កម្លាំងចលករថ្មីកំណត់អនាគតរបស់វៀតណាម
ឆ្ពោះទៅកាន់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ សេចក្តីសម្រេចលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយចេញផ្សាយ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន បានក្លាយជាព្រឹត្តិការណ៍សំខាន់មួយ ដោយបញ្ជាក់ថា វិស័យឯកជនជា "កម្លាំងចលករសំខាន់បំផុត" នៃខឿនសេដ្ឋកិច្ច។ នេះគឺជាប្រកាសដ៏រឹងមាំមួយអំពី គំនិតច្នៃប្រឌិត ដែលបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការរួមដំណើររវាងរដ្ឋ និងសហគមន៍អាជីវកម្ម ដើម្បីបង្កើតដំណាក់កាលអភិវឌ្ឍដ៏ជោគជ័យមួយ។
ការរីកចម្រើននៃវិស័យឯកជនបានកើតឡើង នៅពេលដែលប្រទេសវៀតណាមជំរុញកំណែទម្រង់ស្ថាប័ន បង្រួមក្បាលម៉ាស៊ីន ការលើកកម្ពស់បរិវត្តកម្មឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង។ ការផ្លាស់ប្តូរទាំងនេះ បង្កើតមូលដ្ឋានគ្រឹះ សម្រាប់សហគ្រាសឯកជន ដើម្បីបញ្ជាក់ពីតួនាទីរបស់ខ្លួន ក្នុងខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា វិស័យសេដ្ឋកិច្ចឯកជនបច្ចុប្បន្នគឺជា "កម្លាំងចលករសំខាន់បំផុត" នៃខឿនសេដ្ឋកិច្ច ដែលរួមចំណែកយ៉ាងធំធេងដល់កំណើន ចំណូលថវិកា និងការងារ។ នៅក្នុងត្រីមាសទីបី នៃឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៨,២៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ហើយជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ចំពោះលទ្ធផលទូទៅនោះ មានការរួមចំណែកពីវិស័យសេដ្ឋកិច្ចឯកជន។ ជាមួយគ្នានេះ គម្រោង និងសំណង់ចំនួន ២៥០ ត្រូវបានសម្ពោធន៍ និងបើកការដ្ឋានជាបន្តបន្ទាប់ នៅទូទាំងប្រទេស ក្នុងឱកាសខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា ស្រូបយក ៦៣% នៃដើមទុនវិនិយោគសរុប បានមកពីសហគ្រាសឯកជន។
ដើម្បីជួយគាំទ្រដល់កម្លាំងនេះ រដ្ឋាភិបាលវៀតណាមបានជំរុញការកែទម្រង់បែបបទ កាត់បន្ថយលក្ខខណ្ឌធ្វើអាជីវកម្ម ដើម្បីបង្កើតបរិយាកាសវិនិយោគ ដែលមានតម្លាភាព និងស្ថិរភាព ជាមួយនឹងគោលការណ៍ "អត្ថប្រយោជន៍សមស្រប ចែករំលែកហានិភ័យ"។
លោក ត្រឹន ឌិញឡុង (Tran Dinh Long) - ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន ហ្វ័រផាត (Hoa Phat) គ្រុប បានមានប្រសាសន៍ថា ឧស្សាហកម្មដែកថែបរបស់វៀតណាម បានកើនឡើងដល់ចំណាត់ថ្នាក់ទី ១១ នៅលើពិភពលោក ពីមូលដ្ឋានតិចតួចក្នុងឆ្នាំ១៩៩៥ ដែលបង្ហាញពីផ្នត់គំនិតនូវការធ្វើសមាហរណកម្ម និងបរិយាកាសធ្វើអាជីវកម្មស្ថិរភាព។លោក ត្រឹន ឌឹកទុង (Tran Duc Tung) - អគ្គនាយករងក្រុមហ៊ុនភាគហ៊ុន Hanel (Hanel PT) បានមានប្រសាសន៍ថា សម្រាប់ Hanel PT ស្តង់ដារ ESG (បរិស្ថាន - សង្គម - អភិបាលកិច្ច) វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) និងផលិតកម្មបៃតង គឺជាគន្លឹះសម្រាប់សហគ្រាសមានវត្តមានកាន់តែស៊ីជម្រៅ នៅក្នុងខ្សែសង្វាក់តម្លៃទូទាំងពិភពលោក។
បច្ចុប្បន្ននេះ វិស័យឯកជនរួមចំណែកប្រហែល៥០% នៃផលិតផលក្នុងស្រុកសរុបជាង ៣០% នៃចំណូលថវិការដ្ឋ បង្កើតការងារជាង ៤០លាន និងស្រូបយកជិត៦០% នៃដើមទុនវិនិយោគសង្គមសរុប។ តួលេខទាំងនេះបង្ហាញថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចទីផ្សារ បានកំណត់តាមទិសដៅសង្គមនិយម ដែលវៀតណាមកំពុងអនុវត្ត។
នៅលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ចឯកជន បក្ស និងរដ្ឋមិនត្រឹមតែយកចិត្តទុកដាក់ប៉ុណ្ណោះទេ ថែមទាំងបង្កើតបរិយាកាសអភិវឌ្ឍសម្រាប់សហគ្រាសឱ្យរីកចម្រើនផងដែរ។ សេចក្តីសម្រេចចិត្ត និងការណែនាំជាច្រើន ត្រូវបានចេញផ្សាយជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម កាត់បន្ថយបែបបទរដ្ឋបាល និងធានាសិទ្ធិស្របច្បាប់របស់សហគ្រាសឯកជន។ ជាពិសេសគឺសេចក្តីសម្រេចលេខ ៦៨ ។ នេះមិនត្រឹមតែជាការបញ្ជាក់យ៉ាងម៉ឹងម៉ាត់អំពី គោលនយោបាយសំខាន់ៗ របស់បក្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានឆ្ពោះទៅមុខដ៏មាំមួនមួយ ក្នុងគំនិតអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ នេះគឺការគោរព លើកទឹកចិត្ត និងអមដំណើរសហគ្រាសឯកជន។
សេចក្តីសម្រេចលេខ៦៨ ដាក់ចេញរបកគំហើញជាបន្តបន្ទាប់ ចាប់ពីការធ្វើឱ្យសុក្រិតស្ថាប័ន ការធានាសិទ្ធិស្មើគ្នាក្នុងការទទួលបានធនធាន រហូតដល់ការកសាងបរិយាកាសធ្វើអាជីវកម្ម ដែលមានតម្លាភាព យុត្តិធម៌ សុវត្ថិភាព និងអំណោយផល។ បក្ស និងរដ្ឋកំណត់យ៉ាងច្បាស់ថា៖ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺជាតម្រូវការ ជាកម្លាំងចលករដ៏សំខាន់ សម្រាប់កសាងសេដ្ឋកិច្ចឯករាជ្យ ស្វយ័ត និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ។
នៅក្នុងអត្ថបទ "ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន - ឃ្នាស់សម្រាប់ប្រទេសវៀតណាមរុងរឿង" លោកអគ្គលេខាបក្ស តូឡឹម (To Lam) បានសង្កត់ធ្ងន់ថា៖ ឆ្ពោះទៅរកចក្ខុវិស័យរួមរបស់ប្រទេស សេដ្ឋកិច្ចឯកជនក៏ត្រូវកំណត់បេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន ឱ្យកាន់តែច្បាស់លាស់ផងដែរ។ សេដ្ឋកិច្ចឯកជនត្រូវតែជាកម្លាំងនាំមុខគេ ក្នុងយុគសម័យថ្មី ដោយអនុវត្តបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្មសេដ្ឋកិច្ចដោយជោគជ័យ បង្កើនការប្រកួតប្រជែងថ្នាក់ជាតិ មានទំនួលខុសត្រូវសង្គម រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ចូលរួមកសាងសង្គមស៊ីវិល័យ និងទំនើប និងរួមចំណែកកសាងប្រទេសវៀតណាមដ៏ស្វាហាប់ និងសមាហរណកម្មអន្តរជាតិ។
នៅក្នុងយុគសម័យនៃចំណេះដឹង និងសមាហរណកម្ម នៅពេលដែលបក្ស និងរដ្ឋពង្រីកលំហអភិវឌ្ឍ សហគមន៍សហគ្រាស ត្រូវការមានភាពក្លាហានឈានទៅមុខ ដើម្បីកម្លាយឱកាសទៅជាកម្លាំងកំណើន នាំខ្លួន និងប្រទេសជាតិរីកចម្រើនយ៉ាងរឹងមាំ៕
ដកស្រងដោយឡុងង្វៀន - រូបថត៖ VNA








