ខឿនវប្បធម៌ចាមមានភាពត្រចះត្រចង់ ដោយមានពិធីបុណ្យ កេរ្តិ៍ដំណែល មុខរបរប្រពៃណី ជាច្រើន ក្នុងនោះ “សិល្បៈធ្វើគ្រឿងកុលាភាជន៍ជនជាតិចាម”...
កេរ្តិ៍ដំណែលប្រាសាទ Po Klong Garai (ខេត្ត នីញធួន (Ninh Thuan)) ត្រូវបានទទួលស្គាល់ថាជាស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិ ដែលតុបតែងដោយក្បូនរចនាធ្វើពីគ្រឿងកុលាលភាជន៍របស់ជនជាតិចាម។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
ខឿនវប្បធម៌ចាមមានភាពត្រចះត្រចង់ ដោយមានពិធីបុណ្យ កេរ្តិ៍ដំណែល មុខរបរប្រពៃណី ជាច្រើន ក្នុងនោះ “សិល្បៈធ្វើគ្រឿងកុលាភាជន៍ជនជាតិចាម”ត្រូវបានអង្គការ UNESCOទទួលស្គាល់ជាបេតិកភណ្ឌអរូបីត្រូវការការពាជាបន្ទាន់ រួមចំណែកក្នុងការបង្កើតផ្ទាំងគំនូរវប្បធម៌ចម្រុះពណ៌ ក្នុងមហាគ្រួសារ ៥៤ ជនជាតិនៃប្រទេសវៀតណាម
ពិធីបុណ្យល្បីៗ របស់ជនជាតិចាម
ក្នុងមួយឆ្នាំ ជនជាតិចាមមានពិធីបុណ្យប្រពៃណីជាច្រើន ដូចជាបុណ្យ Ramuwan បុណ្យ Kate បុណ្យសុំទឹកភ្លៀង បុណ្យ Roya Phik Trok បុណ្យប្រាសាទ Po Nagar បុណ្យបើកទ្វារប្រាសាទ ក្នុងនោះបុណ្យ Ramuwan និងបុណ្យ Kate ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ធំ និងសំខាន់ទាំងពីររបស់ជនជាតិចាម។
បុណ្យ Ramuwan គឺជាព្រឹត្តិការណ៍សំខាន់ក្នុងឆ្នាំ និងជាឱកាសសម្រាប់គ្រប់ក្រុមគ្រួសារជួបជុំគ្នា រំលឹកនឹកដល់បុព្វបុរស និងជីដូនជីតា ហើយបួងសួងសុំសេចក្តីសុខដល់ភូមិ ក្រុមគ្រួសារ និងប្រមូលផលដំណាំល្អៗ។ ក្នុងឱកាសនេះ ជនជាតិចាមទោះបីទៅទីណាឆ្ងាយយ៉ាងណាក៏ដោយ សុទ្ធតែព្យាយាមត្រឡប់មក ស្រុកដើម្បីសែនព្រេនជូនជីដូនជីតា ជួបជុំសាច់ញាតិ និងក្រុមគ្រួសារ។
បុណ្យ Ramuwan បានប្រព្រឹត្តិទៅ នាខែមិនា ឬខែមេសា ហើយអូសបន្លាយក្នុងរយៈពេល ១ ខែ។ ក្នុងពីធីបុណ្យ Ramuwan ពិធីសែនផ្នូរគឺជាពិធីការដ៏សំខាន់បំផុត។ ក្នុងថ្ងៃនេះ ជនជាតិចាមដែលកាន់សាសនាបានី នឹងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ហើយនាំគ្នាទៅកាន់កន្លែងបញ្ចុះសពរបស់ជនជាតិចាម ដើម្បីរួមគ្នារៀបចំពិធីសែនផ្នូរ អញ្ជើញបុព្វការី ជីដូនជីតា។
គ្រឿងសំណែនក្នុងពិធីសែនផ្នូរគឺសាមញ្ញណាស់ រួមមាន ម្លូស្លា បារី ទឹក នំនែក ស្ករគ្រាប់ជាដើម…ផ្នូររបស់ជនជាតិចាមមានភាពពិសេសណាស់ គេមិនបានកសាងឱ្យមាំទាំទេ គ្រាន់តែពូនខ្សាច់ពីលើស្មើផ្ទៃមុខដីប៉ុណ្ណោះ ហើយបានសម្គាល់ដោយថ្មរាងមូលមួយដុំ។ ផ្នូរទាំងអស់បានរៀបជាជួរវែងៗយ៉ាងពិសេស។
ទន្ទឹមនឹងបុណ្យ Ramuwan បុណ្យ Kate ក៏ជាបុណ្យធំមួយក្នុងឆ្នាំដែរ។ នេះគឺជាពិធីបុណ្យរបស់ជនជាតិចាមកាន់ព្រហ្មញ្ញសាសនា ដែលធ្វើឡើងនៅដើមខែទី ៧ នៃប្រតិទិនចាម (ត្រូវនឹងខែទីតុលា)។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅតំបន់ប្រាសាទបុរាណរបស់ជនជាតិចាម។
នៅខេត្ត ប៊ិញធួន (Binh Thuan) ជាតំបន់ដែលមានសហគមន៍ជនជាតិចាមច្រើនទីពីរនៅប្រទេសវៀតណាម បន្ទាប់ពីខេត្ត នីញធួន (Ninh Thuan) មានកេរ្តិ៍ដំណែលប្រាសាទបុរាណ Po Sah Inu (សង្កាត់ ភូហាយ (Phu Hai) ទីក្រុង ផានធៀត (Phan Thiet)) ដែលតែងតែត្រូវបានជ្រើសរើសជាកន្លែងសំខាន់សម្រាប់ការរៀបចំពិធីបុណ្យ Kate អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះនេះជាអាស័យដ្ឋានវប្បធម៌ ស្ថាបត្យកម្ម និងសាសនាដ៏ពិសេសរបស់ជនជាតិចាម ក៏ដូចជាអាស័យដ្ឋានទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។
ក្នុងប៉ុន្មានថ្ងៃនៃពិធីបុណ្យនេះ ពិធីការប្លែកនិងពិសេសត្រូវបានធ្វើឡើងនៅប្រាសាទ Po Sah Inu ដូចជា៖ ពិធីបើកប្រាសាទ ពិធីសែនថ្វាយ ពិធីដង្ហែរក្បួនសម្លៀកបំពាក់របស់ព្រះ Po Sah Inu ងូតលាង Linga – Yoni ស្លៀកពាក់ សែនព្រេនអំណរពិធី Kate នៅមុខប្រាសាទ… ដែលមានអត្ថន័យដ៏ពិសិដ្ឋ ដើម្បីថ្លែងអំណរគុណចំពោះអាទិទេពដែលបានជួយឲ្យអាកាសធាតុល្អ និងមានរដូវប្រមូលផលច្រើនសន្ធឹក ក៏ដូចជារំលឹកដល់យុទ្ធជនពលី ជីដូនជីតា និងបុព្វការីជន។ ក្រៅពីអត្ថន័យខាងលើ ក្នុងឱកាសនេះ សហគមន៍ជនជាតិចាម ក៏នាំគ្នាទៅប្រាសាទ Po Sah Inu ដើម្បីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ក្រុមគ្រួសារបានជីដូនជីតាជួយចម្រុងចម្រើន កូនចៅរកស៊ីមានបាន និងជួបសំណាងល្អ។
របាំប្រពៃណីក្នុងពិធីបុណ្យ Kate របស់ជនជាតិចាមកាន់ព្រាហ្មណ៍សាសនា នៅខេត្ត ប៊ិញធួន (Binh Thuan) ។ រូបថត៖ ហ៊ឹវថាញ
ពិធីបុណ្យ Kate ក៏ជាឱកាសសម្រាប់ជនជាតិចាមសម្តែងឧបករណ៍ភ្លេងប្រពៃណី រាំនិងច្រៀងបទចម្រៀងប្រពៃណីជនជាតិចាម យុវជនចូលរួមប្រកួតផ្លុំត្រែ ត្រែ saranai ប្រឡងបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណី ប្រឡងវេចនំ និងបុកអង្ករ តុបតែង និងដាក់តាំងគ្រឿងសំណែន... សកម្មភាពទាំងនេះធ្វើឡើងយ៉ាងរំជើបរំជួល និងទាក់ទាញភ្ញៀវ។ ក្រៅពីសកម្មភាពណែនាំវប្បធម៌ចាមជាច្រើន ដូចជា ការសម្ដែងការបង្ហាញពីរបៀបធ្វើគ្រឿងកុលាលភាជន៍ ការត្បាញក្រណាត់ជនជាតិ ការដាក់តាំងផលិតផលពិសេសនៃតំបន់... អ្វីៗទាំងអស់បង្កើតបានជាពិធីបុណ្យ Kate ចម្រុះពណ៌ និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិចាម។
ពិធីបុណ្យ Kate មិនត្រឹមតែបំពេញតម្រូវការសាសនារបស់ជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងស្វែងយល់ពីសម្រស់វប្បធម៌ចាម។
លក្ខណៈពិសេសនៃសិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម
គ្មាននរណាម្នាក់ដឹងច្បាស់ថា មុខរបរធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមចាប់ផ្តើមនៅពេលណាទេ ពួកគេគ្រាន់តែដឹងថា មុខរបរនេះមានតាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃនេះ មុខរបរធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនៅតែមាន និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្នុងភូមិទាំងពីរគឺ ភូមិប៊ីញឌឹក (Binh Duc) (អតីតមានឈ្មោះថាភូមិ Ligok) នៅឃុំផានហៀប (Phan Hiep) ស្រុក បាកប៊ិញ (Bac Binh) ខេត្តប៊ិញធួន (Binh Thuan) និងភូមិធ្វើគ្រឿងកុលាលភាជន៍ បាវទ្រុក (Bau Truc) (អតីតមានឈ្មោះថាភូមិ Hamu Crok) នៅទីរួមស្រុក ភឿកយ៉ឹន (Phuoc Dan) ស្រុក នីញភឿក (Ninh Phuoc) ខេត្ត នីញធួន (Ninh Thuan)។
សិប្បការិនីធ្វើគ្រឿងកុលាលភាជន៍នៅភូមិ បាវទ្រុក (Bau Truc) បង្កើតផលិតផលពិសេសៗ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ "សិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម" ត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់។ នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីលេខទី ១៥ របស់វៀតណាមដែលបានចុះបញ្ជីបេតិកភណ្ឌរបស់អង្គការ UNESCO ។
លក្ខណៈពិសេសនៃបច្ចេកទេសធ្វើគ្រឿងកុលាលភាជន៍នៅភូមិ បាវទ្រុក (Bau Truc) គឺសិប្បករមិនប្រើតុស្មូនដូចភូមិរបរធ្វើគ្រឿងកុលាលភាជន៍ផ្សេងៗ ប៉ុន្តែដុំដីឥដ្ឋនឹងត្រូវដាក់នៅកន្លែងថេរ ហើយសិប្បករនឹងដើរជុំវិញ និងប្រើដៃទាំងពីរដ៏ប៉ិនប្រសប់ ដើម្បីបង្កើតរូបរាង។ គ្រឿងកុលាលភាជន៍ បាវទ្រុក (Bau Truc) មិនប្រើពុម្ភ ដើម្បីបង្កើតរូបរាងទេ ដំណាក់កាលទាំងឡាយបានធ្វើដោយដៃ ដូច្នេះហើយផលិតផលមានលក្ខណៈប្លែកពីគេ គ្មានគ្រឿងកុលាលភាជន៍ណាដូចគ្នាទេ។
ក្បួនរចនាលើគ្រឿងកុលាលភាជន៍ បាវទ្រុក (Bau Truc) ភាគច្រើនមានប្រធានបទអំពីទន្លេ ដើមឈើ មេឃ និងផែនដី ខ្លឹមសារសាសនា។ របៀបដុតគ្រឿងកុលាលភាជន៍នៅភូមិ បាវទ្រុក (Bau Truc) ក៏មានលក្ខណៈពិសេសផងដែរ គេមិនដុតក្នុងឡទេ ប៉ុន្តែគេបានប្រមូលផ្តុំអុស ចំបើង និងអង្កាម ដោយសីតុណ្ហភាពប្រហែល ៨០០ អង្សាសេ ដុតក្នុងរយៈពេល ៥ ទៅ ៨ ម៉ោង អាស្រ័យលើទំហំគ្រឿងកុលាលភាជន៍។
តាមទំនៀមទំលាប់តាំងពីបុរាណ មុនពេលដុតគ្រឿងកុលាលភាជន៍ សិប្បករនឹងជ្រើសរើសថ្ងៃណាល្អ និងទិញគ្រឿងសំណែនមួយចំនួន ដើម្បីសែនថ្វាយដល់បុព្វការីជន និងអាទិទេព ដើម្បីបង្ហាញពីបំណងចង់ឱ្យគ្រឿងកុលាលភាជន៍ត្រូវបានដុតឲ្យ "ឆ្អិន" ស្មើៗគ្នា មិនត្រូវខូចខាត។
ផលិតផលគ្រឿងកុលាលភាជន៍ប្រពៃណី បាវទ្រុក (Bau Truc) មានច្រើនប្រភេទ ពិសេសដូចជា៖ ពាង ចង្រ្កាន កំសៀវ ផើង ឆ្នាំង... សព្វថ្ងៃនេះ ក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារ សិប្បករភូមិធ្វើគ្រឿងកុលាលភាជន៍ បាវទ្រុក (Bau Truc) បានស្រាវជ្រាវយ៉ាងឆាប់រហ័ស និងបង្កើតបន្ថែមទៀតនូវគ្រឿងកុលាលភាជន៍ថ្មីជាច្រើនប្រភេទ ដែលមានលក្ខណៈសិល្បៈខ្ពស់ ដើម្បីបម្រើទេសចរណ៍ និងពាណិជ្ជកម្ម។
និយាយអំពីទិសដៅយូរអង្វែង និងនិរន្តរភាពក្នុងការអភិវឌ្ឍគ្រឿងកុលាលភាជន៍ បាវទ្រុក (Bau Truc) លោក ភូហ៊ឹវមីញធួន (Phu Huu Minh Thuan) ប្រធានសហករណ៍គ្រឿងកុលាលភាជន៍ចាម បាវទ្រុក (Bau Truc) បានមានប្រសាសន៍ថា៖ “យើងតែងតែស្វែងរក និងមានគំនិតថ្មីៗជាច្រើន”; តែងតែផ្លាស់ប្តូរ និងកែលម្អការរចនាឱ្យសមស្របតាមចំណង់ចំណូលចិត្តទីផ្សារ។ បច្ចុប្បន្នយើងខ្ញុំមានគំរូគ្រឿងកុលាលភាជន៍ជាង ១០ ពាន់ រួមទាំងគំរូសំខាន់ៗប្រហែល ៥០០ ។ យើងក៏ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរក្នុងការវិនិយោគលើធនធានមនុស្ស ជាពិសេសធនធានមនុស្សវ័យក្មេង។ ទន្ទឹមនឹងនោះក៏មានផែនការរួមផ្សំនឹងទេសចរណ៍ ដើម្បីអភិវឌ្ឍភូមិសិប្បកម្ម ដើម្បីទាញយកសក្តានុពលក្នុងស្រុកជាអតិបរមា។
ការដែលអង្គការ UNESCO ទទួលស្គាល់ជា “សិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម” បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការពារជាបន្ទាន់ នោះគឺជាការបញ្ជាក់នូវអត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាមក្នុងឃ្លាំងបេតិកភណ្ឌវប្បធម៌ពិភពលោក។ បេតិកភណ្ឌវប្បធម៌សិល្បៈនៃការធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម ឥឡូវនេះបានក្លាយទៅជាសម្បត្តិរួមរបស់មនុស្សជាតិ./.
កម្មវិធីសិល្បៈពិសេសក្នុងពិធីទទួលប័ណ្ណទទួលស្គាល់ពីអង្គការ UNESCO ដែលទទួលស្គាល់ថាជា "សិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់"។រូបថត៖ ឡេមិញ/កាសែតរូបភាពវៀតណាម
យោងតាមទិន្នន័យជំរឿនទូទៅប្រជាជន និងលំនៅដ្ឋាន នាឆ្នាំ ២០១៩ ចំនួនជនជាតិចាមនៅប្រទេសវៀតណាមមាន ១៧៨.៩៤៨ នាក់ ដែលប្រមូលផ្តុំភាគច្រើននៅខាងត្បូងនៃភាគកណ្តាល និងភាគត្បូង ដូចជា ខេត្ត នីញធួន (Ninh Thuan) ខេត្ត ប៊ិញធួន (Binh Thuan) ខេត្ត ដុងណាយ (Dong Nai) ខេត្ត អានយ៉ាង (An Giang)...។ ក្នុងនោះជនជាតិចាមភាគច្រើរស់នៅក្នុងខេត្តចំនួនពីរគឺខេត្ត នីញធួន (Ninh Thuan) និងខេត្ត ប៊ីញធួន (Binh Thuan)។ នៅឆ្នាំ២០២២ បុណ្យ Kate របស់ជនជាតិចាមនៅខេត្ត ប៊ីញធួន (Binh Thuan) នឹងបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
អត្ថបទ៖ Nguyen Giang -Thach Ricon - Son Nghia -Viet Cuong