DIFF ២០២៣ - ភាពទាក់ទាញខ្លាំងសម្រាប់ទេសចរណ៍ខេត្ត ដាណាំង ( Da Nang)
មហោស្រពកាំជ្រួចអន្តរជាតិ ដាណាំង (Da Nang) (DIFF ២០២៣) បានក្លាយទៅជាព្រឹត្តិការណ៍មួយបញ្ជាក់ពីការខិតខំប្រឹងប្រែង “បំបែកកំណក”នៃវិស័យទេសចរណ៍ ដាណាំង (Da Nang) បំភ្លឺ “ក្តីសង្ឃឹមដ៏ត្រចះត្រចង់” មិនត្រឹមតែសម្រាប់ទីក្រុងឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងសម្រាប់វិស័យទេសចរណ៍វៀតណាមទៀតផងដែរ បន្ទាប់ពីប៉ុន្មានឆ្នាំដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩។
បន្ទាប់ពីការរង់ចាំរយៈពេល ៣ ឆ្នាំ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ទស្សនិកជនក្នុងស្រុក និងបរទេសបានទស្សនាការបាញ់កាំជ្រួចដ៏ស្រស់ស្អាតនៅលើផ្ទៃមេឃ និងទន្លេហាន (Han) នៅពេលដែលក្រុមកាំជ្រួចមកពីចក្រភពអង់គ្លេស ប៉ូឡូញ កាណាដា បារាំង ហ្វាំងឡង់ អូស្ត្រាលី អ៊ីតាលី និងម្ចាស់ផ្ទះវៀតណាមបានសម្ដែងប្រកួតប្រជែងជាមួយគ្នា។
ការប្រកួតចាប់ផ្តើមជាផ្លូវការតាំងពីថ្ងៃទី២ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី៨ ខែកក្កដា DIFF ២០២៣ ក្រោមប្រធានបទ "ពិភពលោកឥតគម្លាត " ឧបត្ថម្ភនិងសហការរៀបចំដោយក្រុមហ៊ុន Sun Group និងគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង (Da Nang) បានប្រកួតក្នុងរយៈពេល ៤ យប់ ដើម្បីស្វែងរកបេក្ខជនឆ្នើមចំនួន ២ ប្រកួតដណ្តើបយកជើងឯក ក្នុងរាត្រីផ្តាច់ព្រ័ត្រគឺ បារាំង និងអ៊ីតាលី។
ក្នុងរាត្រីផ្តាច់ព្រ័ត្រ ជាក្រុមមួយដែលដណ្ដើមបានជើងឯកនៃព្រឹត្តិការណ៍ DIFF ពីរលើកបន្ត អ៊ីតាលីបានផ្តល់ចំណាប់អារម្មណ៍ដល់ទស្សនិកជនពីភាពស្ងប់ស្ងាត់ អ៊ូអរ និងរំភើប រហូតដល់មោទនភាពជាមួយនឹងការបាញ់កាំជ្រួចក្រោមប្រធានបទ "អំណាចនៃសិល្បៈ" (The Power of Art) ។ ខណៈនោះ ក្រុមកាំជ្រួចបារាំងទទួលបានចំណាប់អារម្មណ៍របស់ទស្សនិកជន បំភ្លឺពិភពលោកគ្មានគម្លាតដោយរឿងរ៉ាវពោរពេញទៅដោយមនោសញ្ចេតនា និងរ៉ូមែនទិក ជាមួយប្រធានបទ "បំភ្លឺ ស្រលាញ់" ទីបំផុតដណ្ដើមបានរង្វាន់ជើងឯក ក្នុងរដូវកាលឆ្នាំ ២០២៣ ដោយចំនួនទឹកប្រាក់ ២០.០០០ ដុល្លារអាមេរិក។
លោក វីគៀនថាញ (Vi Kien Thanh) នាយកនៃនាយកដ្ឋានភាពយន្ត និងជាអនុប្រធានសមាគមវិចិត្រសិល្បៈវៀតណាម សមាជិកនៃគណៈមេប្រយោគ DIFF ២០២៣ បានវាយតំលៃថា៖ “បើប្រៀបធៀបទៅនឹង ១០ លើកមុនដែលទីក្រុង ដាណាំង (Da Nang) ប្រារព្ធ DIFF អាចនិយាយបានថា លើកនេះមានការអភិវឌ្ឍផ្តោតទៅលើគុណភាព។ គុណភាពត្រូវបានកែលម្អយ៉ាងច្រើន សូម្បីតែក្រុមវៀតណាមក៏បានមានភាពជឿនលឿនជាងដែរ»។
លោកស្រី ង៉ូធីគៀមអៀន (Ngo Thi Kim Yen) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង (Da Nang) ប្រធានគណៈកម្មាធិការរៀបចំ DIFF ២០២៣ បានឲ្យដឹងថា មហោស្រពកាំជ្រួចនេះ ត្រូវបានសង្ឃឹមថាជា "ទំនាក់ទាញ " ដើម្បីជួយឱ្យវិស័យទេសចរណ៍របស់ទីក្រុង ដាណាំង (Da Nang) ត្រឡប់មកដូចកាល ពីមុនជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍រហ័សរបស់វិស័យទេសចរ ដាណាំង (Da Nang) មហោស្រពកាំជ្រួចអន្តរជាតិពិតជាបានជួយស្តារឡើងវិញនូវសក្តានុពលវិស័យទេសចរណ៍នៃទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ទស្សនិកជនជាង ៣០.០០០ នាក់បានមកទស្សនាការប្រកួតចំនួន ៥យប់ ដោយ ៨ ក្រុម មកពី ៨ ប្រទេស អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ និងភ្នាក់ងារសារព័ត៌មានក្នុងស្រុក និងបរទេសរាប់រយនាក់បានប្រមូលផ្តុំគ្នា ធ្វើការអស់រយៈពេលជាងមួយខែ ដើម្បីផ្សព្វផ្សាយភាពទាក់ទាញនៃទីក្រុង ដាណាំង (Da Nang) ។
តាមស្ថិតិបានបង្ហាញថា ក្នុងខែមិថុនា ជាខែដែលបានប្រព្រឹត្តិទៅនៃ មហោស្រពកាំជ្រួចនេះ ចំនួនភ្ញៀវសរុបស្នាក់នៅត្រូវបានប៉ាន់ប្រមាណថា ជិត ៧០៦.០០០ នាក់ ដែលកើនឡើង ៣៤,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ បរិមាណបន្ទប់ដែលបានជួលនៅក្នុងរយៈពេលនោះទៀងទាត់សម្រេចបាន ៧០%; ប្រាក់ចំណូលពីសេវាកម្មស្នាក់នៅ និងហូបចុកសម្រេចបាន ១.៨៧៤ ពាន់លានដុង។ ចំនួនជើងហោះហើរទៅកាន់ទីក្រុង ដាណាំង (Da Nang) មានខ្លះកើនឡើងដល់ ១៥០ ជើងក្នុងមួយថ្ងៃ (ច្រើនជាង១,៥ ដង បើប្រៀបធៀបនឹងពេលធម្មតា)។ សរុបក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ចំនួនភ្ញៀវសរុបដែលបម្រើដោយគ្រឹះស្ថានស្នាក់នៅត្រូវបានប៉ាន់ប្រមាណថាមានជាង ៣,៥ លានលើកនាក់ កើនឡើង ១១៦.៦% បើសិនប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៩៣០.០០០ នាក់ ដែលច្រើនជាង ១១,៣ ដង បើសិនជាប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរណ៍ក្នុងស្រុកជិត ២,៦ លាននាក់ កើន ៦៧,៧% បើសិនជាប្រៀបក្នុងរយៈពេលដូចគ្នា។
បិទរដូវកាល DIFF ២០២៣ អនុស្សានៃការបាញ់កាំជ្រួចកំពូល និងតួលេខគួរឱ្យចាប់អារម្មណ៍ដែលកត់សម្គល់អំពីកំណើនដ៏ខ្លាំងក្លានៃវិស័យទេសចរណ៍ ជាកម្លាំងដើម្បីវិស័យទេសចរណ៍របស់ទីក្រុង ដាណាំង (Da Nang) បន្តយកឈ្នះលើឈ្នាន់ថ្មី ដើម្បី ដល់ឆ្នាំ២០២៣ សង្ឃឹមថា នឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ និងសេវាកម្មគុណភាពខ្ពស់ ដែលជាទិសដៅប្រកបដោយភាពច្នៃប្រឌិតរបស់វៀតណាម និងអាស៊ីអាគ្នេយ៍ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្លាយជាគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី។ សូម្បីតែអ្នកជំនាញជាច្រើនបានអះអាងថា ប្រសិនបើវិនិយោគយ៉ាងត្រឹមត្រូវ ដោយមានវេទិការទំនើប និងធំជាង ជាមួយនឹង "ប្រព័ន្ធអេកូឡូស៊ីកាំជ្រួច" រួមទាំងមណ្ឌលសម្រាកលំហែកាយ ម្ហូបអាហារ ការដើរទិញឥវ៉ាន់ ការលេងកម្សាន្តជាដើម។ល។ មហោស្រពកាំជ្រួច ដាណាំង (Da Nang) នឹងនាំទីក្រុងទន្លេ ហាន (Han) ក្លាយជា "គោលដៅកាំជ្រួចថ្មី" នៃពិភពលោក។
អត្ថបទនិងរូបភាព៖ ថាញហ័រ តាតសើន /កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង