DIFF ២០២៣ - ភាពទាក់ទាញខ្លាំងសម្រាប់ទេសចរណ៍ខេត្ត ដាណាំង ( Da Nang)

DIFF ២០២៣ - ភាពទាក់ទាញខ្លាំងសម្រាប់ទេសចរណ៍ខេត្ត ដាណាំង ( Da Nang)

ទន្លេ ហាន (Han) នៃទីក្រុង ដាណាំង (Da Nang) ឆើតឆាយក្នុងមហោស្រពកាំជ្រួចអន្តរជាតិឆ្នាំ ២០២៣។ រូបថត៖ DIFF

មហោស្រពកាំជ្រួចអន្តរជាតិ ដាណាំង (Da Nang) (DIFF ២០២៣) បានក្លាយទៅជាព្រឹត្តិការណ៍មួយបញ្ជាក់ពីការខិតខំប្រឹងប្រែង បំបែកកំណកនៃវិស័យទេសចរណ៍ ដាណាំង (Da Nang) បំភ្លឺ ក្តីសង្ឃឹមដ៏ត្រចះត្រចង់ មិនត្រឹមតែសម្រាប់ទីក្រុងឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងសម្រាប់វិស័យទេសចរណ៍វៀតណាមទៀតផងដែរ បន្ទាប់ពីប៉ុន្មាន​ឆ្នាំដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩។

DIFF ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ជាមួយនឹងសកម្មភាពទាក់ទាញជាច្រើន។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម & DIFF

បន្ទាប់ពីការរង់ចាំរយៈពេល ៣ ឆ្នាំ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ទស្សនិកជនក្នុងស្រុក និងបរទេសបានទស្សនាការបាញ់កាំជ្រួចដ៏ស្រស់ស្អាតនៅលើផ្ទៃមេឃ និងទន្លេហាន (Han) នៅពេលដែលក្រុមកាំជ្រួចមកពីចក្រភពអង់គ្លេស ប៉ូឡូញ កាណាដា បារាំង ហ្វាំងឡង់ អូស្ត្រាលី អ៊ីតាលី និង​​ម្ចាស់ផ្ទះ​វៀតណាម​បាន​សម្ដែងប្រកួតប្រជែងជាមួយ​គ្នា។

ការប្រកួតចាប់ផ្តើមជាផ្លូវការតាំងពីថ្ងៃទី២ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី៨ ខែកក្កដា DIFF ២០២៣ ក្រោមប្រធានបទ "ពិភពលោកឥតគម្លាត " ឧបត្ថម្ភនិងសហការរៀបចំដោយក្រុមហ៊ុន Sun Group និងគណៈកម្មាធិការប្រជាជនទីក្រុង​ ដាណាំង (Da Nang) បានប្រកួតក្នុង​រយៈពេល ៤ យប់ ដើម្បីស្វែងរកបេក្ខជន​ឆ្នើម​ចំនួន ​២ ​ប្រកួតដណ្តើ​បយកជើង​ឯក ​ក្នុង​រាត្រី​ផ្តាច់ព្រ័ត្រគឺ បារាំង និង​អ៊ីតាលី។

ការបាញ់កាំជ្រួចកំពូលនៅលើទន្លេ ហាន (Han) ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម & DIFF

ក្នុងរាត្រីផ្តាច់ព្រ័ត្រ ជាក្រុមមួយដែលដណ្ដើមបានជើងឯកនៃព្រឹត្តិការណ៍ DIFF ពីរលើកបន្ត អ៊ីតាលីបានផ្តល់​ចំណាប់អារម្មណ៍​ដល់ទស្សនិកជនពីភាពស្ងប់ស្ងាត់ អ៊ូអរ និងរំភើប រហូត​ដល់មោទនភាពជាមួយនឹងការបាញ់​កាំជ្រួចក្រោមប្រធានបទ "អំណាចនៃសិល្បៈ" (The Power of Art) ។ ខណៈនោះ ក្រុម​កាំជ្រួច​បារាំងទទួល​បាន​ចំណាប់អារម្មណ៍របស់ទស្សនិកជន បំភ្លឺពិភពលោកគ្មានគម្លាតដោយ​រឿងរ៉ាវពោរពេញ​ទៅ​ដោយមនោសញ្ចេតនា និងរ៉ូមែន​ទិក ជាមួយប្រធានបទ "បំភ្លឺ ស្រលាញ់" ទីបំផុតដណ្ដើមបានរង្វាន់ជើងឯក ក្នុង​រដូវកាលឆ្នាំ ២០២៣ ដោយចំនួនទឹកប្រាក់ ២០.០០០ ដុល្លារអាមេរិក។

លោក វីគៀន​ថាញ (Vi Kien Thanh) នាយកនៃនាយកដ្ឋានភាពយន្ត និងជាអនុប្រធានសមាគមវិចិត្រសិល្បៈវៀតណាម សមាជិកនៃគណៈមេប្រយោគ DIFF ២០២៣ បានវាយតំលៃថា៖ បើប្រៀបធៀបទៅនឹង ១០ លើកមុនដែលទីក្រុង​ ដាណាំង (Da Nang) ប្រារព្ធ DIFF អាចនិយាយបានថា លើកនេះមានការអភិវឌ្ឍផ្តោត​ទៅលើគុណភាព។ គុណភាព​ត្រូវ​បាន​កែលម្អ​យ៉ាងច្រើន សូម្បី​តែ​ក្រុម​វៀតណាម​ក៏​បានមានភាពជឿន​លឿន​ជាងដែរ»

ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ពិសេសពីប្រព័ន្ធសារព័ត៌មាន ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ រូបថត៖ ថាញហ័រ/ កាសែតរូបភាពវៀតណាម

លោកស្រី ង៉ូ​ធីគៀម​អៀន (Ngo Thi Kim Yen) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង (Da Nang) ប្រធានគណៈកម្មាធិការរៀបចំ DIFF ២០២៣ បានឲ្យ​ដឹងថា មហោស្រពកាំជ្រួចនេះ ត្រូវបានសង្ឃឹមថាជា "ទំនាក់ទាញ " ដើម្បីជួយឱ្យវិស័យទេសចរណ៍របស់ទីក្រុង ដាណាំង (Da Nang) ត្រឡប់មកដូចកាល ពីមុនជំងឺកូវីដ-១៩។

យោងតាមរបាយការណ៍រហ័សរបស់វិស័យទេសចរ ដាណាំង (Da Nang) មហោស្រពកាំជ្រួចអន្តរជាតិពិតជាបានជួយស្តារឡើងវិញនូវសក្តានុពលវិស័យទេសចរណ៍នៃទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ទស្សនិកជនជាង ៣០.០០០ នាក់បានមកទស្សនាការប្រកួតចំនួន ៥យប់ ​ដោយ ៨ ក្រុម មកពី ៨ ប្រទេស អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ និងភ្នាក់ងារសារព័ត៌មានក្នុងស្រុក និងបរទេសរាប់រយនាក់បានប្រមូលផ្តុំគ្នា ធ្វើការអស់រយៈពេលជាងមួយខែ ដើម្បីផ្សព្វផ្សាយភាពទាក់ទាញនៃទីក្រុង ដាណាំង (Da Nang) ។

វិស័យទេសចរទីក្រុង​ ដាណាំង (Da Nang) មានភាពរស់រវើកក្នុងមហោស្រពកាំជ្រួចអន្តរជាតិ។ រូបថត៖ តាតសើន/ កាសែតរូបភាពវៀតណាម

តាមស្ថិតិបានបង្ហាញថា ក្នុងខែមិថុនា ជាខែដែលបានប្រព្រឹត្តិទៅនៃ មហោស្រព​កាំជ្រួចនេះ ចំនួនភ្ញៀវសរុបស្នាក់នៅត្រូវបានប៉ាន់ប្រមាណថា ជិត ៧០៦.០០០ នាក់ ដែលកើនឡើង ៣៤,% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ បរិមាណបន្ទប់ដែល​បាន​ជួលនៅក្នុងរយៈពេលនោះទៀងទាត់សម្រេចបាន ៧០%; ប្រាក់ចំណូលពីសេវាកម្មស្នាក់នៅ និងហូបចុកសម្រេចបាន ១.៨៧៤ ពាន់លានដុង។ ចំនួនជើងហោះហើរទៅកាន់ទីក្រុង ដាណាំង (Da Nang) មានខ្លះកើនឡើងដល់ ១៥០ ជើងក្នុងមួយថ្ងៃ (ច្រើនជាង១,៥ ដង បើ​ប្រៀបធៀបនឹងពេល​ធម្មតា)។ សរុបក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ចំនួនភ្ញៀវសរុបដែលបម្រើដោយគ្រឹះស្ថានស្នាក់នៅត្រូវបានប៉ាន់ប្រមាណថាមានជាង ៣,៥ លានលើកនាក់ កើនឡើង ១១៦.%  បើសិនប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៩៣០.០០០ នាក់ ដែលច្រើនជាង ១១,៣ ដង បើសិន​ជា​ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ភ្ញៀវ​ទេសចរ​ណ៍ក្នុង​ស្រុក​ជិត ២,៦ លាន​នាក់​ កើន ៦៧,៧% បើសិនជាប្រៀបក្នុង​រយៈ​ពេល​ដូច​គ្នា។

ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​មក​ទីក្រុង ដាណាំង (Da Nang) មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

បិទរដូវកាល DIFF ២០២៣ អនុស្សានៃការបាញ់កាំជ្រួចកំពូល និងតួលេខគួរឱ្យចាប់អារម្មណ៍ដែលកត់សម្គល់អំពីកំណើនដ៏ខ្លាំង​ក្លានៃវិស័យទេសចរណ៍ ជាកម្លាំងដើម្បីវិស័យទេសចរណ៍របស់ទីក្រុង ដាណាំង (Da Nang) បន្តយកឈ្នះលើឈ្នាន់ថ្មី ដើម្បី ដល់ឆ្នាំ២០២៣ សង្ឃឹមថា នឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ និងសេវាកម្មគុណភាពខ្ពស់ ដែលជាទិសដៅប្រកបដោយភាពច្នៃប្រឌិតរបស់វៀតណាម និងអាស៊ីអាគ្នេយ៍ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្លាយជាគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី។ សូម្បីតែអ្នកជំនាញជាច្រើនបានអះអាងថា ប្រសិនបើវិនិយោគយ៉ាងត្រឹម​ត្រូវ ដោយមានវេទិការ​ទំនើប និងធំជាង ជាមួយនឹង "ប្រព័ន្ធអេកូឡូស៊ីកាំជ្រួច" រួមទាំងមណ្ឌល​សម្រាក​លំហែកាយ ម្ហូបអាហារ ការដើរទិញឥវ៉ាន់ ការលេងកម្សាន្តជាដើម។ល។ មហោស្រពកាំជ្រួច ដាណាំង (Da Nang) នឹងនាំទីក្រុងទន្លេ ហាន (Han) ក្លាយ​ជា  "គោលដៅកាំជ្រួចថ្មី" នៃពិភពលោក។

ទីក្រុង​ ដាណាំង (Da Nang) - ឋានសួគ៌​អាហារដង​ផ្លូវ​របស់​អ្នក​ទេសចរណ៍។ រូបថត៖ ថាញ​ហ័រ /កាសែតរូបភាពវៀតណាម 

អត្ថបទនិង​រូបភាព៖​ ថាញ​ហ័រ តាត​សើន /កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង



top