Haruna Ishimaru រួមដំណើរជំនួយការអភិវឌ្ឍ ក្នុងការរកស៊ីចិញ្ចឹមជីវិតសម្រាប់យុវជននៅតំបន់ខ្ពង់រាប
Haruna Ishimaru មកខេត្តហាយ៉ាង (Ha Giang) កាលពីឆ្នាំ២០២២។ ក៏ដូចគ្នានឹងជនជាតិបរទេសដទៃទៀតដែរ ពេលទើបមកដល់ប្រទេសវៀតណាមធ្វើការ Haruna Ishimaru ក៏មានការព្រួយបារម្ភដោយសារខុសប្លែកអំពីភាសា ជាពិសេសនេះជាគម្រោងដំបូង ដែលកញ្ញាធ្វើការក្នុងតួនាទីមន្រ្តីសម្រុះសម្រួល ត្រូវពិភាក្សាដោះដូរមតិជាមួយមនុស្សជាច្រើននាក់។ ម្យ៉ាងទៀត ផ្លូវដើរក៏ផ្សេងពីទីក្រុង ការធ្វើដំណើរទៅដល់ភូមិសាស្រ្តគម្រោងប្រតិបត្តិឆ្ងាយគួរសម ក៏ជាឧបសគ្គមួយសម្រាប់ Haruna Ishimaru ផងដែរ។ ប៉ុន្តែដោយសារមានចិត្តស្មោះត្រង់ ចិត្តស្វាហាប់នៃក្រុមការងារ នៅតំបន់នៃគម្រោង Haruna Ishimaru បានបន្ស៊ាំយ៉ាងឆាប់រហ័ស។
ក្នុងតួនាទីជាអ្នកសម្រុះសម្រួលគម្រោង “បង្កើនផ្តល់សិទ្ធិអភិវឌ្ឍសេដ្ឋកិច្ចជូនយុវជនជនជាតិភាគតិច នៅខេត្តហាយ៉ាង (Ha Giang) និង ខេត្តឡាយចូវ (Lai Chau)” នៃអង្គការ Plan International អនុវត្តចាប់ពីខែមីនា ឆ្នាំ២០២១ ដល់ខែមេសា ឆ្នាំ២០២៣ Haruna Ishimaru បានចូលរួមនឹងក្រុមការងារ នៅតំបន់គម្រោង ប្រជុំគ្នាបណ្តុះបណ្តាលបច្ចេកទេសវប្បកម្មមួយចំនួន សម្រាប់ការរកស៊ីចិញ្ចឹមជីវិត ខាងចិញ្ចឹមសត្វ និង ដាំដំណាំ ផ្តល់ជូនយុវជនជនជាតិភាគតិច នៅខេត្តទាំងពីរ ខេត្តហាយ៉ាង (Ha Giang) និង ខេត្តឡាយចូវ (Lai Chau)។ ក្រៅពីនោះ កញ្ញា និង ក្រុមការងារបានបណ្តុះបណ្តាលបន្ថែម អំពីបំណិនប្រើប្រាស់ម៉ាស៊ីនកុំព្យួទ័រ ផ្សព្វផ្សាយផលិតផល នៅអគារសហគមន៍ ដើម្បីជំនួយដល់ការនាំចេញសម្រាប់គ្រួសារផលិតកម្ម។ ទន្ទឹមនោះ កញ្ញា និង ក្រុមការងារគម្រោង បានរៀបចំវគ្គបណ្តុះបណ្តាលបំណិនទន់ សម្រាប់នារី ឱ្យយល់ឃើញថាការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ មិនត្រឹមតែជាការងាររបស់បុរសនារីក៏អាចបង្កើនប្រាក់ចំណូលបានដែរ ក៏ដូចជាសម្រេចសិទ្ធិលើការប្រើប្រាស់ចំនួនប្រាក់ដែលខ្លួនរកបាន ដោយការគ្រប់គ្រងចំណាយ ដើម្បីធានាប្រភពចំណូលលំនឹង សម្រាប់គ្រួសារក្នុងអំឡុងពេលមួយឆ្នាំ។
មិត្តយុវវ័យមុនពេលចូលរួមគម្រោង សុទ្ធតែមិនសូវមានទំនុកចិត្ត និង គ្មានភាពរួសរាយ ប៉ុន្តែពេលចូលរួមគម្រោង សុទ្ធតែប្តេជ្ញាចិត្តបម្លាស់ប្តូរ ដើម្បីកសាងសហគមន៍ល្អប្រពៃជាង។ ក្នុងចំណោមនេះ មានយុវជនជនជាតិភាគតិច ដែលបានរៀបការនៅអាយុមិនពេញ១៨ឆ្នាំ ពេលពួកគាត់មិនទាន់ត្រៀមលក្ខណៈខាងស្មារតី និង ហិរញ្ញវត្ថុ។ ពួកគាត់សម្តែងទឹកចិត្តសោកស្តាយ ហើយប្តេជ្ញាបញ្ចប់គ្រោះរៀបការមុនអាយុ នៅជំនាន់ពួកគាត់ ដើម្បីកូនចៅមិនត្រូវរងគ្រោះជួបទុក្ខលំបាក ដែលពួកគាត់ធ្លាប់បានឆ្លងកាត់។
“ខ្ញុំធ្លាប់ជួបកញ្ញាឈ្មោះម៉ាយ (Mai)។ លើកដំបូងពេលជួបគាត់ ការសំណេះសំណាលជាមួយគាត់ មិនត្រឹមតែជួបឧបសគ្គខាងភាសាទំនាក់ទំនង នៅទាំងដោយសារគាត់មានការអៀនខ្មាស សូម្បីតែសើចក៏មិនដែលឃើញគាត់បញ្ចេញបានម្ដងក្នុងការសំណេះសំណាលជាមួយគ្នាផង។ ៦ខែក្រោយមក ខ្ញុំជួបគាត់ទៀត គាត់មានការផ្លាស់ប្តូរទាំងស្រុង ចេះញញឹម មានទំនុកចិត្ត ឆ្លើយតបរាល់សំណួររបស់ខ្ញុំ ដោយភាសាវៀតណាម។ គាត់រៀបរាប់ថាថា ដោយសារបានចូលរួមវគ្គហ្វឹកហាត់នៃគម្រោង បានជាគាត់មានទំនុកចិត្ត ដែលខ្លួនមិនធ្លាប់មានតាំងពីមុនមក” Haruna Ishimaru រំភើបរៀបរាប់។
បន្ទាប់ពី ២ឆ្នាំប្រតិបត្តិគម្រោង Haruna Ishimaru រួមនឹងក្រុមការងារគម្រោង “បង្កើនផ្តល់សិទ្ធិអភិវឌ្ឍសេដ្ឋកិច្ចជូនយុវជនជនជាតិភាគតិច នៅខេត្តហាយ៉ាង (Ha Giang) និង ខេត្តឡាយចូវ (Lai Chau)” នៃអង្គការ Plan International អនុវត្ត បានជំនួយផ្ទាល់សម្រាប់យុវជនចំនួន៣១២០នាក់ តាំងពីអាយុ១៥ ដល់ ៣០ឆ្នាំនៅខេត្តទាំងពីរ ខេត្តហាយ៉ាង (Ha Giang) និង ខេត្តឡាយចូវ (Lai Chau) និង ជួយយុវជនចំនួន២៩៩៥នាក់ រកបានប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ បាន១០%ក្នុងមួយឆ្នាំ។
“ខ្ញុំយល់ឃើញថាសមិទ្ធផលធំបំផុតនៃគម្រោងនេះ គឺយុវជនឥឡូវបានផ្តល់សិទ្ធិ និង មិនរុញរាលក្នុងការសម្តែងមតិ អំពីបញ្ហាដែលកំពុងប៉ះពាល់ដល់ខ្លួនឯង។ ពួកគាត់មានឱកាសចរចាជាច្រើនជាមួយនឹងអាជ្ញាធរមូលដ្ឋាន អំពីរបៀបកែសម្រួលគោលនយោបាយ ដើម្បីយុវវ័យក៏អាចទទួលបានផលប្រយោជន៍ មកពីគោលនយោបាយទាំងនេះ។ អាជ្ញាធរមូលដ្ឋានក៏ពិចារណ៍អំពីមតិឆ្លើយតប ដែលពួកគាត់ទទួលបានមកពីមជ្ឈដ្ឋានយុវវ័យ។ ប្រការនេះ ធ្វើឱ្យយុវវ័យខេត្តហាយ៉ាង (Ha Giang) និង ខេត្តឡាយចូវ (Lai Chau) យល់ឃើញថា ពួកគាត់មានសមត្ថភាពបង្កើតការផ្លាស់ប្តូរ ជាមួយសក្តានុពល ដែលមានស្រាប់នៅមូលដ្ឋាន។ ខ្ញុំយល់ឃើញថា នោះជាសមិទ្ធផលមានអត្ថន័យពិតប្រាកដ ដែលខ្ញុំបានចូលរួមក្នុងគម្រោងនេះបាន និង កំពុងនាំមកជូន” Haruna Ishimaru រៀបរាប់៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម និង ឯកសារ
ប្រែសម្រួល៖ រីកើង