ផ្ដល់ឱកាសការងារដល់ជនពិការ

ផ្ដល់ឱកាសការងារដល់ជនពិការ

បាន​បង្កើតឡើងដោយលោក ង្វៀន កុងហុង (Nguyen Cong Hung) ដែលជាអតីតអ្នកក្លាហាន​បង្កើត​ផ្នែកព័ត៌មានវិទ្យាដំបូងគេនៅ​វៀតណាមជាង២០ឆ្នាំមកនេះ សហគ្រាសសង្គមឆន្ទៈ​ជីវិត​ បាននាំមកឱកាសសិក្សា បើកផ្លូវអាជីពប្រកបដោយនិរន្តរភាព ដើម្បីជួយជនពិការឱ្យដើរទៅមុខរឹងមាំ លើ​មាគ៌ា​ឆ្ពោះទៅរកភាព​ម្ចាស់ការ។

ថ្នាក់រៀនព័ត៌មានវិទ្យា នៃ​មជ្ឈមណ្ឌលឆន្ទៈជីវិត​ បានបំពាក់ដោយឧបករណ៍ទំនើបៗ។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
លោកបង​ វូ ផុងគី (Vu Phong Ky) បន្ទាប់ពីបញ្ចប់ការសិក្សានៅឆន្ទៈ​ជីវិត​ និងការ​ពិសោធន៍ នៅតាមក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មានជាច្រើន បានសម្រេចចិត្តវិល​ត្រឡប់មកមជ្ឈមណ្ឌលវិញ ដើម្បីបង្រៀនបទពិសោធន៍របស់គាត់ ក្នុងគោលបំណងជួយជនពិការដទៃទៀត ឱ្យមានឱកាសទទួលបានការងារ។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម

លោកស្រី ង៉ូ ធីហ៊្វៀនមិញ (Ngo Thi Huyen Minh) ជាអគ្គ​នាយក​សហគ្រាសសង្គមឆន្ទៈ​​​​ជីវិត​ បានរំឭកឡើង​នៅ​​ថ្ងៃដំបូង ដែលលោក ង្វៀន កុងហុង (Nguyen Cong Hung) ទៅរដ្ឋធានី​ហាណូយ ដើម្បីទទួលពានរង្វាន់អ្នកក្លាហាន​ផ្នែក​ព័ត៌មានវិទ្យា បង​​បានបង្ហាញពីបំណងចង់ផ្តល់ឱកាសការងារដល់ជនពិការ។ ពេល​នោះ លោកស្រី មិញ (Minh) ​នៅជានិស្សិតនៅឡើយ បានចូលរួមជាមួយបង​ ហុង (Hung) និងមនុស្សមួយចំនួនទៀត ក្នុងការបើកថ្នាក់រៀនតូចមួយ។

ក្រោមការណែនាំរបស់សិល្បករធ្វើគ្រឿងប្រាក់ភូមិឌិញកុង (Dinh Cong) ជនពិការអាចចាប់យកបច្ចេកទេសពិបាកបំផុតនៃការធ្វើគ្រឿងប្រាក់នៅទីនេះ។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម

លោកស្រី មិញ (Minh) បានរៀប​រាប់​ថា៖ "កាល​នោះ អ្វីៗគ្រប់​យ៉ាង​មានការ​លំបាកខ្លាំងណាស់ កុំព្យូទ័រ គឺជាអ្វីមួយ ដែលមនុស្សជាច្រើនមិនធ្លាប់ស្គាល់ ប៉ុន្តែយើងខ្ញុំ​ គិតសាមញ្ញថា បើចូលចិត្តគឺធ្វើតែម្តងទៅ។ ដូច្នេះ យើង​ខ្ញុំ​បានរួមគ្នាជួលផ្ទះមួយខ្នង ចែកគ្នាថ្លៃផ្ទះ ប្រើបន្ទប់ទទួលភ្ញៀវធ្វើជាបន្ទប់រៀន។ លោក ហុង (Hung) ក៏បានធ្វើគេហទំព័រសម្រាប់​ក្រុមហ៊ុនមួយចំនួនទៀត ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់​ទ្រទ្រង់ថ្នាក់រៀន។ នៅឆ្នាំ២០០៩ ក្រុមនេះ សូម​បាន​ម៉ាស៊ីន​កុំព្យូទ័រ​ជជុះ១០គ្រឿង ធ្វើជាឧបករណ៍​បង្រៀន​។ ប៉ុន្មានឆ្នាំក្រោយមក ដោយសារការយកចិត្តទុកដាក់ពីក្រសួងព័ត៌មាន និង សារគមនាគមន៍​ ជាពិសេស អនុរដ្ឋមន្ត្រី ង្វៀន មិញហុង (Nguyen Minh Hong) ថ្នាក់រៀ​នទទួលបាន​ម៉ាស៊ីន​កុំព្យូទ័រថ្មីជាង១០គ្រឿង បន្ថែមទៀត។ នេះជាចំណុចសំខាន់មួយ ដែល​ថ្នាក់រៀនមានឧបករណ៍​ស្ថិរភាព ​ចាប់ផ្តើមដំណើរការកាន់តែមានរបៀបរៀបរយ​"។

មក​ជាមួយ​នឹង​ឆន្ទៈជីវិត​ ជនពិការអាចជ្រើសរើសមុខរបរធ្វើគ្រឿងប្រាក់ល្បីល្បាញ របស់ភូមិឌិញកុង (Dinh Cong) សម្រាប់ខ្លួនឯង។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម


ផ្តើម​ពីការរៀបចំបាន​តែ១៥នាក់ក្នុងមួយ​ថ្នាក់ មកដល់បច្ចុប្បន្ន សហគ្រាសសង្គមឆន្ទៈ​​ជីវិត​ បានបង្រៀនសិស្សចំនួន​៦០នាក់ក្នុងមួយថ្នាក់ អំពីព័ត៌មានវិទ្យា ដោយ​រយៈ​ពេល​សិក្សា៦​ខែ។ ខ្លឹមសារនៃការសិក្សាមានភាពខុសគ្នា ដោយផ្អែកលើការបំពេញតាមលក្ខណៈកំហិន​ជ្រើសរើសបុគ្គលិក នៃ​ក្រុមហ៊ុននានា ក្នុងវិស័យព័ត៌មាន​វិទ្យា។ សិក្ខាកាម​នៃ​សហគ្រាស​សង្គម​ឆន្ទៈ​ជីវិត គឺជាជនពិការ អ្នក​មានសមាជិកគ្រួសារ​ជាជន​ពិការ ក្រុមងាយរងគ្រោះ ដូចជាកុមារដែលស្ថិតក្នុងគោលនយោបាយ ជនរង​គ្រោះដោយ​អំពើហិង្សាក្នុង​គ្រួសារ កុមារ​តាមផ្លូវ កុមារកំព្រា។ល។​

ថ្ងៃដែលយើងខ្ញុំ​ទៅទស្សនាសហគ្រាស​សង្គម​ឆន្ទៈ​​ជីវិត បានជួបលោកគ្រូដែលកំពុងតែអង្គុយរទេះរុញ ចល័ត​ចុះឡើង​បង្រៀនសិស្ស ក្នុងថ្នាក់ព័ត៌មានវិទ្យា។ លោក វូ ផុង គី (Vu Phong Ky) គឺជាសិក្ខាកាម​តាម​រៀន​​នៅសហគ្រាស​សង្គម​ឆន្ទៈ​​ជីវិ​ត​ក្នុងឆ្នាំ២០០៩ ហើយក៏ជាករណីដ៏កម្រមួយ ដែលពិការទាំងជើងនិងដៃ ដោយសារជំងឺពុកឆ្អឹង ប៉ុន្តែបន្ទាប់ពីសិក្សាបាន៣ខែ លោកគី (Ky) ប្រឡងជាប់កម្រិត​ឆ្នើម​ ក្នុង​ការប្រឡង​ជ្រើសរើស​បុគ្គលិក នៃក្រុមហ៊ុនទទួល​ខុសត្រូវ​មានកម្រិត​ Esoftflow ចំណុះ​សម្ពន្ធ​ក្រុម​ Esoft Systems - ក្រុមហ៊ុនមួយ​​ក្នុង​ចំណោម​ក្រុមហ៊ុន​ឈានមុខនៅ​​ប្រទេសដាណឺម៉ាក។ បន្ទាប់ពីធ្វើការបាន៤ឆ្នាំ ទទួលបានបទពិសោធន៍ជាច្រើន លោកគី (Ky) បានត្រឡប់មក សហគ្រាស​សង្គម​ឆន្ទៈ​ជីវិត​ ដើម្បីក្លាយជាគ្រូបង្រៀន និងបង្រៀនវិជ្ជាជីវៈដល់អ្នកដែលមានស្ថានភាពដូចខ្លួន។

 

ថ្នាក់បំណិន​ជីវិតមួយនៃមជ្ឈមណ្ឌល​ឆន្ទៈ​ជីវិត ដើម្បីជួយឱ្យពួកគាត់​ងាយស្រួលចែករំលែក និងសម្រប់​ខ្លួនជាមួយជីវភាពរស់នៅ​។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
មជ្ឈមណ្ឌលឆន្ទៈ​ជីវិត​ យកចិត្តទុកដាក់លើការ​រចនាឧបករណ៍បរិក្ខារ និងផ្លូវដើរ ដើម្បីបង្កើត​លក្ខខណ្ឌងាយ​ស្រួល​បំផុត សម្រាប់សិក្ខាកាមពិការក្នុងការសិក្សា។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម

លោកគី (Ky) បានឱ្យដឹងថា សិក្ខាកាម​ដែលចូលរៀននឹង​បានបង្រៀន​ជំនាញ​កុំព្យូទ័រមូលដ្ឋាន ពីព្រោះភាគច្រើន ពួកគេមិនដឹងអ្វីទាំងអស់អំពីកុំព្យូទ័រ ចាប់ពីរបៀប​កាន់កូន​កណ្ដុរ រហូតដល់របៀបបើកកុំព្យូទ័រ​។ បន្ទាប់ពី២ខែ ពួកគេនឹង​បានបង្រៀនពីការ​កែរូបភាព​អចលនា ​ដំណើរការទិន្នន័យ ​កែវីដេអូ​ ​បង្កើតផលិតផលដោយ​ប្រើកម្ម​វិធី Canva និងបង្កើតវីដេអូ ដោយប្រើ AI​។ បន្ទាប់ពី៦ខែសិក្សាមុខជំនាញមួយ សិក្ខាកាម​នឹងមានទំនុកចិត្តទៅធ្វើការនៅតាមក្រុមហ៊ុនដៃគូមួយចំនួន នៃសហគ្រាស​សង្គមឆន្ទៈ​ជីវិត​។

ក្រៅពីបើកថ្នាក់បណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា សហគ្រាសសង្គមឆន្ទៈ​ជីវិត​ ក៏បានបើកថ្នាក់បណ្តុះបណ្តាលបន្ថែមទៀត អំពីសិល្បៈ​ធ្វើគ្រឿងអលង្ការប្រាក់​ជាមួយនឹងការណែនាំមក​ពីសិប្បករភូមិប្រាក់ ឌិញកុង (Dinh Cong) (ហាណូយ)។ សិក្ខាកាម​បន្ទាប់ពីសិក្សា១ - ២ខែ អាច​ធ្វើបាន​ផលិតផល នឹងទទួលបានប្រាក់ខែពី១ ទៅ២លានដុង​។ បន្ទាប់ពី៦ខែរៀនស្ទាត់​ជំនាញ ពួកគេ​ត្រូវបានបញ្ជូនទៅធ្វើការនៅកម្មន្ត​សាល​​ផលិតកម្ម នៃភូមិប្រាក់ ឌិញ​កុង (Dinh Cong) ជាមួយនឹងប្រាក់ខែ ៦លានដុង​ក្នុងមួយ​ខែ។​

មិនត្រឹមតែផ្តល់ឱកាសអាជីជីវៈ និង ការងារដល់ជនពិការប៉ុណ្ណោះទេ សហគ្រាសសង្គមឆន្ទៈ​ជីវិត​ នៅថែមទាំង​​ជួយសិក្ខាកាម​ឱ្យ​មានទំនុកចិត្តលើខ្លួនឯង កាន់តែខ្លាំង​ឡើង ដោយ​ចូលរួមក្នុងថ្នាក់រៀនបំណិន​ជីវិត​។

 

នៅមជ្ឈមណ្ឌលឆន្ទៈ​ជីវិត ក្រៅពីការរៀនមុខរបរ សិក្ខាកាមនៅបាន​ចូលរួមសកម្មភាពហាត់ប្រាណ​ជាច្រើនទៀត​។ រូបថត៖ ឯកសាររបស់មជ្ឈមណ្ឌលឆន្ទៈ​ជីវិត
ពួកគាត់​រីករាយ នៅពេលទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលឆន្ទៈ​ជីវិត​។ រូបថត៖ ឯកសាររបស់មជ្ឈមណ្ឌលឆន្ទៈ​ជីវិត

បងស្រី ដាំង ង្វៀនហុងហាញ (Dang Nguyen Hong Hanh) ជាអ្នកស្ម័គ្រចិត្តបង្រៀន​ថ្នាក់បំណិនជីវិត បានឱ្យដឹងថា៖ "កុមារ​នឹង​បានបង្រៀនអំពីគំនិត​វិជ្ជមាន គំនិតអភិវឌ្ឍ ពោលគឺការរៀបចំ​ផែនការ​សម្រាប់គោលដៅជាក់លាក់​ និង​ វិធីសាស្រ្តដូចម្តេច​ ដើម្បីប្រកាន់ខ្ជាប់​គោលដៅទាំងនោះ។ តាមរយៈនោះ ពួកគេនឹងអាចឆ្លងកាត់តំបន់សុវត្ថិភាពដើម្បីហ៊ានសាកល្បងនូវអ្វី ដែលពីមុនពួកគេមិនហ៊ានសាកល្បង ដើម្បីមានទំនុកចិត្តរៀនចំណេះដឹង និងបំណិន​ថ្មីៗ និងបំផុសគំនិតដល់អ្នកដទៃ"។

ស្ដីអំពីយុទ្ធសាស្ត្ររយៈពេលវែង នៃ​សហគ្រាសសង្គមឆន្ទៈ​ជីវិត​ លោកស្រី មិញ​ (Minh) បានឱ្យដឹងថា៖ សហគ្រាសសង្គមឆន្ទៈ​​ជីវិត នឹងសហការជាមួយ​ Omicare (ជប៉ុន) បើកហាងលក់​គំរូ និង អភិវឌ្ឍចំណុចលក់ខ្នាតតូចបំផុត ដោយ​ការ​វិនិយោគ​លើមូលដ្ឋាន​និងទំនិញ ដើម្បីឱ្យអ្នកងាយរងគ្រោះ អាចចូលរួមធ្វើការ និង អាចបង្កើត​ប្រាក់ចំណូល សម្រាប់ខ្លួនឯងបាន៕

អត្ថបទ៖ ងឹនហា  រូបថត៖ តឹតសឺន និង ឯកសារនៃ​មជ្ឈមណ្ឌល​ឆន្ទៈជីវិត

ប្រែសម្រួល​៖ រីកើង​


Top