អាវផាយ - “ទូត” វប្បធម៌វៀតណាម

អាវផាយ - “ទូត” វប្បធម៌វៀតណាម

តាំងពីយូរយារណាស់មកហើយ ក្នុង​ស្មារតី​ប្រជាជន​វៀតណាម និង​ក្នុង​ក្រសែ​ភ្នែក​មិត្តភក្តិ​អន្តរជាតិ​ អាវផាយ​ប្រពៃណី​​បាន​ចាត់ទុកថា ជានិមិត្តរូបមួយ​ដែលបន្ទុក​នូវ​ខ្លឹមសារ និង​វប្បធម៌​របស់ជ​នជាតិវៀតណាម។

ឧទ្ទេសនាមអំ​​ពីប្រវត្តិ​អាវផាយ​ ក្នុង​​ព្រឹត្តិការណ៍វប្បធម៌នានានៅប្រទេសវៀតណាម។

ប្រសិនបើ​ប្រទេសកូរ៉េខាងត្បូង​មាន Hanbok ប្រទេស​ជប៉ុន​មាន Kimono ប្រទេស​ស្កុតឡែន​មាន​រ៉ុប​ Kilt ។ល។ នោះប្រទេស​វៀតណាម​បាន​គេ​ស្គាល់​តាម​រយៈ​អាវផាយ​ទន់ភ្លន់ល្វត់ល្វន់​។ ពាក្យ "Ao Dai - អាវផាយ​" ត្រូវបានបញ្ចូលទៅក្នុងវចនានុក្រម Oxford ទាំងស្រុង ដោយ​មាន​ការ​ពន្យល់ថា ជាប្រភេទ​សម្លៀកបំពាក់​ស្ត្រីវៀតណាម ដែល​មាន​ការ​រចនា​ស្បៃពីរ​​មុខនិងខាងក្រោយវែងដល់ភ្នែក​ជើង សម្រាប់​ដណ្តប់​គ្របពី​លើខោ​វែង។

សម្តែងបង្ហាញម៉ូដអាវផាយ​ នៅ​លំហ​វប្បធម៌​នៃរាជវាំង​ថាំងឡុង។


ខុសពីសម្លៀកបំពាក់ប្រពៃណី​នៃ​ប្រទេសជាច្រើននៅលើពិភពលោក ការ​ស្លៀកពាក់​អាវផាយ​ ស្ត្រី​វៀតណាម​មិនចាំបាច់​ចំណាយពេល​ច្រើន​ទេ ​ថែមទាំង​សាមញ្ញ ស្រួលខ្លួន ទន់ភ្លន់ និងស្រស់ស្អាត​ទៀត​ផង។ នោះប្រហែលជាមូលហេតុដែលអាវផាយ​ - សម្លៀក​បំពាក់ប្រពៃណី​ បាន "ជ្រៀតចូល" ទៅក្នុងជីវិតប្រចាំថ្ងៃរបស់ស្ត្រីវៀតណាម ដោយ​ភាព​សាមញ្ញ​​ធម្មជាតិ និង​ងាយស្រួល។ តាមរយៈការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន អាវផាយ​មាន​អំណះអំណាង​​ថា​ជាមោទនភាពរបស់ប្រជាជនវៀតណាម ព្រោះមិនមែន​គ្រប់​ជន​ជាតិ​ សុទ្ធតែ​​មាន​សម្លៀកបំពាក់ ដែលមានលក្ខណៈ​​ស្រស់ស្អាត ស្រគត់ស្រគំផង​ ទន់ភ្លន់ផង និង​ភាព​ទាក់ទាញ​បែបនេះ​​នោះ​ទេ។

អាវផាយបានបង្ហាញវត្តមាន​ ក្នុងព្រឹត្តិការណ៍ "ពាន់បុប្ផាយាត្រា​"  ជា​ទីកន្លែងដែល​សម្លៀកបំពាក់​បុរាណវៀតណាម បានស្តារ​បង្ហាញ​​ឡើងវិញប្រកប​ដោយ​ភាព​​រស់រវើក។
អាវផាយ​មានវត្តមានក្នុងពិធីភ្ជាប់ពាក្យនៃ​ជនជាតិវៀតណាម។

និស្សិតស្រីប្រកបដោយមន្តស្នេហ៍ក្នុងឈុតអាវផាយ។

ដូច្នេះ​ហើយ ក្រៅពីការត​ភ្ជាប់ជាមួយការអភិវឌ្ឍ​នៃជីវិតសង្គម អាវផាយ​ក៏ជា "ស្ពាន​" និង​ជា "ទូត​" ក្នុងការផ្សព្វផ្សាយទេសចរណ៍វៀតណាម​ផងដែរ។ នៅពេល​ភ្ញៀវទេសចរ​មកទស្សនា​ប្រទេស​វៀតណាម ជាពិសេស​ភ្ញៀវទេសចរ​នារី ពួកគេ​តែងតែ​ជ្រើស​រើស​អាវផាយ​ ធ្វើ​ជាវត្ថុអនុស្សាវរីយ៍​ពិសេស។

នៅក្នុង​ការប្រកួតសម្រស់លំដាប់ពិភពលោកដូចជា Miss World, Miss Universe, Miss Earth បេក្ខនារី​តំណាងវៀតណាម តែងតែវិនិយោគ និង​រៀបចំ​ដោយ​ប្រុង​ប្រយ័ត្ន​សម្រាប់​ផ្នែក​ប្រកួតសម្លៀកបំពាក់​ជាតិ ហើយ​អាវផាយ​ក៏បាន​រួមដំណើរ​ជាមួយ​ជ័យ​ជម្នះ​នៃ​ម្ចាស់​សម្លៀកបំពាក់​​ផងដែរ។

ឈុតអាវផាយ​រាជវាំង គឺជាវត្ថុបុរាណដ៏មានតម្លៃ បន្ទុក​​តម្លៃវប្បធម៌ និងប្រវត្តិសាស្រ្តយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងខ្លឹមសារដ៏ល្អ នៃសម្លៀកបំពាក់រាជវាំង។
អាវផាយ​បានប្រើប្រាស់​នៅ​ក្នុងព្រឹត្តិការណ៍ជាច្រើន ចាប់ពីពិធីផ្លូវការក្នុងគ្រួសារ ការិយាល័យ សង្គម ការទូត។ល។​ រហូតដល់ការសម្តែងសិល្បៈ។ល​។
នៅពេលស្លៀកឈុតអាវផាយ​ នារីវៀតណាមកាន់តែលេចធ្លោ សម្រស់​ស្រស់ស្អាត ពោរពេញដោយភាព​ទាក់ទាញ។

ឈុតអាវផាយ​ពណ៌​ខ្មៅ ​រចនាដោយ​​ក្បាច់​កន្ទុយសត្វក្ងោក តុបតែង​អង្កាំ និង​ត្បូង​ពេជ្រ​បាន​ជួយឱ្យ​​កញ្ញា ម៉ាយ​ ផឿង​ធ្វី​ (Mai Phuong Thuy) ជាប់ Top 20 បេក្ខនារី​ស្លៀក​សម្លៀក​បំពាក់​ជាតិ​ស្អាតបំផុត​ ក្នុងការប្រកួត Miss World 2006។ ឈុតអាវផាយ "របាំក្រៀល" របស់អ្នក​រចនាម៉ូដ ​ធ្វឹន​វៀត (Thuan Viet) ​ដែល​មាន​ការ​រចនា​អាវ​ពីរជាន់​តាម​រចនាបថ​អាវ​របស់​​ព្រះមហាក្សត្រីណាម​ផឿង​ (Nam Phuong) បានជួយ​កញ្ញា ធ្វី​ឡឹម (Thuy Lam) ជាប់ Top 10 បេក្ខនារី​បង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណី​ស្អាតបំផុត ​ក្នុងការ​ប្រកួត Miss Universe 2008។ ឈុតអាវអាវផាយ​ បំផុសគំនិតដោយ​រចនាតាម​​នាគបូព៌ា ជាមួយ​នឹង​ក្បាច់​​​សំពត់​សង្កិប​ជនជាតិភាគតិច ​នៅភាគខាង​ជើង​វៀត​ណាម បាន​ជ្រើស​រើសយក​​ដោយ​កញ្ញា លឺវ ធីយីម​​ហឿង​ (Luu Thi Diem Huong) ក្នុងការប្រកួត Miss Universe 2012 ក៏បាន​ជាប់ Top 10 សម្លៀកបំពាក់​ជាតិស្អាតបំផុត ដែលបានជ្រើសរើស​ដោយ​គេហ​ទំព័រ​ល្បីល្បាញ អំពីការប្រកួត​សម្រស់ Missosology

ពិធីបុណ្យឈុតអាវផាយ ជាព្រឹត្តិការណ៍វប្បធម៌ - ទេសចរណ៍ប្រចាំឆ្នាំ​លេចធ្លោនៃ​ទីក្រុងហូជីមិញ បានប្រារព្ធ​ធ្វើឡើង​ទៀងទាត់ នៅខែមីនា​ជារៀងរាល់ឆ្នាំ។

ជាពិសេស ឈុតអាវផាយ​ដែលបានយកគំនិតពីផ្កាឈូក មានពណ៌​ក្រហម និង​លឿង តុបតែង​ដោយ​គ្រីស្តាល់ពេជ្រ ដោយ​មាន​​លក្ខណៈរាជវង្ស របស់​កញ្ញា ទ្រឿង​ ធីម៉ី (Truong Thi May)​ ក្នុងការប្រកួត Miss Universe2013 ត្រូវបាន Missology ជ្រើស​រើស​ឈរ​នៅ​លំដាប់​កំពូល នៃតារាង​សម្លៀកបំពាក់​ជាតិស្អាតបំផុត។ ហើយនៅក្នុងការប្រកួតនេះ  ឈុត​អាវផាយនេះ ក៏បាន​ជាប់ចំណាត់​ថ្នាក់​លេខ៤ ក្នុង​ចំណោម Top 10 សម្លៀក​បំពាក់​ជាតិ​ស្អាត​បំផុត​ផងដែរ។ល។​

អាវផាយ​​ក៏ជាមោទនភាពនៃសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស​ផងដែរ។ នៅ​ក្នុង​​ឱកាស​បុណ្យចូលឆ្នាំប្រពៃណី ឬពិធី​បុណ្យ​វប្បធម៌​វៀតណាម ដែលបាន​រៀបចំ​នៅ​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី ជប៉ុន។ល។​ រូបភាព​អាវផាយ​តែង​តែ​បង្ហាញ​ខ្លួន​យ៉ាង​ឱឡារិក បង្ហាញ​ពីការផ្សារ​ភ្ជាប់ដើម​កំណើត​ និង​​វប្បធម៌​ជាតិ ទោះបីជា​នៅ​ឆ្ងាយ​ពីស្រុក​កំណើត​ក៏ដោយ៕

អត្ថបទ៖ ង៉ឹនហា រូបថត៖ ឯកសារ​កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top