បានអង្គការ UNESCO ចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោក រមណីយដ្ឋាន និងប្រជុំកេរដំណែល អៀនទឺ - វិញងីម - កូនសឺន កៀបបាក់ ជាលំហវប្បធម៌។
បានអង្គការ UNESCO ចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោក រមណីយដ្ឋាន និងប្រជុំកេរដំណែល អៀនទឺ - វិញងីម - កូនសឺន កៀបបាក់ ជាលំហវប្បធម៌ - ចេតភាពឆ្នើមនៃប្រទេសវៀតណាម។ ផ្សារភ្ជាប់ជាមួយនឹងជីវិតបួសរៀនរបស់មហាក្សត្រ ត្រឹង ញ៉ឹនតុង (Tran Nhan Tong) (១២៥៨ - ១៣០៨) និងពុទ្ធសាសនា ត្រុកឡឹម (Truc Lam) បេតិកភណ្ឌនេះ បានប្រមូលផ្តុំនូវតម្លៃប្រវត្តិសាស្ត្រ ជំនឿសាសនា និងទេសភាព ព្រមទាំងកំពុងបានលើកកម្ពស់ជាប្រភពធនធាន សម្រាប់សន្តិភាព និងការអភិវឌ្ឍចីរភាព។
វត្តដុង (ឬវត្តធៀនទ្រុក) ស្ថិតនៅលើកំពូលភ្នំអៀនទឺ (Yen Tu) - ខេត្តក្វាងនិញ កម្ពស់ ១០៦៨ ម៉ែត្រ ជាវត្តធ្វើពីស្ពាន់ខ្ពស់ជាងគេនៅវៀតណាម
និងធំជាងគេនៅអាស៊ី។ នេះជាទីតាំងសក្ការៈខ្ពស់បំផុត ប្រជុំកេរដំណែលអៀនទឺ
ជាកន្លែងបូជាព្រះពុទ្ធ ទាក់ទាញពុទ្ធសាសនិករាប់លាននាក់ ធម្មយាត្រាមកជារៀងរាល់ឆ្នាំ។ រូបថត៖ មិញដឹក/ VNA
បេតិកភណ្ឌរស់ពីប្រភព អៀនទឺ
ចាប់កំណើតឡើងនៅសតវត្សទី១១ - ១៤ ពុទ្ធសាសនា ត្រុកឡឹម ត្រូវបានបណ្តាព្រះមហាក្សត្ររជ្ជកាល ត្រឹង (Tran) និងបញ្ញវន្តនាសម័យនោះ បង្កើតឡើង ក្នុងនាមជាប្រព័ន្ធមនោគមវិជ្ជាបង្រួបបង្រួមជាតិ។ ផ្តើមប្រភពពីជួរភ្នំ អៀនទឺ និកាយសមាធិនេះ បានរួមបញ្ចូលនូវខ្លឹមសារ នៃពុទ្ធសាសនា ជាមួយនឹងជំនឿក្នុងស្រុក បង្កើតបានជាទ្រឹស្តីជីវិត លើកកម្ពស់ភាពចុះសម្រុងគ្នា អត់ធន់ និងការទទួលខុសត្រូវចំពោះសង្គម។
តំបន់ទេសចរណ៍ចេតភាព - ធម្មជាតិទីអៀនទឺ (Tay Yen Tu) - ខេត្តបាក់និញ
បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៤ និងដាក់ឱ្យដំណើរការដំណាក់កាលទី១ ក្នុងឆ្នាំ២០១៩។
នេះជាអាសយដ្ឋានចុងក្រោយ ក្នុងដំណើរកម្សាន្តទេសចរណ៍ចេតភាព តាមវិថីដើរផ្សព្វផ្សាយព្រះធម៌។
រូបថត៖ វៀតហុង/ VNA
សង្កត់ធ្ងន់លើអត្ថន័យសកល នៃបេតិកភណ្ឌនេះ លោក Jonathan Baker ប្រធានតំណាងអង្គការ UNESCO ប្រចាំប្រទេសវៀតណាម បានបញ្ជាក់ថា៖ “ប្រជុំកេរដំណែលនេះ ជាសក្ខីភាពដ៏វិសេសវិសាល នៃការបង្កើតឡើង និងការបន្តវេន នៃបេតិកភណ្ឌអមតៈរបស់ពុទ្ធសាសនាត្រុកឡឹម ដែលជាប្រពៃណីនិកាយសមាធិធម៌ពិសេសរបស់វៀតណាម។ ទីនេះ មិនត្រឹមតែជាស្លាកស្នាម នៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេតិកភណ្ឌរស់មួយ ជាមជ្ឈមណ្ឌលដ៏រស់រវើក នៃជីវិតចេតភាព និងតំណវេនវប្បធម៌”។
រូបបដិមា ត្រឹង ញ៉ឹនតុង (Tran Nhan Tong) នៅអៀនទឺ ជារូបបដិមាស្ពាន់គ្មានផ្សំមុខធំបំផុតនៅអាស៊ី សម្ពោធនៅឆ្នាំ២០១៣
ស្ថិតក្នុងកម្ពស់៩១២ ម៉ែត្រ។ រូបបដិមាមានកម្ពស់ ១៥ ម៉ែត្រ ទម្ងន់ជាង ១៣៨ តោន រំលេចរូបរាងស្តេច
ត្រឹង ញ៉ឹនតុង - ស្ថាបនិកនៃនិកាយសមាធិ ត្រុកឡឹម (Truc Lam) ក្នុងឥរិយាបថអង្គុយតាំងសមាធិ
លើបល្ល័ង្កថ្ម។ រូបថត៖ មិញដឹក/ VNA
ពុទ្ធសាសនិកនិកាយ ត្រុកឡឹម ធ្វើពិធីសក្ការៈនៅមហាចេតិយវត្តហ្វាអៀន (Hoa Yen) នៅអៀនទឺ។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម
ជាក់ស្តែង នៅតាមទីកន្លែងនានាដូចជា យ៉េនទឺ, វត្តវិញងីម ឬ កូនសឺន - កៀបបាក់ សកម្មភាពធម្មយាត្រា ពិធីបុណ្យទាន និងការប្រតិបត្តិសាសនា នៅតែបន្តកើតមានជាបន្តបន្ទាប់ពីជំនាន់មួយទៅជំនាន់មួយ។ ការបន្តវេននេះហើយ ដែលបង្កើតបានជា “បេតិកភណ្ឌរស់” ទីដែលអតីតកាលមិនត្រូវបានបង្កកទុក បែជាមានវត្តមានក្នុងជីវភាពរស់នៅបច្ចុប្បន្នវិញ។
លំហតំណ និងតម្លៃសកល
ប្រជុំកេរដំណែលនេះ ជាប្រព័ន្ធតំណមាន១២កន្លែង លាតសន្ធឹងមូលដ្ឋានចំនួនបី ខេត្តក្វាងនិញ (Quang Ninh) បាក់យ៉ាង (Bac Giang) និងហាយភុង (Hai Phong)។ ទីតាំងនីមួយៗ ជាបំណែករួមឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវដំណើរការ នៃការកកើត ការអភិវឌ្ឍ និងការរីកសាយភាយ នៃពុទ្ធសាសនា ត្រុកឡឹម។
វត្តវិញងីម បច្ចុប្បន្នកំពុងរក្សាទុកនូវផ្ទាំងពុម្ពឈើចំនួន ៣.០៥០ ផ្ទាំង។ ផ្ទាំងពុម្ពឈើឆ្លាក់អក្សរហាន
និងអក្សរណូម យ៉ាងផ្ចិតផ្ចង់ ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីគម្ពីរពុទ្ធសាសនា
និងការរីកចម្រើននៃនិកាយសមាធិ ត្រុកឡឹមប៉ុណ្ណោះទេ ថែមទាំងមានបន្ទុកចំណេះដឹងផ្នែកវេជ្ជសាស្ត្រ
អក្សរសាស្ត្រ និងជីវភាពសង្គម ក្នុងរយៈពេលជាច្រើនសតវត្សរ៍មកហើយ។ រូបថត៖ យ៉ាញឡាម/VNA
តម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌនេះ ស្ថិតនៅលើអន្តរកម្មសរីរាង្គ រវាងទីតាំង ជំនឿសាសនា និងអំណាចនយោបាយ។ ជួរភ្នំ អៀនទឺ ជាលំហនៃប្រភពដើម។ រជ្ជកាល ត្រឹង (១២២៥ - ១៤០០) ជាម្ចាស់នៃការកសាង។ ចំណែកឯពុទ្ធសាសនា ត្រុកឡឹម ជាខ្សែតំណ និងកំណត់ទម្រង់ជីវភាពសង្គម។ ការរួមបញ្ចូលនេះ បានរួមចំណែកដល់ការពង្រឹងជាតិ កៀរគរកម្លាំងសហគមន៍ក្នុងការការពារឯករាជ្យ ព្រមទាំងផ្សព្វផ្សាយតម្លៃសន្តិភាព និងកិច្ចសហប្រតិបត្តិការទៅកាន់តំបន់។
រូបបដិមាព្រះពុទ្ធ នៅវត្តវិញងីម (Vinh Nghiem) ខេត្តបាក់និញ។ រូបថត៖ យ៉ាញ ឡាម/VNA
វត្តវិញងីម បានសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មវត្តបុរាណ ជាមួយនឹងដំបូលវត្តកោង
និងសំណង់អគារដែលមានរូបរាងលក្ខណៈពិសេស។ នេះជាវត្តបុរាណ ដែលបានចាត់ទុកថាជា
"មហាអារាមបុរាណ" នៃពុទ្ធសាសនាវៀតណាម។ រូបថត៖ យ៉ាញឡាម/VNA
ទន្ទឹមនឹងនោះ កេរដំណែលនេះក៏ជាសក្ខីភាពដ៏ឆ្នើម សម្រាប់ទំនាក់ទំនងចុះសម្រុងគ្នា រវាងមនុស្ស និងធម្មជាតិ។ បណ្តាវត្តអារាមដែលលាក់ខ្លួននៅក្នុងព្រៃភ្នំ ខ្សែផ្លូវធម្មយាត្រាកាត់ភ្នំ និងរបៀបប្រើប្រាស់ធនធានប្រកបដោយចីរភាព ឆ្លងកាត់ជាច្រើន សតវត្ស បានបង្កើតជាទេសភាពវប្បធម៌ដ៏វិសេសវិសាល ទីដែលធម្មជាតិបានក្លាយជាផ្នែកមួយ នៃជីវិតចេតភាព។
តំបន់កេរដំណែលជាតិពិសេស កូនសឺន - កៀបបាក ជាប្រជុំវប្បធម៌ - ចេតភាព ដ៏ល្បីល្បាញ ដែលផ្សារភ្ជាប់ជាមួយវីរបុរសជាតិ
ត្រឹង ហឹងដាវ (Tran Hung Dao) ង្វៀន ត្រាយ (Nguyen Trai) និងបុគ្គលល្បីៗដូចជា
ត្រឹង ង្វៀនដាន (Tran Nguyen Dan) ហ្វៀនក្វាង (Huyen Quang)។ ចំណុចលេចធ្លោគឺវត្តកូនសឺន (សតវត្សរ៍ទី១៤) និងប្រាសាទកៀបបាក (សតវត្សរ៍ទី១៣)
ជាកន្លែងសក្ការៈដ៏ស័ក្តិសិទ្ធិ។ រូបថត៖ មិញដឹក/ VNA
គ្រឹះចាស់នៃប្រាសាទផ្កាឈូកប្រាំបួនជាន់ នៅវត្តកូនសឺន បានរកឃើញក្នុងអំឡុងពេលធ្វើកំណាយបុរាណ ក្នុងឆ្នាំ២០១៤ - ២០១៥។ រូបថត៖
មិញដឹក/VNA
គណៈប្រតិភូឯកអគ្គរដ្ឋទូត និងប្រធានតំណាងអង្គការអន្តរជាតិនានា នៅវៀតណាម អញ្ជើញមកទស្សនាកេរដំណែលកូនសឺន - កៀបបាក។
រូបថត៖ ឌិញ ម៉ាញ់ទូ/ VNA
បូរណភាព និងភាពប្រាកដប្រជានៃបេតិកភណ្ឌ ក៏បានធានាតាមរយៈប្រព័ន្ធការពារយ៉ាងតឹងរ៉ឹងផងដែរ។ បណ្តាសំណង់នានា នៅតែរក្សាបាននូវទីតាំង មុខងារ និងកត្តាដើមជាច្រើន។ ការប្រតិបត្តិជំនឿ និងពិធីបុណ្យនានា នៅតែបានរក្សាយ៉ាងខ្ជាប់ខ្ជួន។ ការសម្របសម្រួលគ្រប់គ្រងអន្តរតំបន់ រវាងមូលដ្ឋាននានា ក៏ជាទម្រង់មួយដ៏មានប្រសិទ្ធភាព ស្របតាមស្តង់ដារអន្តរជាតិ។
ពង្រីកតម្លៃលេចធ្លោជាសកល នៃប្រជុំកេរដំណែល អៀនទឺ - វិញងីម - កូនសឺន កៀបបាក់ មិនត្រឹមតែជាការថែរក្សាកេរដំណែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្សព្វផ្សាយស្មារតីត្រុកឡឹម ដែលជាស្មារតីនៃបញ្ញា ភាពចុះសម្រុង និងទំនួលខុសត្រូវ។ ក្នុងបរិបទពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន តម្លៃទាំងនោះកាន់តែមានអត្ថន័យ រួមចំណែកបញ្ជាក់ពីតួនាទីនៃវប្បធម៌ ក្នុងនាមជាប្រភពធនធាន សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។
ក្នុងកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (UNESCO) ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស
លោកសាស្ត្រាចារ្យជនជាតិប៊ុលហ្គារី Nikolay Nenov ប្រធានកិច្ចប្រជុំ
បានវាយញញួរទទួលស្គាល់ជាផ្លូវការនូវ "ប្រជុំកេរដំណែល
និងទេសភាពអៀនទឺ - វិញងីម - កូនសឺន - កៀបបាក" ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ នេះជាចំណុចរបត់ដ៏សំខាន់
ក្នុងដំណើរការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌របស់វៀតណាម។ រូបថត៖ ង្វៀន
ធូហា/ VNA
នារាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ និងរម្មណីយដ្ឋានអៀនទឺ
(ខេត្តក្វាងនិញ) នាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានអញ្ជើញចូលរួមពិធីប្រកាសតម្លៃលេចធ្លោជាសកល
នៃបេតិកភណ្ឌវប្បធម៌ពិភពលោក អៀនទឺ - វិញងីម - កូនសឺន កៀបបាក។ រូបថត៖ ថាញ់វ៉ឹន/
VNA
ពីលំហចេតភាពនៃប្រជាជាតិ បេតិកភណ្ឌនៅថ្ងៃនេះ បានក្លាយជាស្ពានតំណភ្ជាប់រវាងវៀតណាម និងពិភពលោក ជាទីដែលតម្លៃបានឆ្លងកាត់ពេលវេលា បន្តពញ្ញាក់ និងរីកសាយភាយតទៅមុខ៕
អត្ថបទ៖ វៀតគឿង/កាសែតរូបភាពវៀតណាម
រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម មិញដឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង