Michelin Guide ផ្តល់កិត្តិយសជូនហាងមីសួអន្ទង់ចឹនកឹម (Chan Cam)
ហាងមីសួអន្ទង់ចឹនកឹម (Chan Cam) បាន Michelin Guide ផ្តល់កិត្តិយសក្នុងបញ្ជីសៀវភៅ Bib Gourmand ឆ្នាំ2024។
រឿងរ៉ាវមីសួអន្ទង់ចឹនកឹម (Chan Cam) មិនបានចាប់ផ្តើមចេញពីផ្ទះបាយមានលក្ខណៈវិជ្ជាជីវៈត្រឹមត្រូវនោះទេ តែមកពីក្តីស្រឡាញ់ចំពោះម្ហូបមីសួអន្ទង់ នៃនារីម្នាក់នៅរដ្ឋធានីហាណូយ។ ដោយសារចំណង់ចំណូលចិត្ត និងតម្រូវការក្នុងការថែទាំគ្រួសារ លោកយាយឡាន (Lan) បានបើកហាងលក់មីសួអន្ទង់នៅផ្លូវហាងត្រង់ (Hang Trong) ជាមួយនឹងអង្រែកធម្មតាមួយគូ។ រហូតដល់ពេលដែលអង្រែកមិនអាចលក់នៅចិញ្ចើមផ្លូវបានទៀត លោកយាយក៏បានផ្លាស់ទៅបើកហាងលក់នៅផ្ទះ នៅផ្លូវចឹនកឹម (Chan Cam) ដែលមានទំហំមិនដល់ ២០ម៉ែត្រការ៉េ។
ដំបូងឡើយ លក់តែមីសួទឹក និងមីសួច្របល់ ប៉ុន្តែសន្សឹមៗលោកយាយបានបង្កើតបន្ថែមមីសួឆា រួចបើកបន្ថែមម្នុយមុខម្ហូប ដូចជាបបរអន្ទង់ ស៊ុបអន្ទង់ ណែមអន្ទង់ អន្ទង់ចំហុយចេក។ល។ ដើម្បីបម្រើការហូបចុកកាន់តែច្រើន។ ផ្តើមពីហាងតូចមួយ ហាងនេះបានបើកបន្ថែមសាខាមួយទៀតទល់មុខគ្នា ដែលមានបរិយាកាសធំទូលាយ មានម៉ាស៊ីនត្រជាក់ អាចបម្រើភ្ញៀវបានប្រហែល ៤០នាក់ក្នុងមួយលើក។
តាំងពីគ្រឿងដល់បច្ចេកទេសចម្អិន ទាំងអស់ត្រូវបានលោកយាយឡាន (Lan) ធ្វើដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់។ តាមលោកយាយឡាន (Lan) សម្រាប់មុខម្ហូបមីសួអន្ទង់របស់គាត់ អន្ទង់គឺជាគ្រឿងសំខាន់នៃមុខម្ហូប។ អន្ទង់បានលោកយាយឡាន (Lan) ទិញមក ១០០%ជាអន្ទង់ស្រែ មកពីខេត្តបាក់និញ (Bac Ninh) មានសាច់ធាត់ ក្រអូប និងផ្អែមជាង។
មីសួបានយកមកពីភូមិរបរគឺដា (Cu Da) មានពណ៌មាសភ្លឺ ទន់ធម្មជាតិ និងក្រអូបស្រាលៗ។ ទឹកស៊ុបបានចម្អិនចេញពីឆ្អឹង និងឈាមអន្ទង់កិនហ្មត់ មិនលាយឡំ មិនប្រើប៊ីចេង បង្កើតបានរសជាតិផ្អែមស្រាល ក្រអូបក្លិនអន្ទង់ និងមានផាសុកភាពខ្លាំង។
មីសួមួយចានៗ មិនថាជាមីសួទឹក មីសួច្របល់ ឬមីសួឆា សុទ្ធតែបានធ្វើឡើងដោយហ្មត់ចត់ ជាមួយនឹងគ្រឿងផ្សំអមជាច្រើន ដែលបង្កើតបានរសជាតិ និងពណ៌លក្ខណៈពិសេស នៃហាងមីសួអន្ទង់ចឹនកឹម (Chan Cam) របស់លោកយាយឡាន (Lan)។
និយាយអំពីការទទួលបានលិខិតអញ្ជើញមកពី Michelin លោកយាយឡាន (Lan) បានរៀបរាប់ថា៖ "ខ្ញុំក៏មិនដឹងថា ពួកគាត់មកហាងខ្ញុំពិសាពីពេលណាដែរ ដូច្នេះពេលទទួលបានលិខិតអញ្ជើញ ខ្ញុំគិតថាពួកគាត់ច្រឡំ ព្រោះហាងតូចយ៉ាងនេះ ហើយខ្ញុំក៏មិនបានផ្សព្វផ្សាយអ្វីដែរ។ ការដែលបានពួកគាត់ទទួលស្គាល់គឺជាមោទនភាពមួយ ប៉ុន្តែក៏ជាការក្រើនរំលឹកផងដែរថា យើងត្រូវរក្សាគុណភាព ដើម្បីទោះបីជាមានអ្នកវិលត្រលប់មកក្រោយពី១០ឆ្នាំ ក៏នៅតែរកឃើញរសជាតិនោះ មិនផ្លាស់ប្តូរ"។
* Bib Gourmand បង្កើតឡើងនៅឆ្នាំ១៩៩៧ គឺជាវិញ្ញាបនបត្រអន្តរជាតិដ៏មានកិត្យានុភាព ចំណុះផ្នែកពិសេសនៃប្រព័ន្ធ Michelin Guide ដើម្បីផ្តល់កិត្តិយសជូន ភោជនីយដ្ឋាន និងហាងអាហារ ដែលបម្រើម្ហូបឆ្ងាញ់ៗ ក្នុងតម្លៃសមរម្យ មិនចាំបាច់ប្រណីតខ្លាំង ប៉ុន្តែនៅរក្សាបានគុណភាព ឈ្ងុយឆ្ងាញ់ និងសមនឹងតម្លៃ។
* ហាងមីសួអន្ទង់ចឹនកឹម (Chan Cam) បើកពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃ។ ជាមួយនឹងតម្លៃបួនម៉ឺនដុងក្នុងមួយចាន គឺជាជម្រើសសមហេតុផលសម្រាប់ភ្ញៀវ។
- អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង
- ប្រែសម្រួល៖ រីកើង