ស្ពាន ឡុងបៀន (Long Bien) - ស្ពានតំណភ្ជាប់អនុស្សាវរីយ៍
នៅកណ្តាលទន្លេក្រហម ស្ពានឡុងបៀន នៅតែបន្តតំណភ្ជាប់ត្រើយទាំងសងខាង និងតភ្ជាប់អនុស្សាវរីយ៍របស់ទីក្រុងហាណូយដោយស្ងៀមស្ងាត់។ ជាងមួយសតវត្សរ៍កន្លងផុតទៅ ស្ពាននេះ បានក្លាយជាសាក្សីប្រវត្តិសាស្ត្រ ដោយរក្សាទុកនូវស្លាកស្នាមវប្បធម៌លម្អិត និងរឿងរ៉ាវជីវិតប្រចាំថ្ងៃ របស់ប្រជាជនរដ្ឋធានីជាច្រើនជំនាន់។
មើលពីចម្ងាយ ស្ពាន ឡុងបៀន លេចឡើងដូចជា ខ្សែដែកដ៏ស្រឡូន នៅកណ្តាលទន្លេធំល្វឹងល្វើយ។ ធ្នឹមស្ពានដែលតភ្ជាប់គ្នា មានរូបរាងរឹងមាំ តែស្រស់ស្អាតតាមបែបស្ថាបត្យកម្មអឺរ៉ុប នាចុងសតវត្សទី១៩។ ស្ពាននេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ ១៨៩៨ និងបញ្ចប់នៅឆ្នាំ១៩០២ រចនានិងសាងសង់ដោយក្រុមហ៊ុន Eiffel របស់បារាំង។ ជាមួយនឹងប្រវែងជាង ១.៦០០ម៉ែត្រ និងមានធ្នឹមដែកចំនួន១៩ ស្ពាន ឡុងបៀន ធ្លាប់បានចាត់ទុកថា ជាអច្ឆរិយភាពផ្នែកវិស្វកម្ម និងជាស្ពានដែកដំបូងបង្អស់ ដែលសាងសង់ឆ្លងកាត់ទន្លេក្រហម នៅទីក្រុងហាណូយ។
នៅសម័យនោះ ផ្លូវដែករត់ចំកណ្តាលស្ពាន ចំណែកសងខាង គឺសម្រាប់អ្នកថ្មើរជើង និងយានជំនិះធម្មតា។ រថភ្លើងធ្វើដំណើរឆ្លងកាត់ទន្លេទាំងយប់ទាំងថ្ងៃ រួមជាមួយហ្វូងមនុស្ស និងអ្នករែកអីវ៉ាន់ បង្កើតបានជារូបភាពដ៏ពិសេសមួយ សម្រាប់ទីក្រុងហាណូយ នៅប៉ុន្មានឆ្នាំដំបូង នៃនគរូបនីយកម្ម។
ប៉ុន្តែ ឡុងបៀន មិនត្រឹមតែប្រាប់រឿងរ៉ាវអំពីស្ពានមួយប៉ុណ្ណោះទេ។ ធ្នឹមដែកនីមួយៗ ថែមទាំងបង្កប់នូវស្នាមប្រវត្តិសាស្ត្រ នៃដំណាក់កាលនីមួយៗផងដែរ។ ស្ពាននេះ បានធ្វើជាសាក្សីថ្ងៃដ៏អង់អាចក្លាហានរបស់ប្រជាជាតិ នៅទិវាបដិវត្តន៍ខែសីហា និងថ្ងៃដំបូងនៃប្រទេសវៀតណាមឯករាជ្យ។ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ស្ពាននេះ គឺជាផ្លូវមួយ ក្នុងចំណោមផ្លូវ ដែលនាំបងប្អូនជនរួមជាតិ មកកាន់ទីក្រុងហាណូយ ដើម្បីចូលរួមពិធីបុណ្យឯករាជ្យជាតិ នៅទីលានបាឌិញ (Ba Dinh)។ នៅខែតុលា ឆ្នាំ១៩៥៤ ទីនេះ បានធ្វើជាសាក្សីម្តងទៀត នៅពេលដែលទាហានបារាំងចុងក្រោយ បានដកចេញពីទីក្រុងហាណូយ ដើម្បីទុកឱ្យកងទ័ពវៀតណាម ចូលមកគ្រប់គ្រងរដ្ឋធានីវិញ។
ក្នុងប៉ុន្មានឆ្នាំនៃសង្គ្រាមតស៊ូប្រឆាំងនឹងចក្រពត្តិឈ្លានពាន ស្ពានឡុងបៀន បានក្លាយជាខ្សែផ្លូវដឹកជញ្ជូនដ៏សំខាន់ និងជាគោលដៅ នៃការទម្លាក់គ្រាប់បែកជាច្រើនលើក។ មានធ្នឹមស្ពានខ្លះ ត្រូវបានបំផ្លាញ ប៉ុន្តែបន្ទាប់មកក៏បានជួសជុល និងសាងសង់ឡើងវិញ នៅកណ្តាលភ្លើងសង្គ្រាម។ អ្នកការពារស្ពាន និងកម្មករ ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីដោះស្រាយផលវិបាក ដោយសារគ្រាប់បែក បានរួមចំណែករក្សាចរាចរណ៍មិនឱ្យកាត់ផ្តាច់។
ប្រហែលមកពីហេតុនេះហើយ ទើបឡុងបៀន បានដក់ជាប់ក្នុងអារម្មណ៍របស់អ្នកហាណូយ មិនត្រឹមតែតាមរយៈព្រឹត្តិការណ៍ធំៗប៉ុណ្ណោះទេ ថែមទាំងតាមរយៈរូបភាពដ៏សាមញ្ញបំផុត៖ សំឡេងស៊ីរ៉ែនរថភ្លើង បន្លឺឡើងលើទន្លេ អ្នកលក់ដូរតាមផ្លូវនៅពេលព្រឹកព្រលឹម ជំហានជើងនៃពលករ រថយន្តធ្វើដំណើរយឺតៗ ឆ្លងកាត់ស្ពាន និងការណាត់ជួបគ្នា នៅក្បែរបង្កាន់ដៃស្ពាន ដែលមានខ្យល់បក់រំភើយ។
ពេលវេលាបានធ្វើឱ្យហាណូយផ្លាស់ប្តូរ។ ស្ពានទំនើបៗជាច្រើន បានលេចឡើងជាបន្តបន្ទាប់ តំបន់ទីក្រុងថ្មីៗបានពង្រីកទៅរកទន្លេ។ ប៉ុន្តែ ឡុងបៀន នៅតែរក្សាបាននូវរូបរាងដាច់ដោយឡែកខ្លួនឯង។ ឈរនៅលើស្ពាន អាចមើលឃើញទីក្រុងហាណូយមួយ ច្រើនស្រទាប់៖ ទីក្រុងបុរាណដែលមានដំបូលផ្ទះតម្រៀបគ្នា ទន្លេធំល្វឹងល្វើយ កោះកណ្តាលទន្លេដ៏ខៀវស្រងាត់ និងទីក្រុងដែលកំពុងតែមានការចលនាមិនឈប់ឈរ។
បន្ទាប់ពីរយៈពេលជាង១២០ឆ្នាំ ស្ពានមានការទ្រុឌទ្រោម និងត្រូវបានជួសជុលជាច្រើនលើក។ ការជជែកវែកញែកអំពីការអភិរក្ស និងជួសជុលស្ពានឡុងបៀន ក៏កាន់តែទទួលបានការចាប់អារម្មណ៍។ អ្នកជំនាញយល់ថា គួរចាត់ទុកស្ពាននេះ ជាបេតិកភណ្ឌទីក្រុង ដែលជាកន្លែងប្រមូលផ្តុំនូវតម្លៃស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ វប្បធម៌ និងអនុស្សាវរីយ៍សហគមន៍។
ពីព្រោះ ឡុងបៀន មិនត្រឹមតែភ្ជាប់ត្រើយទាំងសងខាង នៃទន្លេក្រហមនោះទេ។ ស្ពាននេះ បានផ្សារភ្ជាប់មនុស្សជាច្រើនជំនាន់នៅហាណូយ តភ្ជាប់រឿងរ៉ាវសង្គ្រាមជាមួយsនឹងជីវិតសន្តិភាព តភ្ជាប់ទីក្រុងដែលធ្លាប់ឆ្លងកាត់បម្រែបម្រួលជាច្រើន ជាមួយនឹងទីក្រុងហាណូយដែលកំពុងឆ្ពោះទៅរកអនាគត។
រាល់ពេលដែលរថភ្លើងធ្វើដំណើរយឺតៗឆ្លងកាត់ របារដែកបានរំញ័រជាមួយនឹងសំឡេងកង់ដែក។ នៅក្រោមស្ពាន ទឹកទន្លេក្រហមនៅតែបន្តហូរយ៉ាងស្ងៀមស្ងាត់។ ហើយនៅលើធ្នឹមស្ពាន ក៏តែងតែប្រឡាក់ដោយពណ៌នៃពេលវេលា អនុស្សាវរីយ៍ហាណូយពីអតីតកាល ហាក់ដូចជានៅទីនោះជានិច្ច៕
អត្ថបទ និងរូបថត៖ ត្រឹន ថាញ់យ៉ាង/VNP
ប្រែសម្រួល៖ រីកើង







