បានបង្កើតឡើងដោយលោក ង្វៀន កុងហុង (Nguyen Cong Hung) ដែលជាអតីតអ្នកក្លាហានបង្កើតផ្នែកព័ត៌មានវិទ្យាដំបូងគេនៅវៀតណាមជាង២០ឆ្នាំមកនេះ សហគ្រាសសង្គមឆន្ទៈជីវិត បាននាំមកឱកាសសិក្សា បើកផ្លូវអាជីពប្រកបដោយនិរន្តរភាព ដើម្បីជួយជនពិការឱ្យដើរទៅមុខរឹងមាំ លើមាគ៌ាឆ្ពោះទៅរកភាពម្ចាស់ការ។
បានបង្កើតឡើងដោយលោក ង្វៀន កុងហុង (Nguyen Cong Hung) ដែលជាអតីតអ្នកក្លាហានបង្កើតផ្នែកព័ត៌មានវិទ្យាដំបូងគេនៅវៀតណាមជាង២០ឆ្នាំមកនេះ សហគ្រាសសង្គមឆន្ទៈជីវិត បាននាំមកឱកាសសិក្សា បើកផ្លូវអាជីពប្រកបដោយនិរន្តរភាព ដើម្បីជួយជនពិការឱ្យដើរទៅមុខរឹងមាំ លើមាគ៌ាឆ្ពោះទៅរកភាពម្ចាស់ការ។
ថ្នាក់រៀនព័ត៌មានវិទ្យា នៃមជ្ឈមណ្ឌលឆន្ទៈជីវិត បានបំពាក់ដោយឧបករណ៍ទំនើបៗ។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
លោកបង វូ ផុងគី (Vu Phong Ky) បន្ទាប់ពីបញ្ចប់ការសិក្សានៅឆន្ទៈជីវិត និងការពិសោធន៍ នៅតាមក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មានជាច្រើន បានសម្រេចចិត្តវិលត្រឡប់មកមជ្ឈមណ្ឌលវិញ ដើម្បីបង្រៀនបទពិសោធន៍របស់គាត់ ក្នុងគោលបំណងជួយជនពិការដទៃទៀត ឱ្យមានឱកាសទទួលបានការងារ។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
លោកស្រី ង៉ូ ធីហ៊្វៀនមិញ (Ngo Thi Huyen Minh) ជាអគ្គនាយកសហគ្រាសសង្គមឆន្ទៈជីវិត បានរំឭកឡើងនៅថ្ងៃដំបូង ដែលលោក ង្វៀន កុងហុង (Nguyen Cong Hung) ទៅរដ្ឋធានីហាណូយ ដើម្បីទទួលពានរង្វាន់អ្នកក្លាហានផ្នែកព័ត៌មានវិទ្យា បងបានបង្ហាញពីបំណងចង់ផ្តល់ឱកាសការងារដល់ជនពិការ។ ពេលនោះ លោកស្រី មិញ (Minh) នៅជានិស្សិតនៅឡើយ បានចូលរួមជាមួយបង ហុង (Hung) និងមនុស្សមួយចំនួនទៀត ក្នុងការបើកថ្នាក់រៀនតូចមួយ។
ក្រោមការណែនាំរបស់សិល្បករធ្វើគ្រឿងប្រាក់ភូមិឌិញកុង (Dinh Cong) ជនពិការអាចចាប់យកបច្ចេកទេសពិបាកបំផុតនៃការធ្វើគ្រឿងប្រាក់នៅទីនេះ។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
លោកស្រី មិញ (Minh) បានរៀបរាប់ថា៖ "កាលនោះ អ្វីៗគ្រប់យ៉ាងមានការលំបាកខ្លាំងណាស់ កុំព្យូទ័រ គឺជាអ្វីមួយ ដែលមនុស្សជាច្រើនមិនធ្លាប់ស្គាល់ ប៉ុន្តែយើងខ្ញុំ គិតសាមញ្ញថា បើចូលចិត្តគឺធ្វើតែម្តងទៅ។ ដូច្នេះ យើងខ្ញុំបានរួមគ្នាជួលផ្ទះមួយខ្នង ចែកគ្នាថ្លៃផ្ទះ ប្រើបន្ទប់ទទួលភ្ញៀវធ្វើជាបន្ទប់រៀន។ លោក ហុង (Hung) ក៏បានធ្វើគេហទំព័រសម្រាប់ក្រុមហ៊ុនមួយចំនួនទៀត ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ថ្នាក់រៀន។ នៅឆ្នាំ២០០៩ ក្រុមនេះ សូមបានម៉ាស៊ីនកុំព្យូទ័រជជុះ១០គ្រឿង ធ្វើជាឧបករណ៍បង្រៀន។ ប៉ុន្មានឆ្នាំក្រោយមក ដោយសារការយកចិត្តទុកដាក់ពីក្រសួងព័ត៌មាន និង សារគមនាគមន៍ ជាពិសេស អនុរដ្ឋមន្ត្រី ង្វៀន មិញហុង (Nguyen Minh Hong) ថ្នាក់រៀនទទួលបានម៉ាស៊ីនកុំព្យូទ័រថ្មីជាង១០គ្រឿង បន្ថែមទៀត។ នេះជាចំណុចសំខាន់មួយ ដែលថ្នាក់រៀនមានឧបករណ៍ស្ថិរភាព ចាប់ផ្តើមដំណើរការកាន់តែមានរបៀបរៀបរយ"។
មកជាមួយនឹងឆន្ទៈជីវិត ជនពិការអាចជ្រើសរើសមុខរបរធ្វើគ្រឿងប្រាក់ល្បីល្បាញ របស់ភូមិឌិញកុង (Dinh Cong) សម្រាប់ខ្លួនឯង។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
ផ្តើមពីការរៀបចំបានតែ១៥នាក់ក្នុងមួយថ្នាក់ មកដល់បច្ចុប្បន្ន សហគ្រាសសង្គមឆន្ទៈជីវិត បានបង្រៀនសិស្សចំនួន៦០នាក់ក្នុងមួយថ្នាក់ អំពីព័ត៌មានវិទ្យា ដោយរយៈពេលសិក្សា៦ខែ។ ខ្លឹមសារនៃការសិក្សាមានភាពខុសគ្នា ដោយផ្អែកលើការបំពេញតាមលក្ខណៈកំហិនជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុននានា ក្នុងវិស័យព័ត៌មានវិទ្យា។ សិក្ខាកាមនៃសហគ្រាសសង្គមឆន្ទៈជីវិត គឺជាជនពិការ អ្នកមានសមាជិកគ្រួសារជាជនពិការ ក្រុមងាយរងគ្រោះ ដូចជាកុមារដែលស្ថិតក្នុងគោលនយោបាយ ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ កុមារតាមផ្លូវ កុមារកំព្រា។ល។
ថ្ងៃដែលយើងខ្ញុំទៅទស្សនាសហគ្រាសសង្គមឆន្ទៈជីវិត បានជួបលោកគ្រូដែលកំពុងតែអង្គុយរទេះរុញ ចល័តចុះឡើងបង្រៀនសិស្ស ក្នុងថ្នាក់ព័ត៌មានវិទ្យា។ លោក វូ ផុង គី (Vu Phong Ky) គឺជាសិក្ខាកាមតាមរៀននៅសហគ្រាសសង្គមឆន្ទៈជីវិតក្នុងឆ្នាំ២០០៩ ហើយក៏ជាករណីដ៏កម្រមួយ ដែលពិការទាំងជើងនិងដៃ ដោយសារជំងឺពុកឆ្អឹង ប៉ុន្តែបន្ទាប់ពីសិក្សាបាន៣ខែ លោកគី (Ky) ប្រឡងជាប់កម្រិតឆ្នើម ក្នុងការប្រឡងជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Esoftflow ចំណុះសម្ពន្ធក្រុម Esoft Systems - ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខនៅប្រទេសដាណឺម៉ាក។ បន្ទាប់ពីធ្វើការបាន៤ឆ្នាំ ទទួលបានបទពិសោធន៍ជាច្រើន លោកគី (Ky) បានត្រឡប់មក សហគ្រាសសង្គមឆន្ទៈជីវិត ដើម្បីក្លាយជាគ្រូបង្រៀន និងបង្រៀនវិជ្ជាជីវៈដល់អ្នកដែលមានស្ថានភាពដូចខ្លួន។
ថ្នាក់បំណិនជីវិតមួយនៃមជ្ឈមណ្ឌលឆន្ទៈជីវិត ដើម្បីជួយឱ្យពួកគាត់ងាយស្រួលចែករំលែក និងសម្រប់ខ្លួនជាមួយជីវភាពរស់នៅ។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
មជ្ឈមណ្ឌលឆន្ទៈជីវិត យកចិត្តទុកដាក់លើការរចនាឧបករណ៍បរិក្ខារ និងផ្លូវដើរ ដើម្បីបង្កើតលក្ខខណ្ឌងាយស្រួលបំផុត សម្រាប់សិក្ខាកាមពិការក្នុងការសិក្សា។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
លោកគី (Ky) បានឱ្យដឹងថា សិក្ខាកាមដែលចូលរៀននឹងបានបង្រៀនជំនាញកុំព្យូទ័រមូលដ្ឋាន ពីព្រោះភាគច្រើន ពួកគេមិនដឹងអ្វីទាំងអស់អំពីកុំព្យូទ័រ ចាប់ពីរបៀបកាន់កូនកណ្ដុរ រហូតដល់របៀបបើកកុំព្យូទ័រ។ បន្ទាប់ពី២ខែ ពួកគេនឹងបានបង្រៀនពីការកែរូបភាពអចលនា ដំណើរការទិន្នន័យ កែវីដេអូ បង្កើតផលិតផលដោយប្រើកម្មវិធី Canva និងបង្កើតវីដេអូ ដោយប្រើ AI។ បន្ទាប់ពី៦ខែសិក្សាមុខជំនាញមួយ សិក្ខាកាមនឹងមានទំនុកចិត្តទៅធ្វើការនៅតាមក្រុមហ៊ុនដៃគូមួយចំនួន នៃសហគ្រាសសង្គមឆន្ទៈជីវិត។
ក្រៅពីបើកថ្នាក់បណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា សហគ្រាសសង្គមឆន្ទៈជីវិត ក៏បានបើកថ្នាក់បណ្តុះបណ្តាលបន្ថែមទៀត អំពីសិល្បៈធ្វើគ្រឿងអលង្ការប្រាក់ជាមួយនឹងការណែនាំមកពីសិប្បករភូមិប្រាក់ ឌិញកុង (Dinh Cong) (ហាណូយ)។ សិក្ខាកាមបន្ទាប់ពីសិក្សា១ - ២ខែ អាចធ្វើបានផលិតផល នឹងទទួលបានប្រាក់ខែពី១ ទៅ២លានដុង។ បន្ទាប់ពី៦ខែរៀនស្ទាត់ជំនាញ ពួកគេត្រូវបានបញ្ជូនទៅធ្វើការនៅកម្មន្តសាលផលិតកម្ម នៃភូមិប្រាក់ ឌិញកុង (Dinh Cong) ជាមួយនឹងប្រាក់ខែ ៦លានដុងក្នុងមួយខែ។
មិនត្រឹមតែផ្តល់ឱកាសអាជីជីវៈ និង ការងារដល់ជនពិការប៉ុណ្ណោះទេ សហគ្រាសសង្គមឆន្ទៈជីវិត នៅថែមទាំងជួយសិក្ខាកាមឱ្យមានទំនុកចិត្តលើខ្លួនឯង កាន់តែខ្លាំងឡើង ដោយចូលរួមក្នុងថ្នាក់រៀនបំណិនជីវិត។
នៅមជ្ឈមណ្ឌលឆន្ទៈជីវិត ក្រៅពីការរៀនមុខរបរ សិក្ខាកាមនៅបានចូលរួមសកម្មភាពហាត់ប្រាណជាច្រើនទៀត។ រូបថត៖ ឯកសាររបស់មជ្ឈមណ្ឌលឆន្ទៈជីវិត
ពួកគាត់រីករាយ នៅពេលទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលឆន្ទៈជីវិត។ រូបថត៖ ឯកសាររបស់មជ្ឈមណ្ឌលឆន្ទៈជីវិត
បងស្រី ដាំង ង្វៀនហុងហាញ (Dang Nguyen Hong Hanh) ជាអ្នកស្ម័គ្រចិត្តបង្រៀនថ្នាក់បំណិនជីវិត បានឱ្យដឹងថា៖ "កុមារនឹងបានបង្រៀនអំពីគំនិតវិជ្ជមាន គំនិតអភិវឌ្ឍ ពោលគឺការរៀបចំផែនការសម្រាប់គោលដៅជាក់លាក់ និង វិធីសាស្រ្តដូចម្តេច ដើម្បីប្រកាន់ខ្ជាប់គោលដៅទាំងនោះ។ តាមរយៈនោះ ពួកគេនឹងអាចឆ្លងកាត់តំបន់សុវត្ថិភាពដើម្បីហ៊ានសាកល្បងនូវអ្វី ដែលពីមុនពួកគេមិនហ៊ានសាកល្បង ដើម្បីមានទំនុកចិត្តរៀនចំណេះដឹង និងបំណិនថ្មីៗ និងបំផុសគំនិតដល់អ្នកដទៃ"។
ស្ដីអំពីយុទ្ធសាស្ត្ររយៈពេលវែង នៃសហគ្រាសសង្គមឆន្ទៈជីវិត លោកស្រី មិញ (Minh) បានឱ្យដឹងថា៖ សហគ្រាសសង្គមឆន្ទៈជីវិត នឹងសហការជាមួយ Omicare (ជប៉ុន) បើកហាងលក់គំរូ និង អភិវឌ្ឍចំណុចលក់ខ្នាតតូចបំផុត ដោយការវិនិយោគលើមូលដ្ឋាននិងទំនិញ ដើម្បីឱ្យអ្នកងាយរងគ្រោះ អាចចូលរួមធ្វើការ និង អាចបង្កើតប្រាក់ចំណូល សម្រាប់ខ្លួនឯងបាន៕
អត្ថបទ៖ ងឹនហា រូបថត៖ តឹតសឺន និង ឯកសារនៃមជ្ឈមណ្ឌលឆន្ទៈជីវិត
ប្រែសម្រួល៖ រីកើង