ម្ហូបអាហារ

Michelin Guide ផ្តល់កិត្តិយសជូនហាងមីសួអន្ទង់ចឹន​កឹម (Chan Cam)

ហាងមីសួ​អន្ទង់​ចឹនកឹម​ (Chan Cam) បាន Michelin Guide ផ្តល់​កិត្តិយស​ក្នុង​បញ្ជីសៀវភៅ Bib Gourmand ឆ្នាំ​2024

ហាងមីសួ​អន្ទង់​ចឹនកឹម​ (Chan Cam) បាន Michelin Guide ផ្តល់​កិត្តិយស​ក្នុង​បញ្ជីសៀវភៅ Bib Gourmand ឆ្នាំ​2024

រឿងរ៉ាវមីសួ​អន្ទង់​ចឹន​កឹម​ (Chan Cam) មិនបានចាប់ផ្តើមចេញ​ពីផ្ទះបាយមានលក្ខណៈ​វិជ្ជាជីវៈត្រឹមត្រូវ​នោះទេ តែ​មកពីក្តីស្រឡាញ់ចំពោះម្ហូបមីសួ​អន្ទង់​ នៃនារីម្នាក់នៅ​រដ្ឋធានី​ហាណូយ។ ដោយសារចំណង់ចំណូលចិត្ត និងតម្រូវការក្នុងការថែទាំគ្រួសារ លោក​យាយ​ឡាន​ (Lan) បានបើក​ហាងលក់មីសួ​អន្ទង់​​នៅផ្លូវហាង​ត្រង់​ (Hang Trong) ជាមួយនឹងអង្រែក​ធម្មតាមួយគូ។ រហូតដល់ពេលដែលអង្រែក​មិន​អាចលក់នៅចិញ្ចើមផ្លូវបានទៀត លោកយាយ​ក៏បានផ្លាស់ទៅបើកហាងលក់នៅផ្ទះ​​ នៅផ្លូវចឹន​កឹម​ (Chan Cam) ដែលមានទំហំមិនដល់ ២០ម៉ែត្រ​ការ៉េ។

បរិយាកាស​ហាង​មីសួ​អន្ទង់​នៅ​លើ​ផ្លូវ​ចឹនកឹម​ (Chan Cam) ទើប​បាន​ Michelin Guide​ ផ្តល់កិត្តិយស​។​

ដំបូងឡើយ លក់​តែមីសួ​ទឹក និងមីសួ​ច្របល់ ប៉ុន្តែសន្សឹម​ៗលោកយាយ​​បានបង្កើតបន្ថែម​មីសួ​ឆា រួចបើក​បន្ថែម​ម្នុយ​មុខម្ហូប ដូចជា​បបរអន្ទង់​ ស៊ុបអន្ទង់​ ណែមអន្ទង់​ អន្ទង់​ចំហុយ​ចេក​។ល។​ ដើម្បីបម្រើការហូប​ចុក​​កាន់តែច្រើន។ ផ្តើម​ពីហាង​តូចមួយ ហាងនេះ​បានបើកបន្ថែម​សាខាមួយទៀតទល់មុខ​គ្នា ដែលមាន​បរិយាកាស​​ធំទូលាយ មានម៉ាស៊ីន​ត្រជាក់ អាច​បម្រើភ្ញៀវបានប្រហែល ៤០នាក់ក្នុងមួយលើក​។

តាំងពីគ្រឿង​ដល់​បច្ចេកទេសចម្អិន​ ទាំងអស់ត្រូវបានលោកយាយ​ឡាន (Lan) ធ្វើដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់។ តាមលោកយាយឡាន​ (Lan) សម្រាប់មុខម្ហូបមីសួ​អន្ទង់​​របស់គាត់ អន្ទង់​គឺជាគ្រឿង​សំខាន់នៃ​មុខ​ម្ហូប។ អន្ទង់បានលោកយាយ​ឡាន​ (Lan) ទិញ​មក​ ១០០%ជាអន្ទង់​ស្រែ មក​ពីខេត្ត​បាក់និញ​ (Bac Ninh) មានសាច់ធាត់​ ក្រអូប និងផ្អែមជាង​​។

លោកយាយ​ ង្វៀន​ ធី​ឡាន​ (Nguyen Thi Lan) បើក​លក់​មីសួ​បាន​ជិត​៤០ឆ្នាំ​។​

មីសួ​បានយកមកពីភូមិរបរ​គឺដា​ (Cu Da) មានពណ៌មាសភ្លឺ ទន់ធម្មជាតិ និងក្រអូ​ប​​ស្រាល​ៗ​​។ ទឹកស៊ុបបានចម្អិន​ចេញ​ពីឆ្អឹង និងឈាមអន្ទង់​កិន​ហ្មត់​ មិនលាយឡំ មិនប្រើប៊ីចេង​ បង្កើតបានរសជាតិផ្អែមស្រាល ក្រអូបក្លិនអន្ទង់​ និងមានផាសុកភាពខ្លាំង។

មីសួ​មួយចានៗ មិនថាជាមីសួ​ទឹក មីសួ​ច្របល់ ឬមីសួ​ឆា សុទ្ធតែ​បានធ្វើឡើងដោយ​ហ្មត់ចត់​ ជាមួយនឹងគ្រឿងផ្សំអមជាច្រើន ដែលបង្កើតបានរសជាតិ និង​ពណ៌លក្ខណៈពិសេស នៃ​ហាងមីសួ​អន្ទង់​ចឹន​កឹម​ (Chan Cam) របស់លោកយាយ​ឡាន (Lan)។

គ្រឿង​ចម្អិន​សម្រាប់​ធ្វើ​ម្ហូប​នៅ​ភោជនីយដ្ឋាន​ បាន​ជ្រើស​រើស​ហ្មត់ចត់។

និយាយអំពីការទទួលបានលិខិតអញ្ជើញមក​ពី Michelin លោកយាយឡាន​ (Lan) បានរៀប​រាប់​ថា៖ "ខ្ញុំក៏មិនដឹងថា ពួកគាត់​មកហាងខ្ញុំពិសា​ពីពេលណាដែរ ដូច្នេះពេលទទួល​បានលិខិតអញ្ជើញ ខ្ញុំគិតថាពួកគាត់​ច្រឡំ ព្រោះហាងតូចយ៉ាងនេះ ហើយ​ខ្ញុំក៏មិន​បានផ្សព្វផ្សាយ​អ្វីដែរ​។ ការដែលបាន​ពួកគាត់​ទទួលស្គាល់គឺជាមោទនភាពមួយ​ ប៉ុន្តែក៏​ជា​ការក្រើន​រំលឹកផងដែរថា យើងត្រូវរក្សាគុណភាព ដើម្បី​ទោះបីជាមានអ្នកវិល​ត្រលប់មកក្រោយ​ពី១០ឆ្នាំ ក៏នៅតែរក​ឃើញរសជាតិនោះ មិនផ្លាស់ប្តូរ"។

*​ Bib Gourmand បង្កើតឡើងនៅឆ្នាំ១៩៩៧​ គឺជា​វិញ្ញាបនបត្រអន្តរជាតិដ៏មានកិត្យានុភាព ចំណុះផ្នែក​ពិសេស​នៃប្រព័ន្ធ Michelin Guide ដើម្បីផ្តល់កិត្តិយសជូន​ ភោជនីយដ្ឋាន និងហាងអាហារ ដែលបម្រើម្ហូបឆ្ងាញ់ៗ ក្នុងតម្លៃសមរម្យ មិនចាំបាច់ប្រណីតខ្លាំង ប៉ុន្តែនៅរក្សា​បាន​គុណភាព ឈ្ងុយ​ឆ្ងាញ់ និងសមនឹងតម្លៃ។

* ហាងមីសួ​អន្ទង់​ចឹន​កឹម​ (Chan Cam) បើកពីម៉ោង៦ព្រឹក ដល់ម៉ោង​១០យប់ ជារៀងរាល់ថ្ងៃ។ ជាមួយនឹងតម្លៃបួន​ម៉ឺន​ដុងក្នុង​មួយ​ចាន គឺជាជម្រើសសមហេតុផលសម្រាប់​ភ្ញៀវ។

  • អត្ថបទ៖ ង៉ឹន​ហា​ រូបថត៖ ខាញ់ឡុង​
  • ប្រែសម្រួល៖ រីកើង​

top