ដំណើរមួយបានបញ្ចប់ ជីវិតជាច្រើនត្រូវបានបើកឡើង

ដំណើរមួយបានបញ្ចប់ ជីវិតជាច្រើនត្រូវបានបើកឡើង

ពីដំណើរកម្សាន្តមិនពេញលេញ​​ សម្រាប់នារីអង់គ្លេសវ័យក្មេងម្នាក់ រហូតដល់ជីវិតដែលបានរស់ឡើងវិញនៅប្រទេស​វៀតណាម ដំណើរបរិច្ចាគសរីរាង្គដ៏អស្ចារ្យដែលបានកើតឡើង នៅដើមខែមេសា ឆ្នាំ២០២៦ បានក្លាយជាសក្ខីភាពដ៏រស់រវើកមួយ នៃទឹកចិត្តសប្បុរសធម៌។ វាមិនត្រឹមតែជួយសង្គ្រោះអ្នកជំងឺ ដែលកំពុងស្ថិតនៅកៀកព្រំដែនរវាងជីវិត និងសេចក្តីស្លាប់ប៉ុណ្ណោះទេ ថែមទាំង អំណោយដ៏កាត់ថ្លៃមិនបាននោះ ក៏បើកឡើងនូវសង្ឃឹមសម្រាប់គ្រួសារជាច្រើន និងផ្សព្វផ្សាយសារមនុស្សធម៌អំពីការបរិច្ចាគកោសិកា និងសរីរាង្គ បន្ទាប់ពីអ្នក​ជំងឺស្លាប់ខួរក្បាល។

ការសម្រេចចិត្តដ៏មនុស្សធម៌មួយបានពន្យារអាយុជីវិត

នៅចុងខែមីនា ឆ្នាំ២០២៦ នារីអង់គ្លេសអាយុ ១៩ ឆ្នាំឈ្មោះ O.S.W. ខណៈពេលកំពុងធ្វើ​ដំណើការនៅប្រទេស​វៀតណាម ប៉ុន្តែជាអកុសល គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ទ្វៀន​ក្វាង (Tuyen Quang) ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពវៀតឌឹក (Viet Duc) ដើម្បីព្យាបាល។ ទោះបីជាមានការខិតខំប្រឹងប្រែងពីវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាក៏ដោយ អ្នកជំងឺបានធ្លាក់ចូលទៅក្នុងស្ថានភាពស្លាប់ខួរក្បាល ដោយសារតែគាត់មានរបួសជាច្រើន និងរបួសលលាដ៍ក្បាលធ្ងន់ធ្ងរ។

ក្នុងពេលវេលាដ៏សោកសៅបំផុត ក្រុមគ្រួសារនារីវ័យក្មេងរូបនេះ បានធ្វើការសម្រេចចិត្តដ៏គួរឱ្យកត់សម្គាល់មួយ៖ បរិច្ចាគសរីរាង្គខ្លះ​ ដែលអាចជួយសង្គ្រោះជីវិតមនុស្សមួយ​ចំនួន។

ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាពវៀតឌឹក បានបញ្ជូនអ្នកទេសចរអង់គ្លេសចូលទៅក្នុងបន្ទប់វះកាត់ ដើម្បីយកសរីរាង្គ និងកោសិការជាច្រើន បន្ទាប់ពីក្រុមគ្រួសាររបស់គាត់យល់ព្រមនូវការបរិច្ចាគ។ រូបថត៖ បូងវូ

នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ ក្រោមការសម្របសម្រួល​របស់មជ្ឈមណ្ឌលសម្របសម្រួលការប្តូរសរីរាង្គ​ជាតិ សហការជាមួយមន្ទីរពេទ្យមិត្តភាពវៀតឌឹក ក្រុមអ្នកជំនាញ វេជ្ជបណ្ឌិត បានអនុវត្តដំណើរការវះកាត់ យក និងប្តូរសរីរាង្គយ៉ាងឆាប់រហ័ស ស្របតាមបទប្បញ្ញត្តិវិជ្ជាជីវៈ​។

ពីទង្វើដ៏ថ្លៃថ្នូរបស់ភ្ញៀវទេសចរអង់គ្លេសរូបនេះ ថ្លើមមួយ និងតម្រងនោមពីរ ត្រូវបានប្តូរទៅឱ្យអ្នកជំងឺធ្ងន់ធ្ងរបីនាក់ ដែលបើកឱកាសសម្រាប់ការព្យាបាល និងពន្យារអាយុជីវិតរបស់ពួកគេ។ លើសពីនេះ កោសិកាជាច្រើន ទៀតដូចជា វ៉ាល់បេះដូង សរសៃពួរ ឆ្អឹងខ្ចី និងសរសៃប្រសាទ ក៏ត្រូវបានយក  ដើម្បីបម្រើដល់ការព្យាបាលអ្នកជំងឺជាច្រើននាក់ផ្សេងទៀតផងដែរ។

ក្រុមវេជ្ជបណ្ឌិតវះកាត់បានចំណាយមួយនាទីស្ងៀមស្ងាត់ ដើម្បីគោរព និងសម្តែងការដឹងគុណចំពោះអ្នកបរិច្ចាគ សរីរាង្គ មុនពេលចាប់ផ្តើមការវះកាត់។ រូបថត៖  យាញ់ ខាង
 

នៅក្នុងបន្ទប់វះកាត់ ក្រុមអ្នក​ជំនាញនានាបានធ្វើការជាបន្តបន្ទាប់ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ។ នៅខាងក្រៅច្រករបៀងមន្ទីរពេទ្យវៀតឌឹក ក្រុមគ្រួសាររបស់អ្នកបរិច្ចាគបានលាមនុស្សជាទីស្រលាញ់របស់ពួកគេ ដោយស្ងៀមស្ងាត់ តាមរយៈកាយវិការមួយដែលធ្វើឱ្យការបាត់បង់មិនត្រឹមតែឈប់ត្រឹមការឈឺចាប់នោះទេ ប៉ុន្តែបានក្លាយជាក្តីសង្ឃឹម សម្រាប់ជីវិតជាច្រើនទៀត។

 

ការបរិច្ចាគសរីរាង្គនេះក៏បានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយ សម្រាប់សកម្មភាពបរិច្ចាគ និងប្តូរសរីរាង្គនៅក្នុងប្រទេសវៀតណាម ដោយសារអ្នកបរិច្ចាគគឺជាពលរដ្ឋបរទេស ដែលបានស្លាប់ក្នុងពេលធ្វើដំណើរ ក្នុងប្រទេស​វៀតណាម បង្ហាញពីស្មារតីមនុស្សធម៌នេះដែលឆ្លងកាត់ព្រំដែនទាំងអស់នៃសញ្ជាតិ ភាសា និងព្រំដែន។

មន្ទីរពេទ្យមិត្តភាពវៀតឌឹក - តួលេខលេចធ្លោអំពី ការប្តូរ​សរីរាង្គ (គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦)

ករណីបរិច្ចាគសរីរាង្គចំនួន ១៧១ ពីអ្នកបរិច្ចាគដែលស្លាប់ខួរក្បាល នៅមន្ទីរពេទ្យមិត្តពវៀតឌឹក។

ប្រភពសរីរាង្គចំនួន ៣២ ដែលសម្របសម្រួលពីមណ្ឌលសុខភាពផ្សេងទៀត។

ការប្តូរសរីរាង្គចំនួន ៦០៧ ពីអ្នកបរិច្ចាគដែលស្លាប់ខួរក្បាល​។

ក្នុង​នោះរួមមាន៖

ការប្តូរបេះដូងចំនួន ១៣៧។

ការប្តូរថ្លើមចំនួន ១៦៦។

ការប្តូរតម្រងនោមចំនួន ៣០៤។

ការប្តូរសួតចំនួន ១០។

មន្ទីរពេទ្យនេះ​បាន​ម្ចាស់ការ ក្នុង​បច្ចេកទេសប្តូរសរីរាង្គស្មុគស្មាញជាច្រើន ដូចជាការប្តូរបេះដូង-តម្រង​នោមក្នុងពេលដំណាលគ្នា ការប្តូរបេះដូង-ថ្លើម ការប្តូរថ្លើម Domino ទន្ទឹម​នឹង​នេះ ការប្តូរលិង្គលើកដំបូង បាន​រៀបចំដោយជោគជ័យ នៅក្នុងប្រទេសវៀតណាម។

ប្រភព៖ មន្ទីរពេទ្យមិត្តភាពវៀតឌឹក (បានធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦)។

នៅពេលដែលអំណោយនៃជីវិតបានវិលត្រឡប់មកផ្ទះវិញ

ការប្តូរតម្រងនោមពីភ្ញៀវទេសចរជានារីជនជាតិអង់គ្លេសម្នាក់ បានផ្តល់ឱកាសថ្មីមួយដល់​បងស្រី H អាយុ ៤១ ឆ្នាំ។ នៅក្នុងផ្ទះរបស់បងស្រី  H រូបភាពរបស់ម្តាយកំពុងរៀបចំអាហារ នាំកូនស្រីពៅរបស់គាត់ទៅសាលារៀន ណែនាំកូនអំពីលំហាត់នៅផ្ទះ ឬស្តាប់កូនស្រីច្បងរបស់គាត់លេងព្យ៉ាណូស្ងាត់ៗ សុទ្ធតែជាពេលវេលាសាមញ្ញ​ៗ​។ ប៉ុន្តែភាពសាមញ្ញនេះ ជាសក្ខីភាពដ៏ច្បាស់លាស់បំផុតនៃតម្លៃនៃការបរិច្ចាគសរីរាង្គ។

បន្ទាប់ពីការប្តូរតម្រងនោមដោយជោគជ័យ បងស្រី H បានត្រឡប់ទៅផ្ទះវិញ  និងបន្តអមដំណើរជាមួយកូនៗរបស់គាត់ ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ រូបថត៖ កុងដាត / VNP  

នេះមិនមែនគ្រាន់តែជារឿងរ៉ាវអំពី ការវះកាត់ដ៏ជោគជ័យនោះទេ។ នោះជារឿងរ៉ាវរបស់ម្តាយម្នាក់ ដែលអាចបន្តរួមដំណើរជាមួយកូនៗរបស់គាត់​ ក្នុងដំណើរឆ្ពោះទៅរកភាពពេញវ័យរបស់ពួកគេអំពី គ្រួសារមួយដែលរក្សាបាននូវសំណើចរបស់ខ្លួន បន្ទាប់ពីការរង់ចាំដោយក្តីបារម្ភអស់ជាច្រើនខែ ។

នៅពីក្រោយទ្វារបន្ទប់វះកាត់គឺជាជីវិតមួយ ដែលត្រូវបានពន្យារអាយុកាល របស់ពួកគេ

មិនត្រឹមតែបងស្រី H ប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំងឺពីរនាក់ផ្សេងទៀត ដែលបានទទួលការប្តូរថ្លើម និងតម្រងនោមពីប្រភពសរីរាង្គបរិច្ចាគតែមួយ ក៏មានឱកាសឈានចូលទៅក្នុងដំណើរថ្មីមួយ បន្ទាប់ពីការតស៊ូជាមួយជំងឺអស់ជាច្រើនឆ្នាំ។ 

ការហាត់ប្រាណប្រចាំថ្ងៃ ជួយសុខភាពរបស់បងស្រី H ធូស្បើយជាបណ្តើរៗ បន្ទាប់ពីការប្តូរតម្រងនោម។ រូបថត៖ កុងដាត/ VNP

ចំពោះអ្នកវេជ្ជបណ្ឌិត​អនុវត្តការវះកាត់ និងប្តូរសរីរាង្គ ភាពជោគជ័យនៃករណីប្តូរសរីរាង្គមួយ មិនត្រឹមតែត្រូវការវះកាត់ដែលប្រព្រឹត្តទៅដោយរលូននោះទេ ប៉ុន្តែ នោះត្រូវវាស់វែងដោយគុណភាពជីវិតរបស់អ្នកជំងឺ បន្ទាប់ពីនោះផងដែរ។

សម្រាប់ក្រុមគ្រួសាររបស់នារីអង់គ្លេសរូបនេះ ដំណើរកម្សាន្តរបស់នារីរូបនេះ ទៅកាន់ប្រទេសវៀតណាមបានបញ្ចប់ដោយការឈឺចាប់ដែលមិនអាចជំនួសបាន។ ប៉ុន្តែការសម្រេចចិត្តនូវ​ការបរិច្ចាករបស់ពួកគេ  បានបន្សល់ទុកនូវមរតកដ៏គួរឱ្យកត់សម្គាល់មួយ - ជីវិតនៅតែបន្តចំពោះមនុស្សដែលពួកគេមិនធ្លាប់ស្គាល់។

ស្នាមញញឹមបានវិលត្រឡប់មកវិញក្នុងជីវិតរបស់អ្នក ម្ដាយ​ ដែល​បាន​ដណ្តើម​នូវ​ជីវិត​ឡើងវិញ។ រូបថត៖ កុង​ដាត / VNP
បងស្រី H ណែនាំកូនស្រីរបស់គាត់ អំពីមេរៀន មុនការវះកាត់ និងប្តូរ​តម្រងនោម ជំងឺបានធ្វើឱ្យបងស្រី មិនមានសុខភាពគ្រប់គ្រាន់ដើម្បីរួមដំណើរជាមួយកូនក្នុងការរៀនសូត្រណាស់។  រូបថត៖ កុង​ដាត / VNP
អ្នកម្តាយម្នាក់នេះ​ បានកាន់ដៃកូនស្រីរបស់គាត់ ទៅសាលារៀន - ជាប្រការដ៏សាមញ្ញា ដែលធ្លាប់ជាបំណងប្រាថ្នា ក្រោយ​ប៉ុន្មាន​ខែ ឆ្នាំប្រយុទ្ធប្រឆាំងនឹង​ជំងឺ ។  រូបថត៖ កុង​ដាត / VNP

ដំណើរនៃការបរិច្ចាគសរីរាង្គ មិនបានបញ្ចប់នៅក្នុងបន្ទប់វះកាត់នោះទេ ប៉ុន្តែបន្តនៅក្នុងរាល់ពេលហូបបាយគ្រួសារ ការជូនកូនទៅសាលារៀន និងសំឡេងតន្ត្រីដែលលាន់ឡើង ក្នុងផ្ទះមួយ ដែលបានរកឃើញនូវ​ក្តីសប្បាយរីករាយឡើងវិញ បន្ទាប់ពីថ្ងៃខែដែលហាក់ដូចជាមានតែសង្ឃឹមយ៉ាងស្តួចស្តើង។

ចេញពីកាយវិការដ៏ខ្ពង់ខ្ពស់របស់នារីវ័យក្មេងជនជាតិអង់គ្លេសមួយ​រូបនេះ ជីវិតជាច្រើនត្រូវបានបើកឡើង ហើយសារមួយអំពីការបរិច្ចាគកោសិកា និងសរីរាង្គ បន្ទាប់ពីស្លាប់ខួរក្បាល បន្តផ្សព្វផ្សាយដូចជាការរំលឹកថា ទោះ​បីជាស្ថិតនៅក្នុងការបាត់បង់ដ៏ធំធេងបំផុតក៏ដោយ មនុស្សនៅតែអាចផ្ដល់ឱ្យគ្នានូវអំណោយដ៏មានតម្លៃបំផុត – គឺឱកាស​នៃការរស់រានមានជីវិត៕

អត្ថបទ៖ កុងដាត; រូបថត៖ កុងដាត / VNP – បូងវូ - យ៉ាញ​ខាង



Top