នំយ៉ៃ (banh day) ពិសេសរបស់បងប្អូនជនជាតិ ប៉ាថែន (Pa Then)

នំយ៉ៃ (banh day) ពិសេសរបស់បងប្អូនជនជាតិ ប៉ាថែន (Pa Then)

អង្ករ​ត្រូវ​ដាក់​ចូល​ក្នុងត្បាល់​ហើយ​បុកឲ្យ​ម៉ដ្ឋ

នំ​យ៉ៃ (banh day) ​គឺជាចំណី​អាហារដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ស្ពកសំណែនសែន​ជីដូនជីតា​របស់​បងប្អូនជនជាតិ ប៉ាថែន​ (Pa Then) នៅ​ស្រុក ឡឹម​ប៊ិញ (Lam Binh) ខេត្ត ទៀន​ក្វាង (Tuyen Quang)។ នំយ៉ៃ (banh day) បានសែនជូន​ជីដូនជីតា និងព្រះអាទិទេព ដើម្បីបួងសួងឆ្នាំថ្មីមានអាកាសធាតុ​ល្អ រដូវប្រមូលផលជាច្រើន​សន្ធឹក និងគ្រួសារមានសេចក្តីសុខ ចម្រើន​។ មិនត្រឹមតែប៉ុណ្ណោះ នំ​យ៉ៃ (banh day)  គឺជាសោភណ្ឌភាពនៃវប្បធម៌ប្រពៃណីរបស់ជនជាតិ ប៉ាថែន​ (Pa Then)។ នំយ៉ៃ (banh day) បង្ហាញពីស្មារតីសាមគ្គីភាព និងការជួបជុំគ្រួសារវង្សត្រកូលទៀតផង។

អង្ករ​ដំណើប​ដែល​បាន​ជ្រើស​រើសជា​អង្ករ​ឆ្ងាញ់ ​គ្រាប់​មូល គ្រាប់ពេញ

អង្ករដំណើបដែលជ្រើសរើសធ្វើនំយ៉ៃ (banh day)   គឺជាប្រភេទអង្ករដំណើបឆ្ងាញ់ លាងទឹកឱ្យស្អាត ហើយត្រាំក្នុងទឹករយៈពេល ៦ - ៨ ម៉ោង​ ដើម្បី​​ឲ្យ​គ្រាប់​អង្ការ​ទន់។ បន្ទាប់​ពី​ត្រាំ​រួច ​យក​អង្ករ​ចេញ ​ហើយ​ទុក​ឲ្យ​ស្ងួត​។ បន្ទាប់​មក​ដាក់​អង្ករ​ចូល​ឆ្នាំង ដាក់​ទឹក​ខ្ពស់ជាង​អង្ករបន្តិច​រួចចម្អិន​។ អង្ករឆ្អិនត្រូវបានចាក់ចូលទៅក្នុងកញ្ជ្រែង​ដើម្បីទុកឱ្យត្រជាក់។

អង្ករបាន​រែង​ ​ដើម្បី​យក​ក្រួស​ចេញ

ដាក់​អង្ករ​ចូល​ក្នុង​ត្បាល់ ​​រួច​បុក​ឲ្យ​ម៉ដ្ឋ។ នំនេះបាន​សូនឲ្យទៅជារាងមូល ដែលមានអង្កត់ផ្ចិតប្រហែល​ ១០ សង់ទីម៉ែត្រ។ ដាក់នំនៅលើស្លឹកចេកហើយ​វេចខ្ចប់។ នំ​យ៉ៃ (banh day) គឺជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ដែល​ប្រកបដោយរសជាតិពិសេសនៃតំបន់ភ្នំ។ នំ​នេះ​​មាន​រសជាតិ​ឆ្ងាញ់ជាង បើ​សិន​ហូប​ជាមួយ​​អំបិល​លាយ​នឹងល្ង។

អង្ករត្រូវបានបុកម៉ដ្ឋក្នុងត្បាល់​​

តាម​ជំនឿ នំយ៉ៃ (banh day) ​របស់​បងប្អូនជនជាតិ​ ប៉ា​ថែន (Pa Then) ​ជា​និមិត្តរូប​នៃមេឃនិង​ផែនដី ជាតំណាងសាមគ្គីភាព និង​ការ​ជួបជុំ​គ្រួសារ និង​ត្រកូល។ នំ​យ៉ៃ (banh day) ធ្វើពីអង្ករដំណើបដែលបានចាត់ទុកជាភាព​ថ្លៃថ្នូរនៃមេឃ និងផែន​ដី​។

នំបាន​សូនជារាងមូលដែលមានអង្កត់ផ្ចិតប្រហែល ១០ សង់ទីម៉ែត្រ

រាងមូលនៃនំ​យ៉ៃ (banh day) ជានិមិត្តរូបតំណាងឱ្យភាពពេញលេញមូលជុំ។ នំត្រូវបានត្រួតលើគ្នា បង្កើតជាភ្នំពីធំទៅតូច ដែលជានិមិត្តរូបនៃមេឃនិងផែនដី តំណាងភាពថិតថេរ និងជិត​ស្និទ្ធ។ នំ​យ៉ៃ (banh day) គឺជាសម្រស់វប្បធម៌ប្រពៃណីរបស់ជនជាតិ ប៉ា​ថែន (Pa Then) ។ នំ​នេះ​ធ្វើ​ដោយ​ដៃ ​តម្រូវ​ឱ្យ​មាន​ភាពប៉ិន​ប្រសប់ និង​ភាព​ល្អិតល្អន់​របស់​អ្នក​ធ្វើ​នំ។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មុខ​ម្ហូបមួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ពិធី​សែន​ព្រេន​របស់​ជនជាតិ ប៉ាថែន​​ (Pa Then)។ នំនេះ​បង្ហាញ​នូវ​ស្មារតី​​សាមគ្គីភាព និង​ការ​ជួបជុំ​គ្រួសារ និង​ត្រកូល។ នំ​យ៉ៃ (banh day) ​របស់​ជនជាតិ ប៉ាថែន​ (Pa Then)  មានរសជាតិឆ្ងាញ់។ នំនេះមានរសជាតិផ្អែមធម្មជាតិនៃអង្ករដំណើប ក្លិនស្លឹកចេក និងរសជាតិគ្រាប់សណ្តែកដី។ នំ​យៃ (banh day) ហូបជាមួយសាច់មាន់ សាច់ជ្រូក ស្ពៃជូរ។

នំ​យ៉ៃ (banh day) របស់​ជនជាតិ​ ប៉ាថែន (Pa Then)  

ជនជាតិនីមួយៗ មានទំនៀមទំលាប់ទទួលឆ្នាំថ្មីខុស​ប្លែកពី​​គ្នា ប៉ុន្តែអ្វីៗទាំងអស់សុទ្ធតែមានបំណងចង់ទទួលបានអ្វីដែលល្អបំផុតនៅក្នុងឆ្នាំថ្មី។ ក្នុងប៉ុន្មានថ្ងៃចូល​ឆ្នាំថ្មី (បុណ្យ​តេត)  បងប្អូន​ជនជាតិ​ ប៉ាថែន (Pa Then) ទាំងអស់នៅស្រុក  លឹម​ប៊ិញ (Lam Binh) ខេត្ត ទៀន​ក្វាង (Tuyen Quang) រៀបចំស្ពកសំណែនដែលពោរពេញដោយគ្រឿងសំណែនប្រពៃណី ហើយនំយ៉ៃ (banh day) ជាសំណែនមួយមុខដែលមិនអាចខ្វះបាន ដើម្បីសែនជូនជីដូន​ជីតា និងព្រះអាទិទេព ប្រាថ្នាឆ្នាំថ្មីមាន​អាកាសធាតុ​ល្អ រដូវ​ប្រមូលផលជាច្រើន​សន្ធឹក ជីវភាពធូរធា និងសុភមង្គល។/

អត្ថបទ និងរូបថត៖ ត្រឹន​ថាញ​យ៉ាង​/ កាសែតរូបភាព​វៀតណាម ប្រែសម្រួល​ដោយង្វៀន​យ៉ាង

 


Top