អាវផាយ - “ទូត” វប្បធម៌វៀតណាម
តាំងពីយូរយារណាស់មកហើយ ក្នុងស្មារតីប្រជាជនវៀតណាម និងក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ អាវផាយប្រពៃណីបានចាត់ទុកថា ជានិមិត្តរូបមួយដែលបន្ទុកនូវខ្លឹមសារ និងវប្បធម៌របស់ជនជាតិវៀតណាម។
ប្រសិនបើប្រទេសកូរ៉េខាងត្បូងមាន Hanbok ប្រទេសជប៉ុនមាន Kimono ប្រទេសស្កុតឡែនមានរ៉ុប Kilt ។ល។ នោះប្រទេសវៀតណាមបានគេស្គាល់តាមរយៈអាវផាយទន់ភ្លន់ល្វត់ល្វន់។ ពាក្យ "Ao Dai - អាវផាយ" ត្រូវបានបញ្ចូលទៅក្នុងវចនានុក្រម Oxford ទាំងស្រុង ដោយមានការពន្យល់ថា ជាប្រភេទសម្លៀកបំពាក់ស្ត្រីវៀតណាម ដែលមានការរចនាស្បៃពីរមុខនិងខាងក្រោយវែងដល់ភ្នែកជើង សម្រាប់ដណ្តប់គ្របពីលើខោវែង។
ខុសពីសម្លៀកបំពាក់ប្រពៃណីនៃប្រទេសជាច្រើននៅលើពិភពលោក ការស្លៀកពាក់អាវផាយ ស្ត្រីវៀតណាមមិនចាំបាច់ចំណាយពេលច្រើនទេ ថែមទាំងសាមញ្ញ ស្រួលខ្លួន ទន់ភ្លន់ និងស្រស់ស្អាតទៀតផង។ នោះប្រហែលជាមូលហេតុដែលអាវផាយ - សម្លៀកបំពាក់ប្រពៃណី បាន "ជ្រៀតចូល" ទៅក្នុងជីវិតប្រចាំថ្ងៃរបស់ស្ត្រីវៀតណាម ដោយភាពសាមញ្ញធម្មជាតិ និងងាយស្រួល។ តាមរយៈការសិក្សាស្រាវជ្រាវជាច្រើន អាវផាយមានអំណះអំណាងថាជាមោទនភាពរបស់ប្រជាជនវៀតណាម ព្រោះមិនមែនគ្រប់ជនជាតិ សុទ្ធតែមានសម្លៀកបំពាក់ ដែលមានលក្ខណៈស្រស់ស្អាត ស្រគត់ស្រគំផង ទន់ភ្លន់ផង និងភាពទាក់ទាញបែបនេះនោះទេ។
ដូច្នេះហើយ ក្រៅពីការតភ្ជាប់ជាមួយការអភិវឌ្ឍនៃជីវិតសង្គម អាវផាយក៏ជា "ស្ពាន" និងជា "ទូត" ក្នុងការផ្សព្វផ្សាយទេសចរណ៍វៀតណាមផងដែរ។ នៅពេលភ្ញៀវទេសចរមកទស្សនាប្រទេសវៀតណាម ជាពិសេសភ្ញៀវទេសចរនារី ពួកគេតែងតែជ្រើសរើសអាវផាយ ធ្វើជាវត្ថុអនុស្សាវរីយ៍ពិសេស។
នៅក្នុងការប្រកួតសម្រស់លំដាប់ពិភពលោកដូចជា Miss World, Miss Universe, Miss Earth បេក្ខនារីតំណាងវៀតណាម តែងតែវិនិយោគ និងរៀបចំដោយប្រុងប្រយ័ត្នសម្រាប់ផ្នែកប្រកួតសម្លៀកបំពាក់ជាតិ ហើយអាវផាយក៏បានរួមដំណើរជាមួយជ័យជម្នះនៃម្ចាស់សម្លៀកបំពាក់ផងដែរ។
ឈុតអាវផាយពណ៌ខ្មៅ រចនាដោយក្បាច់កន្ទុយសត្វក្ងោក តុបតែងអង្កាំ និងត្បូងពេជ្របានជួយឱ្យកញ្ញា ម៉ាយ ផឿងធ្វី (Mai Phuong Thuy) ជាប់ Top 20 បេក្ខនារីស្លៀកសម្លៀកបំពាក់ជាតិស្អាតបំផុត ក្នុងការប្រកួត Miss World 2006។ ឈុតអាវផាយ "របាំក្រៀល" របស់អ្នករចនាម៉ូដ ធ្វឹនវៀត (Thuan Viet) ដែលមានការរចនាអាវពីរជាន់តាមរចនាបថអាវរបស់ព្រះមហាក្សត្រីណាមផឿង (Nam Phuong) បានជួយកញ្ញា ធ្វីឡឹម (Thuy Lam) ជាប់ Top 10 បេក្ខនារីបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីស្អាតបំផុត ក្នុងការប្រកួត Miss Universe 2008។ ឈុតអាវអាវផាយ បំផុសគំនិតដោយរចនាតាមនាគបូព៌ា ជាមួយនឹងក្បាច់សំពត់សង្កិបជនជាតិភាគតិច នៅភាគខាងជើងវៀតណាម បានជ្រើសរើសយកដោយកញ្ញា លឺវ ធីយីមហឿង (Luu Thi Diem Huong) ក្នុងការប្រកួត Miss Universe 2012 ក៏បានជាប់ Top 10 សម្លៀកបំពាក់ជាតិស្អាតបំផុត ដែលបានជ្រើសរើសដោយគេហទំព័រល្បីល្បាញ អំពីការប្រកួតសម្រស់ Missosology។
ជាពិសេស ឈុតអាវផាយដែលបានយកគំនិតពីផ្កាឈូក មានពណ៌ក្រហម និងលឿង តុបតែងដោយគ្រីស្តាល់ពេជ្រ ដោយមានលក្ខណៈរាជវង្ស របស់កញ្ញា ទ្រឿង ធីម៉ី (Truong Thi May) ក្នុងការប្រកួត Miss Universe 2013 ត្រូវបាន Missology ជ្រើសរើសឈរនៅលំដាប់កំពូល នៃតារាងសម្លៀកបំពាក់ជាតិស្អាតបំផុត។ ហើយនៅក្នុងការប្រកួតនេះ ឈុតអាវផាយនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម Top 10 សម្លៀកបំពាក់ជាតិស្អាតបំផុតផងដែរ។ល។
អាវផាយក៏ជាមោទនភាពនៃសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសផងដែរ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ឬពិធីបុណ្យវប្បធម៌វៀតណាម ដែលបានរៀបចំនៅសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ជប៉ុន។ល។ រូបភាពអាវផាយតែងតែបង្ហាញខ្លួនយ៉ាងឱឡារិក បង្ហាញពីការផ្សារភ្ជាប់ដើមកំណើត និងវប្បធម៌ជាតិ ទោះបីជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង