មុខរបររបស់ប្រជាជនវៀតណាម

Maypaperflower ម៉ាកយីហោផ្កាក្រដាសពោរពេញទៅដោយលក្ខណៈអតីតរាជធានី ហ្វេ (Hue)

ក្នុងកន្លែងដ៏ស្រស់ស្អាតមួយ ជាមួយនឹងពណ៌បៃតងត្រជាក់ភ្នែក Maypaperflower ស្វាគមន៍អ្នកស្រលាញ់ផ្កា ដោយស្នាដៃសិល្បៈពិសេសៗ ដែលធ្វើពីក្រដាស។ 

ក្នុងកន្លែងដ៏ស្រស់ស្អាតមួយ ជាមួយនឹងពណ៌បៃតងត្រជាក់ភ្នែក Maypaperflower ស្វាគមន៍អ្នកស្រលាញ់ផ្កា ដោយស្នាដៃសិល្បៈពិសេសៗ ដែលធ្វើពីក្រដាស។ ផ្កានីមួយៗ ស៊ុមគំនូរនីមួយៗ ពេញលេញភាពពិសេសនៃភូមិសិប្បកម្មធ្វើផ្កាក្រដាសប្រពៃណី ថាញទៀន (Thanh Tien) ដែលមានអាយុកាលជាង ៣០០ ឆ្នាំ។ ស្នាដៃរបស់ Maypaperflower គឺជាការរួមផ្សំដ៏ចុះសម្រុងគ្នារវាងរបៀបធ្វើផ្កាក្រដាសបែបប្រពៃណីជាមួយនឹងការច្នៃប្រឌិតបែបទំនើប ដែលបង្កើតរចនាបទពិសេស និងទាក់ទាញ។

លោកស្រី ផាន ​ង៉ុក​ហៀន  (Phan Ngoc Hieu) ម្ចាស់យីហោ Maypaperflower ។

Maypaperflower បានទទួលយកនូវបច្ចេកទេសធ្វើផ្កាក្រដាសដ៏ថ្លៃថ្នូររបស់ភូមិ ថាញ​ទៀន (Thanh Tien) រួមផ្សំជាមួយនឹងគំនិតច្នៃប្រឌិត ដើម្បីបង្កើតផលិតផលប្លែកៗ និង​ពោរពេញទៅដោយភាពពិសេសផ្ទាល់ខ្លួន។ ផ្ការបស់ Maypaperflower ត្រូវបានធ្វើពីក្រដាសសិល្បៈមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ហើយជិតស្និទ្ធនឹងបរិស្ថាន។ ស៊ុមគំនូរត្រូវបានផលិតពីឈើធម្មជាតិ ត្រូវបានផលិត​យ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវគុណភាព និងមានភាពធន់។ ផលិតផលនីមួយ​ៗ របស់ Maypaperflower សុទ្ធតែបង្កប់តម្លៃវប្បធម៌ប្រពៃណី។

Maypaperflower នាំមកនូវគុណតម្លៃសង្គមសំខាន់​ៗ ដូចបង្កើតការងារដល់សិប្បការិនីជាច្រើននាក់ ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ស្ត្រីជាច្រើននាក់កាន់តែមានស្ថេរភាពក្នុង​ជីវភាពរស់នៅ និងទំនុកចិត្តជាងមុន។ ជាងនេះទៅទៀត ការប្រើប្រាស់ក្រដាសសិល្បៈ និងវត្ថុធាតុដើមធម្មជាតិ បានរួមចំណែកការពារបរិស្ថានទៀតផង។


Maypaperflower តែងតែច្នៃប្រឌិតឥតឈប់ឈរ និងផលិតចេញផលិតផលថ្មីៗ ជាច្រើន ដូចជា ផ្កាលម្អក្នុងថូ ស៊ុមគំនូរផ្កា ផ្កាក្រដាសគួបផ្សំនឹងគំនូរគូរដោយដៃ... ផលិតផលនីមួយៗ មានភាពស្រស់ស្អាតរៀងៗខ្លួន បំពេញតម្រូវការរបស់អតិថិជនជាច្រើន។

ក្នុងឆ្នាំ២០២០ ម៉ាកយីហោផ្កាក្រដាស Maypaperflower បានឈ្នះរង្វាន់ A ក្នុងការប្រកួតប្រជែងផ្ដើមធុរកិច្ច​ ដែលរៀបចំដោយខេត្ត ធឿធៀនហ្វេ (Thua Thien - Hue )។ នៅឆ្នាំ២០២១ ផលិតផលរបស់ Maypaperflower ត្រូវបានជ្រើសរើសជានិមិត្តសញ្ញាក្នុងកម្មវិធីប្រគល់ពានរង្វាន់អំពីទំនាក់ទំនងសាធារណជន និងផ្សព្វផ្សាយ​ដោយឆ្នើម។ នៅឆ្នាំ២០២២ Maypaperflower ជាអាជីវកម្មមួយ​ក្នុង​ចំណោមអាជីវកម្មទាំង ២៩ មានផលប៉ះពាល់ដល់សង្គម ត្រូវបានកម្មវិធីអភិវឌ្ឍ (UNDP) នៃអង្គការសហប្រជាជាតិគាំទ្រ ។

លោកស្រី ផាន​ ង៉ុក​ហៀន  (Phan Ngoc Hieu) ម្ចាស់យីហោ Maypaperflower បានពិភាក្សាជាមួយសិប្បការិនី ក្នុងអំឡុងពេល​បំពេញការងារ។


ថ្មីៗ នេះ Maypaperflower Factory បានបើកជាផ្លូវ​ការ និង​បានដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅលេខ៥៩ ផ្លូវ ហ័ងធីលាន់ (Hoang Thi Loan) ទីក្រុង ហ្វេ (Hue) ។ ជាមួយនឹងទ្រង់ទ្រាយឆ្លើយតបនឹងស្តង់ដារ ដើម្បីនាំចេញផលិតផល "ផ្កាក្រដាសធ្វើដោយដៃ ហ្វេ (Hue)" ទៅកាន់ទីផ្សារអន្តរជាតិ។

ដោយភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្ត​របស់លោកស្រី ផាន ​ង៉ុក​ហៀន  (Phan Ngoc Hieu) និងក្រុមសិប្បការិនីនិង​សិប្បករ ដែលមានទេពកោសល្យ​ Maypaperflower រំពឹង​ទុកថា នឹងបន្តអភិវឌ្ឍ និងអះអាងទីតាំងរបស់ខ្លួននៅក្នុងទីផ្សារ រួមចំណែករក្សា និងផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌វៀតណាមទៅកាន់ពិភពលោក៕

អត្ថបទ៖ ប៊ិចវ៉ឹន -រូបថត៖ ត្រឹន​ថាញ​យ៉ាង កាសែតរូបភាពវៀតណាម (VNP)


top