“Taste of Heritage - បំផុសគំនិតបេតិកភណ្ឌ”
ក្រោមប្រធានបទ “Taste of Heritage” - បំផុសគំនិតបេតិកភណ្ឌ” សប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម នាសរទរដូវ-រដូវរងាឆ្នាំ២០២២ រៀបចំឡើងនៅរដ្ឋធានីហាណូយ បានទាក់ទាញការចូលរួមពីអ្នករចនាម៉ូដសម្លៀកបំពាក់ ១៨នាក់ និងពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់ល្បីឈ្មោះក្នុងស្រុកនិងបរទេសជាច្រើន។
សប្តាហ៍ម៉ូដសម្លៀកអន្តរជាតិវៀតណាម សរទរដូវ-រដូវរងាឆ្នាំនេះ បានរៀបចំឡើងនៅរដ្ឋធានីហាណូយ ដោយគោលបំណងបំផុសគំនិតដល់អ្នករចនាម៉ូដ ពាណិជ្ជសញ្ញាវៀតណាម ក្នុងការចូលរួមអភិរក្ស លើកស្ទួយ និងពង្រីកសម្រស់ស្រស់ស្អាត នៃកេរដំណែលវប្បធម៌វៀតណាម ព្រមទាំងនាំមហាជន ទៅកាន់ជ្រុងមួយ ដែលពោរពេញដោយសិល្បៈច្នៃប្រតិដ្ឋក្នុងម៉ូដសម្លៀកបំពាក់។
បើកឆាករាត្រីសប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម សរទរដូវ-រដូវរងាឆ្នាំ២០២២ គឺជាកម្រងឈុតមានឈ្មោះថា “សន្សើម" ជារបស់អ្នករចនាម៉ូដ ហ្វាង មិញហា (Hoang Minh Ha)។ "សន្សើម" បាននាំយកគំហើញឆ្លុះបញ្ជាំងចំណាប់អារម្មណ៍ បែបថ្មី អំពីកេរដំណែលវប្បធម៌វៀតណាម តាមរយៈលំហូរទឹកបរិសុទ្ធនៃសម្រស់ប្រពៃណីនារីវៀតណាម។
អ្នករចនាម៉ូដបានសម្តែងការឆ្លុះបញ្ចាំងសព្វសត្វលើលោក ដោយសិល្បៈ 3D គួបផ្សំនឹងសិល្ប៍ចក្ខុ ធ្វើឱ្យស្នាដៃនីមួយៗក្លាយជាសាច់រឿងរ៉ាវមួយ។ ស្នាដៃទាំង៣៩នៅក្នុងកម្រងឈុតសម្លៀកបំពាក់ បានរចនាយ៉ាងផ្ចិតផ្ចង់ និង លើកស្ទួយបង្ហាញរាងកោងដ៏ស្រទន់ និងទាក់ទាញរបស់នារី ក៏ដូចជាសម្រស់វប្បធម៌នៃភូមិភាគខាងជើង។
ចូលរួមសម្តែងនៅរាត្រីដំបូង អ្នករចនាម៉ូដ ដឹក ហុង (Duc Hung) បានកម្ដៅទស្សនិកជន នាសរទរដូវ - រដូវរងា តាមរយៈកម្រងឈុតឈ្មោះ “តម្បាញកម្ដៅរដូវរងា”។ ដោយចំណូលចិត្តជាមួយនឹងភាពប្រណីតផ្ចិតផ្ចង់ របស់អាវរងាក្រាស់ខាងក្រៅ លក្ខណៈសម្រស់វប្បធម៌នៅភូមិភាគខាងជើង អ្នករចនាម៉ូដសម្លៀកបំពាក់ក្រុងហាណូយ ប៉ិនប្រសបកម្លាយអាវដែលមានម៉ូដមិនទាន់សម័យ ឱ្យទៅជាសម្លៀកបំពាក់មានលក្ខណៈប្លែក និង ពោរពេញដោយចំណាប់អារម្មណ៍ប្រពៃណី។
ប្រសិនបើ អ្នករចនាម៉ូដសម្លៀកបំពាក់ ថាវ ង្វៀន (Thao Nguyen) នាំមកជូនសប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម សរទរដូវ - រដូវរងាឆ្នាំ២០២២ នូវកម្រងឈុតឈ្មោះ “ស្រូវ” រីឯអ្នករចនាម៉ូដសម្លៀកបំពាក់ Metiseko គឺ Audrey Charles និង Erwan Perzo បែរជាឧទ្ទេសនាមទៅដល់មហាជន នូវកម្រងឈុតមានឈ្មោះថា “Verticale Hanoi” ដកស្រង់ចេញពីមនោសញ្ចេតនាបេតិកភណ្ឌរបស់រដ្ឋធានីហាណូយ ដូចជាប៉មអណ្តើក ស្ពានឡុងបៀន (Long Bien) ផ្សារក្វាងបា (Quang Ba) ឬ ដើមក្ងោកជាជួរជុំវិញស្រះហ្វាងគិម (Hoan Kiem)។
សប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម សរទរដូវ - រដូវរងាឆ្នាំ២០២២ បញ្ចប់ដោយ “ពិធីជប់លៀងសម្លៀកបំពាក់" ដ៏មហោឡារិកមកពីអ្នករចនាម៉ូដ វូ វៀតហា (Vu Viet Ha)។ វូ វៀតហា (Vu Viet Ha) បានស្រូបយកចំណាប់អារម្មណ៍មហាជនស្រឡាញ់ម៉ូតសម្លៀកបំពាក់ ដែលជាអត្តសញ្ញាណជាតិ ដោយបានបញ្ចូលព្រលឹងពោរពេញភាពប្រណីត ចូលក្នុងកម្រងឈុត "ផ្ញើជូនជនជាតិម៉ុង (Mong) នាអនាគត” ជាមួយនឹងការសម្តែងបង្ហាញរបស់ Vedette បវរកញ្ញា H'Hen Nie។
លោកស្រី ត្រាងឡេ (Trang Le) - ប្រធានសមាគមអ្នករចនាម៉ូដសម្លៀកបំពាក់អាស៊ីអាគ្នេយ៍ និងជាប្រធានសប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម។
“ប្រសិនបើ សប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាមនានិទាឃរដូវ - រដូវក្តៅឆ្នាំ២០២២ ពណ៌នាអំពីការរស់ឡើងវិញដោយអភិនីហារ និង ការអភិវឌ្ឍចីរភាព បន្ទាប់ពីជំងឺកូវិដ - ១៩។ សប្តាហ៍សម្លៀកបំពាក់អន្តរជាតិវៀតណាម សរទរដូវ-រដូវរងាឆ្នាំ២០២២ បានពណ៌នាអំពីជ្រុងមួយផ្សេង នោះគឺសម្លៀកបំពាក់ចីរភាព។ កម្មវិធីលើកនេះ ចារសម្រស់បេតិកភណ្ឌ រវាងលំហូរបច្ចុប្បន្នជាមួយនឹងសារផ្តាំផ្ញើ “Taste Of Heritage - បំផុសគំនិតបេតិកភណ្ឌ”ភ្ជាប់នឹងរឿងរ៉ាវស្តារឡើងនូវអត្តសញ្ញាណ តម្លៃបេតិកភណ្ឌស្នូល ដើម្បីជាឈ្នាន់ឆ្ពោះទៅរកសម្រស់ឆ្លងកាត់ពេលវេលា។ល។”។
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង
ប្រែសម្រួល៖ រីកើង