Maypaperflower ម៉ាកយីហោផ្កាក្រដាសពោរពេញទៅដោយលក្ខណៈអតីតរាជធានី ហ្វេ (Hue)
ក្នុងកន្លែងដ៏ស្រស់ស្អាតមួយ ជាមួយនឹងពណ៌បៃតងត្រជាក់ភ្នែក Maypaperflower ស្វាគមន៍អ្នកស្រលាញ់ផ្កា ដោយស្នាដៃសិល្បៈពិសេសៗ ដែលធ្វើពីក្រដាស។ ផ្កានីមួយៗ ស៊ុមគំនូរនីមួយៗ ពេញលេញភាពពិសេសនៃភូមិសិប្បកម្មធ្វើផ្កាក្រដាសប្រពៃណី ថាញទៀន (Thanh Tien) ដែលមានអាយុកាលជាង ៣០០ ឆ្នាំ។ ស្នាដៃរបស់ Maypaperflower គឺជាការរួមផ្សំដ៏ចុះសម្រុងគ្នារវាងរបៀបធ្វើផ្កាក្រដាសបែបប្រពៃណីជាមួយនឹងការច្នៃប្រឌិតបែបទំនើប ដែលបង្កើតរចនាបទពិសេស និងទាក់ទាញ។
Maypaperflower បានទទួលយកនូវបច្ចេកទេសធ្វើផ្កាក្រដាសដ៏ថ្លៃថ្នូររបស់ភូមិ ថាញទៀន (Thanh Tien) រួមផ្សំជាមួយនឹងគំនិតច្នៃប្រឌិត ដើម្បីបង្កើតផលិតផលប្លែកៗ និងពោរពេញទៅដោយភាពពិសេសផ្ទាល់ខ្លួន។ ផ្ការបស់ Maypaperflower ត្រូវបានធ្វើពីក្រដាសសិល្បៈមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ហើយជិតស្និទ្ធនឹងបរិស្ថាន។ ស៊ុមគំនូរត្រូវបានផលិតពីឈើធម្មជាតិ ត្រូវបានផលិតយ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវគុណភាព និងមានភាពធន់។ ផលិតផលនីមួយៗ របស់ Maypaperflower សុទ្ធតែបង្កប់តម្លៃវប្បធម៌ប្រពៃណី។
Maypaperflower នាំមកនូវគុណតម្លៃសង្គមសំខាន់ៗ ដូចបង្កើតការងារដល់សិប្បការិនីជាច្រើននាក់ ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ស្ត្រីជាច្រើននាក់កាន់តែមានស្ថេរភាពក្នុងជីវភាពរស់នៅ និងទំនុកចិត្តជាងមុន។ ជាងនេះទៅទៀត ការប្រើប្រាស់ក្រដាសសិល្បៈ និងវត្ថុធាតុដើមធម្មជាតិ បានរួមចំណែកការពារបរិស្ថានទៀតផង។
Maypaperflower តែងតែច្នៃប្រឌិតឥតឈប់ឈរ និងផលិតចេញផលិតផលថ្មីៗ ជាច្រើន ដូចជា ផ្កាលម្អក្នុងថូ ស៊ុមគំនូរផ្កា ផ្កាក្រដាសគួបផ្សំនឹងគំនូរគូរដោយដៃ... ផលិតផលនីមួយៗ មានភាពស្រស់ស្អាតរៀងៗខ្លួន បំពេញតម្រូវការរបស់អតិថិជនជាច្រើន។
ក្នុងឆ្នាំ២០២០ ម៉ាកយីហោផ្កាក្រដាស Maypaperflower បានឈ្នះរង្វាន់ A ក្នុងការប្រកួតប្រជែងផ្ដើមធុរកិច្ច ដែលរៀបចំដោយខេត្ត ធឿធៀនហ្វេ (Thua Thien - Hue )។ នៅឆ្នាំ២០២១ ផលិតផលរបស់ Maypaperflower ត្រូវបានជ្រើសរើសជានិមិត្តសញ្ញាក្នុងកម្មវិធីប្រគល់ពានរង្វាន់អំពីទំនាក់ទំនងសាធារណជន និងផ្សព្វផ្សាយដោយឆ្នើម។ នៅឆ្នាំ២០២២ Maypaperflower ជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មទាំង ២៩ មានផលប៉ះពាល់ដល់សង្គម ត្រូវបានកម្មវិធីអភិវឌ្ឍ (UNDP) នៃអង្គការសហប្រជាជាតិគាំទ្រ ។
ថ្មីៗ នេះ Maypaperflower Factory បានបើកជាផ្លូវការ និងបានដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅលេខ៥៩ ផ្លូវ ហ័ងធីលាន់ (Hoang Thi Loan) ទីក្រុង ហ្វេ (Hue) ។ ជាមួយនឹងទ្រង់ទ្រាយឆ្លើយតបនឹងស្តង់ដារ ដើម្បីនាំចេញផលិតផល "ផ្កាក្រដាសធ្វើដោយដៃ ហ្វេ (Hue)" ទៅកាន់ទីផ្សារអន្តរជាតិ។
ដោយភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់លោកស្រី ផាន ង៉ុកហៀន (Phan Ngoc Hieu) និងក្រុមសិប្បការិនីនិងសិប្បករ ដែលមានទេពកោសល្យ Maypaperflower រំពឹងទុកថា នឹងបន្តអភិវឌ្ឍ និងអះអាងទីតាំងរបស់ខ្លួននៅក្នុងទីផ្សារ រួមចំណែករក្សា និងផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌វៀតណាមទៅកាន់ពិភពលោក៕
អត្ថបទ៖ ប៊ិចវ៉ឹន -រូបថត៖ ត្រឹនថាញយ៉ាង កាសែតរូបភាពវៀតណាម (VNP)