ស្ពានមេត្រីនៃក្តីស្រឡាញ់របស់គ្រួសារបារាំងមួយ ចំពោះកុមារវៀតណាម
ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រទេសវៀតណាម ដោយក្តីស្រលាញ់ក្នុងគ្រួសារ និងការយោគយល់ចិត្តគ្នាយ៉ាងជ្រាលជ្រៅ ប្តីប្រពន្ធជនជាតិបារាំងមួយគូ បានវិលត្រឡប់មកប្រទេសវៀតណាមវិញ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយនាំមកនូវសកម្មភាពសាមញ្ញៗ ប៉ុន្តែពោរពេញទៅដោយអត្ថន័យ ដើម្បីគាំទ្រដល់កុមារមានស្ថានភាពលំបាក។
អស់រយៈពេលជាង ១០ ឆ្នាំកន្លងផុតទៅ លោក BiTrou និងលោកស្រី Grollier បានវិលត្រឡប់មកប្រទេសវៀតណាមច្រើនលើក ធ្វើសកម្មភាពសប្បុរសធម៌ដោយសម្ងំ សម្រាប់កុមារដែលមានស្ថានភាពលំបាក។ ដំណើរការទាំងនេះ មិនត្រឹមតែជាការប្រគល់ជូនសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេស និងប្រជាជនវៀតណាមផង។
នៅខែមេសានេះ លោក BiTrou និងលោកស្រី Grollier បានទៅទស្សនាសាលាបឋមសិក្សា លិញណាំ (Linh Nam) (រដ្ឋធានីហាណូយ) ដោយនាំយកកង់ សិក្ខូបករណ៍ និងប្រដាប់ក្មេងលេង ដើម្បីប្រគល់ជូនសិស្សានុសិស្ស។ នៅក្នុងកណ្តាលទីធ្លាសាលា ភ្ញៀវពិសេសទាំងពីរនាក់នេះ មានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះស្នាមញញឹមដ៏បរិសុទ្ធ និងភាពគួរសមរបស់កុមារ។ ជាសាលានៅជាយក្រុងមួយ ដែលមានសិស្សនុសស្សិជាង ២០០០នាក់ រួមទាំងសិស្សនុសិស្សជាង ៣០ នាក់ មកពីគ្រួសារ ដែលមានស្ថានភាពលំបាក ជាកន្លែងឈប់សម្រាកដ៏មានអត្ថន័យមួយក្នុងដំណើរចែករំលែករបស់ពួកគេ។
លោក BiTrou បាននិយាយថា “នេះជាលើកដំបូងដែលខ្ញុំ បានទៅទស្សនាសាលារៀនមួយក្នុងរដ្ឋធានី។ មុននោះ ខ្ញុំរួមដំណើរជាមួយកុមារ នៅតំបន់ជនបទនៃប្រទេសវៀតណាមជាច្រើនឆ្នាំ។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺការឧស្សាហ៍ព្យាយាម ភាពស្មោះត្រង់ និងស្មារតីសិក្សារបស់សិស្សនុសិស្ស។
ចំពោះលោកស្រី Grollier រាល់ពេលដែលវិលត្រឡប់មកប្រទេសវៀតណាមម្តងៗ នៅទាំងមានអត្ថន័យពិសេសជាង។ កើតក្នុងគ្រួសារមួយ ដែលមានឪពុកជាប្រជាជនហាណូយម្នាក់ លោកស្រីរូបនេះ តែងតែចាត់ទុកប្រទេសវៀតណាមជាស្រុកកំណើតទីពីររបស់គាត់។ មនោសញ្ចេតនានោះ កាន់តែស៊ីជម្រៅថែមទៀត នៅពេលដែលគាត់ និងប្តីរបស់គាត់ បានសម្រេចចិត្តទទួលចិញ្ចឹមកុមារីជនជាតិវៀតណាមពីរនាក់៖ Amandine កើតក្នុងឆ្នាំ១៩៩៨ និង Jade ក្នុងឆ្នាំ២០០៦។
នៅពេលដែលកូនៗរបស់ពួកគេធំដឹងក្ដី ប្តីប្រព័ន្ធលោក BiTrou ចង់ឱ្យកូនៗ យល់កាន់តែច្បាស់អំពីឫសគល់របស់ពួកគេ ព្រមទាំងចិញ្ចឹមស្មារតីចែករំលែកជាមួយសហគមន៍។ ដូច្នោះហើយ នៅឆ្នាំ ២០១៤ លោកស្រី Grollier បានបង្កើតសមាគម "Les Etoiles d’Hanoi" (ផ្កាយនៃរដ្ឋធានីហាណូយ) ដោយប្រមូលផ្តុំមិត្តភក្តិអន្តរជាតិ ដែលជាអ្នកស្រឡាញ់ប្រទេសវៀតណាមឱ្យចូលរួមក្នុងសកម្មភាពគាំទ្រកុមារ។
តាមរយៈសមាគម ពួកគេឆ្ពោះទៅបណ្ដាសាលារៀន ដែលមានសិស្សក្រីក្រ ដោយសង្ឃឹមថា នឹងជួយប្អូនៗឱ្យមានឱកាសសិក្សាកាន់តែប្រសើរជាង។ ក្រៅពីការផ្តល់អំណោយ សកម្មភាពទាំងនេះក៏រួមចំណែកតំណភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ជំរុញការយល់ដឹង និងមិត្តភាពវៀតណាម - បារាំង។
ទោះបីជាជីវិតរស់នៅដោយមមាញឹកយ៉ាងណា លោក BiTrou និងលោកស្រី Grollier នៅតែរក្សាទម្លាប់វិលត្រឡប់ទៅប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។ ពេលដែលកូនៗរបស់ពួកគេជាប់រវល់ជាមួយការរៀនសូត្រ ពួកគេទាំងពីរនាក់នៅតែរួមដំណើរជាមួយគ្នា។ ដើម្បីមានថវិកាសម្រាប់សកម្មភាពសប្បុរសធម៌ ពួកគេរៀបចំព្រឹត្តិការណ៍រៃអង្គាសប្រាក់នៅប្រទេសបារាំងម្តង ឬពីរដងក្នុងមួយឆ្នាំ ដោយទទួលបានការគាំទ្រពីមិត្តភក្តិ និងសហគមន៍។
នៅសាលាបឋមសិក្សា លិញណាម (Linh Nam) ក្រៅពីការផ្តល់អំណោយ លោក BiTrou និងលោកស្រី Grollier ក៏បានចូលរួមក្នុងពិធីគោរពទង់ជាតិ ស្តាប់សិស្សានុសិស្សច្រៀងបទចម្រៀងជាតិ និងស្វែងយល់ពីស្មារតីមោទនភាព ក៏ដូចជាវិន័យរបស់សិស្សានុសិស្ស។ ពួកគាត់ក៏បានចូលទៅក្នុងថ្នាក់រៀនជជែកកំសាន្ត និងស្វែងយល់ពីជីវភាព ក៏ដូចជាបំណងប្រាថ្នារបស់កុមារ តាមរយៈនោះ ដើម្បីមានការគាំទ្រសមស្របជាង។ លោកស្រី Grollier បានចែករំលែកថា៖ «សម្រាប់នាងខ្ញុំ រង្វាន់ដ៏ធំបំផុតគឺស្នាមញញឹមរបស់កុមារ។ នោះក៏ជាកម្លាំងចលករ ដែលធ្វើឱ្យនាងខ្ញុំបន្តផ្សារភ្ជាប់ជាមួយប្រទេសវៀតណាម និងរក្សាសកម្មភាពសប្បុរសធម៌តទៅក្នុងអនាគត»។
អត្ថបទ៖ ប៊ីច វ៉ឹន - រូបថត៖ ថាញ់យ៉ាង / VNP


















