ស្ពាន ឡុងបៀន (Long Bien) - ស្ពានតំណភ្ជាប់អនុស្សាវរីយ៍

ស្ពាន ឡុងបៀន (Long Bien) - ស្ពានតំណភ្ជាប់អនុស្សាវរីយ៍

នៅ​កណ្តាល​ទន្លេក្រហម​ ស្ពាន​ឡុងបៀន នៅតែ​បន្តតំណ​ភ្ជាប់​​ត្រើយ​ទាំង​សង​ខាង និង​តភ្ជាប់​អនុស្សាវរីយ៍​​របស់ទីក្រុងហាណូយដោយ​ស្ងៀមស្ងាត់។ ជាងមួយ​សតវត្សរ៍​កន្លង​ផុត​ទៅ ស្ពាន​នេះ បាន​ក្លាយ​ជាសាក្សីប្រវត្តិសាស្ត្រ ដោយរក្សាទុកនូវស្លាកស្នាមវប្បធម៌​លម្អិត​ និង​​រឿង​រ៉ាវ​ជីវិត​ប្រចាំ​ថ្ងៃ​ របស់ប្រជាជនរដ្ឋ​ធានីជាច្រើន​ជំនាន់។

នាពេល​បច្ចុប្បន្ន ទន្លេក្រហម មាន​ស្ពានទំនើបៗជាច្រើន​ដូចជា ស្ពានចឿង​យឿង​ ស្ពានវិញ​ទី​ ស្ពានថាញ់ទ្រី​ ស្ពានថាំង​ឡុង​ ស្ពានញឹត​តឹន​ ។ល។ ដើម្បី​ទទួល​រ៉ាប់រងបេសកកម្ម​ចរាចរណ៍ តភ្ជាប់ត្រើយ​ទាំងពីរ ប៉ុន្តែ​ស្ពានឡុង​បៀន​ ​នៅតែ​រក្សា​បាន​បេសកកម្ម​ដ៏ខ្ពង់ខ្ពស់​របស់ខ្លួន គឺជា​ទីកន្លែង​ "រក្សាអនុស្សាវរីយ៍​​អំពីទីក្រុង​ហាណូយ"។ រូបថត៖ តឹត​សឺន​/VNP

មើលពីចម្ងាយ ស្ពាន ឡុងបៀន លេច​ឡើង​ដូចជា ខ្សែ​ដែក​ដ៏​ស្រឡូន នៅ​កណ្តាល​ទន្លេ​ធំ​ល្វឹង​ល្វើយ​។ ធ្នឹម​ស្ពាន​ដែល​តភ្ជាប់គ្នា មាន​រូបរាង​រឹងមាំ តែ​ស្រស់​ស្អាត​តាម​បែប​ស្ថាបត្យកម្ម​អឺរ៉ុប នាចុងសតវត្សទី១៩។ ស្ពាននេះ បានចាប់ផ្តើម​សាងសង់​នៅឆ្នាំ ១៨៩៨ និងបញ្ចប់នៅឆ្នាំ​១៩០២ រចនានិង​សាងសង់ដោយ​ក្រុមហ៊ុន Eiffel របស់​បារាំង។ ជាមួយនឹង​ប្រវែងជាង ១.៦០០ម៉ែត្រ និង​មានធ្នឹមដែកចំនួន​១៩ ស្ពាន ឡុងបៀន ធ្លាប់​បាន​ចាត់ទុកថា ជាអច្ឆរិយភាព​ផ្នែកវិស្វកម្ម និងជា​ស្ពានដែក​ដំបូងបង្អស់​ ដែល​​សាងសង់​ឆ្លងកាត់​ទន្លេក្រហម​ នៅ​ទីក្រុងហាណូយ។​

នៅ​សម័យនោះ ផ្លូវដែករត់ចំកណ្តាលស្ពាន​ ចំណែក​សងខាង គឺសម្រាប់អ្នកថ្មើរ​ជើង និង​យាន​ជំនិះ​ធម្មតា​។ រថភ្លើង​​ធ្វើដំណើរឆ្លងកាត់ទន្លេទាំងយប់ទាំងថ្ងៃ រួមជាមួយ​ហ្វូង​មនុស្ស និង​អ្នករែក​អីវ៉ាន់ បង្កើតបាន​ជារូបភាព​ដ៏ពិសេសមួយ សម្រាប់ទីក្រុង​ហាណូយ នៅ​​ប៉ុន្មាន​ឆ្នាំដំបូង នៃនគរូបនីយកម្ម។

ថ្ងៃអស្តង្គត​​នៅលើស្ពាន ដែល​ឆ្លងកាត់​បីសតវត្សរ៍។ រូបថត៖ តឹត​សឺន​/VNP
ស្ពានឡុង​បៀន​ ​គឺជា​ស្ពានដែកដំបូងគេ ដែលឆ្លងកាត់​ទន្លេក្រហម នៅទីក្រុងហាណូយ ​បានប្រៀបប្រដូចទៅ​នឹង "សាក្សី​ប្រវត្តិសាស្ត្រ" ផ្សារភ្ជាប់ជាមួយនឹង​ការ​ប្រែប្រួល​ធំៗ នៃរដ្ឋ​ធានី ឆ្លងកាត់បីសតវត្សរ៍​។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង​/VNP

ប៉ុន្តែ ឡុងបៀន មិនត្រឹមតែប្រាប់រឿងរ៉ាវអំពីស្ពានមួយ​ប៉ុណ្ណោះទេ។​ ធ្នឹម​ដែក​នីមួយៗ ថែម​ទាំង​បង្កប់នូវស្នាមប្រវត្តិសាស្ត្រ នៃដំណាក់កាល​នីមួយៗ​ផងដែរ​។ ស្ពាននេះ បាន​ធ្វើជា​សាក្សី​ថ្ងៃដ៏អង់អាចក្លាហានរបស់ប្រជាជាតិ នៅទិវា​​បដិវត្តន៍​​ខែសីហា និង​ថ្ងៃដំបូង​នៃ​ប្រទេសវៀតណាម​ឯករាជ្យ​។ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ​១៩៤៥ ស្ពាននេះ គឺជា​ផ្លូវមួយ ក្នុងចំណោមផ្លូវ ដែល​នាំបងប្អូនជន​រួមជាតិ មកកាន់​ទីក្រុង​ហាណូយ ដើម្បី​ចូលរួម​ពិធីបុណ្យ​ឯករាជ្យជាតិ​ នៅទីលាន​បាឌិញ (Ba Dinh)។ នៅខែ​តុលា ឆ្នាំ១៩៥៤ ទីនេះ បានធ្វើជា​សាក្សី​ម្តង​ទៀត នៅពេល​ដែល​ទាហានបារាំង​ចុងក្រោយ បានដក​ចេញ​ពី​ទីក្រុង​ហាណូយ ដើម្បី​ទុកឱ្យ​កងទ័ពវៀតណាម ចូលមកគ្រប់គ្រង​រដ្ឋ​ធានី​វិញ។

ក្នុងប៉ុន្មានឆ្នាំនៃសង្គ្រាមតស៊ូប្រឆាំងនឹងចក្រពត្តិឈ្លានពាន ស្ពាន​ឡុងបៀន បាន​ក្លាយ​ជា​ខ្សែ​ផ្លូវ​ដឹកជញ្ជូន​ដ៏សំខាន់ និងជា​គោលដៅ នៃការទម្លាក់​គ្រាប់បែក​ជាច្រើន​លើក។​ មាន​ធ្នឹម​ស្ពាន​ខ្លះ ត្រូវបាន​បំផ្លាញ ប៉ុន្តែ​បន្ទាប់មកក៏​បានជួស​ជុល និង​សាងសង់​ឡើងវិញ នៅ​កណ្តាល​ភ្លើង​សង្គ្រាម​។ អ្នកការពារ​ស្ពាន និង​កម្មករ ដែល​បាន​ខិត​ខំទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ដោះស្រាយផលវិបាក ដោយសារគ្រាប់​បែក បាន​រួម​ចំណែក​រក្សា​ចរាចរណ៍​មិន​ឱ្យ​កាត់​ផ្តាច់​។

បច្ចុប្បន្ន រថភ្លើងនៅតែបន្តរត់ឆ្លងកាត់​ស្ពានឡុង​បៀន​​ ជាមួយនឹង​ជើងរថភ្លើង​ដឹកអ្នក​ដំណើរមួយចំនួន ពីហាណូយ​ទៅ​ហាយភុង​ និង​ផ្ទុយ​មក​វិញ​។រូបថត៖ តឹត​សឺន​/VNP ​
បច្ចុប្បន្ន ស្ពានឡុង​បៀន​ ​អនុញ្ញាត​ឱ្យម៉ូតូ យានយន្ត​សាមញ្ញ និង​អ្នកធ្វើ​ដំណើរ​ទៅ​មក​​ទាំងពីរ​ទិស។ រូបថត៖ តឹត​សឺន​/VNP​
ភ្ញៀវទេសចរបរទេស​ប្រាសស្រ័យទាក់ទងជាមួយអ្នកដំណើរ នៅលើរថភ្លើង​ដែលរត់​ឆ្លង​កាត់​ស្ពាន​ឡុង​បៀន​។ រូបថត៖ តឹត​សឺន​/VNP​

ប្រហែលមកពីហេតុនេះ​ហើយ ទើប​ឡុងបៀន បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​អ្នក​ហាណូយ​ មិនត្រឹមតែ​តាមរយៈ​ព្រឹត្តិការណ៍ធំៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​តាម​រយៈ​រូបភាព​ដ៏​សាមញ្ញ​បំផុត​៖ សំឡេងស៊ីរ៉ែន​រថភ្លើង​ បន្លឺឡើង​លើទន្លេ អ្នកលក់​ដូរ​តាម​ផ្លូវ​នៅ​ពេល​ព្រឹក​ព្រលឹម​ ជំហាន​ជើងនៃ​​ពលករ រថយន្ត​ធ្វើដំណើរយឺតៗ ឆ្លងកាត់​ស្ពាន និង​ការណាត់​ជួបគ្នា នៅក្បែរបង្កាន់​ដៃស្ពាន ដែលមាន​ខ្យល់​បក់​រំភើយ។

ពេល​វេលាបាន​ធ្វើឱ្យហាណូយ​ផ្លាស់ប្តូរ​។ ស្ពាន​ទំនើបៗជាច្រើន បាន​លេច​ឡើង​ជា​បន្ត​បន្ទាប់​ តំបន់ទីក្រុងថ្មីៗ​បានពង្រីកទៅរក​ទន្លេ។​ ប៉ុន្តែ ឡុងបៀន នៅតែ​រក្សា​បាន​នូវរូបរាង​ដាច់​ដោយ​ឡែក​ខ្លួនឯង​។ ឈរនៅ​លើស្ពាន ​អាច​មើល​ឃើញ​ទីក្រុង​ហាណូយ​មួយ ​ច្រើន​ស្រទាប់​៖ ទីក្រុងបុរាណ​ដែលមាន​ដំបូលផ្ទះ​តម្រៀប​គ្នា ទន្លេ​ធំល្វឹង​ល្វើយ កោះ​កណ្តាល​ទន្លេ​ដ៏ខៀវ​ស្រងាត់​ និង​ទីក្រុងដែល​កំពុងតែមាន​ការ​ចលនា​មិន​ឈប់​ឈរ។

បន្ទាប់​ពីរយៈពេលជាង​១២០​ឆ្នាំ ស្ពានមានការ​ទ្រុឌ​ទ្រោម និង​ត្រូវ​បាន​ជួស​ជុល​ជាច្រើន​លើក​។ ការ​ជជែកវែកញែក​អំពីការ​អភិរក្ស និង​ជួសជុល​ស្ពានឡុងបៀន ក៏កាន់តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍។ អ្នកជំនាញយល់​ថា គួរចាត់ទុកស្ពាននេះ ជាបេតិកភណ្ឌ​ទីក្រុង ដែល​ជា​កន្លែងប្រមូលផ្តុំ​នូវតម្លៃស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ វប្បធម៌ និងអនុស្សាវរីយ៍​សហគមន៍​។

សួនផ្កា​ដ៏ស្រស់បំព្រង បង្ហាញសម្រស់នៅ​ជើងស្ពានឡុង​បៀន​ ​បង្កើតបាន​ជារូបភាពសែនរូម៉ែន​ទិច​ និង​​ភាព​សុខសាន្ត។ រូបថត៖ តឹត​សឺន​/VNP

ពីព្រោះ ឡុងបៀន មិនត្រឹមតែ​ភ្ជាប់ត្រើយទាំងសងខាង​ នៃទន្លេក្រហម​​នោះទេ។ ស្ពាន​នេះ បានផ្សារភ្ជាប់មនុស្សជាច្រើនជំនាន់​នៅ​ហាណូយ តភ្ជាប់​រឿងរ៉ាវ​សង្គ្រាម​ជាមួយ​sនឹង​ជីវិត​​សន្តិភាព តភ្ជាប់ទីក្រុងដែលធ្លាប់ឆ្លងកាត់បម្រែបម្រួលជាច្រើន ជាមួយ​នឹង​ទីក្រុង​ហាណូយ​​ដែលកំពុងឆ្ពោះទៅ​រក​អនាគត។​

រាល់ពេល​ដែលរថភ្លើងធ្វើដំណើរ​យឺតៗឆ្លង​កាត់ របារ​ដែក​បាន​រំញ័រ​ជាមួយ​នឹង​សំឡេង​កង់​ដែក​។ នៅក្រោមស្ពាន ទឹកទន្លេក្រហម​​នៅតែបន្តហូរ​យ៉ាងស្ងៀមស្ងាត់។​ ហើយ​នៅ​លើ​ធ្នឹម​ស្ពាន ក៏តែងតែ​ប្រឡាក់​ដោយពណ៌​នៃពេលវេលា អនុស្សាវរីយ៍​ហាណូយ​ពី​អតីតកាល ហាក់ដូចជា​នៅទីនោះ​ជានិច្ច៕

អត្ថបទ និងរូបថត៖ ត្រឹន​ ថាញ់​យ៉ាង​/VNP

ប្រែសម្រួល៖ រីកើង​


top