ប្រាសាទគូ - ស្លាកស្នាមវប្បធម៌ចម្ប៉ា នៅគ្វីញើន (Quy Nhon)
មកដល់គ្វីញើន (Quy Nhon)(ខេត្តប៊ិញឌិញ- Binh Dinh) ភ្ញៀវទេសចរមិនត្រឹមតែបានស្វែងយល់ឆ្នេរសមុទ្រស្អាត រម្មណីយដ្ឋានស្រស់អស្ចារ្យ នៅទាំងបានគយគន់ប្រាសាទចម្ប៉ាបុរាណ មានអាយុកាលប្រហែល១.០០០ឆ្នាំ។ ក្នុងនោះ ប្រាសាទគូជាសំណង់មួយក្នុងចំណោមសំណង់ស្ថាបត្យកម្មគំរូ ដែលទាក់ទាញភ្ញៀវទេសចរ អញ្ជើញមកទស្សនា និងស្វែងយល់យ៉ាងកុះករ។
ប្រាសាទគូស្ថិតនៅកណ្តាលមជ្ឈមណ្ឌលទីក្រុងគ្វីញើន (Quy Nhon) ក្នុងបរិយាកាសមួយធំទូលាយ ដោយមានផ្ទៃដីឡើងដល់៦.០០០ម៉ែត្រការេ ជាលក្ខណៈប្រពៃ សម្រាប់ភ្ញៀវទេសចរអញ្ជើញមកទស្សនា។ នេះជាប្រាសាទមួយ ក្នុងចំណោមប្រាសាទចម្ប៉ាទាំង៨ ដែលនៅសេសសល់លើដែនដីខេត្តប៊ិញឌិញ (Binh Dinh) ហើយក៏ជាកេរដំណែលមួយក្នុងចំណោមកេរដំណែលវប្បធម៌ចម្ប៉ា ដែលមានលក្ខណៈសាសនាប្រាកប្រជា។
តាមឯកសាររក្សានៅគណៈកម្មការគ្រប់គ្រងកេរដំណែលប្រាសាទគូ ប្រាសាទនេះនៅមានឈ្មោះថា ប្រាសាទហឹងថាញ (Hung Thanh) មានអាយុកាលនៅចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍១៣។ នោះជាស្ថាបត្យកម្មសាសនានៃអាណាចក្រចម្ប៉ាបុរាណ។ ក្នុងភាសាចម្ប៉ា ប្រាសាទហៅថា “កាលាន” មានន័យថាចេតិយ ជាទីកន្លែងដែលមហាក្សត្រកសាងសម្រាប់បូជាព្រះអាទិទេព។ ព្រះអាទិទេពបានបូជានៅទីនេះ អាចជាព្រះសិវៈ ព្រះគណេស ឬព្រះអាទិទេពទៅតាមការជំនឿ គោរពនៃស្តេចនីមួយៗ។ ក៏ប៉ន្តែ សង្គមចម្ប៉ានៅអតីតកាល មានការផ្សំផ្គុំរវាងរាជអំណាច និង ទេវអំណាច ដូចនេះប្រាសាទជាច្រើនគឺសម្រាប់បូជាស្តេចចម្ប៉ាទៀតផង។
ប្រាសាទមានរចនាសម្ពន្ធពិសេស រួមមានពីរប្រាសាទ ប្រាសាទធំកម្ពស់ប្រហែល២៥ម៉ែត្រ ប្រាសាទតូចកម្ពស់២៣ម៉ែត្រ ទ្វារធំនៃប្រាសាទទាំងពីរ សុទ្ធតែបែរមុខទៅទិសខាងត្បូង។ ប្រាសាទបានសាងសង់ដោយឥដ្ឋ រៀបប្រកិតជិតគ្នាដោយបាយអរពិសេស បច្ចេកទេសពិសេសមួយនេះ មានតែជនជាតិចម្ប៉ាធ្វើបាន មកដល់សព្វថ្ងៃមិនទាន់មានអ្នកណាបកស្រាយបានឡើយ។ ប្រាសាទមានរចនាសម្ពន្ធ៣ផ្នែក៖ ជើងប្រាសាទធំធ្វើដោយថ្ម ជើងប្រាសាទតូចធ្វើដោយឥដ្ឋ បានរៀបប្រកិតរឹងមាំ តួប្រាសាទបួនជ្រុង និងកំពូលប្រាសាទមានរាងកោង សាងដោយឥដ្ឋរៀបភ្ជាប់គ្នា។
ប្រាសាទធំ មានរាងតុល្យភាពបង្គួរ តួប្រាសាទ និងដំបូលសុទ្ធតែបានរចនាយ៉ាងប្រណីតដោយក្បាច់ទាល់ ធ្វើឱ្យទម្រង់ស្ថាបត្យកម្មកាន់តែរឹងមាំ សងខាងតុបតែងដោយក្បាច់រចនាគូនឹងគ្នា ដែលមានអមដោយចម្លាក់អប្សរារាំ២១នាក់ នៅជុំវិញដំបូល មានសភាពរស់រវើក។ ចន្លោះដំបូល និង តួប្រាសាទបានតុបតែងដោយរូបអ្នកបួសអង្គុយសមាធិ សងខាងអមដោយដំរី។ ភាពប្រណីតនៃជនជាតិចម្ប៉ា នឹងធ្វើឱ្យអ្នកដិតដាំអារម្មណ៍ នេះពិតជាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ។
ចំពោះប្រាសាទតូចក៏មានរចនាសម្ពន្ធប្រហាក់ប្រហែលនឹងប្រាសាទធំ ប៉ុន្តែដំបូលប្រាសាទជំនួសទៅដោយរូបចម្លាក់ដែលមិនមែនជារូបអប្សរា បែរជាតុបតែងដោយសត្វប្រើស១៣ក្បាល មានរចនាបទក្រមិចក្រមើម រស់រវើក។
Ngàyបច្ចុប្បន្ន គូប្រាសាទកំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ មិនត្រឹមតែស្ថាបត្យកម្មពិសេស ប្រណីត នៃជនជាតិចាម នៅទីនេះនៅទាំងបានបន្សល់ទុកក្នុងអារម្មណ៍ភ្ញៀវទេសចរតអំពីម្លៃវប្បធម៌ពិសេសផងដែរ។ ទំនុករបាំនៃជនជាតិចាម បានសម្តែងឡើងវិញ បម្រើភ្ញៀវទេសចរទស្សនា ស្វែងយល់បន្ថែមមានសភាពរស់រវើក៕
ព័ត៌មានមួយចំនួនសម្រាប់ភ្ញៀវទេសចរខណៈពេលទស្សនាប្រាសាទគូនៅគ្វីញើន (Quy Nhon)៖
+តម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ ២០.០០០ដុងក្នុងមួយនាក់ សម្រាប់កុមារក្រោម១.២ម៉ែត្រ ឥតគិតថ្លៃ។
+ពេលវេលាបើកទ្វារ៖ ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង០៦ល្ងាច រៀងរាល់ថ្ងៃប្រចាំសប្តាហ៍។
- អត្ថបទ និង រូបភាព៖ ខាញឡុង/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង