ពង្រីកតម្លៃសកល បេតិកភណ្ឌ អៀនទឺ (Yen Tu) - វិញងីម (Vinh Nghiem) - កូនសឺន (Con Son) កៀបបាក់ (Kiep Bac)

ពង្រីកតម្លៃសកល បេតិកភណ្ឌ អៀនទឺ (Yen Tu) - វិញងីម (Vinh Nghiem) - កូនសឺន (Con Son) កៀបបាក់ (Kiep Bac)

បានអង្គការ UNESCO ចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោក រមណីយដ្ឋាន និងប្រជុំ​កេរដំណែល អៀ​ន​ទឺ - វិញងីម - កូនសឺន កៀបបាក់ ជា​លំហ​វប្បធម៌ - ចេតភាព​ឆ្នើមនៃប្រទេស​​វៀតណាម។ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជីវិត​បួស​រៀន​របស់​​មហាក្សត្រ ត្រឹង ញ៉ឹន​តុង (Tran Nhan Tong) (១២៥៨ - ១៣០៨) និងពុទ្ធសាសនា ត្រុក​ឡឹម (Truc Lam)​ បេតិកភណ្ឌនេះ បានប្រមូលផ្តុំនូវតម្លៃប្រវត្តិសាស្ត្រ ជំនឿសាសនា និងទេសភាព ព្រម​ទាំង​កំពុង​បានលើកកម្ពស់ជាប្រភពធនធាន សម្រាប់​សន្តិភាព និង​ការអភិវឌ្ឍ​​ចីរភាព​។

វត្តដុង (ឬវត្តធៀនទ្រុក) ស្ថិតនៅលើកំពូលភ្នំអៀនទឺ (Yen Tu) - ខេត្តក្វាងនិញ ​កម្ពស់ ១០៦៨ ម៉ែត្រ ជាវត្តធ្វើពីស្ពាន់ខ្ពស់ជាងគេនៅវៀតណាម និងធំជាងគេនៅអាស៊ី។ នេះ​ជា​ទីតាំងសក្ការៈខ្ពស់បំផុត ប្រជុំ​កេរដំណែលអៀនទឺ ជាកន្លែងបូជាព្រះពុទ្ធ ទាក់ទាញពុទ្ធសាសនិក​រាប់លាននាក់ ធម្មយាត្រាមកជា​​រៀងរាល់ឆ្នាំ។ រូបថត៖ មិញ​ដឹក​/ VNA

បេតិកភណ្ឌរស់ពីប្រភព អៀន​ទឺ​

ចាប់​កំណើត​ឡើងនៅ​សតវត្សទី១១ -​ ១៤ ពុទ្ធសាសនា ត្រុក​ឡឹម ត្រូវបាន​បណ្តា​ព្រះមហាក្សត្រ​​រជ្ជកាល ត្រឹង (Tran) និងបញ្ញវន្ត​នាសម័យនោះ បង្កើត​ឡើង ក្នុង​នាម​ជា​ប្រព័ន្ធ​មនោគមវិជ្ជា​បង្រួបបង្រួម​ជាតិ។ ផ្តើម​​ប្រភព​ពីជួរ​ភ្នំ អៀន​ទឺ និកាយ​សមាធិ​នេះ បានរួមបញ្ចូល​នូវខ្លឹមសារ នៃ​ពុទ្ធសាសនា ជាមួយ​នឹង​ជំនឿ​ក្នុង​ស្រុក​ បង្កើត​បានជាទ្រឹស្តី​ជីវិត លើកកម្ពស់ភាពចុះសម្រុងគ្នា អត់ធន់ និង​ការ​ទទួល​ខុស​​ត្រូវ​ចំ​ពោះសង្គម។

 

តំបន់ទេសចរណ៍ចេតភាព​​ - ធម្មជាតិ​​ទីអៀនទឺ (Tay Yen Tu) - ខេត្តបាក់និញ បានចាប់​ផ្តើម​សាងសង់​ក្នុងឆ្នាំ២០១៤ និងដាក់ឱ្យដំណើរការដំណាក់កាលទី១ ក្នុង​ឆ្នាំ២០១៩​។ នេះជាអាសយដ្ឋាន​ចុងក្រោយ ក្នុងដំណើរកម្សាន្តទេសចរណ៍ចេតភាព​ តាម​វិថី​ដើរ​ផ្សព្វផ្សាយ​ព្រះធម៌​។ រូបថត៖ វៀតហុង/ VNA
 

សង្កត់ធ្ងន់​លើ​អត្ថន័យសកល នៃបេតិកភណ្ឌនេះ លោក Jonathan Baker ប្រធាន​តំណាង​អង្គការ UNESCO ប្រចាំប្រទេស​វៀតណាម បាន​បញ្ជាក់​ថា៖ “ប្រជុំកេរដំណែល​​នេះ ជាសក្ខីភាពដ៏វិសេសវិសាល នៃការ​បង្កើត​ឡើង និង​ការបន្តវេន នៃ​បេតិកភណ្ឌ​អមតៈ​របស់​​ពុទ្ធសាសនាត្រុក​ឡឹម ដែលជាប្រពៃណីនិកាយ​សមាធិធម៌​ពិសេស​របស់​វៀត​ណាម​។ ទីនេះ​ មិនត្រឹមតែជាស្លាកស្នាម នៃអតីតកាល​ប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ជា​បេតិកភណ្ឌ​រស់មួយ​ ជាមជ្ឈមណ្ឌលដ៏រស់រវើក នៃជីវិតចេតភាព​ និងតំណ​វេន​វប្បធម៌”។

រូបបដិមា ត្រឹង ញ៉ឹនតុង (Tran Nhan Tong) នៅអៀនទឺ ជារូបបដិមាស្ពាន់​គ្មាន​ផ្សំ​មុខធំ​បំផុត​​នៅអាស៊ី សម្ពោធ​នៅ​ឆ្នាំ២០១៣ ស្ថិតក្នុងកម្ពស់​៩១២ ម៉ែត្រ។ រូបបដិមា​មានកម្ពស់ ១៥ ម៉ែត្រ ទម្ងន់ជាង ១៣៨ តោន រំលេច​រូបរាងស្តេច ត្រឹង ញ៉ឹនតុង - ស្ថាបនិកនៃ​និកាយសមាធិ​ ត្រុក​ឡឹម (Truc Lam) ក្នុងឥរិយាបថអង្គុយតាំងសមាធិ លើបល្ល័ង្កថ្ម។ រូបថត៖ មិញដឹក/ VNA
ពុទ្ធសាសនិកនិកាយ ត្រុក​​ឡឹម ធ្វើពិធីសក្ការៈនៅមហាចេតិយវត្តហ្វាអៀន (Hoa Yen) នៅអៀនទឺ។ រូបថត៖ ថុង​ថៀន/កាសែតរូបភាព​វៀតណាម

ជាក់ស្តែង នៅតាមទីកន្លែងនានាដូចជា យ៉េនទឺ, វត្តវិញងីម ឬ កូនសឺន - កៀបបាក់ សកម្មភាពធម្មយាត្រា ពិធីបុណ្យទាន​ និង​ការប្រតិបត្តិសាសនា នៅតែ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់​ពីជំនាន់​មួយទៅជំនាន់​មួយ។ ការបន្តវេននេះហើយ ដែល​បង្កើតបាន​ជា “បេតិកភណ្ឌរស់” ទី​ដែលអតីតកាលមិនត្រូវបា​ន​បង្កក​ទុក​ បែជា​មាន​វត្តមាន​ក្នុង​ជីវភាព​រស់នៅ​បច្ចុប្បន្ន​វិញ។

លំហតំណ និងតម្លៃសកល

ប្រជុំកេរដំណែល​នេះ ជាប្រព័ន្ធតំណ​មាន​១២​កន្លែង លាត​សន្ធឹងមូលដ្ឋាន​​ចំនួនបី​​ ខេត្ត​ក្វាង​និញ (Quang Ninh) បាក់យ៉ាង (Bac Giang) និង​ហាយភុង​ (Hai Phong)។​ ទីតាំងនីមួយៗ ជា​បំណែក​រួម​​ឆ្លុះ​បញ្ចាំងយ៉ាងពេញលេញ នូវដំណើរការ នៃការកកើត ការអភិវឌ្ឍ និងការរីកសាយភាយ នៃពុទ្ធសាសនា ត្រុក​ឡឹម។

 

វត្តវិញងីម បច្ចុប្បន្នកំពុងរក្សាទុកនូវផ្ទាំងពុម្ពឈើចំនួន ៣.០៥០ ផ្ទាំង។ ផ្ទាំងពុម្ពឈើឆ្លាក់អក្សរហាន និងអក្សរណូម យ៉ាងផ្ចិតផ្ចង់ ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីគម្ពីរពុទ្ធសាសនា និងការរីកចម្រើននៃនិកាយសមាធិ​ ត្រុកឡឹម​ប៉ុណ្ណោះទេ ​ថែមទាំងមាន​បន្ទុក​ចំណេះ​​ដឹងផ្នែកវេជ្ជសាស្ត្រ អក្សរសាស្ត្រ និងជីវភាពសង្គម ក្នុងរយៈពេលជាច្រើនសតវត្សរ៍​មកហើយ។ រូបថត៖ យ៉ាញឡាម/VNA
 

តម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌនេះ ស្ថិតនៅលើអន្តរកម្មសរីរាង្គ រវាងទីតាំង ជំនឿ​សាសនា និងអំណាចនយោបាយ។ ជួរភ្នំ អៀន​ទឺ ជាលំហ​នៃប្រភពដើម។ រជ្ជកាល ត្រឹង (១២២៥ - ១៤០០) ជាម្ចាស់នៃការកសាង។ ចំណែកឯពុទ្ធសាសនា ត្រុកឡឹម ជាខ្សែតំណ​ និងកំណត់ទម្រង់ជីវភាពសង្គម។ ការរួមបញ្ចូលនេះ បាន​រួម​ចំណែក​ដល់ការពង្រឹងជាតិ កៀរគរកម្លាំងសហគមន៍ក្នុងការការពារឯករាជ្យ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​តម្លៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ​ទៅកាន់​តំបន់។

រូបបដិមាព្រះពុទ្ធ នៅវត្តវិញងីម (Vinh Nghiem) ខេត្តបាក់និញ។ រូបថត៖ យ៉ាញ ឡាម/VNA
វត្តវិញងីម បានសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មវត្តបុរាណ ជាមួយនឹងដំបូលវត្តកោង និងសំណង់អគារដែលមានរូបរាងលក្ខណៈពិសេស។ នេះ​ជាវត្តបុរាណ ដែល​បានចាត់ទុកថាជា "មហាអារាមបុរាណ" នៃពុទ្ធសាសនាវៀតណាម។ រូបថត៖ យ៉ាញឡាម/VNA

ទន្ទឹមនឹងនោះ កេរ​ដំណែល​​នេះ​ក៏​ជា​សក្ខីភាព​ដ៏​ឆ្នើម​ សម្រាប់​ទំនាក់​ទំនង​ចុះ​សម្រុង​គ្នា រវាង​មនុស្ស និង​ធម្មជាតិ។ ​បណ្តាវត្តអារាមដែលលាក់​ខ្លួននៅ​ក្នុង​ព្រៃ​ភ្នំ ខ្សែ​ផ្លូវ​ធម្មយាត្រាកាត់​ភ្នំ និង​របៀប​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ចីរភាព​ ឆ្លងកាត់​ជាច្រើន សតវត្ស បានបង្កើតជាទេសភាពវប្បធម៌ដ៏វិសេសវិសាល ទី​ដែល​ធម្មជាតិបាន​ក្លាយ​ជា​ផ្នែក​មួយ នៃជី​វិតចេតភាព​។

តំបន់កេរដំណែលជាតិពិសេស កូនសឺន - កៀបបាក ជាប្រជុំ​វប្បធម៌ - ចេតភាព​ ដ៏ល្បីល្បាញ ដែលផ្សារភ្ជាប់ជាមួយវីរបុរសជាតិ ត្រឹង ហឹងដាវ (Tran Hung Dao) ង្វៀន ត្រាយ (Nguyen Trai) និងបុគ្គលល្បីៗដូចជា ត្រឹង ង្វៀនដាន (Tran Nguyen Dan)  ហ្វៀនក្វាង (Huyen Quang)​។ ចំណុចលេចធ្លោគឺវត្តកូនសឺន (សតវត្សរ៍ទី១៤) និងប្រាសាទកៀបបាក (សតវត្សរ៍ទី១៣) ជាកន្លែងសក្ការៈដ៏ស័ក្តិសិទ្ធិ។ រូបថត៖ មិញដឹក/ VNA
គ្រឹះចាស់នៃប្រាសាទផ្កាឈូកប្រាំបួនជាន់ នៅវត្តកូនសឺន បានរកឃើញ​ក្នុងអំឡុងពេល​ធ្វើ​កំណាយបុរាណ​ ក្នុងឆ្នាំ២០១៤ - ២០១៥។ រូបថត៖ មិញដឹក/VNA
គណៈប្រតិភូឯកអគ្គរដ្ឋទូត និងប្រធានតំណាងអង្គការអន្តរជាតិនានា នៅវៀតណាម អញ្ជើញមកទស្សនាកេរដំណែលកូនសឺន - កៀបបាក។ រូបថត៖ ឌិញ ម៉ាញ់ទូ/ VNA

បូរណភាព​ និងភាពប្រាកដ​ប្រជា​នៃបេតិកភណ្ឌ ក៏​បាន​ធានា​តាម​រយៈ​ប្រព័ន្ធ​ការ​ពារ​យ៉ាង​តឹងរ៉ឹង​ផងដែរ។ បណ្តាសំណង់នានា នៅតែរក្សាបាននូវទីតាំង មុខងារ និង​កត្តា​ដើម​ជា​ច្រើន។​ ការ​ប្រតិបត្តិជំនឿ និងពិធីបុណ្យនានា នៅតែ​​បាន​រក្សាយ៉ាង​ខ្ជាប់​ខ្ជួន​។ ការ​សម្រប​សម្រួលគ្រប់គ្រងអន្តរតំបន់ រវាងមូលដ្ឋាននានា ក៏ជាទម្រង់​​មួយ​​ដ៏មាន​ប្រសិទ្ធភាព ស្របតាម​ស្តង់ដារអន្តរជាតិ។

ពង្រីកតម្លៃលេចធ្លោជាសកល នៃប្រជុំ​កេរដំណែល​ អៀន​ទឺ - វិញងីម - កូនសឺន កៀបបាក់ មិនត្រឹមតែជាការថែរក្សាកេរដំណែលប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ជា​ការ​​ផ្សព្វ​ផ្សាយ​ស្មារតី​ត្រុកឡឹម ដែលជាស្មារតីនៃបញ្ញា ភាពចុះសម្រុង និងទំនួល​ខុស​ត្រូវ​។ ក្នុងបរិបទពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន តម្លៃ​ទាំង​នោះ​កាន់​តែ​មាន​អត្ថន័យ រួម​ចំណែក​បញ្ជាក់​ពី​តួនាទី​នៃ​វប្បធម៌ ក្នុងនាម​ជា​ប្រភព​ធនធាន​ សម្រាប់​​ការអភិវឌ្ឍ ប្រកបដោយចីរភាព។

ក្នុងកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (UNESCO) ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស លោកសាស្ត្រាចារ្យជនជាតិប៊ុលហ្គារី Nikolay Nenov ប្រធានកិច្ចប្រជុំ បានវាយ​ញញួរទទួលស្គាល់ជាផ្លូវការនូវ "ប្រជុំ​កេរដំណែល និងទេសភាពអៀនទឺ - វិញងីម - កូនសឺន - កៀប​បាក" ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ នេះ​ជាចំណុចរបត់ដ៏សំខាន់ ក្នុងដំណើរការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌របស់វៀតណាម។ រូបថត៖ ង្វៀន ធូហា/ VNA
នារាត្រី​​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៥ នៅ​តំបន់កេរដំណែលប្រវត្តិសាស្ត្រ និងរម្មណីយដ្ឋាន​​អៀនទឺ (ខេត្តក្វាងនិញ) នាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានអញ្ជើញចូលរួមពិធីប្រកាសតម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌវប្បធម៌ពិភពលោក អៀនទឺ - វិញងីម - កូនសឺន កៀបបាក។ រូបថត៖ ថាញ់វ៉ឹន/ VNA

ពីលំហចេតភាព​នៃ​ប្រជាជាតិ បេតិកភណ្ឌ​នៅថ្ងៃនេះ បាន​ក្លាយ​ជា​ស្ពានតំណភ្ជាប់រវាង​វៀត​ណាម​ និងពិភពលោក ជាទី​ដែលតម្លៃ​បានឆ្លងកាត់ពេលវេលា បន្តពញ្ញាក់ និងរីក​សាយ​ភាយតទៅមុខ៕

អត្ថបទ៖ វៀតគឿង/កាសែតរូបភាពវៀតណាម

រូបថត៖ ថុង​ថៀន/កាសែតរូបភាពវៀតណាម មិញ​ដឹក​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​

 


Top