binh Thuan) ខេត្ត ដុង​ណាយ (Dong Nai) ខេត្ត​ អាន​យ៉ាង (An Giang)...។ ក្នុង​នោះជនជាតិ​ចាមភាគច្រើរស់នៅក្នុងខេត្តចំនួនពីរគឺខេត្ត នីញ​ធួន (Ninh Thuan) និងខេត្ត​ ប៊ីញធួន (Binh Thuan)។ នៅឆ្នាំ២០២២ បុណ្យ Kate របស់ជនជាតិចាមនៅខេត្ត ប៊ីញធួន (Binh Thuan) នឹងបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

 

អត្ថបទ៖សើន​ងៀ រូបថត៖ ឡេ​មិញ​ កុង​ដាត​ ហ៊ឹវ​ថាញ​ កាសែតរូបភាពវៀតណាម ឯកសារ

ប្រែសម្រួលដោយង្វៀន​យ៉ាង​  បច្ចេកទេសក្រាហ្វិក៖ ត្រុងហាញ់

 


Top