KB EcoLife របកគំហើញជាមួយសរសៃននោងទុំសម្រាប់នាំចេញ
ដោយវិធីធ្វើបែបប្រពៃណី ពោលគឺផលិតសរសៃននោងទុំ ក្លាយជាផលិតផលងាយស្រួលសម្រាប់ជីវភាពរស់នៅដូចជា៖ ប៉ុងងុតទឹក ប៉ុងលាងចាន ខ្សែដុសខ្នង ទ្រនាប់ស្បែកជើង។ល។ ផលិតផលធ្វើអំពីសរសៃននោងទុំរបស់ក្រុមហ៊ុន KB EcoLife ជាពិសេសបាននាំចេញទៅកាន់ប្រទេសជាច្រើនដូចជា៖ អាមេរិក កូរេខាងត្បូង ជប៉ុន ហូឡង់។ល។
បំណងប្រាថ្នាធ្វើបៃតងភូមិស្រុក
សរសៃននោងទុំ គឺជាផលិតផលធម្មជាតិ ដែលបានធ្វើពីតំបន់ដីដាំននោង នៅខេត្តបាក់និញ (Bac Ninh)។ តាមរយៈនោះ KB EcoLife (ក្រុមហ៊ុនគិញបាក់ - Kinh Bac) បានបង្កើតផលិតផលជាច្រើនដូចជា ប៉ុងងុតទឹក សរសៃននោងទុំទាំងមូល ខ្សែដុសខ្នង ឈើដុសខ្នង ប៉ុងលាងចាន ឆ្នាំង ទ្រនាប់ស្បែកជើង ទ្រនាប់ទ្រាប់កែវ ទ្រាប់ចាន ទ្រនាប់ជើង។ល។ ផលិតផលទាំងនេះ បាននាំចេញទៅកាន់ប្រទេសជាច្រើនដូចជា៖ អាមេរិក កូរេខាងត្បូង ជប៉ុន។ល។ ផលិតផលសរសៃននោងទុំនាំមករបរសម្រាប់ប្រជាកសិករ ហើយបង្កើតបានសក្តានុពលសេដ្ឋកិច្ចមានប្រសិទ្ធភាព ក៏ដូចជាពាណិជ្ជសញ្ញាកសិកម្មស្អាតរបស់វៀតណាមផងដែរ។
មាគ៌ាបង្កើតធុរកិច្ចថ្មី កសាងពាណិជ្ជសញ្ញាសរសៃននោងទុំ KB EcoLife ជាដំណាក់កាលមួយពោរពេញដោយទុក្ខលំបាក។ បង តា គ្វីតូន (Ta Quy Ton) ស្ថាបនិក KB EcoLife បានឱ្យដឹងថា៖ នៅឆ្នាំ២០១៩ បងហ៊ានលះបង់ការងារកំពុងធ្វើនៅក្នុងធនាគារ ដោយកំពុងមានតំណែង និងប្រាក់ចំណូលខ្ពស់បង្គួរ ដើម្បីមកបើកកម្មន្តសាលធ្វើសរសៃននោងទុំ។ គ្រួសារនិងមិត្តភក្តិបង គ្មាននរណាម្នាក់គាំទ្រការសម្រេចចិត្តរបស់បងនោះទេ ដោយសារឃើញថាបងកំពុង “ប្រថុយ” និង អណ្តែតអណ្តូងជាខ្លាំង។ បងតូន (Ton) នៅតែអត់ធ្មត់រឹងប៉ឹងនឹងបុព្វហេតុទិសដៅរបស់គាត់ ពោលគឺនាំយកផលិតផលសរសៃននោងទុំនាំចេញទៅក្រៅប្រទេស បញ្ជាក់អំពីពាណិជ្ជសញ្ញាសរសៃននោងទុំវៀតណាម ជាផលិតផលស្អាតរបស់ភូមិស្រុកគិញបាក់ (Kinh Bac)។ បងចង់ធ្វើឱ្យវាលស្រែភូមិស្រុក មានពណ៌បៃតង ដោយដំណាំននោង ព្រមទាំងរួមនឹងប្រជាកសិករ “ធ្វើមាន” ដោយដំណាំននោង ដែលជាប្រភេទដំណាំជិតស្និទ្ធនឹងគ្រួសារនីមួយនៅក្នុងភូមិស្រុកជនបទវៀតណាម។
ដំណើរសហការជាមួយនឹងកសិករ ដើម្បីបើកទូលាយវាលស្រែដាំននោងនៅខេត្តបាក់និញ (Bac Ninh) ត្រូវការកម្លាំងចិត្តនិងការកសាងទំនុកចិត្តជាមួយពួកគាត់។ KB EcoLife ប្រឈមនឹងចំណោទពិបាក គឺការកក់ទំនិញរបស់ដៃគូបរទេស ដែលមានលេខកូដតំបន់វត្ថុធាតុដើមនៅតូចនៅឡើយ។ បើកកម្មន្តសាល៣ឆ្នាំដំបូង នៅលើផ្ទៃដីដាំននោងជាង០១ហិកតា ដែលបានវិនិយោគដោយក្រុមហ៊ុន និងផ្ទៃដី៩០ហិកតា សហការនឹងកសិករនៅខេត្តបាក់និញ (Bac Ninh) KB EcoLife ចាប់ផ្តើមដាក់ខឿនផលិតកម្ម។ មាគ៌ាធ្វើដំណើរមិនបានក្រាលទៅដោយផ្កាកុឡាបសម្រាប់សហគ្រាសវ័យក្មេងរូបនេះឡើយ។ នៅឆ្នាំ២០២០ ជំងឺកូវិដ - ១៩ រាតត្បាតទន្រ្ទានប្រទេសវៀតណាម មានឥទ្ធិពលធ្ងន់ធ្ងរដល់ដំណើរផលិតកម្មសរសៃននោងទុំ។ នៅរដូវប្រមូលផលទូទាំងភូមិសាស្រ្តដាំននោងរបស់ KB EcoLife ស្ថិតនៅក្នុងតំបន់រងជំងឺ ត្រូវធ្វើគម្លាតសង្គមរាប់ខែ ធ្វើឱ្យននោងទាំងអស់ដែលកំពុងក្នុងដំណាក់កាលប្រមូលផល តែមិនអាចប្រមូលផលបាន។ កិច្ចសន្យាត្រូវខូច មិនអាចនាំផលិតផលចេញបាន KB EcoLife នៅតែរក្សាបានទំនុក សំណង និងប្រមូលផលិតផលផ្លែននោងពីប្រជាកសិករ។ ឆ្នាំដំបូង KB EcoLife ផលិតបានផលិតផលចំនួន២.០០០ ឆ្នាំទី២ផលិតបានចំនួន២០.០០០ សម្រាប់តែជូនធ្វើអំណោយ គ្មានប្រាក់ចំណូល។ ឆ្លងឧបសគ្គនោះ KB EcoLife ចាប់ផ្តើមមានអតិថិជនអាមេរិក ជប៉ុន កូរេខាងត្បូង។ល។ មកដល់កម្មន្តសាលទស្សនា និងចុះហត្ថលេខាកក់ទំនិញ។ ពួកគាត់ចូលចិត្តផលិតផលធម្មជាតិ ដែលធ្វើអំពីសរសៃននោងទុំ ក្រោមថ្វីដៃច្នៃប្រតិដ្ឋរបស់ប្រជាកសិករវៀតណាម។ នោះជាកម្លាំងចលករមួយ សម្រាប់ KB EcoLife ដែលអំណត់នៅលើមាគ៌ា ដែលខ្លួនឯងបានជ្រើសយក៖ បើកទូលាយសហការនឹងកសិករ ផលិតបានផលិតផលជាច្រើនសម្រាប់ការនាំចេញ។
សរសៃននោងទុំនាំចេញប្រកបដោយជោគជ័យ
នៅឆ្នាំ២០២១ ទំនិញដំបូងរបស់ KB EcoLife នាំចេញទៅការប្រទេសអាមេរិក មានផលិតផលប៉ុងងុតទឹក ធ្វើដោយសរសៃននោងទុំចំនួន២០០.០០០ បានអតិថិជនវាយតម្លៃខ្ពស់ បានផ្តល់កម្លាំងចិត្តដល់ KB EcoLife បន្តបោះឈានទៅមុខ។ ផ្តើមចេញពីនេះ KB EcoLife អភិវឌ្ឍបានផលិតផលជាង២០ប្រភេទ ក្នុងនោះមាន៣ក្រុមសំខាន់៖ សរសៃននោងទុំសម្រាប់ផ្ទះបាយ សរសៃននោងទុំសម្រាប់បន្ទប់ទឹក និងក្រុមសរសៃននោងទុំសម្រាប់ឯកជន។ KB EcoLife បច្ចុប្បន្នមានលិខិតកក់ទំនិញនាំចេញទៅកូរេខាងត្បូង (៣០.០០០ផលិតផលក្នុងមួយខែ) លិខិតកក់ទំនិញនាំចេញទៅប្រទេសជប៉ុន និង ទ្វីបអ៊ឺរុប កក់រួមគ្នាមានប្រមាណពី២០.០០០ ដល់៥០.០០០ផលិតផលក្នុងមួយខែ។
ផលិតផលសរសៃននោងទុំ KB EcoLife មានលក្ខណៈជាផលិតផលធម្មជាតិ ស្អាតដាច់ខាត ដំណាំននោងបានដាំនៅលើដីធ្លីល្អ នៃតំបន់វាលទំនាបទន្លេក្រហម ននោងលូតលាស់ល្អ ផ្តល់ផ្លែធំ សរសៃក្រាស។ នៅជ្រុងផ្ទះគ្រួសារនីមួយៗ អ្នកអាចប្រើប្រាស់តាំងពីដុសឆ្នាំង លាងចាន រហូតដល់ងុតទឹកដោយសរសៃននោងទុំ សុវត្ថិភាពក្នុងការប្រើប្រាស់ផង ល្អសម្រាប់ស្បែក និងផលិតផលជិតស្និទ្ធនឹងបរិស្ថានផងដែរ។ ចំពោះប្រដាប់សម្រាប់ប្រើឯកជន មនុស្សជាច្រើនបានជ្រើសយកទ្រនាប់សរសៃននោងទុំធ្វើជាទ្រនាប់ស្បែកជើង អាចធ្វើដំណើរងាយស្រួលផង ល្អសម្រាប់ជើងទាំងគូផងដែរ។ ដោយភាពងាយស្រួល ផលិតផលស្អាតនេះ បានទីផ្សារអន្តរជាតិកក់ទំនិញយ៉ាងច្រើនពី KB EcoLife។
ប្តេជ្ញាចិញ្ចឹមសុបិនសរសៃននោងទុំគិញបាក (Kinh Bac) បានចរាចរទូទាំងពិភពលោក នរណាក៏អាចស្វែងរកឃើញផលិតផលសរសៃននោងទុំ ប្រើសរសៃននោងទុំ ជាគោលបំណងដែលបងតា គ្វីតូន (Ta Quy Ton) កំពុងតែធ្វើ។ បងតូន (Ton) រៀបរាប់បន្តថា៖ ក្នុង៥ឆ្នាំខាងមុខ KB EcoLife មានបំណងនឹងបើកទូលាយវាលស្រែដាំននោងនៅទូទាំងប្រទេសវៀតណាម ជាពិសេសនឹងអភិវឌ្ឍប្រភេទផលិតផលសរសៃននោងទុំសម្រាប់កុមារ ដើម្បីកុមារា កុមារីហាត់ស្វ័យភាព ការពារបរិស្ថានបៃតង និង ស្រឡាញ់មាតុភូមិវៀតណាម៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង
ប្រែសម្រួល៖ រីកើង